27 C
Phnom Penh

ការ​​​សិក្សា​​​បង្ហាញ​​​ថា ការ​​​ពាក់មួក​​​សុវត្ថិភាព​​​ធ្វើ​​​ឲ្យ​​​រដ្ឋាភិបាល​​​អាច​​​សន្សំ​​​សំចៃ​​​ថវិកា​​​បានរាប់​​​រយ​​​លាន​​​ដុល្លារ​​​​​​​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អង្គការ​​​សុវត្ថិភាព​​​ផ្លូវ​​​ថ្នល់​​​មួយ​​​បាន​​​លើក​​​ឡើង​​​កាលពីម្សិលមិញ​​​ថា រដ្ឋាភិបាល​​​អាច​​​សន្សំសំចៃ​​​ថវិកា​​​បាន​​​ជិត​​​១០០​​​លាន​​​ដុល្លារ​​​ ចន្លោះពេល​​​នេះ​​​ដល​​​់​​​ឆ្នាំ​​​២០២០​​​ ប្រសិន​​​បើ​​​រដ្ឋាភិបាល​​​អនុម័តសេចក្ដីព្រាង​​​ច្បាប់​​​ចរាចរណ៍ និង​​​អនុវត្ត​​​ការ​​​ពាក់​​​មួក​​​សុវត្ថិភាព​​​ជា​​​កំហិត​​​ឲ្យ​​​បាន​​​ឆាប់​​​តាម​​​ដែល​​​អាច​​​ធ្វើ​​​ទៅបាន​​​។

លោកស្រី ម៉ាដេឡេន ខារ៍ (Madeleine Carr) អ្នក​​​តស៊ូមតិ និង​​​ជា​​​អ្នក​​​ប្រឹក្សា​​​ផ្នែក​​​រៀបចំ​​​ផែនការ​​​យុទ្ធសាស្ត្រ​​​នៅអង្គការ​​​មូលនិធិ​​​បង្ការ​​​របួស​​​អាស៊ី ហៅកាត់​​​ថា AIPF បាន​​​មាន​​​ប្រសាសន៍​​​នៅក្នុង​​​សន្និសីទ​​​សារព័ត៌មាន​​​មួយ​​​ថា ការ​​​សិក្សា​​​អំពី​​​អត្ថប្រយោជន៍​​​នៃ​​​ច្បាប់​​​បែប​​​នេះ​​​ បាន​​​រក​​​ឃើញ​​​ថា ការ​​​ខូច​​​ខាត​​​ទ្រព្យសម្បត្តិ​​​ ការ​​​ប៉ះពាល់​​​ដល់​​​ការ​​​ងារ​​​​​​រដ្ឋបាល ការ​​​ចំណាយ​​​លើ​​​​​ការ​​​ព្យាបាល​​​ និង​​​ការ​​​បាត់​​​បង់​​​អាយុជីវិត នឹង​​​ធ្លាក់​​​ចុះ​​​ខ្លាំង ដោយ​​​ករណី​​​គ្រោះ​​​ថ្នាក់​​​ចរាចរណ៍​​​បណ្ដាល​​​ឲ្យ​​​ស្លាប់​​​តិច​​​តួច​​​។

លោក​​​ស្រីបាន​​​មាន​​​ប្រសាសន៍​​​ទៀត​​​ថា “ស្ថានភាព​​​គ្រោះ​​​ថ្នាក់​​​ចរាចរណ៍​​​តាម​​​ដង​​​ផ្លូវ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​នា​​​ពេល​​​បច្ចុប្បន្ន​​​​​​គួរ​​​ឲ្យ​​​ព្រួយបារម្ភ។ ក្នុង​​​រយៈពេល​​​ប្រាំបីឆ្នាំកន្លង​​​មក​​​នេះ​​​ ចំនួន​​​ប្រជា​​​ពលរដ្ឋ​​​កម្ពុជា​​​បាន​​​កើន​​​ឡើង​​​១១ភាគរយ​​​ ហើយ​​​ក្នុង​​​រយៈពេល​​​ដូច​​​គ្នា​​​នេះ​​​ការ​​​ស្លាប់​​​ដោយសារ​​​គ្រោះថ្នាក់​​​ចរាចរណ៍​​​តាម​​​ដង​​​ផ្លូវ​​​បាន​​​កើនឡើង​​​ទ្វេដង​​​។ នៅក្នុង​​​ឆ្នាំ​​​២០១២ ក្នុង​​​មួយ​​​ថ្ងៃ​​​មាន​​​មនុស្ស​​​បាត់​​​បង់​​​ជីវិត​​​លើស​​​​​​ពីប្រាំនាក់ និង​​​ជា​​​ច្រើន​​​នាក់ទៀត​​​រង​​​របួស​​​ធ្ងន់​​​នៅលើ​​​ផ្លូវ​​​ថ្នល់​​​នានា​​​ទូទាំង​​​ប្រទេស​​​ ដោយ​​​ធ្វើ​​​ឲ្យ​​​ប្រទេស​​​នេះ​​​ខាត​​​បង់ថវិកា​​​ប្រហែល​​​៣២៩​​​លាន​​​ដុល្លារ​​​។ ២ភាគ៣​​​នៃការ​​​ស្លាប់ដោយសារ​​​គ្រោះ​​​ថ្នាក់​​​ចរាចរណ៍តាម​​​ដង​​​ផ្លូវ​​​ពាក់​​​ព័ន្ធ​​​នឹង​​​អ្នក​​​ជិះ​​​ម៉ូតូ​​​ ដោយ​​​ក្នុង​​​នោះ​​​មាន​​​៦៦​​​ភាគ​​​រយ​​​រង​​​របួស​​​ក្បាល​​​”។

លោក គឹម បញ្ញា នាយក​​​អង្គការ​​​មូល​​​និធិ​​​បង្ការ​​​របួស​​​អាស៊ី​​​ប្រចាំប្រទេស​​​កម្ពុជា បាន​​​ធ្វើ​​​បទ​​​បង្ហាញ​​​ថា ប្រសិន​​​បើ​​​រដ្ឋាភិបាល​​​អនុម័ត​​​សេចក្ដីព្រាង​​​ច្បាប់​​​ចរាចរណ៍ និង​​​អនុវ​​​ត្ត​​​ការ​​​ពាក់​​​មួក​​​ការ​​​ពា​រ​​​សុវត្ថិភាព​​​ឲ្យ​​​បាន​​​ម៉ឺង​​​ម៉ាត់​​​នោះ​​​ វា​​​អា​ច​​​ជួយ​​​សង្គ្រោះអាយុ​​​ជីវិត​​​មនុស្ស​​​បាន​​​៥៦១​​​នាក់ ទប់​​​ស្កាត់​​​ការ​​​របួស​​​ក្បាល​​​បាន​​​១០.៥៧២​​​នាក់ និង​​​អាច​​​សន្សំសំចៃ​​​ថវិកា​​​បាន​​​៩៨​​​លាន​​​ដុល្លារ​​​ក្នុង​​​មួយ​​​ឆ្នាំ​​​។

លោកស្រី ម៉ាដេឡេន ខារ៍ បាន​​​មាន​​​ប្រសាសន៍​​​ថា វាគួរ​​​តែ​​​ជា​​បញ្ហា​​​អាទិភាព​​​មួយ​​​សម្រាប់​​​រដ្ឋាភិបាល ដែល​​​មាន​​​កាតព្វកិច្ច​​​មិន​​​ត្រឹម​​​តែ​​​អនុម័ត​​​សេចក្ដីព្រាង​​​ច្បាប់​​​ចរាចរណ៍​​​ដែល​​​តម្រូវ​​​ឲ្យ​​​ទាំង​​​អ្នក​​​បើក​​​បរទាំង​​​អ្នក​​​ជិះពីក្រោយ​​​ពាក់​​​មួក​​​សុវត្ថិភាព​​​ទាំង​​​អស់​​​គ្នា​​​ប៉ុណ្ណោះ​​​ទេ ពោលគឺ​​​រដ្ឋាភិបាល​​​ក៏ត្រូវ​​​តែ​​​អនុវត្ត​​​មាត្រា​​​បែបនេះ​​​​​​ផង​​​ដែរ​​​។

លោក ពៅ ម៉ាលី នៃ​​​គណៈកម្មាធិការ​​​ជាតិ​​​សុវត្ថិភាព​​​ចរាចរណ៍​​​ផ្លូវ​​​គោក​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា សេចក្ដីព្រាង​​​ច្បាប់​​​នេះ​​​អាច​​​នឹង​​​ត្រូវ​​​អនុម័ត​​​នៅ​​​ដំណាច់​​​ឆ្នាំនេះ​​​។ លោក​​​មាន​​​ប្រសាសន៍​​​ថា “នៅពេល​​​ច្បាប់​​​ថ្មីនេះ​​​អនុម័ត​​​ ការ​​​ពាក់​​​មួក​​​ការ​​​ពារ​​​សុវត្ថិភាព​​​នឹង​​​កើន​​​ឡើង​​​ ហើយ​​​គ្រោះថ្នាក់​​​ចរាចរណ៍តាម​​​ដង​​​ផ្លូវ​​​នឹង​​​ធ្លាក់​​​ចុះ​​​។ ពេល​​​នេះ​​​យើង​​​ខាត​​​បង់​​​ថវិកា​​​៣០០​​​លាន​​​ដុល្លារ​​​ជា​​​រៀង​​​រាល​​់​​​ឆ្នាំ​​​”។

លោក​​​មាន​​​ប្រសាសន៍​​​ថា កាលពីឆ្នាំមុន​​​ មាន​​​មនុស្ស​​​ចំនួន​​​១.៩៥៦​​​នាក់​​​បាន​​​ស្លាប់​​​នៅលើ​​​ដង​​​ផ្លូវ​​​ដោយសារ​​​គ្រោះ​​​ថ្នាក់​​​ចរាចរណ៍​​​។ លោក​​​បាន​​​បន្ត​​​ថា ” ៦៩​​​ភាគរយ​​​នៃ​​​គ្រោះ​​​ថ្នាក់​​​ចរាចរណ៍​​​បង្កឡើង​​​ដោយ​​​ម៉ូតូ​​​ និង​​​៦៦​​​ភាគរយ​​​បង្កឡើង​​​ដោយ​​​សារ​​​អ្នក​​​បើក​​​បរ​​​មិនពាក់​​​មួក​​​ការ​​​ពារ​​​សុវត្ថិភាព​​​”។ លោក​​​បាន​​​លើក​​​ឡើង​​​បន្ថែម​​​ទៀត​​​ថា គ្រោះថ្នាក់​​​ចរាចរណ៍​​​១៣​​​ភាគរយ​​​បង្ក​​​ឡើង​​​ដោយសារ​​​ការ​​​បើក​​​បរ​​​ពេល​​​ស្រវឹង​​​។

កាលពីខែ​​​មុន ក្រុមអ្នក​​​ជំនាញ​​​ខាង​​​សុវត្ថិភាព​​​ចរាចរណ៍​​​ផ្លូវ​​​ថ្នល់​​​បាន​​​ព្រមាន​​​ថា ពេល​​​នេះ​​​រដ្ឋាភិបាល​​​កំពុង​​​ស្ថិត​​​នៅ​​​លើ​​​ផ្លូវ​​​ឆ្ពោះទៅ​​​ការ​​​មិន​​​សម្រេច​​​បាន​​​តាម​​​គោល​​​ដៅ​​​ក្នុង​​​ការ​​​កាត់​​​បន្ថយ​​​ការ​​​ស្លាប់​​​ដោយ​​​សារ​​​គ្រោះ​​​ថ្នាក់​​​ចរាចរណ៍​​​ឲ្យ​​​បាន​​​នៅដំណាច់​​​​​​ឆ្នាំ​​​នេះ និងគោល​​​ដៅ​​​​​​កាត់​​​បន្ថយ​​​ការ​​​ស្លាប់​​​ឲ្យ​​​បាន​​​៥០​​​ភាគរយ​​​នៅឆ្នាំ​​​២០២០​​​ ប្រសិន​​​បើ​​​រដ្ឋាភិបាល​​​មិន​​​ចាត់វិធាន​​​ការ​​​បន្ថែម​​​ទៀត​​​ដើម្បី​​​អនុវត្ត​​​ច្បាប់ និងដាក់​​​ទោសអ្នក​​​បំពាន​​​ច្បាប់​​​ទេ​​​នោះ​​​៕ សុខុម​​​​​​​​​​​​​​​​​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស