33 C
Phnom Penh

ក្រោយ​​​ពីការ​ផ្អាកជា​​​លើក​​​ទី​​២ សវនាការ​​សម្រាប់​អ្នក​​​តវ៉ា​​​ទាំង​២៣​​​នាក់​​​ប្រព្រឹត្ត​ទៅ​យឺត​យ៉ាវ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​​​ពី​​​ថ្ងៃ​​​អង្គារ សាលា​​​ដំបូង​​​រាជធានី​​​ភ្នំពេញ​​​បាន​​​ពន្យារពេល​​​សវនាការ​​​នៅ​​​ក្នុង​​​រឿង​​​ក្ដី​​​របស់​​​អ្នក​​​តវ៉ា​​​២៥​​​នាក់​​​ ដែល​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​អំឡុង​​​ពេល​​​កម្មករ​​​រោងចក្រ​​​កាត់​​​ដេរ​​​ធ្វើ​​​កូដកម្ម​​​នៅ​​​ក្នុង​​​ទីក្រុង​​​កាល​​​ពី​​​ចុង​​​ឆ្នាំ​​​មុន​​​។

យុវជន​​​ពីរ​​​នាក់​​​ ដែល​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​នៅ​​​ក្នុង​​​ការ​​​ប៉ះទង្គិច​​​គ្នា​​​ជាមួយ​​​នគរបាល​​​នៅ​​​ជិត​​​ស្ពាន​​​ស្ទឹង​​​មានជ័យ​​​កាល​​​ពី​​​ខែ​​​វិច្ឆិកា និង​​​ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់​​​ពី​​​បទ​​​បង្ក​​​របួស​​​ស្នាម​​​ និង​​​បំផ្លិច​​​បំផ្លាញ​​​ទ្រព្យ​​​សម្បត្តិ​​​​​​​​​នោះ ត្រូវ​​បាន​​​ប្រាប់​​​ថា សាល​​​ក្រម​​​ពួក​​​គេ​​​នឹង​​​ប្រកាស​​​នៅ​​​ថ្ងៃ​​​ទី​​​៣០ ខែ​​​ឧសភា។

ទោះ​​​ជា​​​យ៉ាង​​​ណា​​​ មនុស្ស​​​ទាំង​​​២៣​​​នាក់​​​ដែល​​​ត្រូវ​​​បាន​​​ទាហាន​​​ និង​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​វាយ​​​ដំ​​​ និង​​​ចាប់​​​ខ្លួន​​​កាល​​​ពី​​​ខែ​​​មករា ​ទំនង​​​ជា​​​ពិបាក​​​​​ទទួល​​​បាន​​​សវនាការ​​​លឿន​​ណាស់​​​។

កាល​​​ពី​​​ថ្ងៃ​​​អង្គារ​​​ តុលាការ​​​បាន​​​ឲ្យ​​​ដឹង​​​ថា ខ្លួន​​​​​​នឹង​​​បន្ត​​​​​​បើក​​​សវនាការ​​​រឿង​​​ក្ដី​​​របស់​​​ពួក​​​គេ​​​ក្នុង​​​រយៈ​​​ពេល​​​ពីរសប្ដាហ៍​​​ទៀត​​​ គឺ​​​នៅ​​​ថ្ងៃ​​​ទី​​​២០ ខែ​​​ឧសភា ដោយ​​​ពី​​​មុន​​​បាន​​​ជំរុញ​​​ឲ្យ​​​មាន​​​ការ​​​បើក​​​សវនាការ​​​រឿង​​​ក្ដី​​​នេះ​​​១១ថ្ងៃ​​​ក្រោយ​​​ពី​​​បាន​​​បើក​​​សវនាការ​​​កាល​​​ពី​​​ថ្ងៃ​​​ទី​​​២៥ ខែ​​​មេសា។

លោក​​​ នី ចរិយា ដែល​​​កំពុង​​​តាម​​​ដាន​​​សវនាការ​​​​​​រឿង​​​ក្ដី​​​នេះ​​​ក្នុង​​​នាម​​​ជា​​​ប្រធាន​​​ផ្នែក​​​ឃ្លាំ​​​មើល​​​នៅ​​​អង្គការ​​​សិទ្ធិមនុស្ស​​​អាដហុក​​​ បាន​​​និយាយ​​​ថា “យោង​​​តាម​​​កា​​​រឃ្លាំ​​​មើល​​​របស់​​​យើង​​​លើ​​​រឿង​​​ក្ដី​​​ជា​​​ច្រើន​​​ក្នុង​​​រយៈ​​​ពេល​​​ប៉ុន្មាន​​​ឆ្នាំ​​​នេះ​​​ ​​រឿង​​​ក្ដី​​​​​​នេះ​​​ចម្លែក​​​ណាស់​​​ ដោយ​​​សារ​​​តុលាការ​​​កំពុង​​​ធ្វើ​​​បែប​​​នេះ​​​​​​”។

លោក​​​ នី ចរិយា​​​ បាន​​​បញ្ជាក់​​​ពី​​​កា​​​រខ្វះ​​​ភ័ស្ដុតាង​​​ដាក់​​​បន្ទុក​​​នៅ​​​ក្នុង​​​ការ​​​បើក​​​សវនាការ​​​ជំនុំ​​​ជម្រះ​​​អ្នក​​​ទោស​​​ទាំង​​​២៣​​​នាក់​​​ទាំង​​​ពីរ​​​លើក។ នៅ​​​ក្នុង​​​សវនាការ​​​កាល​​​ពី​​​ថ្ងៃ​​​អង្គារ​​​ ព្រះ​​​រាជ​​​អាជ្ញា​​​ពឹង​​​ផ្អែក​​​តែ​​​លើ​​​នគរបាល​​​​​​ដែល​​​បាន​​​និយាយ​​​ប្រាប់​​​ពី​​​រឿង​​​រ៉ាវ​​​របស់​​​អ្នក​​​តវ៉ា​​​មួយ​​​ក្រុម​​​ធំ​​​ ដែល​​​បាន​​​គប់​​​ដុំ​​​ថ្ម និង​​​ដំបង​​​ដែក​​​ដាក់​​​ពួក​​​គេ​ប៉ុណ្ណោះ។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ការ​​​ពន្យារ​​​ពេល​​​នេះ​​​តុលាការ​​​ចង់​​​រក​​​យុទ្ធសាស្ត្រ​​​ ឬ​​​នីតិ​​​វិធី​​​ផ្សេង​​​ ដើម្បី​​​រក​​​ភ័ស្ដុតាង​​​ដាក់​​​បន្ទុក​​​ចុង​​​ចោទ​​​ ដូច​​​ដែល​​​ខ្ញុំ​​​បាន​​​សង្កេត​​​ឃើញ​​​ថា តុលាការ​​គ្មាន​​​ភ័ស្ដុតាង​​​ដាក់​​​បន្ទុក​​​ចុង​​​ចោទ​​​ក្រៅ​​​ពី​​​រូប​​​ថត​​​ពីរ​​​បី​​​សន្លឹក​​​ទេ​​​”។

លោក​​​ សុក សំអឿន នាយក​​​ប្រតិបត្តិ​​​​​​ក្រុម​​​អ្នក​​​ច្បាប់​​​ការពារ​​​សិទ្ធិ​​​កម្ពុជា​​​ ជា​​​អង្គការ​​​ជំនួយ​​​ផ្នែក​​​ច្បាប់​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា ដំបូង​​​អ្នក​​​ទោស​​​ទាំង​​​នេះ​​​ទំនង​​​ជា​​​ឆាប់​​​ទទួល​​​បាន​​​សវនាការ។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ខ្ញុំ​​​គិត​​​ថា ​​​សវនាការ​​​ដំបូង​​​ធ្វើ​​​ឡើង​​​លឿន ខ្ញុំ​​​មាន​​​កូន​​​ក្ដី​​​នៅ​​​ខេត្ត​​​បន្ទាយ​​​មាន​​​ជ័យ​​​ ដែល​​​បាន​​​រង់​​​ចាំ​​​សវនាការ​​​អស់​​​រយៈ​​​ពេល​​​មួយ​​​ឆ្នាំ​​​មក​​​ហើយ​​​”។ លោក​​​ សុក សំអឿន បាន​​​មាន​​​ប្រសាសន៍​​​អំពី​​​ការ​​​ពន្យារ​​​ពេល​​​ដ៏​​​យូរ​​​នេះ​​​ថា “ប៉ុន្តែ​​​វា​​​ចម្លែក​​​។ ពិបាក​​​និយាយ​​​ពី​​​មូល​​​ហេតុ​​​​​ពន្យារ​​​ពេល​នេះ​​​ណាស់ ​​​ក្រោយ​​​ពី​​​មាន​​​ការ​​​បើក​​​សវនាការ​​លឿន​នេះ​​​”។

លោក​​​ អាំង មាលតី ប្រធាន​​​សាលា​​​ដំបូង​​​រាជធានីភ្នំពេញ​​​ និង​​​លោក​​​ចៅក្រម​​​ លាង​​​ សំណាត ដែល​​​ទទួល​​​បន្ទុក​​​ដោះ​​​ស្រាយ​​​រឿង​​​ក្ដី​​​របស់​​​អ្នក​​​ទោស​​​១៣​​​នាក់​​​ក្នុង​​​ចំណោម​​​អ្នក​​​ទោស​​​ទាំង​​​២៣​​​នាក់​​​នេះ​​​ បាន​​​បដិសេធ​​​មិន​​​ធ្វើ​​​អត្ថាធិប្បាយ​​​អំពី​​​មូល​​​ហេតុ​​ចំពោះ​​​ការ​​​ពន្យារពេល​​​នេះ​​​ទេ​​​។

លោក កោ វណ្ឌី អនុ​​​ប្រធាន​​​តុលាការ​​​នេះ​​​បាន​​​លើក​​​ឡើង​​​ថា ការ​​​ពន្យារពេល​​​នេះ​​​ប្រហែល​​​ជា​​​មក​​​ពី​​​មាន​​​រឿង​​​ក្ដី​​​ជា​​​ច្រើន​​​កំពុង​​​រង់​​​ចាំ​​​បើក​​​សវនាការ​​​។លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ដោយ​​​មិន​​​បញ្ជាក់​​​លម្អិត​​​ថា “ប្រហែល​​​ជា​​​ចៅក្រម​​​បាន​​​ពន្យារពេល​​​រឿង​​​ក្ដី​​​នេះ​​​ ដោយ​​​សារ​​​មាន​​​រឿង​​​ក្ដី​​​ច្រើន​​​ ដែល​​​ត្រូវ​​​បើក​​​សវនាការ​​​”។

លោក​​​ អំ សំអាត​​​ អ្នក​​​គ្រប់គ្រង​​​ផ្នែក​​​បច្ចេកទេស​​​នៅ​​​អង្គការ​​​លីកាដូ​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា ការ​​​ពន្យារពេល​​​នេះ​​​ធ្វើ​​​ឲ្យ​​​មាន​​​បញ្ហា​​​កាន់​​​តែ​​​ច្រើន​​​ ដោយ​​​សារ​​​ការ​​​​​ត្រួត​​​ត្រា​​​​​​ដ៏​តឹង​​​រឹុង​​​​របស់​​​រដ្ឋាភិបាល​​លើ​​​ប្រព័ន្ធ​​​តុលាការ​​​ និង​​​ដោយ​​​សារ​​​ការ​​​ជាប់​​​ពាក់​​​ព័ន្ធ​​​របស់​​​អ្នក​​​ទោស​​​ទាំង​​​នេះ​​​ជាមួយ​​​ការ​​​តវ៉ា​​​ប្រឆាំង​​​រដ្ឋាភិបាល​​​ កាលពី​​​ឆ្នាំ​​​មុន​​​។

លោក​​​ អំ សំអាត បាន​​​មាន​​​ប្រសាសន៍​​​ថា “ចៅក្រម​​​គ្រាន់​​​តែ​​​​បាន​​សាកសួរ​​​​​​ចុង​​​ចោទ​​​​​ប៉ុណ្ណោះ​រហូត​​​មក​​​ទល់​​​ពេល​​​នេះ។ ដូច្នេះ​​​ហាក់​​​ដូច​​​ជា​​​មាន​​​ការ​​​សន្និដ្ឋាន​​​រួច​​​ហើយ​​​នៅ​​​ក្នុង​​​រឿង​​​ក្ដី​​​នេះ​​​”៕ គឹម​​​ហឿន

 (រាយការណ៍​​​បន្ថែម​​​ដោយ​​​ Alex Willemyns)

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស