ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានឲ្យដឹងថា សមាជិកក្រុមហ៊ែកឃើអនាមិកកម្ពុជាពីរនាក់ ដែលត្រូវបានចោទប្រកាន់កាលពីថ្ងៃច័ន្ទ ពីបទជ្រៀតចូលគេហទំព័ររបស់អង្គភាពប្រឆាំងអំពើពុករលួយ បានសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តបទល្មើសនេះមែនកាលពីម្សិលមិញ។
លោក ឱម យុិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានលើកឡើងអំឡុងសន្និសីទសារព័ត៌មានមួយថា ឈ្មោះ កែវ ស៊ីផេង អាយុ២៦ឆ្នាំ និងឈ្មោះ សូហង្ស រតនា អាយុ២៦ឆ្នាំ បានប្រាប់សមត្ថថា ពួកគេបានជ្រៀតចូលគេហទំព័ររបស់អង្គភាពប្រឆាំងអំពើពុករលួយកាលពីថ្ងៃទី ២៩ ខែមេសា “ដើម្បីលេងសើច” ប៉ុន្តែមិនអាចចូលទៅដល់មូលដ្ឋានទិន្នន័យក្នុងគេហទំព័រនេះទេ។
លោក ឱម យុិនទៀង បានមានប្រសាសន៍ថា “ពួកគេបានសារភាពថា ពួកគេបានវាយប្រហារគេហទំព័ររបស់អង្គភាពប្រឆាំងអំពើពុករលួយដើម្បីលេងសើច ហើយពួកគេចង់សាកល្បងជំនាញ[បច្ចេកវិទ្យាព័ត៌មាន] របស់ខ្លួន”។
លោកបានមានប្រសាសន៍បន្ថែមថា លោកមិនយល់ថាហេតុអ្វីបានជាបុរសទាំងពីរនាក់នេះជ្រើសរើសការវាយប្រហារគេហទំព័ររបស់អង្គភាពប្រឆាំងអំពើពុករលួយទេ។ លោកបានឲ្យដឹងថា “គេហទំព័ររបស់អង្គភាពប្រឆាំងអំពើពុករលួយ ប្រើសម្រាប់តែបង្ហោះឯកសារ និងសេចក្តីរាយការណ៍សម្រាប់បណ្តាញព័ត៌មានទាញយកប៉ុណ្ណោះ”។ យុវជន សីុផេង និងយុវជន រតនា ត្រូវបានចាប់ខ្លួននៅក្នុងខេត្តសៀមរាបកាលពីថ្ងៃព្រហស្បតិ៍។
នៅឯសន្និសីទសារព័ត៌មាន លោក យុិនទៀង បានបង្ហាញភ័ស្តុតាងប្រាប់អ្នកយកព័ត៌មានប្រឆាំងនឹងបុរសទាំងពីរ និងបាននិយាយថា ពួកគេត្រូវបានចោទប្រកាន់ក្រោមមាត្រា៤២៧ នៃក្រមព្រហ្មទណ្ឌកម្ពុជា ពីបទជ្រៀតចូលបណ្តាញព័ត៌មានដោយខុសច្បាប់ លួចទិន្នន័យសម្ងាត់ពីប្រព័ន្ធព័ត៌មាន និងកែទិន្នន័យ។
លោក យុិនទៀង ក៏បានមានប្រសាសន៍ដែរថា យុវជន ស៊ីផេង និងយុវជន រតនា ដែលជានិស្សិតនៅសាកលវិទ្យាល័យបច្ចេកវិទ្យា IIC ក្នុងរាជធានីភ្នំពេញ “ឆ្លាតជាងហ៊ែកឃើពីរនាក់ទៀត ” ដែលត្រូវបានចាប់ខ្លួនកាលពីខែមុន។ លោកបានមានប្រសាសន៍ថា “អ្នកទាំងពីរឆ្លាតជាងបុរសពីរនាក់ដែលត្រូវបានចាប់ខ្លួនពីមុន។ ពួកគេឧស្សាហ៍រៀនសូត្រ…។ ហេតុអ្វីបានជាពួកគេមិនប្រើទេពកោសល្យពួកគេដើម្បីជួយអភិវឌ្ឍប្រទេស ឬធ្វើការជាមួយក្រុមហ៊ុនល្អៗ?។ យើងសង្ឃឹមថា ពួកគេទាំងពីរនាក់ក្លាយជាមនុស្សល្អ។ យើងចង់ឲ្យពួកគេស្វែងរកផ្លូវដ៏ល្អប្រសើរបំផុតដើម្បីធ្វើអ្វីល្អៗសម្រាប់សង្គមរបស់យើង”។
កាលពីដើមខែមេសា សមាជិកក្រុមហ៊ែកឃើអនាមិកកម្ពុជា ឈ្មោះ ប៊ុន ឃីង មង្គលបញ្ញា អាយុ២១ឆ្នាំ និងឈ្មោះ ជូ សុងហេង អាយុ២១ឆ្នាំត្រូវបានចោទប្រកាន់ថា បានវាយប្រហារគេហទំព័ររដ្ឋាភិបាលចំនួន៣០ និងលួចទិន្នន័យ។
កាលពីម្សិលមិញផងដែរ សមាជិកក្រុមនេះបានជ្រៀតចូលគេហទំព័ររបស់ Gendarmerie Royale Khmer និងជំនួសគេហទំព័រនេះ ដោយសារមួយថា …”ជនពុករលួយខ្លាចពួកយើង ជនស្មោះត្រង់គាំទ្រយើង អ្នកក្លាហានចូលរួមជាមួយយើង”។ នៅក្នុងគេហទំព័រនេះក៏មានខ្សែវីដេអូចាស់មួយដែរ ដែលបង្កើតឡើងដោយក្រុមនេះ គំរាមវាយប្រហារប្រព័ន្ធអិុនធើណិតរបស់រដ្ឋាភិបាលកម្ពុជាបន្ថែមទៀត។
អំឡុងសន្និសីទសារព័ត៌មានកាលពីម្សិលមិញ លោក យិុនទៀង ក៏បានលើកឡើងដែរថា កាលពីឆ្នាំទៅអង្គភាពប្រឆាំងអំពើពុករលួយបានទទួលពាក្យបណ្តឹងចំនួន៧០០ករណី ក្នុងនោះ១១៧ករណីចោទប្រកាន់មន្ត្រីជាន់ខ្ពស់ពីបទពុករលួយ និង៣៥០ករណីទៀតពាក់ព័ន្ធនឹងមន្ត្រីថ្នាក់ក្រោម។ ពាក្យបណ្តឹងនៅសេសសល់មិនបានបញ្ចេញឈ្មោះមន្ត្រីជាក់លាក់នោះទេ។ ចំណោមករណីពាក់ព័ន្ធនឹងមន្ត្រីជាន់ខ្ពស់ លោកបានមានប្រសាសន៍ថា ២៥ករណីបានឈានដល់ការចាប់ខ្លួន ខណៈដែលតែពីរករណីប៉ុណ្ណោះពាក់ព័ន្ធនឹងមន្ត្រីថ្នាក់ក្រោមបានឈានដល់ការចាប់ខ្លួន៕ ប៊ុននី
(រាយការណ៍បន្ថែមដោយ Joshua Wilwohl)