យោងតាមចៅក្រមម្នាក់នៅសាលាដំបូងរាជធានីបានឲ្យដឹងថា កាលពីថ្ងៃច័ន្ទ សាលាដំបូងរាជធានីភ្នំពេញបានចោទប្រកាន់បុរសអាយុ៥៥ឆ្នាំម្នាក់ពីបទឆបោកបន្ទាប់ពីមានការអះអាងថា មានក្រដាសប្រាក់១លានដុល្លារមួយសន្លឹក ដែលគាត់បានសន្យាដោះដូរជាមួយបុរសម្នាក់ទៀតមុនពេលប្លន់គាត់យកវត្ថុមានតម្លៃរាប់ពាន់ដុល្លារនៅពេលមានការដោះដូរនៅកោះពេជ្រក្នុងរាជធានីភ្នំពេញ។
យោងតាមលោក គឹម រ័ត្នណារិន ចៅក្រមស៊ើបសួរបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ យឹម ឈុត បានមកជាមួយទឹកប្រាក់ចំនួន២.០០០ដុល្លារ ម៉ូតូមួយគ្រឿង និងក្រវិលមាសមួយគូ ដោយរំពឹងថានឹងទទួលបានក្រដាសប្រាក់១លានដុល្លារជាថ្នូរ។
ទោះជាយ៉ាងណា ជនឆបោកឈ្មោះ តូ សុវង្ស បានជិះរថយន្តទៅជាមួយបុរសបីនាក់ទៀត ហើយបានប្រគល់ប្រអប់ទៅឲ្យលោក ឈុត មុនពេលជិះមូ៉ូតូជនរងគ្រោះចាកចេញយ៉ាងលឿនជាមួយប្រាក់និងគ្រឿងអលង្ការ។ប្រអប់នោះមានក្រដាសប្រាក់១០០រៀលមួយសន្លឹកប៉ុណ្ណោះ។
លោក រ័ត្នណារិន បានមានប្រសាសន៍ថា “ខ្ញុំបានសាកសួរចប់សព្វគ្រប់ហើយ ហើយដឹងថា បុរសឈ្មោះសុវង្ស នោះបានបោកប្រាស់ជនរងគ្រោះ។ តុលាការបានចោទប្រកាន់បុរសរូបនេះពីបទឆបោក ហើយជននេះត្រូវបានបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្នក្នុងពន្ធនាគាររង់ចំាការកាត់ក្តី”។
លោកចៅក្រមរូបនេះបានបន្ថែមថា “នគរបាលកំពុងស្វែងរកបុរសបីនាក់ដែលបានមកជាមួយជនឆបោករូបនេះ។បុរសឈ្មោះ សុវង្ស ដែលកំពុងត្រូវឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារព្រៃសរង់ចាំការកាត់ក្តីនោះ ប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់បីឆ្នាំ និងពិន័យជាប្រាក់១.៥០០ដុល្លារប្រសិនបើត្រូវបានរកឃើញពិរុទ្ធភាព៕សារុន