ប្រជាពលរដ្ឋជាង១៧០គ្រួសារនៅក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ បានដាក់ញត្តិមួយទៅសាលារាជធានីកាលពីថ្ងៃច័ន្ទ ដោយប្តឹងតវ៉ាអំពីសេចក្តីសម្រេចរបស់លោក ឃុន សៀ សង់របងបេតុងមួយនៅកណ្តាលផ្លូវក្នុងសង្កាត់របស់ខ្លួន។

ផ្លូវនៅសង្កាត់ចាក់អង្រែលើ កំពុងតែសាងសង់ ដោយក្រាលថ្មនិងពង្រីកប្រវែង៥ម៉ែត្រ ដើម្បីអាចភ្ជាប់ទៅនឹងមហាវិថី សម្តេច តេជោ ហ៊ុន សែន ។ ប៉ុន្តែ លោក សៀ បានធ្វើការអះអាងថា ផ្លូវនេះមានទទឹងតែ១,៥ម៉ែត្រ ហើយកំពុងតែសង់របងបេតុងដើម្បីសម្គាល់ព្រំដីរបស់លោក។
អ្នកភូមិឲ្យដឹងថា របងបេតុងដ៏ខ្ពស់នេះដែលចាប់ផ្ដើមនៅចុងខែមេសា រំលោភកិច្ចព្រមព្រៀងមួយកាលពីឆ្នាំ២០០៤ថា គួរតែទុកទទឹងប្រវែង៥ម៉ែត្រដើម្បីពង្រីកផ្លូវ។
លោក ជា ស៊ីថា តំណាងឲ្យអ្នកភូមិបានមានប្រសាសន៍ថា “អ្នកភូមិព្រួយបារម្ភអំពីបញ្ហានេះ ពីព្រោះអាជ្ញាធរគ្រាន់តែសន្យាប៉ុណ្ណោះ។ យើងព្យាយាមស្វែងរកដំណោះស្រាយមួយជាមួយអាជ្ញាធរសង្កាត់ និងខណ្ឌ ប៉ុន្ដែគ្មានដំណោះស្រាយឡើយ ដូច្នេះនៅពេលនេះយើងពាំនាំករណីនេះទៅសាលារាជធានី។
លោក ស៊ីថា បានមានប្រសាសន៍ថា បន្ទាប់ពីញត្តិនិងឯកសារគាំទ្ររួមទាំងរូបថតរបងបេតុងលយចូលផ្លូវមួយសន្លឹកផងត្រូវបានផ្ញើទៅសាលារាជធានីកាលពីថ្ងៃច័ន្ទ។ លោកត្រូវបានផ្ដល់ការណាត់ជួបដើម្បីនិយាយជាមួយលោក ជ្រាង សុផាន់ អភិបាលរងរាជធានីភ្នំពេញតាមទូរស័ព្ទកាលពីម្សិលមិញ។ ប៉ុន្តែលោកបានមានប្រសាសន៍ថា លោក សុផាន់ គ្រាន់តែមានប្រសាសន៍ថា លោកនឹងដោះស្រាយបញ្ហានេះ ” មួយជំហានម្ដងៗ”។
ដោយទាក់ទងបានកាលពីម្សិលមិញ លោក សុផាន់ បានមានប្រសាសន៍ថា ញត្តិនេះបានមកដល់សាលារាជធានីហើយ ប៉ុន្តែមិនទាន់ដល់ដៃលោកនៅឡើយទេ។ លោកបានបន្ថែមថា ព្រោះតែលោក ឃុន សៀ មានប័ណ្ណកម្មសិទ្ធិដីច្បាស់លាស់មួយនៅក្នុងតំបន់មានជម្លោះនោះ វាពិបាកនឹងបង្ខំឲ្យលោកកម្ទេចរបងបេតុងនោះចោលណាស់។ លោកបានមានប្រសាសន៍ថា “យើងនឹងពិនិត្យបញ្ហានេះ ប៉ុន្តែជាទូទៅ យើងមិនអាចធ្វើអ្វីដែលប្រឆាំងនឹងការវិនិយោគរបស់ក្រុមហុ៊ុនបានទេ”។
ក្រុមអ្នកតំណាងរបស់ក្រុមហ៊ុនអភិវឌ្ឍន៍ ឃុន សៀ មិនអាចទាក់ទងសុំធ្វើអត្ថាធិប្បាយបានឡើយ។
អ្នកស្រី ទិក សេង ជាអ្នកភូមិដែលរស់នៅក្បែរការដ្ឋាននោះនិងបានផ្ដិតមេដៃលើញត្តិនេះបានឲ្យដឹងថា អ្នកស្រីខ្លាចក្រែងនៅពេលដែលរបងបេតុងត្រូវបានសាងសង់ វានឹងពិបាកដោះស្រាយ។
អ្នកស្រីបានមានប្រសាសន៍ថា “បន្ទាប់ពីអ្នកភូមិបានចូលរួមការតវ៉ា [ប្រឆាំងនឹងការសាងសង់របងបេតុងនេះ] ក្រុមហ៊ុននេះ សាងសង់យ៉ាងលឿន។ យើងបានឃើញពួកគេសាងសង់របងបេតុងទាំងយប់ទាំងថ្ងៃ ហើយយើងបារម្ភណាស់”៕ ប៊ុននី