យោងតាមនគរបាល និងតំណាងសហជីពម្នាក់បានឲ្យដឹងថា កម្មករបីនាក់ត្រូវបានចាប់ខ្លួនកាលពីព្រឹកម្សិលមិញនៅខាងក្រៅរោងចក្រផលិតស្បែកជើង វីងស្តា ក្នុងខេត្តកំពង់ស្ពឺ ជាទីដែលសហជីពសេរីកម្មករ (FTU) បានដឹកនាំការធ្វើកូដកម្មដើម្បីទាមទារប្រយោជន៍ និងសំណង។
តំណាង FTU ម្នាក់បានឲ្យដឹងថា នគរបាលបានចាប់ខ្លួនកម្មករបីនាក់ ចំណែកមន្ត្រីនគរបាលមូលដ្ឋានម្នាក់បាននិយាយថា កម្មករប្រាំមួយនាក់ត្រូវបានចាប់ខ្លួន។
លោក គឹម សុផាន់ណារ៉ា អធិការនគរបាលស្រុកគងពិសី ជាទីដែលរោងចក្រវីងស្តា ស្ថិតនៅទីនោះបានមានប្រសាសន៍ថា ” នគរបាលខេត្តបានចាប់ខ្លួនមនុស្សប្រាំមួយនាក់ដើម្បីសាកសួរ។ វាទាក់ទងនឹងការតវ៉ា” ។ លោកបានបន្ថែមថា “ពួកគេត្រូវបានចាប់ខ្លួនពីបទញុះញង់ឲ្យមានការតវ៉ា”។ លោកបានបដិសេធមិនធ្វើអត្ថាធិប្បាយថែមទៀតឡើយ។ លោក កែវ ពិសី ស្នងការនគរបាលខេត្តកំពង់ស្ពឺ បានបដិសេធមិនធ្វើអត្ថាធិប្បាយទេ។
អ្នកស្រី ប៊ិន ស្រីមុំ ប្រធានសហជីពសេរីកម្មករប្រចាំនៅរោងចក្រវីងស្តា បានមានប្រសាសន៍ថា កម្មករចំនួនបីនាក់ត្រូវបាននគរបាលនាំខ្លួនទៅ ហើយពេលនេះសហជីពមិនដឹងថា ពួកគេនៅកន្លែងណាឡើយ។ អ្នកស្រីបានឲ្យដឹងថា “កម្មករបីនាក់ត្រូវបានចាប់ខ្លួន ដែលប្រហែលដោយសារកាលពីម្សិលមិញ [ថ្ងៃច័ន្ទ] ពួកគេទាំងអស់នោះបានបិទផ្លូវ”។
អ្នកស្រី ប៊ិន ស្រីមុំ បានមានប្រសាសន៍ថា កម្មករទាំងបីនាក់នេះបានចូលរួមជាមួយសហជីពសេរីកម្មករ។ បើទោះជាកម្មករនៅរោងចក្រវីងស្តា ដែលជាសមាជិកសហជីពអំណាចកម្មករខ្មែរបានធ្វើកូដកម្មចាប់តាំងពីថ្ងៃទី២៦ ខែមេសាមកក៏ដោយ ក៏អ្នកស្រីបានមានប្រសាសន៍ថា ថ្ងៃច័ន្ទ គឺជាថ្ងៃដំបូងដែលកម្មករបានបិទកំណាត់ផ្លូវជាតិលេខ៣ នៅជាប់រោងចក្រនេះ។ អ្នកស្រីបានឲ្យដឹងថា “នគរបាលប្រហែលជាស្ដីបន្ទោសពួកគេថា បានបង្កការបិទផ្លូវ ប៉ុន្តែកម្មករទាំងអស់ចង់បានដំណោះស្រាយដូច្នេះហើយក៏បានសម្រេចចិត្តរួមគ្នាធ្វើកូដកម្ម”។
កម្មករម្នាក់នៅរោងចក្រវីងស្តា ដែលគ្រាន់តែប្រាប់ឈ្មោះថា ដា ដោយសារខ្លាចបាត់បង់ការងាររបស់នាង បាននិយាយថា នគរបាលបាននាំខ្លួនអ្នកតវ៉ាបីនាក់ ខណៈដែលកម្មករផ្សេងទៀតដែលប្រមូលផ្ដុំគ្នានៅព្រឹកព្រលឹមបានភៀសខ្លួនចេញពីទីកន្លែងកើតហេតុ។ អ្នកស្រីបានមានប្រសាសន៍ថា “តំណាងកម្មករបានព្យាយាមចុះទៅរោងចក្រនេះនៅព្រឹកព្រលឹម ដើម្បីដំឡើងឧគ្ឃោសនសព្ទសម្រាប់ការតវ៉ា ប៉ុន្តែនគរបាលបានរារាំងពួកគេ ហើយបន្ទាប់នោះបានដាក់ខ្នោះពួកគេ និងចាប់ពួកគេចូលក្នុងរថយន្ត”។
ស្ត្រីឈ្មោះ ប៉ែន ហុង អាយុ៣០ឆ្នាំបានឲ្យដឹងថា នៅពេលគាត់បានធ្វើដំណើរទៅធ្វើការនៅរោងចក្រមួយក្បែរនោះ គាត់បានឃើញហេតុការណ៍នោះ។ គាត់បាននិយាយថា “ខ្ញុំបានឃើញរថយន្តពីរគ្រឿងជាមួយនគរបាល ហើយពួកគេបានចាប់មនុស្សបីនាក់បោះចូលក្នុងរថយន្ត ហើយអ្នកផ្សេងទៀតរត់គេចខ្លួន” ។
អ្នកស្រី ប៊ិន ស្រីមុំ បានមានប្រសាសន៍ថា ការចាប់ខ្លួននេះអាចនឹងបញ្ឆេះឲ្យមានការតវ៉ាបន្ថែមទៀតទៅវិញទេ បន្ទាប់ពីតំណាងសហជីព និងអ្នកគ្រប់គ្រងរោងចក្រវីងស្តា ឈានដល់កិច្ចព្រមព្រៀងបណ្ដោះអាសន្នមួយកាលពីម្សិលមិញដើម្បីបញ្ចប់កូដកម្មនេះ។
អ្នកស្រីបានឲ្យដឹងថា រោងចក្រនេះបានព្រមព្រៀងអំឡុងការប្រជុំមួយអំពីការទាមទារបួនចំណុច រាប់ទាំងប្រាក់សុខភាព៥ដុល្លារក្នុងមួយខែ ប្រាក់ថ្លៃអាហារប្រចាំថ្ងៃ០,៥០ដុល្លារ និងការបើកប្រាក់ខែអំឡុងពេលដែលកម្មករធ្វើកូដកម្ម។ ក៏ប៉ុន្តែតំណាងរោងចក្របានលើកឡើងថា ពួកគេនឹងអនុវត្តតាមកិច្ចព្រមព្រៀងនេះលុះត្រាតែកម្មករវិលត្រឡប់ចូលទៅធ្វើការងាររបស់ខ្លួនវិញនៅថ្ងៃនេះ។
អ្នកស្រី ស្រីមុំ បានឲ្យដឹងថា “កម្មករទាំងអស់លែងចង់បានប្រាក់ទៀតហើយ។ ពេលនេះពួកគេចង់ឲ្យមានការដោះលែងកម្មករដែលត្រូវបានចាប់ខ្លួន។ ខ្ញុំគិតថា កម្មករនឹងមិនត្រឡប់ទៅធ្វើការវិញនៅថ្ងៃស្អែកនេះទេ”។ តំណាងរោងចក្រវីងស្តា មិនអាចទាក់ទងបានដើម្បីសុំការអត្ថាធិប្បាយបានឡើយ៕ ប៊ុននី
(រាយការណ៍បន្ថែមដោយ វណ្ណ រើន)