នគរបាលបាននិយាយថា បុរសម្នាក់និងក្មេងប្រុសម្នាក់បានស្លាប់ដោយសាររន្ទះបាញ់ និងក្មេងបួននាក់ទៀតបានរងរបួសនៅក្នុងឧបទ្ទវហេតុពីរដាច់ដោយឡែកពីគ្នាក្នុងខេត្តបាត់ដំបង កាលពីម្សិលមិញ។
លោក វ៉ែន សាវណ្ណ ប្រធានផ្នែកសន្តិសុខនៃអធិការដ្ឋាននគរបាលស្រុកបាណន់ បានមានប្រសាសន៍ថា នៅក្នុងករណីទី១ លោក ម៉ោង វិឆ័យ អាយុ៣១ឆ្នាំបានស្លាប់ភ្លាមៗដោយសាររន្ទះបាញ់ ពេលលោកកំពុងជិះគោយន្តជាមួយបុរសម្នាក់ទៀតអំឡុងពេលភ្លៀងរលឹម។
យោងតាមលោក អឿម ទិត្យ អធិការនគរបាលស្រុកបានឲ្យដឹងថា នៅក្នុងករណីមួយទៀត នឿម ពន្លក អាយុ១២ឆ្នាំ បានស្លាប់ដោយសាររន្ទះបាញ់ ខណៈពេលពួកគេបានចេញពីរៀននៅម៉ោងប្រហែល៤និង៣០នាទីល្ងាចក្នុងឃុំបឹងប្រាំ ស្រុកបវេល។
លោក អឿម ទិត្យ បានពន្យល់ប្រាប់ថា នឿម ពន្លក បានស្លាប់ភ្លាមៗដោយសាររន្ទះបាញ់នៅក្នុងបរិវេណសាលាបឋមសិក្សាបឹងធុង។ ក្មេងបួននាក់ទៀត ឈ្មោះ ប៉ែត ពី អាយុ៩ឆ្នាំ ហេង ស្រីស្រស់ អាយុ១១ឆ្នាំ ណុំ ស្រីឃួន អាយុ១៣ឆ្នាំ និង កឹម យ៉ា អាយុ១២ឆ្នាំ បានឈរក្បែរ នឿម ពន្លក ហើយបានរងរបួស៕ សារុន