24.9 C
Phnom Penh

​​​ទាហានពីរ​​​នាក់​​​ស្លាប់ និង​​ពីរ​​​នាក់​​​ទៀត​​​របួស​​​ធ្ងន់ដោយសារ​​​គ្រោះ​​​ថ្នាក់​​​ចរាចរណ៍​​​ក្នុង​​​ខេត្តឧត្តរមានជ័យ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរ​​​បាល​​​បាន​​​និយាយ​​​ថា មន្ត្រី​​​យោធាពីរ​​​នាក់​​​បាន​​​ស្លាប់​​​ និង​​​ពីរ​​​នាក់​​​ទៀត​​​រង​​​របួស​​​ធ្ងន់​​​កាល​ពីថ្ងៃ​​​អាទិត្យ​​​ក្នុង​​​ខេត្ត​​​ឧត្តរមាន ជ័យ នៅពេល​​​រថយន្ត​របស់ពួកគេ​បាន​​​បុក​​​ជាមួយ​​​រថយន្ត​​​ក្រុង​​​ដឹក​​​ភ្ញៀវ​​​ទេស​​​ចរ​​​មួយ​​​គ្រឿង ត្រង់​​​ចំណុច​​​ប្រសព្វ​​នៃ​​​ផ្លូវ​​​ជាតិ​​​លេខ​​​១៧១ និង​​​លេខ៦៧​​​ក្នុង​​​ស្រុក​​​អន្លង់​​​វែង។

លោក ហាស់ ហេង អធិការ​​​រង​​​នគរ​​​បាល​​​ស្រុក​​​អន្លង់វែង​បានមាន​​​ប្រសាសន៍​​​ថា ​​​លោក​វរ​សេនីយ៍​ទោ នួន លឹម អាយុ​​​៤៦​​​ឆ្នាំ ជា​​​​អ្នក​​​បើក​​​បររថ​​​យន្ត​​​យោធា​​​និង​​​​​​លោក រឹម សម្រស់ អាយុ​​​១៧​​​​​​ឆ្នាំជាកូនទាហាន បាន​​​ស្លាប់​​​ដោយសារ​​​របួស​​​បន្ទាប់​​​ពី​​​ទៅដល់​​​​​​មន្ទីរ​​​ពេទ្យ​​​បង្អែក​​​ស្រុកបាន​​​​បន្តិច​​​។

លោក​​​បាន​​​បន្ថែម​​​ថា ទាហាន​ពីរនាក់ទៀត​ឈ្មោះ ជួន ជាតិ អាយុ​​​២១​​​ឆ្នាំ និង​​​ តាំង រតនី អាយុ​​​២​​​៦​​​ឆ្នាំ​​​​​​ត្រូវ​​​បាន​​​បញ្ជូនទៅ​​​ព្យាបាល​​​នៅ​​​មន្ទីរ​​​ពេទ្យ​​​បង្អែក​​​ខេត្ត​​​សៀម​រាប ហើយ​​​ពួកគេ​​​ទាំង​​​ពីរ​​​នាក់​​​កំពុង​ស្ថិត​​​ក្នុង​​​ស្ថាន​​​ភាព​​​ធ្ងន់​​​ធ្ងរ​​​នៅឡើយ​​​។

គ្រោះ​​​ថ្នាក់​​​នេះ​​​បាន​​​កើ​ត​​​ឡើង​​​នៅ​​​ម៉ោង​​​៥​​​និង​​​៣០​​​នាទី​​​ល្ងា​​ច​​​នៅ​​​ក្នុង​​​ឃុំ​​​ត្រពាំង​​​តាវ នៅពេល​​​ដែល​​​អ្នក​​​បើក​​​រថយន្ត​​​ក្រុង​​​របស់​​​ក្រុម​​​ហ៊ុន​​​ហាវ​​​សាន ​ទេសចរណ៍​​​ ដែល​​​បាន​​បើកបរ​​ពី​​​ច្រក​​​ព្រំដែន​​​ជាំសាងាំ ទៅ​​​ក្រុង​​​សៀម​​​រាប និងគ្មាន​​អ្នក​​​ដំណើរ​​​ជិះ​​​លើ​​​រថយន្ត​​​ បាន​​​បុក​​​គ្នា​ពេល​​​មក​​​ដល់​​​រង្វ​​​ង់​​​មូល​​​។

លោក ហាស់ ហេង បាន​​​មាន​​​ប្រសាសន៍​​​ថា “ខ្ញុំគិត​​​ថា គ្រោះ​​​ថា្នក់​​​នេះ​​​បណ្ដាល​​​មកពី​​​អ្នក​​​បើក​​​បរ​​​រថយន្ត​​​ក្រុង​​​មិន​​​គោរព​​គន្លង​ផ្លូវ​​​​…ពីព្រោះ​​​រថយន្តក្រុង​​​នេះ​​​បាន​​​បើក​​​ចូល​​​ទៅ​​​គន្លង​​​ផ្លូវ​​​របស់​​រថយន្ត​​​កូរ៉ូឡា”។ លោកបាន​​​បន្ថែម​​​ថា អ្នក​​​បើក​​​បរ​​​បាន​​​គេច​​​ខ្លួន​​​បន្ទាប់ពី​​​បង្ក​​​គ្រោះ​​​ថ្នាក់ចរាចរណ៍​​​ ហើយ​​​មិន​​​ទាន់​​​ចាប់​​​ខ្លួន​​​បាន​​​នៅឡើយ​​​ទេ។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​នឹង​​​អញ្ជើញ​​​តំណាង​​​ក្រុម​​​ហ៊ុន និង​​​សាច់​​​ញាត់​​អ្នក​ស្លាប់និង​​​អ្នករង​​​​របួស​​​ឲ្យ​​​មក​​​ដោះស្រាយ​​​ករណីនេះ​​​”។

លោក ពេជ្រ សុខា ប្រធាន​​​មន្ទីរពេទ្យ​​​បង្អែក​​​ស្រុក បាន​​​អះអាង​​​ថា បុរស​​​ទាំង​​​ពីរ​​​នាក់​​​នេះ​ស្លាប់​​​ពេល​​​បញ្ជូន​​​មក​​​ដល់​​​មន្ទីរ​​​ពេទ្យបាន​​​​១​៥​​​នាទី​​​។

​​​លោក ប៉ា សំអុិត អធិការ​​​នគរ​​​បាល​​​ស្រុក​​​​​​កៀន​​​ស្វាយ បាន​​​មាន​​​ប្រសាសន៍​​​ថា នៅ​​​ក្នុង​​​គ្រោះ​​​ថ្នាក់​​​ដាច់​​​ដោយ​​​ឡែក​​​មួយ​​​ទៀត​​​ក្នុង​​​ស្រុក​​​កៀន​​​ស្វាយ ខេត្ត​​​កណ្ដាល កាលពី​​​ម្សិលមិញ​​​រថយន្ត​​​ដឹក​​​ស្រាបៀរ Anchor បាន​​​បុក​​​តូប​​​លក់​​​ដូរ​​​ពីរ​​​នៅ​​​មុខ​​​ផ្សារ​​​គគីរ​​​ មុនពេល​​​ជ្រុល​​​ទៅបុក​​​ម៉ូតូ​​​ប្រាំមួយគ្រឿង និង​​​រ៉ឺម៉ក​​​ម៉ូតូកង់​​​ប​​​ីពីរ​​​គ្រឿងទៀត​ ប៉ុន្តែ​​​មិន​​​មាន​​​នរណា​​​ម្នាក់​​​រង​​​របួសធ្ង​ន់​​​​ទេ។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “រថយន្ត​​​ដឹក​​​ស្រាបៀរ​​​ Anchor បាន​​​ដាច់​​​ហ្វ្រាំង ដែល​​​បាន​​​បណ្ដាល​​​ឲ្យ​​​អ្នក​​​បើក​​​បរ​​​ជ្រុល​​​ទៅបុក​​​អាជីវករ​​​ និង​​​ម៉ូតូជាច្រើន​គ្រឿង​​​​…ប៉ុន្តែ​​​ខ្ញុំគិត​​​ថា វា​​​ជា​​​កំហុស​​​របស់អ្នក​​​បើក​​​បរ​​​ដែលមិន​​​បាន​​​ត្រួត​​​ពិនិត្យ​​​បញ្ហា​​​បច្ចេក​​​ទេសរថយន្ត​​​របស់​​​ខ្លួន​​​”។ លោក​​​បាន​​​បន្ថែម​​​ថា អ្នក​​​បើក​​​បរ​​​កំពុង​​​ត្រូវ​​​ឃាត់​​​ខ្លួន​​​នៅ​​​អធិការ​​​ដ្ឋាន​​​នគរបាល​​​ស្រុករង់​​​ចាំ​​​តំណាង​​​ក្រុម​​​ហ៊ុន ខេមបូឌា ប្រ៊ូវើរី ម​​​ក​​​ដោះស្រាយ​​​៕ សារុន​​​​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស