ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ-គណបក្សសង្គ្រោះជាតិបានធ្វើយុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សារាជធានី ខេត្ត-ក្រុង ស្រុក-ខណ្ឌ នៅថ្ងៃទី១៨ ខែឧសភា កាត់តាមខេត្តនៅភាគពាយព្យទាំងពីរនេះកាលពីម្សិលមិញ ដោយមេដឹកនាំគណបក្សនេះ គឺលោក សម រង្ស៊ី និងលោក កឹម សុខា បំភ្លេចពាក្យសន្យាកាលពីសប្ដាហ៍មុនថា មិនវាយប្រហារគណបក្សប្រជាជនកម្ពុជា។
ការដង្ហែក្បួនដែលមានមនុស្សចូលរួមច្រើនទៅៗនេះ បានឆ្លងកាត់ខេត្តបាត់ដំបង និងកាត់តាមខេត្តបន្ទាយមានជ័យទៅកាន់ក្រុងប៉ោយប៉ែតនៅជិតព្រំដែន ដោយគ្មានការរារាំងពីអាជ្ញាធរឡើយ។ ប៉ុន្តែចាប់ពីការថ្លែងលើកដំបូងនៅថ្ងៃឃោសនានេះ មេដឹកនាំគណបក្សប្រឆាំងទាំងពីរបានរិះគន់ដោយផ្ទាល់ចំពោះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងគណបក្សរបស់លោក។
នៅពេលថ្លែងទៅកាន់អ្នកគាំទ្រគណបក្សប្រហែល២៥០នាក់ នៅទីស្នាក់ការគណបក្សប្រចាំក្រុងបាត់ដំបងនៅម៉ោង៨ និង៣០នាទីព្រឹក លោក កឹម សុខា បានរិះគន់លោក ហ៊ុន សែន ចំពោះការបង្ក្រាបដោយហិង្សាលើការតវ៉ារបស់កម្មកររោងចក្រកាត់ដេរកាលពីខែមករា ដែលនៅពេលនោះកងរាជអាវុធហត្ថប្រដាប់ដោយកំាភ្លើងអាកា៤៧ បានបាញ់សម្លាប់កូដករប្រាំនាក់ និងបាញ់ឲ្យរងរបួសជាច្រើននាក់ទៀត។
លោក កឹម សុខា បានមានប្រសាសន៍ដោយប្រើពាក្យប្រមាថជនជាតិវៀតណាមថា “បទបញ្ជាទាំងអស់ចេញពី ហ៊ុន សែន។ មនុស្សដែលត្រូវបានបាញ់សម្លាប់ទាំងអស់ បទបញ្ជាចេញមកពី ហ៊ុន សែន។ ហើយប្រសិនបើនគរបាលកម្ពុជាមិនធ្វើតាមបញ្ជាគាត់ទេ គាត់អាចបញ្ជាយួនឲ្យបាញ់សម្លាប់មនុស្សទាំងនោះ”។
សេចក្ដីណែនាំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតសម្រាប់ការឃោសនាបោះឆ្នោតក្រុមប្រឹក្សារាជធានី ខេត្ត-ក្រុង ស្រុក-ខណ្ឌ រយៈពេលពីរសប្ដាហ៍នេះ លើកឡើងថា គណបក្សមិនត្រូវនិយាយប្រមាថមាក់ងាយមន្ត្រីនិងគណបក្សដទៃឡើយ។
សេចក្ដីណែនាំនេះក៏លើកឡើងដែរថា បេក្ខជនមិនគួរលើកឡើងពីព្រឹត្តិការណ៍គួរឲ្យតក់ស្លុតពីអតីតកាល ដូចជា ឃាតកម្ម ការវាយដំ ការរំលោភបំពាន ការបំផ្លាញទ្រព្យសម្បត្តិរបស់នរណាម្នាក់ ឬក្រុមណាមួយឡើយ”។
នៅក្នុងសន្និសីទកាសែតកាលពីសប្ដាហ៍មុន លោក សម រង្ស៊ី និងលោក កឹម សុខាសន្យាគោរពបទបញ្ជានេះ ដើម្បីអាចធ្វើយុទ្ធនាការឃោសនាបោះឆ្នោតបាន ដោយបានលើកឡើងថា ពួកគាត់នឹងប្រើយុទ្ធនាការឃោសនាបោះឆ្នោតនេះ ដើម្បីចាប់ផ្ដើមធ្វើមហាបាតុកម្មជាថ្មី ប្រឆាំងលោក ហ៊ុន សែន។
បន្ទាប់ពីចាកចេញពីទីស្នាក់ការគណបក្សរបស់ខ្លួននៅខេត្តនេះកាលពីម្សិលមិញ លោកទាំងពីរបានឈប់និយាយនៅតាមទីផ្សារ ភូមិ និងសាលារៀន ដើម្បីរិះគន់នាយករដ្ឋមន្ត្រី និងគណបក្សប្រជាជនកម្ពុជាចំពោះការមិនការពារព្រៃឈើរបស់ជាតិ ចំពោះការអនុញ្ញាតឲ្យជនជាតិវៀតណាមចូលទឹកដីកម្ពុជាដោយខុសច្បាប់ និងចំពោះការលួចបន្លំនៅក្នុងការបោះឆ្នោតជាតិកាលពីឆ្នាំ២០១៣។
នៅក្នុងក្រុងបាត់ដំបងក្បួនដង្ហែរបស់គណបក្សប្រឆាំង ដែលមានមនុស្សប្រហែល៤០០នាក់ត្រូវបាននគរបាលរារាំងដោយយករនាំងបិទផ្លូវនៅចម្ងាយប្រហែល១០០ម៉ែត្រ ពីវិទ្យាល័យព្រះមុនីវង្ស។ មុនពេលដើរតាមចិញ្ចើមផ្លូវនៅជិតកន្លែងបិទផ្លូវនោះ លោក សម រង្ស៊ី បានឆ្លៀតឱកាសថ្លែងទៅកាន់សិស្ស ដែលបានប្រមូលផ្ដុំគ្នានៅរានហាលនៅមុខបន្ទប់រៀន ដើម្បីមើលការហែក្បួននោះ។
លោកបានប្រាប់សិស្សទាំងនោះមុនពេលក្រុមអ្នកគំាទ្រគណបក្សសង្គ្រោះជាតិចាកចេញទៅខេត្តបន្ទាយមានជ័យថា “ក្មួយៗដឹងទេថា ប្រសិនបើអនាគតក្មួយៗស្ថិតនៅក្រោមគណបក្សប្រជាជនកម្ពុជា វាមិនល្អទេ។ នៅពេលក្មួយៗរៀនចប់ ក្មួយៗនឹងដើរទាត់ខ្យល់ ពីព្រោះគ្មានការងារធ្វើ”។
នៅពេលទាក់ទងតាមទូរស័ព្ទ លោក ទេព នីថា អគ្គលេខាធិការគ.ជ.ប.បានបដិសេធមិននិយាយថា តើគណបក្សសង្គ្រោះជាតិកំពុងបំពានបម្រាមមិនឲ្យនិយាយប្រមាថនៅពេលធ្វើយុទ្ធនាការឬយ៉ាងណាទេ ប៉ុន្តែលោកបានមានប្រសាសន៍ថា គណបក្សណាក៏អាចប្ដឹងបានដែរ ប្រសិនបើពួកគេដឹងថា ពួកគេត្រូវបានរិះគន់ដោយមិនត្រឹមត្រូវ។
លោក ទេព នីថា បាននិយាយថា “គណបក្សនយោបាយអាចរិះគន់គណបក្សកាន់អំណាចប្រសិនបើគេគិតថា ពួកគេធ្វើការងារមិនបានត្រឹមត្រូវ ប៉ុន្តែប្រសិនបើគណបក្សណាមួយជេរប្រមាថគណបក្សដទៃខ្លាំងពេក គេអាចប្ដឹងបាន ហើយគ.ជ.ប. នឹងចូលរួមពាក់ព័ន្ធ”។លោកបានបន្ថែមថា “អ្នកជេរគេខ្លាំងពេក នឹងត្រូវស្ដីបន្ទោស និងលុបឈ្មោះជននោះ ឬគណបក្សរបស់គេនៅក្នុងតំបន់នោះ”។
នៅពេលគណបក្សសង្គ្រោះជាតិធ្វើដំណើរទៅដល់ខេត្តបន្ទាយមានជ័យ ដែលមានអ្នកគាំទ្រជាង២.៥០០នាក់នៅក្រុងប៉ោយប៉ែត មន្ត្រីគណបក្សនេះបានបន្តលើកឡើងពីការផ្ដាច់ខ្លួនរបស់មន្ត្រីគណបក្សប្រជាជនកម្ពុជាយ៉ាងច្រើននៅពេលបោះឆ្នោតក្រុមប្រឹក្សានៅចុងខែនេះ។
ក្រុមប្រឹក្សាឃុំសង្កាត់គណបក្សប្រជាជនកម្ពុជាកាន់កាប់អាសនៈជាក្រុមប្រឹក្សាឃុំសង្កាត់ភាគច្រើននៅទូទាំងប្រទេស។ នៅក្នុងខេត្តបាត់ដំបង គណបក្សប្រជាជនកម្ពុជា កាន់កាប់តួនាទីក្រុមប្រឹក្សាឃុំសង្កាត់ចំនួន៦៤១ក្នុងចំណោម៨១៤ឃុំសង្កាត់។ នៅក្នុងខេត្តបន្ទាយមានជ័យ គណបក្សនេះកាន់កាប់តំណែងឃុំសង្កាត់ចំនួន៤០៥ក្នុងចំណោម៥១៥ឃុំសង្កាត់។
ដោយមានជំនឿថា សមាជិកទាំងអស់នឹងគាំទ្រគណបក្សរបស់លោក លោក ជាម យៀប អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបាននិយាយនៅសប្ដាហ៍នេះថា គណបក្សលោក នឹងមិនធ្វើយុទ្ធនាការឃោសនាច្រើនទេ។ ប៉ុន្តែមនុស្សមួយចំនួននៅក្នុងគណបក្សសង្គ្រោះជាតិនិយាយថា មន្ត្រីគណបក្សប្រជាជនកម្ពុជាមួយចំនួនបានព្រមព្រៀងផ្ដាច់ខ្លួនរួចហើយ។
លោក បែន ឈនសារ៉ាវ័ន សមាជិកគណបក្សប្រឆាំង ដែលមានតួនាទីជាអនុប្រធានក្រុមប្រឹក្សាខេត្តបាត់ដំង បាននិយាយថា “មន្ត្រីគណបក្សប្រជាជនកម្ពុជាជាច្រើនមិនមានលុយគ្រប់គ្រាន់សម្រាប់ហូបចុកទេ ដូច្នេះពួកគាត់បានសួរយើងថា តើយើងនឹងឲ្យអ្វីទៅពួកគេ ប្រសិនបើពួកគេបោះឆ្នោតឲ្យគណបក្សសង្គ្រោះជាតិ”។ “យើងបាននិយាយថា ក្រោយការបោះឆ្នោតក្រុមប្រឹក្សានេះ យើងនឹងរៀបចំឲ្យសមាជិកគណបក្សប្រជាជនកម្ពុជាទាំងអស់ ដែលបានផ្តាច់ខ្លួនមកចូលរួមជាមួយយើងឲ្យនៅមានតួនាទីចាស់របស់ពួកគាត់ដដែល”៕ គឹមហឿន