29 C
Phnom Penh

​​​តុលាការ​​​​​​បន្ត​​​​​​សវនាការ​​សាកសួរ​​​អ្នក​​​តវ៉ា​​​ដែល​​​ជាប់​​​ឃុំ តែជន​​​ជាប់​​​ចោទ​​​បដិសេធ​​​ការ​​​ចោទ​​​ប្រកាន់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ជនជាប់ចោទ​​​ទាំង២៥​​​នាក់រួមទាំង​​​​​​​ក្មេង​​​ជំទង់​​​ផងដែរនោះ​  ត្រូវបានសាលា​​​ដំបូង​​​រាជធានីភ្នំពេញ​​​បើក​​​សវនាការ​​​​​ជំនុំ​​​ជម្រះកាល​​​ពី​​​ម្សិលមិញ​​​ ដែល​​​ជាប់​​​ចោទ​​​ពីបទចូល​​​រួម​​ក្នុងការ​​​តវ៉ា​​​ដោយ​​​ហិង្សា​​​របស់​​​កម្មករ​​​រោងចក្រ​​​កាត់​​​ដេរ​​​​ ហើយពួកគេ​​​បាន​​​លើក​​​ឡើង​​​ពី​​​ភាព​​​គ្មាន​​​ទោសពៃរ៍​​​របស់​​​ខ្លួន​​​អំឡុង​​​ពេល​សវ​នាការ​​​។

សមត្ថ​កិច្ច​បាន​ដាក់របាំង​រារាំង​មិនឲ្យក្រុម​​អ្នកតវ៉ា​​ចូល​មក​បរិវេណ​តុលាការ​ក្រុង​ភ្នំពេញ​អំឡុង​ការ​សាក​សួរ​ជន​ជាប់​ចោទ​ទាំង​២៣​នាក់​កាល​ពី​​ម្សិលមិញ​ ។​ ស៊ីវ​ ចាន់​ណា
សមត្ថ​កិច្ច​បាន​ដាក់របាំង​រារាំង​​​ក្រុមអ្នកតវ៉ា​​មិនឲ្យចូល​ទៅក្បែរតុលាការ​ក្រុង​ភ្នំពេញ​អំឡុង​ពេល​សាក​សួរ​ ជន​ជាប់​ចោទ​ទាំង​២៣​នាក់​កាល​ពី​​ម្សិលមិញ​ ។​ ស៊ីវ​ ចាន់​ណា

មនុស្ស​​​២៣​​​នាក់​​​ក្នុង​​​ចំណោម​​​មនុស្ស​​​ទាំង​​​នេះ​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​កាល​​​ពី​​​ខែ​​​មករា នៅ​​​ពេល​​​កម្មករ​​​រោងចក្រ​​​កាត់​​​ដេរ​​​តវ៉ា​​​សុំ​​​ដំឡើង​​​ប្រាក់​​​ខែ​​​ ហើយ​​​ការ​​​តវ៉ា​​​នោះ​​​បាន​​​បញ្ចប់​​​ភ្លាម​​​ៗ​​​បន្ទាប់​​​ពី​​​កង​​​រាជអាវុធ​​​ហត្ថ​​​បាន​​​បាញ់​​​ទៅ​​​លើ​​​​​បាតុករ​​​នៅ​​​ខាង​​​ក្រៅ​​​រោងចក្រ​​​មួយ​​​នៅ​​​​​​ក្នុង​​​ទីក្រុង​​​ភ្នំពេញ​​​ កាល​​​ពី​​​ថ្ងៃ​​​ទី​​​៣ ខែ​​​មករា ធ្វើ​​​ឲ្យ​​​ស្លាប់​​​មនុស្ស​​​ប្រាំ​​​នាក់​​​ និង​​​រងរបួស​​​ជាង​​​៤០​​​នាក់​​​។

ជនជាប់ចោទ​​​ពីរ​​​នាក់​​​ទៀត​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​ អំឡុង​​​ការ​​​ប៉ះទង្គិច​​​គ្នា​​​រវាង​​​កង​​​រាជអាវុធ​​​ហត្ថ​​​ និង​​​កម្មករ​​​រោង​​​ចក្រ​​​កាត់​​​ដេរ​​​នៅ​​​ជិត​​​ស្ពាន​​​ស្ទឹង​​​មានជ័យ​​​កាល​​​ពី​​​ខែ​​​វិច្ឆិកា​​​។ ក្រោយ​​​ពី​​​មាន​​​ការ​​​ពន្យារ​​​ពេល​​​រាប់​​​ខែ​​​មក​​​ ការ​​​បើក​​​សវនាការ​​​ជំនុំ​​​ជម្រះ​​​ពួក​​​គេ​​​​​​ទើប​​​តែ​​​បាន​​​ចាប់​​​ផ្តើម​​​កាល​​​ពី​​​ចុង​​​ខែ​​​មុន​​​ប៉ុណ្ណោះ​​​។

នៅ​​​ពេល​​​ដែល​​​​​​ការ​​​បើក​​​សវនាការ​​​ជំនុំ​​​ជម្រះ​​​​រឿង​​​ក្តី​​​នេះ​​បាន​​​បន្ត​​​កាល​​​ពី​​​ព្រឹក​​​ម្សិលមិញ​​​ មនុស្ស​​​១៣​​​នាក់​​​ដែល​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​កាល​​​ពី​​​ថ្ងៃ​​​ទី​​​៣ ខែ​​​មករា នៅ​​​តាម​​​ផ្លូវ​​​វេង​​ស្រេង​​​ ក្នុង​​​ខណ្ឌ​​​ពោធិ៍​​​សែន​​​ជ័យ​​​បាន​​​ប្ដូរ​​​វេន​​គ្នា​​​និយាយ​​​រឿង​​​ដូច​​​គ្នា​​​ច្រើន​​​​​​ប្រាប់​​​តុលាការ​​​​​អំពី​​​អ្នក​​​ឈរ​​​មើល​​​ ដែល​​​ត្រូវ​​​បាន​​​នគរបាល​​​ចាប់​​​ខ្លួន​​​​​​ដោយ​​​មិន​​​ត្រឹម​​​ត្រូវ​​​។

ចុងចោទ​​​ឈ្មោះ​​​ ជា សារ៉ាត់ បាន​​​និយាយ​​​ថា គាត់​​​ជា​​​អ្នក​​​រត់​​​ម៉ូតូ​​​ឌុប​​​នៅ​​​តំបន់​​​នោះ​​​ ហើយ​​​បាន​​​ឈប់​​​មើល​​​ហេតុការណ៍​​​នោះ ស្រាប់​​​តែ​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​បាន​​​វាយ​​​ និង​​​ចាប់​​​ខ្លួន​​​គាត់​​​តែ​​​ម្ដង​​​។ គាត់​​​បាន​​​និយាយ​​​ថា “ខ្ញុំ​​​មិន​​​បាន​​​ធ្វើ​​​អ្វី​​​ខុស​​​ទេ​​​។ ខ្ញុំ​​​គ្រាន់​​​តែ​​​ឈរ​​​មើល​​​បាតុកម្ម​​​នោះ​​​ ពីព្រោះ​​​ខ្ញុំ​​​ចង់​​​ដឹង​​​ថា មាន​​​​​​អ្វី​​​កើត​​​ឡើង។​​​ នៅ​​​ពេល​​​កង​​​រាជអាវុធហត្ថ​​​ចាប់​​​ខ្លួន​​​ខ្ញុំ​​​ ពួក​​​គេ​​​បាន​​​វាយ​​​ខ្ញុំ​​​ដូច​​​សត្វ​​​”។

លោក​​​ រស់​​​ សុភ័ណ បាន​​​ប្រាប់​​​តុលាការ​​​ថា គាត់​​​កំពុង​​​បើក​​​បរ​​​កាត់​​​តាម​​​បាតុកម្ម​​​នោះ​​​​​​ឆ្ពោះ​​​ទៅ​​​កាន់​​​ខេត្ត​​​ស្វាយ​​​រៀង​​​ ពីព្រោះ​​​ជិត​​​ដល់​​​ថ្ងៃ​​​​​​ដែល​​​ប្រពន្ធ​​​របស់​​​គាត់​​​សម្រាល​​​កូន​​​នៅ​​​ទី​​​នោះ​​​ ហើយ​​​នៅ​​​ពេល​​​នោះ​​​គាត់​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​តែ​​​ម្ដង​​​​​​។​​ គាត់​​​បាន​​​និយាយ​​​ថា “ខ្ញុំ​​​មិន​​​បាន​​​ចូល​​​រួម​​​ធ្វើ​​​បាតុកម្ម​​​នោះ​​​ទេ​​​ ប៉ុន្តែ​​​នៅ​​​ពេល​​​នោះ​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​​​​បាន​​​ចាប់​​​ខ្លួន​​​ខ្ញុំ​​​ និង​​​ចោទ​​​ខ្ញុំ​​​ថា បាន​​​​​​ចូល​​​រួម​​​។ ខ្ញុំ​​​មិន​​​បាន​​​ជាប់​​​ពាក់ព័ន្ធ​​​ទេ សូម​​​ជួយ​​​រក​​​យុត្តិធម៌​​​ឲ្យ​​​ខ្ញុំ​​​ផង​​​”។

មន្ត្រី​​​កង​​​រាជអាវុធ​​​ហត្ថ​​​ពីរ​​​នាក់​​​នៅ​​​កន្លែង​​​កើត​​​ហេតុ​​​នៅ​​​ថ្ងៃ​​​នោះ​​​ បាន​​​ប្រាប់​​​តុលាការ​​​ខុស​​​គ្នា​​​អំពី​​​អ្នក​​​តវ៉ា​​​ ដែល​​​បាន​​​គប់​​​ដំុ​​​ថ្ម​​​និង​​​ដែក​​​ដាក់​​​ពួក​​​គេ​​​។

មន្ត្រី​​​ម្នាក់​​​ឈ្មោះ គឹម វុទ្ធី បាន​​​និយាយ​​​ថា “នៅ​​​ពេល​​​យើង​​​ទៅ​​​ដល់ផ្លូវ​​​វេងស្រេង​​​ ជន​​​អនាធិបតេយ្យ​​​បាន​​​យក​​​ដំុថ្ម​​​ និង​​​ដប​​​សាំង​​​មាន​​​ភ្លើង​​​គប់​​​ដាក់​​​យើង​​​។ ដំបូង​​​ខ្ញុំ​​​ត្រូវ​​​បាន​​​គប់​​​ចំ​​​ជើង​​​ ហើយ​​​បន្ទាប់​​​មក​​​ត្រូវ​​​ចំ​​​ភ្នែក​​​ ហើយ​​​ខ្ញុំ​​​ត្រូវ​​​បាន​​​នាំ​​​ទៅ​​​មន្ទីរពេទ្យ​​​។​​​ ឥឡូវ​​​នេះ​​​ភ្នែក​​​ស្តាំ​​​ខ្ញុំ​​​នៅ​​​តែ​​​មិន​​​អាច​​​មើល​​​ឃើញ​​​ ហើយ​​​ក្បាល​​​របស់​​​ខ្ញុំ​​​នៅ​​​ឈឺ​​​នៅ​​​ឡើយ​​​”។​​​លោក​​​ វុទ្ធី បាន​​​ទាមទារ​​​សំណង​​​ចំនួន​​​៤០​​​លាន​​​រៀល​​​ ដើម្បី​​​ចំណាយ​​​លើ​​​ថ្លៃ​​​ព្យាបាល​​​។

មន្ត្រី​​​ម្នាក់ទៀត​​​ឈ្មោះ​​​ កៃ វ៉េត​​​ បាន​​​និយាយ​​​ថា គាត់​​​ត្រូវ​​​បាន​​​គប់​​​នឹង​​​ដំបង​​​ដែក​​​សន្លប់​​​។ គាត់​​​បាន​​​និយាយ​​​ថា “ខ្ញុំ​​​គិត​​​ថា ច្បាស់​​​ជា​​​មាន​​​បណ្ដាញ​​​ណាមួយ​​​ដឹកនាំ​​​ជន​​​ល្មើស​​​ ពីព្រោះ​​​កម្មករ​​​រោងចក្រ​​​កាត់​​​ដេរ​​​មិន​​​អាច​​​ធ្វើ​​​បែប​​​នេះ​​​ទេ​​​”។

មេធាវី​​​របស់​​​ចុងចោទ​​​ទាំង​​​នេះ​​​បាន​​​​​​សួរ​​​មន្ត្រី​​​ទាំង​​​ពីរ​​​ថា តើ​​​ពួក​​​គាត់​​​បាន​​​ឃើញ​​​ជន​​​ជាប់​​​ចោទ​​​ណាមួយ​​​ក្នុង​​​ចំណោម​​​ជន​​​ជាប់ចោទ​​​ទាំង​​​នេះ​​​ចូល​​​រួម​​​ប្រព្រឹត្ត​​​អំពើ​​​ហិង្សា​​​នេះ​​​ច្បាស់​​​ទេ ហើយ​​​មន្ត្រី​​​ទាំង​​​ពីរ​​​បាន​​​និយាយ​​​ថា ពួក​​​គាត់​​​មិន​​​​បាន​​ឃើញ​​​ទេ។

នៅ​​​ក្នុង​​​បន្ទប់​​ដាច់​​​ដោយ​​​ឡែក​​​មួយ​​​ទៀត​​​ មនុស្ស​​​ប្រាំ​​​នាក់​​​ ដែល​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​នៅ​​​កន្លែង​​​តវ៉ា​​​ខាង​​​ក្រៅ​​​រោងចក្រ​​​យ៉ាកជីន​​​ កាល​​​ពី​​​ថ្ងៃ​​​ទី​​​២ ខែ​​​មករា ក៏​​​ត្រូវ​​​បាន​​​នាំ​​​មក​​​ចូល​​​រួម​​​សវនាការ​​​ដែរ​​​។​​​ មនុស្ស​​​បីនាក់​​​ ដែល​​​ត្រូវ​​​បាន​​​សាកសួរ​​​កាល​​​ពី​​​ម្សិលមិញ​​​ សុទ្ធតែ​​​អះអាង​​​ថា ពួក​​​គេ​​​ជា​​​អ្នក​​​ឈរ​​​មើល​​​ដែល​​​ត្រូវ​​​បាន​​​​​នគរបាល​​​ចាប់​​​ខ្លួន​​ដោយ​​​គ្មាន​​​ហេតុផល​​​។​​​

លោក​​​ សុគន្ធ សម្បត្តិ​​​ពិសិដ្ឋ​​​ បាន​​​និយាយ​​​ថា គាត់​​​បាន​​​មក​​​កន្លែង​​​ធ្វើ​​​បាតុកម្ម​​​នេះ​​​ដើម្បី​​​ថត​​​រូប​​​ និង​​​ថត​​​វីដេអូ​​​ឲ្យ​​​អង្គការ​​​ក្រៅ​​​រដ្ឋាភិបាល​​​ក្នុង​​​ស្រុក​​មួយ​​​ ហើយ​​​បាន​​​ប្រាប់​​​តុលាការ​​​ថា ​​​កង​​​រាជអាវុធហត្ថ​​​បាន​​​ចាប់​​​ផ្ដើម​​​គប់​​​ដុំ​​​ថ្ម​​​ដាក់​​​កម្មករ​​​មុន​​​។​​ គាត់​​​បាន​​​និយាយ​​​ថា “កង​​​រាជអាវុធ​​​ហត្ថ​​​បាន​​​ប្រើ​​​អំពើ​​​ហិង្សា​​​មក​​​លើ​​​អ្នក​​​តវ៉ា​​​ ដោយ​​​ការ​​​គប់​​​ដុំ​​​ថ្ម​​​ដាក់​​​ពួក​​​គេ​​​មុន​​​”។

ទោះ​​​ជា​​​យ៉ាង​​​ណា​​​  លោក​​​ ចេង ប៉េង​​​ហាប់ មេធាវី​​​របស់​​​រោងចក្រ​​​បាន​​​ចោទ​​​លោក​​​ សម្បត្តិ​​​ពិសិដ្ឋ​​​ ថា​​​បាន​​​ប្ដូរ​​​រឿង​​​របស់​​​គាត់​​​ ដោយ​​​បាន​​​ប្រាប់​​​​​​ចៅ​​​ក្រម​​​ស៊ើប​​​សួរ​​​ថា បាតុករ​​​បាន​​​វាយ​​​ប្រហារ​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​មុន​​​ ។លោក​​​ សម្បត្តិ​​​ពិសិដ្ឋ​​​ បាន​​​ទទួល​​​ស្គាល់​​​ចំពោះ​​​ការ​​​ប្រាប់​​នគរបាល​​​កាល​​​ពី​​​ដំបូង​​​ថា អ្នក​​​តវ៉ា​​​បាន​​​​​​វាយ​​​ប្រហារ​​​មុន​​​ ប៉ុន្តែ​​​ដោយ​​​សារ​​​តែ​​​គាត់​​​ភ័យ​​​ខ្លាច​​​។ ខណៈ​​​ដែល​​​មនុស្ស​​​ទាំង​​​១០​​​នាក់​​​នៅ​​​ជាប់​​​ចោទ​​​ដដែល​​​នោះ​​​ តុលាការ​​​បាន​​​ប្រកាស​​​ថា រោងចក្រ​​​យ៉ាកជីន បាន​​​ដក​​​ពាក្យ​​​បណ្ដឹង​​​ទាមទារ​​​សំណង​​​របស់​​​ខ្លួន​​​។

នៅ​​​ក្នុង​​​បន្ទប់​​​តុលាការ​​​មួយ​​​ទៀត​​​ ការ​​​បើក​​​សវនាការ​​​លើ​​​យុវជន​​​វ័យ​​​ជំទង់​​​ពីរ​​​នាក់​​​ដែល​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​កាល​​​ពី​​​ខែ​​​វិច្ឆិកា​​​ បាន​​​បញ្ចប់​​​នៅ​​​ពេល​​​ព្រឹក​​​។ សាល​​​ក្រម​​​ពួក​​​គេ​​​នឹង​​​ត្រូវ​​​ប្រកាស​​​នៅ​​​ថ្ងៃ​​​ទី​​​៣០​​​ ខែ​​​ឧសភា។ ចំណែក​​​ឯ​​​មនុស្ស​​​ទាំង​​​២៣​​​នាក់​​​ដែល​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​កាល​​​ពី​​​ថ្ងៃ​​​ទី​​​២ និង​​​ថ្ងៃ​​​ទី​​​៣ ខែ​​​មករា សវនាការ​​​ពួក​​​គេ​​​នឹង​​​បន្ត​​​នៅ​​​ថ្ងៃ​​​ទី​​​២០ ខែ​​​ឧសភា​​​។

ចុង​​​ចោទ​​​​​​លេច​​​ធ្លោ​​​ដែល​​​មិន​​​ទាន់​​​​​​បាន​​​សាកសួរ​​​​​​​​ គឺ​​​លោក វន់​​​ ពៅ ប្រធាន​​​សមាគម​​​ប្រជាធិ​​​បតេយ្យ​​​ឯករាជ្យ​​​នៃ​​​សេដ្ឋកិច្ច​​​ក្រៅ​​​ប្រព័ន្ធ​​​ជា​​​សហជីព​​​អ្នក​​​រត់​​​រឺុម៉ក​​​ម៉ូតូ​​​កង​​​់បី និង​​​អ្នក​​​រត់​​​ម៉ូតូ​​​ឌុប​​​។

ប៉ុន្តែ​​​គាត់​​​មិន​​​បាន​​​ចាក​​​ចេញ​​​ពី​​​តុលាការ​​​ដោយ​​​មិន​​​បាន​​​និយាយ​​​នោះ​​​ឡើយ​​​។ គាត់​​​បាន​​​ស្រែក​​​នៅ​​​ពេល​​​មន្ត្រី​​​តុលាការ​​​រុញ​​​គាត់​​​ចូល​​​ទៅ​​​ក្នុង​​​រថយន្ត​​​សម្រាប់​​​ដឹក​​​ត្រឡប់​​​ទៅ​​​ពន្ធនាគារ​​​វិញ​​​ថា “យើង​​​ត្រូវ​​​ការ​​​សេរីភាព​​​ យើង​​​ត្រូវ​​​ការ​​​យុត្តិធម៌”។

នៅ​​​ខាង​​​ក្រៅ​​​តុលាការ​​​ អាជ្ញាធរ​​​បាន​​​បិទ​​​ផ្លូវ​​​ព្រះ​​​មុនីរ៉េត​​​ទាំង​​​សងខាង​​​ ដើម្បី​​​រារាំង​​​អ្នក​​​តវ៉ា​​​រាប់​​​រយ​​​នាក់​​​មិន​​​ឲ្យ​​​ចូល​​​ទៅ​​​ជិត​​​អគារ​​​តុលាការ​​​។

នគរបាល​​​ដែល​​​ពាក់​​​ឧបករណ៍​​​ប្រឆាំង​​​បាតុ​​​កម្ម​​​បាន​​​ឈរ​​​យាម​​​នៅ​​​ចុង​​​ផ្លូវ​​​​​​ទាំង​​​សងខាង​​​រថយន្ត​​​ពន្លត់​​​អគ្គិភ័យ​​​ ដែល​​​មាន​​​កាណុង​​​បាញ់​​​ទឹក​​​តម្រង់​​​ទៅ​​​រក​​​ក្រុម​​​មនុស្ស​​​ទាំងនោះ​​​​​​បាន​​​ចត​​​នៅ​​​ពី​​​ក្រោយ​​​របាំង​​​ដែក​​​។​​​ ដើម្បី​​​រារាំង​​​អ្នក​​​តវ៉ា​​​មិន​​​ឲ្យ​​​ប្រជ្រៀត​​​ចូល​​​តាម​​​ចន្លោះ​​​​​រនាំង​​​ទាំង​​​នោះ​​​ដូច​​​ដែល​​​អ្នក​​​តវ៉ា​​​មួយ​​​ចំនួន​​​បាន​​​ធ្វើ​​​អំឡុង​​​ពេល​​​បើក​​​សវនាការ​​​ថ្ងៃ​​​ដំបូង​​​កាល​​​ពី​​​ខែ​​​មុន​​​ នគរបាល​​​បាន​​​យក​​​លួស​​​ចង​​​ភ្ជាប់​​​គ្នា​​​យ៉ាង​​​តឹង​​​។

ការ​​​ធ្វើ​​​បែប​​​នេះ​​​មិន​​​បាន​​​ធ្វើ​​​ឲ្យ​​​​​​អ្នក​​​តវ៉ា​​​បាក់​​​ទឹក​​​ចិត្ត​​ទេ។​​​ពួកគាត់​​​មក​​​ជាមួយ​​​ស្លាក​​​សញ្ញា និង​​​បដា និង​​​ស្រែក​​​ជាប់​​​ជានិច្ច​​​តាម​​​រយៈ​​​ឧបករណ៍​​​បំពង​​​សំឡេង​​​ដាក់​​​នៅ​​​លើ​​​រឺុម៉ក​​​ម៉ូតូ​​​កង់​​​​​​បី​​​ចត​​​នៅ​​​មុខ​​រនាំង​​​ទាំង​​​នោះ​​​។ នៅ​​​ទីនោះ​​​ពួក​​​គេ​​​បាន​​​បន់ស្រន់​​​ឲ្យ​​​មាន​​​ការ​​​សម្រេច​​​ឲ្យ​​​មនុស្ស​​​ទាំង​​​អស់​​​ដែល​​​កំពុង​​​ឡើង​​​សវនាការ​​​​រួច​​​ផុត​​​ពី​​​ការ​​​ចោទ​​​ប្រកាន់​​ និង​​​ឲ្យ​​​ដោះលែង​​​មនុស្ស​​​២២​​​នាក់​​​ ដែល​​​កំពុង​​ជាប់​​​ឃុំ​​​នៅ​​​ឡើយ​​​។

កុមារា​​​ អ៊ុំ​​​ សុគន្ធ​​​ អាយុ​​​៨​​​ឆ្នាំ​​​ ជា​​​កូន​​​ប្រុស​​​របស់​​​លោក​​​ វន់​​​ ពៅ​​​ បាន​​​ស្រែក​​​រំលង​​​រនាំង​​​បិទ​​​ផ្លូវ​​​សំដៅ​​​ទៅ​​​តុលាការ​​​ថា “សូម​​​ដោះលែង​​​ឪពុក​​​ខ្ញុំ​​​ដោយ​​​គ្មាន​​​លក្ខខណ្ឌ។ ឪពុក​​​ខ្ញុំ​​​មិន​​​បាន​​​ធ្វើ​​​អ្វី​​​ខុស​​​ទេ​​​ គាត់​​​គ្មាន​​​ទោស​​​ទេ​​​”។

លោក ញុិល​​​ ភាព ជា​​​កសិករ​​​និង​​​ជា​​​សមាជិក​​​សហជីព​​​របស់​​​លោក​​​ វន់​​​ ពៅ​​​ បាន​​​និយាយ​​​ថា មន្ត្រី​​​កង​​​រាជអាវុធ​​​ហត្ថ​​​ដែល​​​បាន​​​បាញ់​​​សម្លាប់​​​បាតុករ​​​កាល​​​ពី​​​ថ្ងៃ​​​ទី​​​៣ ខែ​​​មករា ​​គួរ​​​ជា​​​អ្នក​​​ត្រូវ​​យក​​​មក​​​ផ្ដន្ទាទោស​​​។

គាត់​​​បាន​​​និយាយ​​​បន្ទរ​​​តាម​​​ការ​​​ត្អូញត្អែរ​​​ជាទូទៅ​​​អំពី​​​តុលាការ​​​នៅ​​​កម្ពុជា​​​ថា “អាជ្ញាធរ​​​ចាប់​​​ខ្លួន​​​តែ​​​អ្នក​​​ក្រ​​​ និង​​​មនុស្ស​​​ស្លូត​​​ត្រង់​​​ ប៉ុន្តែ​​​តុលាការ​​​មិន​​​ដែល​​​ផ្ដល់​​​យុត្តិធម៌​​​ឲ្យ​​​ពួក​​​គេ​​​ទេ​​​ ពីព្រោះ​​​ពួក​​​គេ​​​មិនមាន​​​លុយ​​​ ឬ​​​ទំនាក់ទំនង​​​ជា​​​មួយ​​​អ្នក​​​មាន​​​អំណាច​​​។ ពួក​​​គេ​​​មិន​​​ដែល​​​ចាប់​​​ខ្លួន​​​ឃាតករ​​​ ឬ​​​អ្នក​​​ប្រព្រឹត្ត​​​បទ​​​ល្មើស​​​ពិត​​​ប្រាកដ​​​ទេ​​​”៕ គឹមហឿន 

(រាយការណ៍​​​បន្ថែម​​​ដោយ​​​ មិុច ដារ៉ា)

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស