សាលាដំបូងរាជធានីភ្នំពេញបានកោះហៅអតីតអ្នកបើកបររថយន្តក្រុងរបស់ក្រុមហ៊ុនដឹកជញ្ជូនភ្នំពេញសុរិយាមកសាកសួរកាលពីថ្ងៃអង្គារ បន្ទាប់ពីតុលាការនេះបានទទួលពាក្យបណ្តឹងពីក្រុមហ៊ុនរថយន្តក្រុងនេះ ដែលចោទប្រកាន់អ្នកបើកបរទាំងពីរពីបទបំភិតបំភ័យ និងបរិហារកេរ្តិ៍។
អ្នកបើកបរឈ្មោះ យឹម គុយបា និងឈ្មោះ ផុន វិសាល ត្រូវបានកោះហៅឡើងតុលាការនៅថ្ងៃសុក្រ នេះបើយោងតាមលោក គុយបា។ លោក គុយបា បានមានប្រសាសន៍ថា “ក្រុមហ៊ុននេះបានប្តឹងយើងពីបទបំភិតបំភ័យ និងបរិហារកេរ្តិ៍” និងបទរក្សាទុករថយន្តក្រុងរបស់ក្រុមហ៊ុននេះជាបណ្តោះអាសន្ន អំឡុងកូដកម្ម។
លោក គុយបា និងលោក វិសាល ស្ថិតក្នុងចំណោមអតីតអ្នកបើករថយន្តក្រុងមួយក្រុមមានគ្នា១៨នាក់ដែលអះអាងថា ពួកគាត់ត្រូវបានបណ្តេញចេញពីការងារកាលពីក្នុងខែមេសា ដោយសារធ្វើកូដកម្មទាមទារដំឡើងប្រាក់ខែ និងបង្កើតសហជីព។ តាំងពីត្រូវបានបណ្តេញចេញមក អតីតអ្នកបើកបររថយន្តក្រុងទាំងនេះបានធ្វើការតវ៉ាជាច្រើនលើកនៅចំណតរថយន្តក្រុងសុរិយាក្បែរផ្សារធំថ្មីដោយទាមទារឲ្យក្រុមហ៊ុនទទួលយកពួកគេចូលធ្វើការវិញ ឬផ្តល់សំណង យោងទៅតាមច្បាប់ការងារ។
អំឡុងកូដកម្មដំបូងរបស់ខ្លួនកាលពីថ្ងៃទី៣ ខែមេសា មុនពេលត្រូវបានបណ្តេញចេញពីការងារ ក្រុមអ្នកបើកបរទាំងនេះបានដកសោរថយន្តក្រុងរបស់ក្រុមហ៊ុននេះ ទុកជាការតវ៉ា។
លោក គុយបា បានមានប្រសាសន៍ថា “ខ្ញុំជឿថា អ្នកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុននេះមានបំណងបញ្ឈប់យើងមិនឲ្យតវ៉ាជាមួយសហជីព និងទាមទារដំឡើងប្រាក់ខែនោះទេ។ខ្ញុំមិនអាចទៅតុលាការនៅថ្ងៃទី៩ ខែឧសភាបានទេ។ ខ្ញុំនឹងដាក់លិខិតមួយច្បាប់ដើម្បីពន្យារការកោះហៅនេះ”។
លោក ចាន់ សុផាន់ណា អ្នកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុនដឹកជញ្ជូនភ្នំពេញសុរិយាបានមានប្រសាសន៍ថា លោកបានដាក់ពាក្យបណ្តឹងទៅតុលាការ បន្ទាប់ពីបុរសពីរនាក់គំរាមវាយបុគ្គលិកដែលមិនចូលរួមកូដកម្មរបស់ពួកគេកាលពីសប្តាហ៍មុន។
លោកបានមានប្រសាសន៍ថា “ខ្ញុំត្រូវធ្វើពាក្យបណ្តឹង ពីព្រោះអ្នកបើកបរពីរនាក់នោះស្លៀកពាក់ឯកសណ្ឋានក្រុមហ៊ុនអំឡុងពេលធ្វើបាតុកម្ម និងបានគំរាមបុគ្គលិកផ្សេងទៀតឲ្យធ្វើការតវ៉ា។ ក្រុមហ៊ុនមិនអាចទទួលនូវអ្វីដែលពួកគេបានធ្វើឡើយ”។
លោក អៀន គឹមហ៊ុន មន្ត្រីនៅសហព័ន្ធការងារកម្ពុជាដែលបានជួយអ្នកបើកបរបង្កើតសហជីពបានមានប្រសាសន៍ថា លោកបានណែនាំមេធាវីរបស់សហព័ន្ធការងារកម្ពុជាឲ្យព្រាងលិខិតមួយច្បាប់ស្នើសុំពន្យារពេលសម្រាប់អ្នកបើកបរឡើងតុលាការ។
លោកបានមានប្រសាសន៍ថា “ពេលនេះយើងបានផ្តល់លិខិតមួយច្បាប់ដល់មេធាវីរបស់យើងដើម្បីពន្យារដីកាកោះរបស់តុលាការ និងរង់ចាំរហូតដល់ក្រោយពីយើងជួបជាមួយក្រុមប្រឹក្សាអាជ្ញាកណ្តាលនៅថ្ងៃស្អែក។ យើងជឿជាក់ថា ក្រុមហ៊ុនខ្លាចការតវ៉ារបស់យើង និងកំពុងតែគំរាមអ្នកបើកបរឲ្យឈប់ធ្វើការតវ៉ា”៕ ប៊ុននី