28 C
Phnom Penh

អ្នកភូមិ​បុរី​កីឡា​​មិន​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូលរួម​​​ប្រជុំ​ពិភាក្សា​​រក​ដំណោះ​ស្រាយ​​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សាលា​រាជធានី​និង​អង្គការ​សិទ្ធិ​មនុស្ស​ចំនួន​ប្រាំ​ បាន​ជួប​​គ្នា​កាលពី​ម្សិល​មិញ​ជាមួយ​​ក្រុមហ៊ុន​អភិវឌ្ឍន៍​ ផាន​អុីម៉ិច ដើម្បី​ស្វែង​រក​ដំណោះស្រាយ​មួយ​ឲ្យ​ប្រជា​ជន​ជាង​១៥០​គ្រួសារ​មកពី​សហគមន៍​បុរីកីឡា រាជធានី​ភ្នំពេញ​ ដែល​បាន​បាត់​បង់​​ដីធ្លី​ បន្ទាប់ពី​ក្រុម​ហ៊ុន​នេះ​បាន​សាង​សង់​ផ្ទះ​ល្វែង​តែ​ប្រាំបី​អគារ​ក្នុង​ចំណោម​ផ្ទះ​ល្វែង​១០​​អគារ​ដែល​ខ្លួន​បាន​សន្យា​ជា​ផ្នែក​នៃ​កិច្ច​ព្រម​ព្រៀង​ដោះដូរ​ដី​។

ទោះជា​យ៉ាង​ណា អតីត​អ្នក​ភូមិ​នៅ​ក្នុង​តំបន់​ដែល​មាន​ជម្លោះ​ដ៏​ជូរចត់​នេះ​បាន​ឲ្យ​ដឹង​ថា ពួកគេ​ខក​ចិត្ត​ដែល​ពួកគេ​មិន​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​អំពី​អនាគត​របស់​ខ្លួន​។

លោក ពេជ្រ លឹម​ឃួន​ តំណាង​ឲ្យ​សហគមន៍​នេះ​បាន​មាន​ប្រសាសន៍​ថា “ថ្ងៃនេះ​សាលា​រាជធានី​បាន​កោះ​អញ្ជើញ​អង្គការ​ក្រៅ​រដ្ឋាភិបាល​នានា​មក​ចូលរួម​កិច្ច​ប្រជុំ​មួយ​ជាមួយ​លោក ប៉ា សុជាតិវង្ស [អភិបាល​រាជធានី​ភ្នំពេញ​] ដើម្បី​ដោះ​ស្រាយ​បញ្ហា​សហគមន៍​បុរី​កីឡា​ ក៏ប៉ុន្តែ​សហគមន៍​នេះ​មិន​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូល​រួម​ឡើយ​”។

លោក​បាន​មាន​ប្រសាសន៍​ថា “សាលា​រាជធានី​ជានិច្ចកាល​សន្យា​ដោះ​ស្រាយ​បញ្ហា​របស់​យើង​ ក៏ប៉ុន្តែ​យើង​កំពុង​តែ​រង់​ចាំ​​​នៅ​ឡើយ​ឲ្យ​ស្ថាន​ភាព​របស់​យើង​ប្រសើរ​ឡើង​ ពោល​គឺ​ចាប់​តាំង​ពី​លោក កែប ជុតិមា ធ្វើ​ជា​អភិបាល​ម៉្លេះ ហើយ​ពួកគេ​ចេះ​តែ​បន្ត​សន្យា ប៉ុន្តែគ្មាន​លទ្ធផល​ឡើយ​”។ លោក ប៉ា សុជាតិវង្ស បាន​កាន់​តំណែង​ជំនួស​លោក ជុតិមា ក្នុង​ខែ​ឧសភាឆ្នាំមុន​។

លោក​ ឡុង ឌីម៉ង់ អ្នកនាំពាក្យ​សាលា​រាជធានី​បាន​មាន​ប្រសាសន៍​ថា គោល​បំណង​នៃ​ជំនួប​ប្រជុំកាលពី​ម្សិលមិញ​នេះ​ គឺ​ដើម្បី​បង្កើត​វេទិកាសាធារណៈ​មួយ​ដែល​ឲ្យ​ភាគី​ពាក់ព័ន្ធ​ទាំង​អស់​ រាប់​ទាំង​អង្គការ​សិទ្ធិមនុស្ស​ ក្រុមហ៊ុន​ផានអុីម៉ិច និង​អ្នក​ភូមិ​​ចូល​រួម​។ លោក​បាន​មាន​ប្រសាសន៍​ថា អង្គការ​ក្រៅ​រដ្ឋាភិបាល​នឹង​ពិគ្រោះ​ជាមួយ​អ្នក​ភូមិ​ក្រោយ​ជំនួប​នេះ​។

លោក​បាន​​ឲ្យ​ដឹង​ថា “យើង​កំពុង​តែ​ស្វែង​រក​វិធីសាស្ត្រ​ដោះ​ស្រាយ​បញ្ហា​នេះ​រួម​គ្នា​ ហើយ​អង្គការ​ក្រៅ​រដ្ឋាភិបាល​នឹង​ពិភាក្សា​អំពី​បញ្ហា​នេះ​ជាមួយ​ប្រជា​ពល​រដ្ឋ​ [ដើម្បី​កំណត់​] ថាតើ​ពួកគេ​យល់ព្រម​ ឬ​ក៏​អត់​”។

លោក វណ្ណ សុផាត អ្នក​សម្រប​សម្រួល​ផ្នែក​កែទម្រង់​ដីធ្លី​នៅ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​បាន​មាន​ប្រសាសន៍​ថា អង្គការ​របស់​លោក​នឹង​ព្យាយាម​ជួប​ដោយ​ផ្ទាល់​ជាមួយ​អ្នក​ភូមិ​ដែល​រង​ផល​ប៉ះ​ពាល់​ និង​ធ្វើ​ឲ្យ​ប្រាកដ​ថា ក្ដី​បារម្ភ​របស់​ពួកគេ​​ត្រូវ​បាន​ដោះ​ស្រាយ​។ លោក​បាន​បន្ថែម​ថា “ប្រជា​ជន​គិត​ថា ពួកគេ​ត្រូវ​បាន​រំលោភ​បំពាន​ដោយ​ក្រុម​ហ៊ុន​នេះ​ ហើយ​ពួកគេ​មិន​ជឿ​ថា សាលា​រាជ​ធានី​នឹង​ដោះ​ស្រាយ​បញ្ហា​របស់​ពួកគេ​​ឡើយ ដូច្នេះ​ យើង​នឹង​ជួប​ជា​មួយ​ពួក​គេ​ [នៅ​ថ្ងៃ​នេះ​] ដើម្បី​ពិភាក្សា​អំពី​បញ្ហា​នេះ​ជា​មួយ​ពួក​គេ​”៕ ប៊ុននី​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស