មេធាវីរបស់ ខៀវ សំផន បាននិយាយកាលពីម្សិលមិញថា អតីតប្រធានរដ្ឋខ្មែរក្រហមដែលកំពុងឡើងសវនាការពីបទឧក្រិដ្ឋប្រឆាំងមនុស្សជាតិរូបនេះត្រូវបាននាំទៅព្យាបាលជំងឺនៅមន្ទីរពេទ្យម្ដងទៀតហើយ។
យោងតាមលោក គង់ សំអុន មេធាវីជាតិរបស់គាត់បានឲ្យដឹងថា ចុងចោទអាយុ៨២ឆ្នាំរូបនេះក៏កំពុងប្ដឹងជំទាស់នឹងវិសាលភាពនៃសវនាការដំណាក់កាលបន្ទាប់ប្រឆាំងរូបគាត់ផងដែរ។ លោក គង់ សំអុន បានមានប្រសាសន៍ថា កូនក្ដីរបស់លោកធ្លាក់ខ្លួនឈឺកាលពីពីរបីថ្ងៃមុន ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ លោកបានមានប្រសាសន៍ថា “គាត់កំពុងស្ថិតក្នុងមន្ទីរពេទ្យ។ ជាទូទៅគាត់មានសុខភាពល្អ ប៉ុន្តែឥឡូវនេះគាត់ផ្ដាសាយ និងគ្រុន”។ លោក សំអុន បានមានប្រសាសន៍ថា ក្រុមមេធាវីរបស់ ខៀវ សំផន ដែលមានការព្រួយបារម្ភអំពីសិទ្ធិទទួលបានសវនាការលឿនបា
នប្ដឹងជំទាស់នឹងអង្គជំនុំជម្រះតុលាការកំពូលនៃសាលាក្ដីខ្មែរក្រហម ដើម្បីស្នើសុំឲ្យចៅក្រមកំណត់ពេលដែលអតីតមេដឹកនាំខ្មែរក្រហមរូបនេះត្រូវប្រឈមនឹងបទចោទប្រកាន់ជាច្រើន រួមទាំងបទចោទប្រកាន់នៅក្នុងសំណុំរឿង០០២ផងដែរ បន្ទាប់ពីមានសេចក្ដីសម្រេចរបស់អង្គបុរេជំនុំជម្រះឲ្យជ្រើសរើសតែបទឧក្រិដ្ឋមួយចំនួនយកមកជំនុំជម្រះនៅដំណាក់កាលទី២នៃសំណុំរឿងនេះ។
លោកបានមានប្រសាសន៍ថា “រហូតមកទល់ពេលនេះ ពួកគាត់បានសម្រេចតែលើវិសាលភាពនៃបទចោទប្រកាន់ដែលត្រូវយកមកជំនុំជម្រះសម្រាប់សំណុំរឿង០០២/០២ប៉ុណ្ណោះ ប៉ុន្តែយើងមិនដឹងថា ពួកគាត់នឹងដោះស្រាយដូចម្ដេចចំពោះបទចោទប្រកាន់ផ្សេងទៀតទេ។ ពួកគាត់នៅស្ងៀមអំពីរឿងនេះ”។ លោកបានឲ្យដឹងទៀតថា “នេះគឺជាការបំពានសិទ្ធិរបស់លោក ខៀវ សំផន។ គាត់មានសិទ្ធិដឹងពីពេលវេលានៃការជំនុំជម្រះគាត់ចំពោះបទចោទប្រកាន់ទាំងនេះ”៕ គឹមហឿន