38 C
Phnom Penh

​​​ក្រុម​​​ហ៊ុន​​​វៀត​​​ណាម​​​បំផ្លាញ​​​​ដំណាំ​​​របស់​​​អ្នក​​​ភូមិ​​ពាក់ព័ន្ធ​​​​វិវាទ​​​ដីធ្លី​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តំណាង​​​សហគមន៍​​​ដែល​​​ជាប់​​​ពាក់​​​ព័ន្ធ​​​ក្នុង​​​វិវាទ​​​ដីធ្លី​​​ជាមួយ​​​ក្រុម​​​ហ៊ុន​​​វៀតណាម​​​នៅ​​​ខេត្ត​​​ក្រចេះ​​​ បាន​​​វិល​​​ត្រឡប់ពីរាជ​​​ធានីភ្នំពេញ​​​កាលពីល្ងាច​​​ថ្ងៃ​​​ម្សិល​មិញ​​​​ទៅផ្ទះ​​​របស់​​​ខ្លួន​​​វិញ​​​ហើយ​​​ បន្ទាប់ពី​​​មិន​​​ទទួល​​​បាន​​​ការ​​​គាំទ្រ​​​ពីលោក​​​នាយក​​​រដ្ឋមន្ត្រី ហ៊ុន សែន ចំណែក​​​ឯមន្ត្រី​​​ម្នាក់​​​នៅ​​​ក្រុម​​​ហ៊ុន​​​នេះ​​​បាន​​​លើក​​​ឡើង​​​ថា ក្រុមហ៊ុន​​​បាន​​​ចាប់ផ្ដើម​​​បំផ្លាញ​​​​​ដំណាំ​​​របស់​​​ក្រុម​​​អ្នក​ភូមិ​​​នៅ​​​លើ​​​ដីនោះហើយ។

​​​ ក្រុម​​​អ្នក​​​ភូមិ​​​ដែល​​​បាន​ដាក់​​​ញត្តិ​​​ទៅ​​​លោក​​​ ហ៊ុន សែន នៅ​​​សួន​​​មុខ​​​វត្តបទុម​​​ក្នុង​​​រាជធានី​​​ភ្នំពេញ​​​​បាន​​​និយាយ​​​មុន​​​ពេល​​​ចាក​​​ចេញ​​​កាលពីម្សិលមិញ​​​ថា ដំណាំ​​​​​​ប្រហែល​​​២០​​​ភាគ​​​រយ​​​របស់​សហគមន៍​​​នៅ​​​ក្នុង​​​ឃុំឃ្សឹម ស្រុក​​​ស្នួល ឥឡូវ​​​នេះ​​​ត្រូវ​​​បាន​​​បំផ្លាញ​​​ដោយ​​​ក្រុម​​​ហ៊ុន​​​ប៊ិញភឿក​​​២ (Binh Phoeuk 2) ដែល​កាន់​កាប់​ដោយ​ជន​ជាតិ​វៀត​ណាម ជាការ​អះអាង​ដែល​អ្នក​​​គ្រប់​​គ្រង​​​ក្រុម​​​ហ៊ុន​​​នេះ​បានបញ្ជាក់​​​តាម​ទូរស័ព្ទ។

លោក​​​ មិន តាំ អ្នក​​​គ្រប់​​​គ្រង​​​ក្រុម​​​ហ៊ុន​​​នេះ​​​បាន​​​និយាយ​​​ថា “យើង​​​បាន​​​បាញ់​​​ថ្នាំគីមី​​​​​​សម្លាប់​​​ស្មៅ​​​កាលពីថ្ងៃ​​​ច័ន្ទ ពីព្រោះ​​​យើង​​​មាន​​​គម្រោង​​​ដាំកៅស៊ូ”។

ក្រុម​​​មន្ត្រីនៅ​​​ខុទ្ទកាល័យ​​​លោក ហ៊ុន សែន បានបញ្ជូន​​​ក្រុម​​​អ្នក​​​ភូមិ​​​ទៅ​​​ខេត្ត​​​ក្រចេះ​​​វិញ ទៅ​​​ចូល​​​រួម​​​ពិភាក្សា​​​ជាមួយ​​អាជ្ញាធរ​​​បន្ទាប់ពី​​​ពួកគាត់​​​បាន​​​មក​​​ដាក់​​​ញត្តិ​​​ថ្ងៃ​​​​​​ទី២​​​ កាលពីម្សិល​​​មិញ​​​។

លោក គង់ គឹមនី អភិបាល​​​ស្រុក​​​ស្នួល បានមាន​​​ប្រសាសន៍​​​ថា បន្ទាប់​​​ពី​​​មាន​​​ការ​​​ពិភាក្សានោះ​​​លោក​​​បានបញ្ជា​​​ឲ្យ​​​ឈប់បំផ្លាញ​​​ដំណាំ​​​ “ដើម្បីទុក​​​ពេល​​​បន្ថែម​​​ទៀត​ឲ្យ​​​ពួកគាត់​​​ប្រមូល​​​ផល​​​ដំណាំ​​នោះ​​​សិន​​​” ប៉ុន្តែ​​ លោក​​​នឹង​​​មិន​​​អនុញ្ញាត​​​ឲ្យ​​​ក្រុម​​​អ្នក​​​ភូមិ​​​ត្រឡប់​​ទៅ​​ដីនេះវិញ​​​ទេ​​​។

លោក អ៊ូច បូរិន អ្នក​​​ភូមិ​​​ម្នាក់​​​នៅ​​​ឃុំឃ្សឹម បាន​​​និយាយ​​​ថា ក្រុម​​​ហ៊ុន​​​បាន​​​ផ្ដាច់​​​ផ្លូវ​​​ទៅ​​​កាន់​ដី​​​ដែល​​​មាន​​​វិវាទ​​​នេះ​​​កាល ពីម្សិលមិញ  ដើម្បីរារាំង​​​ក្រុម​​​អ្នក​​​ភូមិ​​​មិន​​​ឲ្យ​​​ត្រឡប់​​​ទៅ​​​ទីនោះ។ លោក បូរិន បាន​​​និយាយ​​​ថា “ខ្ញុំបាន​​​ក្រោក​​​ពីព្រលឹម​​​ ហើយ​​​ជិះម៉ូតូ​​​ទៅ​​​ផ្សារ​​​ក្នុង​​​ស្រុក​​​ស្នួល​​​ ប៉ុន្តែ​​​បន្ទាប់​​​ពី​​​ខ្ញុំ​​​ត្រឡប់​​​មក​​​វិញ​​​ខ្ញុំបាន​​​ឃើញ​​​អ្នក​​​បើក​​​បរ​​​ម្នាក់​​​បញ្ជា​​​គ្រឿង​​​ចក្រ​​​​​​ជីក​​​ធ្វើផ្លូវ ហើយ​​​កម្មករ​​​ពីរ​​​នាក់​​​ទៀត​​​ស្លៀក​​​ពាក់​​​ឯក​​​សណ្ឋាន​​​របស់​​​ក្រុម​​​ហ៊ុន​​​”។

លោក គង់ ចំណាន អភិបាល​​​រង​​​ខេត្ត​​​ក្រចេះ បាន​​​មាន​​​ប្រសាសន៍​​​ថា ក្រុម​​​ហ៊ុន​​​ ប៊ិញ​​​ភឿក២ បាន​​​ជួស​​​ជុល​​​ផ្លូវ​​​នេះ​​​កាលពីម្សិលមិញ​​​៕ សារុន (រាយការណ៍បន្ថែ​​ម​​​ដោយ George Wright)​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស