35 C
Phnom Penh

មិត្ត​ភក្តិ​របស់​អ្នក​យក​ព័ត៌មាន​ដែល​បាត់​ខ្លួន​ខឹង​នគរ​បាល​ថា គ្មាន​ឆន្ទៈ​សើុប​អង្កេត​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មិត្ត​ភក្តិ​របស់​អ្នក​យក​ព័ត៌មាន​ជន​ជាតិ​កាណាដា លោក ដេវ វ៉ក​ឃើ ដែល​បាត់​ខ្លួន​យ៉ាង​​អាថ៌​កំបាំង​កាល​ពី​ក្នុង​ខែ​កុម្ភៈ​ និង​ដែល​ត្រូ​វ​បាន​គេ​ប្រទះ​ឃើញ​ស្លាប់​នៅ​ក្នុង​ខេត្ត​សៀម​រាប កាល​ពី​សប្តាហ៍​មុន​នោះ​ បាន​សម្តែង​កំហឹង​កាល​ពី​ម្សិល​មិញ ចំពោះ​នគរបាល​កម្ពុជា​ដែល​គ្មាន​ឆន្ទៈ​សើុប​អង្កេត​ការ​ស្លាប់​បុរស​វ័យ​៥៨​ឆ្នាំ​រូប​នេះ​។

រយៈ​ពេល​ពីរ​ខែ​កន្លះ​បន្ទាប់​ពី​អ្នក​យក​ព័ត៌មាន​រូប​នេះ​បាត់​ខ្លួន​ក្រោយ​​ដើរ​កម្សាន្ត​ ក្មេង​ប្រុស​ពីរ​នាក់​បាន​ប្រទះ​ឃើញ​សាក​សព​របស់​លោក​នៅ​ក្នុង​តំបន់​ព្រៃ​មួយ​នៅ​ជិត​ប្រាសាទ​អង្គរ​ធំ​កាល​ពី​ថ្ងៃ​ទី​១ ខែ​ឧសភា។

លោក​ ធើ​រី​ ខមែន​ (TerryCorman) ជា​មិត្ត​ភក្តិ​មួយ​ជីវិតរបស់​សាក​សព​នេះ​បាន​លើក​ឡើង​តាម​អីុ​ម៉េល​ថា តាំង​ពី​ពេល​នោះ​មក​ នគរបាល​មាន​ការ​ចាប់​អារម្មណ៍​តិច​តួច​ណាស់ក្នុង​ការ​សើុប​អង្កេត។ លោក​បាន​ឲ្យ​ដឹង​ថា “យើង​ជា​មិត្ត​ភក្តិ​របស់​លោក ដេវីដ នៅ​ទូទាំង​ពិភព​លោក​សុទ្ធតែ​ខ្វល់​ខ្វាយ​អំពី​អ្វី​ដែល​បាន​កើត​ឡើង​រយៈ​ពេល​១១​សប្តាហ៍​កន្លង​​មក​នេះ​”។ លោក​បាន​បន្ថែម​ថា ការ​សន្មតរបស់​នគរបាល​ដែល​​ថា មិត្ត​ភក្តិ​របស់​លោក​បាន​ដើរ​ចម្ងាយ​១៣​គីឡូ​ម៉ែត្រ​ទៅ​ប្រាសាទ​អង្គរ​ធំ​នោះ មិន​សម​ហេតុផល​ឡើយ​ ពី​ព្រោះ​គាត់​ឈឺ​ជង្គង់​ មិន​​អាច​​ដើរបាន​ឆ្ងាយ​ទេ។

លោក​ក៏បាន​ងឿង​ឆ្ងល់​អំពី​ការ​ស្ទាក់​ស្ទើរ​របស់​អាជ្ញាធរ​ក្នុង​ការ​បន្ត​​រក​ភ័ស្តុ​តាង​ដែល​អាច​រក​បាន​ ដូ​ច​ជា​ការ​សម្ភាស​​ជាមួយ​សហ​សេវិក​​របស់​លោក​ ដេវីដ ការ​វិភាគ​លើ​​ទូរស័ព្ទ​ដៃ​កំុព្យូទ័រ​យូរ​ដៃ និង​របស់​រប​រ​ផ្សេង​ទៀត​នៅ​ក្នុង​ផ្ទះ​សំណាក់​ដែល​លោក​បាន​ស្នាក់​នៅ​ជា​ដើម​។

​នៅ​ពេល​ដែល​សាក​សព​នេះ​ត្រូវ​បាន​រក​ឃើញ​ បើ​ទោះ​ជា​សាក​សព​រលួយ​ក៏​ដោយ​ ក៏​នគរ​បាល​បាន​ប្រកាស​ភ្លាម​ៗ​ថា លោក ដេវ វ៉កឃើ បាន​ស្លាប់​ដោយ​សារ​គាំង​បេះ​ដូង​។​នគរបាល​បាន​ធ្វើ​ការ​សន្និដ្ឋានដដែល​​កាល​ពី​ថ្ងៃ​អាទិត្យ​ នៅ​ពេល​អ្នក​ជំនាញ​ធ្វើ​កោសល្យ​វិច័​យ​​អន្តរ​ជាតិ​មួយ​ក្រុម​ បាន​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា​ដើម្បី​​វិភាគ​ការ​ធ្វើ​កោសល្យ​វិច័យ និង​ការ​ធ្វើ​តេស្ត​ ឌីអិន​អេ​នៅ​ក្រៅ​ប្រទេស​។

លោក ភីធើ រ៉ុន​ស្គី​ (PeterVronsky)សាស្ត្រាចារ្យ​ផ្នែក​ប្រវត្តិ​វិទ្យា​នៅ​សាកល​វិទ្យាល័យ RyersonUniversity នៅ​ទីក្រុង​តូរ៉ុន​តូ ប្រទេស​កាណាដានិង​ជា​មិត្ត​ភក្តិ​យូរ​អង្វែង​ក៏​បានសម្តែង​ការ​ខឹង​សម្បា​ចំពោះ​​នគរបាល​ដែល​​លើក​ឡើង​ថា លោក​ ដេវ​ វ៉ក​ឃើ បាន​ស្លាប់​ដោយ​សារ​ការ​គាំង​បេះ​ដូង ​មុន​ពេល​ធ្វើ​កោសល្យវិច័យ​។ លោក​បាន​ថ្លែង​ថា “ប្រសិន​បើ​រដ្ឋាភិបាល​កាណាដា​មិន​ជំរុញ​ប្រទេស​កម្ពុជា​ទេ ប្រហែល​ជា​គ្មាន​ការ​សើុប​អង្កេត​ឡើយ​​មើល​ទៅ​។ ត្រង់​ថា តើ​ប្រទេស​កាណាដា​ជំ​រុញ​ ឬក៏​អត់​នោះ​ គឺជា​បញ្ហា​ដ៏​ធំ​នៅ​ពេល​នេះ”។

លោក សារូ៉ ខាត់​ចាន់​ឌូរៀន ( SoroKhatchadourian)លេខា​ធិការ​ទទួល​បន្ទុក​ព័ត៌​មានកុងស៊ុល​ និង​​កិច្ច​ការ​បរទេស​នៅ​ការិយាល័យ​រដ្ឋមន្ត្រី​ការ​បរទេស​នៃ​ប្រទេស​កាណាដា​បាន​មាន​ប្រសាសន៍​ថា អាជ្ញាធរ​កាណាដា​កំពុង​តែ​ប្រមូល​ភ័ស្តុ​តាង​ក្នុង​ករណី​នេះ​។ លោក​បាន​បន្ថែម​ថា ក្រុមមន្ត្រី​កុង​ស៊ុល​កំពុង​តែ​ផ្តល់​ជំនួយ​ដល់​ក្រុម​​គ្រួសារ​នេះ​ អំឡុង​ពេល​ដ៏​លំបាក​នេះ​ និង​កំពុង​តែ​ទាក់​ទង​អាជ្ញាធរ​មូល​ដ្ឋាន​ដើម្បី​ប្រមូល​ព័ត៌មាន​បន្ថែម​ទៀត​ ក៏​ប៉ុន្តែ ដោយសារ​ការ​ព្រួយ​បារម្ភ​ចំពោះ​ភាព​ឯកជន​ យើង​មិន​អាច​ផ្តល់​ព័ត៌​មាន​បន្ថែម​ទៀត​បាន​ឡើយ​”។

លោក ប៊្រែត ហ្គ័រដុន (BradGordon) មេធាវី​តំណាង​ឲ្យ​ក្រុម​គ្រួសារ​របស់​លោក ដេវ វ៉កឃើ បាន​មាន​ប្រសាសន៍​ថា ពួកគេ​បារម្ភ​ណាស់​ចំពោះ​ករណី​នេះ​ ប៉ុន្តែ លោក​បាន​បដិសេធ​មិន​ធ្វើ​អត្ថា​ធិ​ប្បាយ​បន្ថែម​ទៀត​ឡើយ​។

លោក ទិត្យ​ ណារ៉ុង អធិការ​នគរបាល​ក្រុង​សៀម​រាប​បាន​មាន​ប្រសាសន៍​ថា លោក​ដឹង​អំពី​ការ​ព្រួយ​បារម្ភ​អំពី​មិត្ត​ភក្តិ​ និង​ក្រុម​គ្រួសារ។ លោក​បាន​បន្ថែម​ថា “យើង​ដឹង​ថា មិត្ត​ភក្តិ​ និង​ក្រុម​គ្រួសារ​របស់​ជន​រងគ្រោះ​កំពុង​តែ​និយាយ​ ពួកគេ​នឹង​និយាយ​អំពី​បញ្ហា​ទាំង​នេះ ប៉ុន្តែ យើង​មិន​​ខ្វល់​អំពី​ការ​លើក​ឡើង​របស់​ពួកគេ​ឡើយ​។ ប៉ុន្តែ យើង​មិន​បាន​បិទ​សំណុំ​រឿង​​នេះ​ទេ​ ហើយ​យើង​កំពុង​តែ​សើុប​អង្កេត​ និង​រង់ចាំ​លទ្ធ​ផល​ធ្វើ​កោសល្យ​វិច័យ​”។

លោក​ សត ណា​ឌី​ ស្នង​ការ​នគរបាល​ខេត្ត​បាន​មាន​ប្រសាសន៍​ថា នគរ​បាល​បាន​ផ្លាស់​ប្តូរ​ព័ត៌​មាន​​ជា​មួយ​អាជ្ញាធរ​អប្សរា​ដែរ ប៉ុន្តែ មិន​ទាន់​រក​ឃើញ​តម្រុយ​បញ្ជាក់​ថា ​អ្នក​យក​ព័ត៌​មាន​រូប​នេះ​ចូល​ក្នុង​ឧទ្យាន​នេះ​ដោយ​របៀប​ណា​នោះ​ទេ​។ លោក​បាន​ថ្លែង​ថា “យើង​នៅ​តែសន្និ​ដ្ឋាន​ថា ជន​រង​គ្រោះស្លាប់​ដោយសារ​ការ​គាំង​បេះដូង​ ពីព្រោះ​មិន​មាន​ខ្យល់​គ្រប់​គ្រាន់ទេ​នៅ​ក្នុង​ព្រៃ​នោះ​ និង​​ងាយ​ស្រួល​ធ្វើឲ្យ​មនុស្ស​សន្លប់”៕ប៊ុននី​​​​​​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស