32 C
Phnom Penh

​​​តុលាការ​​​ចោទ​​​ប្រកាន់​​​​​​សកម្មជន​​​សហជីព​​​ប្រាំមួយ​​​នាក់ពីបទ​​​ញុះញង់​​​បន្ទាប់ពីការ​​​បិទ​​​ផ្លូវ​​​​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​​​ថ្ងៃ​​​អង្គារ សាលា​​​ដំបូង​​​ខេត្ត​​​កំពង់​​​ស្ពឺ បាន​​​ចោទ​​​ប្រកាន់​​​តំណាង​​​សហជីព​​​ប្រាំមួយ​​​នាក់​​​ពី​បទ​​​ញុះញង់​​​ជុំវិញ​​​ការ​​​តវ៉ា​​​មួយ​​​នៅ​​​ជិត​​​រោងចក្រ​​​ស្បែក​​​ជើង​​​ វីង​​​ស្តា កាលពី​​​ព្រឹក​​​ថ្ងៃ​​​អង្គារ​​​នោះ​​​ ជា​​​ចំណាត់​​​ការ​​​មួយ​​​ដែល​​​សហជីព​​​និយាយ​​​ថា អយុត្តិធម៌ និង​​​ធ្វើ​​​ឡើង​​​ក្នុង​​​បំណង​​​បំភិត​​​បំភ័យ​​​​។ 

លោក​​​ កែវ សុធា ព្រះរាជ​​​អាជ្ញា​​​អម​​​សាលា​​​ដំបូង​​​ខេត្ត​​​កំពង់​​​ស្ពឺ បាន​មាន​​​ប្រសាសន៍​​​ថា ​​​មនុស្ស​​​ទាំង​​​ប្រាំមួយ​​​នាក់​​​នេះ​​​ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់​​​ពី​បទ​​​គំរាម​​​ប្រព្រឹត្ត​​​បទ​​​ល្មើស​​​ និង​​​ញុះញង់​​​ឲ្យ​​​ប្រព្រឹត្ត​​​បទ​​​ឧក្រិដ្ឋ​​​ចំពោះ​ការ​​​ជំរុញ​​​ឲ្យ​​​កម្មករ​​​រោងចក្រ​​​បិទ​​​ផ្លូវ​​​អំឡុង​​​ការ​​​តវ៉ា​​​របស់​​​ពួកគេ​​ដើម្បី​​​​ទាម​​​ទារ​​​ប្រាក់​​​ឈ្នួល​​​សម្រាប់​​​ថ្ងៃ​​​ដែល​​​ពួកគេ​​​ធ្វើ​​​កូដ​​​កម្ម និង​​​​​​អត្ថប្រយោជន៍​​​មួយ​​​ចំនួន​​​ទៀត។ លោក​មាន​​​ប្រសាសន៍​​​ថា “មាន​​​មនុស្ស​​​ប្រាំពីរ​​​នាក់​​​ ប៉ុន្តែ​​​ចាប់​​​ខ្លួន​​​​​​បាន​​​តែ​​​ប្រាំមួយ​​​នាក់​​​ទេ ម្នាក់​​​ទៀត​​​កំពុង​​​គេច​​​ខ្លួន​​​”។

ព្រះរាជ​អាជ្ញា​រូប​​​នេះ​​​មិន​​​បាន​​​បញ្ចេញ​​​ឈ្មោះ​​​បុរស​​​ទាំង​​​នេះ​​​ដែល​​​ត្រូវ​​​បា​​ន​​​ចាប់​​ខ្លួន​​​កាលពី​​​ព្រឹក​​​ថ្ងៃ​​​អង្គារ ខណៈ​ពេល​​​កំពុង​​​រៀបចំ​​​ដំឡើង​​​ឧគ្ឃោសនសព្ទ​​​សម្រាប់​​​ការ​​​តវ៉ា​​​នោះ​​​ទេ។ ស្នង​​​ការ​​​ខេត្ត​​​ និង​​​អធិការ​​​ស្រុក​​​សុទ្ធ​​​តែ​​​បដិសេធ​​​មិន​​​ឆ្លើយ​​​បំភ្លឺ​​​ពាក់​​​ព័ន្ធ​​​នឹង​​​ករណី​​​នេះ។

លោក សាត ឈាង​ហួ ប្រធាន​​​សហភាព​​​​​​ជាតិ​​​កម្ពុជា​​​ការ​​​ពារ​​​កម្មករ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា មនុស្ស​​​ទាំង​​​ប្រាំពីរ​​​នាក់​​​នេះ​​​ជា​​​សកម្មជន​​​សហជីព​​​នៅ​​​ក្នុង​​​សហជីព​​​ចំនួន​​​ពីរ​​​។ បួន​​​នាក់​​​ក្នុង​​​ចំណោម​​​បុរស​​​ដែល​​​ត្រូវ​​​ចាប់​​​ខ្លួន​​​ទាំង​​​នេះ​​​ មក​​​ពី​​​សហជីព​​​សហព័ន្ធ​​​អំណាច​​​កម្មករ​​​ខ្មែរ និង​​​ពីរ​​​នាក់​​​ទៀត​​​មកពី​​​សហព័ន្ធ​​​សហជីព​​​សាមគ្គី​ភាព​ការ​​​ងារ​​​​​​កម្ពុជា។ លោក​​​បាន​​​បញ្ជាក់​​​ថា បុរស​​​ដែល​​​ជាប់​​​ឃុំ​ទាំង​​​ប្រាំមួយ​​​នាក់​​​នេះ​​​មាន​​​ឈ្មោះ​​​ដូចជា ប៉ៃ បូរ៉ា  ព្រំ ប៊ុនធឿន  នឿន  ខុម សុខ សុខ​ហួត ឡោ សុភ័ក្ត្រ និង​​​ ចាន់ វាសនា។

លោក​បាន​​​មាន​​​ប្រសាសន៍​ទៀត​​​ថា “វា​​​អយុត្តិធម៌​​​សម្រាប់​​​ពួកគេ​​​ ពីព្រោះ​​​កម្មករ​​​​​​បិទ​​​ផ្លូវ​​​ដោយ​​​ខ្លួនឯង ហើយ​​​មន្ត្រី​​​របស់​​​យើង​​​គ្រាន់​​​តែ​​​ទៅ​​​សម្ដែង​​​ការ​គាំទ្រ​​​ និង​​​ប្រាប់​​​ពួកគេ​​​អំពី​​​សិទ្ធិ​​​របស់​​​ខ្លួន​​​ប៉ុណ្ណោះ​​​ ប៉ុន្តែ​​​អាជ្ញាធរ​​​បែរ​​​ជា​​​ចាប់​​​ខ្លួន​​​ពួកគេ​​​ឃុំ​ទៅវិញ​​​”។  លោក​​​បាន​​​មាន​​​ប្រសាសន៍​​​បន្ត​​​ទៀត​​​ថា ” ការ​​​ធ្វើ​​​បែប​​​នេះ​​​គឺ​​​ដើម្បី​​​គំរាម​​​កំហែង និង​​​បំភិត​​​បំភ័យ​ពួក​យើង​​​មិន​​​ឲ្យ​​​ជួយ​​​កម្មករ​​​ ហើយ​​​វា​​​ធ្វើ​​​ឲ្យ​​​ពួក​យើង​​​ស្ទាក់​​​ស្ទើ​រ​​​ក្នុង​​​ការ​​​បង្ហាញ​​​​​ការ​​​គាំទ្រ​​​ចំពោះ​​​កម្មករ​​​”។

លោក សៀង រិទ្ធី ប្រធាន​​​សហ​ព័ន្ធសហជីព​​​សាមគ្គី​ភា​ព​​​ការ​​​ងារ​​​កម្ពុជា​​​ ក៏បាន​​​ថ្កោល​​​ទោស​​​ចំពោះ​ការ​​​ចាប់​​​ខ្លួន​​​នេះ​ដែរ​​​។​​​លោក​​​មាន​​​ប្រសាសន៍​​​ថា លោក​​​បាន​​​ឮកម្មករ​ថា លោក​​​ជា​​​ជន​​​សង្ស័យទី៧​​​ដែល​​​នគរ​​​បាល​កំពុង​​​តាម​​​ចាប់​​​ខ្លួន ហើយ​​​ថា ពេល​​​នេះ​​​លោក​​​កំពុង​​​តែ​លាក់​​​ខ្លួន។ លោក​​​មាន​​​ប្រសាសន៍​​​ថា “ខ្ញុំ​ព្រួយ​​​បារម្ភ​ចំពោះ​​​សុវត្ថិភាព​​​របស់​​​ខ្ញុំ ពីព្រោះ​​​ខ្ញុំ​ឮ​ថា នគរ​​​បាល​​​កំពុង​​​តាម​​​រក​​​ខ្ញុំ​​​ ពេល​​​នេះ​​​ខ្ញុំ​​​មិន​​​អាច​​​ទៅ​​​ផ្ទះ​​​ជួប​​​ជុំ​ក្រុម​​​គ្រួសារ​​​របស់​​​ខ្ញុំ​បាន​​​ទេ”។

កម្មកា​រិនីម្នាក់​​​ឈ្មោះ ចាន់ សន ធ្វើ​កា​​​រនៅ​​​រោងចក្រ​​​ វីង​​​ស្តា និយាយ​​​ថា ការ​​​តវ៉ា​​​បាន​​​បញ្ចប់​​​កាល​ពីម្សិលមិញ បន្ទាប់ពី​​​រោងចក្រ​​​បាន​​​យល់​​​ព្រម​​​តាម​​​ការ​​​ទាម​​​ទារ​​​ភាគច្រើន​​​របស់​​​កម្មករ​​​។ ប៉ុន្តែ​​​ កម្មកា​រិនី​រូប​​​នេះ​​​និយាយ​​​ថា ពេល​​​នេះ​ពួកគេ​​​កំពុង​​​មាន​​​ផែន​​​ការ​​​ធ្វើការ​​​តវ៉ា​​​នៅ​ពន្ធនាគារ​​​ខេត្ត​​​ដើម្បី​ទាម​​​ទារ​​​ឲ្យ​​​ដោះ​​​លែង​​​មន្ត្រី​សហជីព​​​ទាំង​​​នេះ​​​ នៅ​ពេល​​​ពួកគេ​​បើក​​​ប្រាក់​​​ខែ​​​រួច​​​នៅ​​​ថ្ងៃសៅរ៍។ កម្មកា​រិនី​រូប​​​នេះ​​​និយាយ​​ទៀ​​​ត​​​ថា “កម្មករ​​​ខ្លះ​​​ចង់​​​ទៅ​​​ពន្ធនាគារ​​​ដើម្បី​ទាម​​​ទារ​​​ឲ្យ​​​អាជ្ញាធរ​​​ដោះលែង​​​ពួកគេ​​​មក​​​វិញ​​​ ប៉ុន្តែ​​​ពួក​យើង​​​ត្រូវ​​​បើក​​​ប្រាក់​​​ខែ​​​របស់​​​យើង​​​ជាមុន​​​សិន​​​”។

សមាគម​រោងចក្រ​​​កាត់​​​ដេរ​​​នៅ​កម្ពុជា​​​ ហៅ​កាត់​​​ថា GMAC បាន​​​ជំរុញ​​​យ៉ាង​​​ខ្លាំង​​​ក្លា​​​ឲ្យ​​​រដ្ឋាភិបាល​​​ចាប់​​​ផ្ដើម​​​ចាប់​​​ខ្លួន​​​មន្ត្រី​សហជីព​​​នៅ​ពី​ក្រោយ​​​អ្វី​ដែល​ពួកគេ​​​ចាត់​​​ទុក​​​ថា ជា​​​កូដ​​​កម្ម​​​ “ខុសច្បាប់​​​” ដែល​​​បាន​​​ធ្វើ​​​ឲ្យ​​​ប៉ះពាល់​​​ដល់​​​ឧស្សាហកម្ម​​​នាំចេញ​​​សម្លៀក​​​បំពាក់​​​ដែល​​​មាន​​​ទំហំ​​​ទឹក​​​ប្រាក់​​​៥.០០០​​​លាន​​​ដុល្លារ​​​របស់​​​កម្ពុជា​​​ក្នុង​​​រយៈពេល​​​ប៉ុន្មាន​​​ខែ​​​កន្លង​​​មក​​​នេះ។​​​សមា​គម​នេះ​​​បាន​​​ចោទ​​​ប្រកាន​​​់អាជ្ញាធរ​​​ថា មិន​​​បាន​​​ចាត់​​​វិធានការ​​​ឲ្យ​​​បាន​​​គ្រប់​​​គ្រាន់​​​ដើម្បី​​​ទប់​​​ស្កាត់​​​កូដ​​​កម្ម​ទាំង​​​នោះ​​​។

ចំណែក​​​ឯ​ក្រុម​សហជីព​​​វិញ​​​និយាយ​​​ថា ការ​​​ចាប់​​​ខ្លួន​​​ចុង​​​ក្រោយ​​​នេះ​​​ គឺ​​​ច្បាស់​​​ណាស់​​​ថា ធ្វើឡើង​​​ក្នុង​​​គោល​​​បំណង​​​ធ្វើ​​​ឲ្យ​ពួកគេ​​​ភ័យ​​​ខ្លាច​​​មិន​​​ហ៊ាន​​​រៀបចំ​​​កូដ​​​កម្ម​​​ស្រប​​​ច្បាប់​​​។

លោក ជា មុន្នី ប្រធាន​​​សហជីព​​​សេរី​កម្មករ​​​នៃ​​​ព្រះរាជាណាចក្រ​​​កម្ពុជា​​​ បា​​​ន​មាន​​​ប្រសាសន៍​​​ថា “រដ្ឋាភិបាល​​​ភ័យ​​​ខ្លាច​​​ និង​​​ព្រួយបារម្ភ​​​ចំពោះ​​​កម្លាំង​​​តវ៉ា​​​របស់​​​កម្មករ​​​ ដោយសារ​​​តែ​​​ពួកគេ​​​មិន​​​អាច​​​បញ្ឈប់​​​វា​​​បាន​​​។ ដូច្នេះ​​​ហើយ ទើប​​​បាន​​​ជា​​​រដ្ឋាភិបាល​​​ចាប់​​​ខ្លួន​ពួក​គេ​​​ដើម្បី​​​គំរាម​​​ពួក​យើង​​​ និង​​​បំបាក់​​​ស្មារតី​​​របស់​សហជីព​​​ផ្សេង​​​ៗ​​​ទៀត​​​”។

លោក ប៉ាវ ស៊ីណា ប្រធាន​​​សម្ព័ន្ធ​​​សហជីព​​​ចលនា​​​កម្ពុជា បាន​​​មាន​​​ប្រសាសន៍​​​ថា ” ពួកគេ​​​ចាប់​​​ខ្លួន​​​ម្នាក់​​​ដើម្បីគំរាម​​​សហជីព​​​១០០​​​។ នេះ​គឺ​​​ជា​​​វ​​​ិធាន​ការ​​​ថ្មី​​​របស់​​​អាជ្ញាធរ និង​​​តុលាការ​​​​​​ដើម្បី​​​ធ្វើ​​​ឲ្យ​​​សហជីព​​​មិន​​​ហា៊ន​​​ជួយ​​​កម្មករ​តាម​​​រយៈ​កា​រចាប់​​​ខ្លួន​​​តំណាង​​​របស់​ពួក​គេ​​​ និង​​​ចោទ​​​ប្រកាន់​ពួកគេ​​​ពី​បទ​​​ញុះញង់”។

នៅ​ក្នុង​​​ករណី​ដាច​​​់​​​ដោយ​​​ឡែក​​​មួយ លោក ប៉ាវ ស៊ីណា បាន​មាន​​​ប្រសាសន៍​​​ថា តំណាង​​​ប្រាំបី​រូប​​​របស់​​​សហជីព​​​លោក​​​ផ្ទាល់​​​កំពុង​​​លាក់​​​ខ្លួ​​​ន​​​នៅ​​​ក្នុង​​​ខេត្ត​​​តាកែវ បន្ទាប់​ពី​មាន​​​ពាក្យ​​​ចចាម​​​​អារ៉ាម​​​ថា នគរ​​​បាល​​​កំពុង​​​តាម​​​ចាប់​​​ខ្លួន​ពួកគេ​​​ ដោយសារ​​​ការ​​​ពាក់ព័ន្ធ​​​នឹង​​​កូដ​​​កម្ម​មួយ​​​​​​នៅ​រោង​ចក្រ​​​ស្បែក​​​ជើង​​​I-Cheng កាល​ពីម្សិលមិញ​​​។

កាល​ពីម្សិល​មិញ​​​អ្នក​​​គ្រប់​​​គ្រង​​​រោងចក្រ​​​នេះ​​​ ឈ្មោះ នី ម៉ីឈីង បាន​​​បញ្ជាក់​​​ថា មាន​​​កូដ​​​កម្ម​​​មួយ​​​នៅ​​​រោងចក្រ​​​នេះ​​​ ប៉ុន្តែ​​​បាន​​​បដិ​សេធ​មិន​​​ឆ្លើយ​​​បំភ្លឺ​​​បន្ថែម​ទៀត​​​ទេ​​​៕ សុខុម​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស