41.3 C
Phnom Penh

ចម្ការ​​​កៅស៊ូ​​​ដែល​​​រង​​​ការ​​​ចោទប្រកាន់ថា បាន​​​កាប់ឈើ​​​ខុស​​​ច្បាប់​​​បាន​​​ផ្អាក​​​ប្រតិបត្តិការ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​​​ហ៊ុន​​​វៀត​​​ណាម​​​នៅ​​​ពី​​​ក្រោយ​​​ចម្ការ​​​កៅស៊ូ​​​នៅកម្ពុជា​​​មួយ​​​ចំនួន​​​ដែល​​​ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់​​​ថា បាន​​​ចាប់​​​យក​​​ដី​​​ និង​​​កាប់ឈើ​​​ខុស​​​ច្បាប់​​​នោះ​​​បាន​​​ធ្វើ​​​តាម​​​សំណើរបស់​​​ក្រុមហ៊ុន​​​សាជីវកម្ម​​​ហិរញ្ញវត្ថុ​​​អន្តរ​​​ជាតិ (IFC) ​​​ដែល​​​ជួយ​​​ផ្តល់​​​មូល​​​និធិ​​​ដល់​​​ប្រតិបត្តិ​​​ការ​​របស់​​​ក្រុម​​​ហ៊ុន​​​នេះ​​​ ដើម្បីឲ្យ​​​​​​ផ្អាក​​​ការ​​​រាន​​​​​​ដី​​​ព្រៃ​​​បណ្តោះ​​​អាសន្ន​​​នៅ​​​​​​ក្រុម​​​ហ៊ុន​​​បុត្រ​​​សម្ព័ន្ធ​​​មួយ​​​ចំនួនក្នុង​​​ចំណោម​​​ក្រុមហ៊ុនបុត្រសម្ព័ន្ធ​​​ក្នុង​​​ស្រុករបស់ខ្លួន​​​។

នៅ​​​ក្នុង​​​សេចក្តី​​​សម្រេច​​​កាល​​​ពី​​​ថ្ងៃ​​​ទី​​​២៨​​​ខែ​​​មេសា និង​​​​​​ទទួល​​​បាន​​​កាល​​​ពី​​​ម្សិលមិញ ក្រុមហ៊ុន HoangAnhGiaLai (HAGL)​​​លើក​​​ឡើង​​​ថា ខ្លួន​​​នឹង​​​ផ្អាក ​​​”ការ​​​ទាម​​​ទារ​​​​​​សិទ្ធិកាន់កាប់” ឬ​​​ការ​​​រាន​​​ដីនិង​​​សកម្ម​​​ភាព​​​នៅ​​​ក្រុម​​​ហ៊ុន​​​ចម្ការ​​​កៅស៊ូ​​​បី​​​ក្នុង​​​ចំណោម​​​ក្រុម​​​ហ៊ុន​​​​​​ចម្ការ​​​កៅស៊ូ​​​ទាំង​​​ប្រាំ​​​ពីរ​​​របស់​​​ខ្លួន​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​ចាប់ពី​​​ថ្ងៃ​​​ទី​​​១​​​ខែ​​​ឧសភា ដល់​​​ថ្ងៃទី​​​៣០​​​ខែ​​​វិច្ឆិកា។

បន្ទាប់​​​ពី​​​មាន​​​ការ​​​សើុប​​​អង្កេត​​​រយៈ​​​ពេល​​​មួយ​​​ខែ​​​ អង្គការ​​​ GlobalWitness ជា​​​អង្គការ​​​ការពារ​​​​​​​​​បរិស្ថាន​​​កាល​​​ពី​​​ឆ្នាំ​​​២០១៣​​​បាន​​​ចោទ​​​​​​ចម្ការ​​​កៅស៊ូ​​​នៅ​​​កម្ពុជា​​​​​​​​​​​​របស់​​​ក្រុមហ៊ុន HAGL ថា​​បាន​​​រំលោភ​​​ច្បាប់​​​ជាច្រើន​​​ រួមមាន​​​ការ​​​ប្លន់​​​យកដី​​​ពី​​​សហគមន៍​​​មូល​​​ដ្ឋាន​​​ និង​​​ការ​​​កាប់​​​ឈើ​​​ខុស​​​ច្បាប់​​​ទាំង​​​​​​ក្នុង​​​​និង​​​ក្រៅ​​​ដី​​​សម្បទាន​​​របស់​​​ខ្លួន​​​។

ក្រុម​​​ហ៊ុនIFC​​​ ដែល​​​មាន​​​ភាគ​​​ហ៊ុន​​​ក្នុង​​​ក្រុមហ៊ុន​​​ HAGL បាន​​​ទទួល​​​យក​​​ពាក្យ​​​បណ្តឹង​​​ពី​​​សហ​​​គមន៍​​​ចំនួន​​​១៧​​​ក្នុង​​​ចំណោម​​​សហគមន៍​​​ទាំង​​​នោះ ​​​ដែល​​​កាល​​​ពី​​​ខែ​​​កុម្ភៈ​​​បាន​​​ចោទ​​​ក្រុម​​​ហ៊ុន​​​នេះថា បាន​​​រំលោភ​​​គោល​​​នយោបាយ​​​ការ​​​ពារ​​​សុវត្ថិភាព ហើយ​​​ឥឡូវ​​​នេះ​​​កំពុង​​​ព្រាង​​​របាយ​​​ការណ៍​​​ស្តី​​​ពី​​​ការ​​​ចោទ​​​ប្រកាន់​​​ទាំង​​​នោះ​​​។

នៅ​​​ក្នុង​​​សេចក្តី​​​សម្រេច​​​ផ្អាក​​​ការ​​​រាន​​​ដី​​​នេះ ក្រុម​​​​​​ហ៊ុន​​​ HAGL លើក​​​ឡើង​​​ថា ចំណាត់​​​ការ​​​នេះ​​​ធ្វើ​​​ឡើង​​​បន្ទាប់​​​ពី​​​មាន​​​កិច្ច​​​ប្រជុំ​​​ជាមួយ​​​មន្ត្រី​​​ច្បាប់​​​របស់​​​ក្រុម​​​ហ៊ុន​​​ IFC នៅ​​​ក្នុង​​​រាជធានី​​​ភ្នំពេញ​​​កាល​​​ពី​​​ថ្ងៃ​​​ទ​​​ី​​​២​​​ ខែ​​​មេសា។

សេចក្តី​​​សម្រេច​​​នោះ​​​លើក​​​ឡើង​​​ថា “អំឡុង​​​រយៈ​​​ពេល​​​ផ្អាក​​​ប្រតិបត្តិការ​​​នេះ​​​​​​ ក្រុម​​​ហ៊ុន​​​បុត្រ​​​សម្ព័ន្ធ​​​ទាំង​​​អស់​​​ត្រូវ​​​បាន​​​អនុញ្ញាត​​​ឲ្យរៀបចំ​និង​​​​​​ប្រមូល​​​មែក​​​ឈើ​​​នៅ​​​ក្នុង​​​តំបន់​​​ដែល​​​ខ្លួន​​​កាន់​​​កាប់​​​រួច​​​ហើយនោះ​​​​​​ឲ្យ​​​បាន​​​មុន​​​ថ្ងៃទី​​​២៨​​​ ខែ​​​មេសា​​​ ឆ្នាំ​​​២០១៤​​​”។

លោក​​​ ង្វៀន តាន់​​​​​​អាញ់ ជំនួយ​​​ការ​​​លោក​​​ ដូន ង្វៀន​​​ឌុក ប្រធាន​​​ក្រុម​​​ហ៊ុន​​​  HAGL បាន​​​មាន​​​ប្រសាសន៍​​​ថា ក្រុមហ៊ុន​​​បាន​​​យល់​​​ព្រម​​​ចំពោះ​​​ការ​​​ផ្អាក​​​នេះ ដោយ​​​បង្ហាញ​​​ថា ក្រុម​​​ហ៊ុន​​​ IFC​​​ មាន​​​ឆន្ទៈក្នុងការ​​​​ដោះស្រាយ​​​វិវាទ​​​ដី​​​ធ្លី​​​នេះ​​​ឲ្យ​​​បាន​​​ត្រឹម​​​ត្រូវ​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “យោង​​​តាម​​​សំណើរបស់​​​មន្ត្រី​​​ច្បាប់​​​នេះ​​​…​​​យើង​​​ស្ម័គ្រ​​​ចិត្ត​​​ចូលរួម​​​ក្នុង​​​ដំណើរការ​​​​​​ដោះ​​​ស្រាយ​​​រវាង​​​ក្រុម​​​ហ៊ុន និង​​​ដើម​​​បណ្តឹង​​​។ យើង​​​បង្ហាញ​​​ឆន្ទៈ​​​របស់​​​យើង​​​នៅក្នុង​​​ដំណើ​​​​​រ​​​ការ​​​នេះ​​​”។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ក្រុម​​​ហ៊ុន​​​HAGL បាន​​​សម្រេច​​​ផ្អាក​​​ដំណើរ​​​ការទាំងអស់​​​រហូត​​​ដល់​​​​​​ទី​​​៣០​​​ខែ​​​វិច្ឆិកា​​​ ពីព្រោះ​​​ក្រុម​​​ហ៊ុន​​​សង្ឃឹម​​​ថា នឹង​​​​​ដោះ​​​ស្រាយ​​​វិវាទ​​​ដី​​​ធ្លី​​​រួច​​​រាល់​​​នៅ​​​ពេល​​​នោះ​​​។

លោក សល់​​​ នឿយ អ្នក​​​ភូមិ​​​ម្នាក់​​​​​​ក្នុង​​​ចំណោម​​​អ្នក​​​ភូមិ​​​ដែល​​​បាន​​​ដាក់​​​ពាក្យ​​​បណ្តឹង​​​​​​ទៅ​​​ក្រុមហ៊ុន​​​ IFC និយាយ​​​ថា ក្រុម​​​ហ៊ុន​​​របស់​​​លោក​​​មិន​​​ដែល​​​ទទួលបាន​​​ដំណឹង​​​អំពី​​​សេចក្តី​​​សម្រេច​​​របស់​​​ក្រុម​​​ហ៊ុន​​​HAGLទេ​​​ ហើយ​​​ទើប​​​តែ​​​បាន​​​ដឹង​​​អំពីរឿង​​​នេះ​​​តាម​​​រយៈ​​​​​​ការ​​​សង្កេត​​​ឃើញ​​​ថា ​​​ចម្ការ​​​កៅ​​​ស៊ូ​​​​​​​​​នៅ​​​ជុំ​​​វិញនោះ​​​បាន​​​​​​​​​ផ្អាក​​​ការរាន​​​ដី​​​ព្រៃ​​​កាល​​​ពីខែ​​​មេសា​​​។

លោក​​​បានមាន​​​ប្រសាសន៍​​​ថា ចំណាត់​​​ការ​​​នេះ​​​មិន​​​គ្រប់​​​គ្រាន់​​​ទេ ហើយ​​​ថា ចម្ការ​​​កៅ​​​ស៊ូ​​​ទាំង​​​​​​អស់​​​គួរ​​​បោះ​បង្គោល​​​កំណត់​​​​​ព្រំ​​​ប្រទល់​​​របស់​​​ខ្លួនភ្លាមៗ​​​ដើម្បី​​​កុំ​​​ឲ្យ​​​មាន​​​ការ​​​​​ភាន់​​​ច្រឡំ​​​ទៀត​​​ថា ដី​​​នោះ​​​ជា​​​របស់​នរណា​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​​​​នៅ​​​តែ​​​បារម្ភ​​​អំពី​​​ការ​​​បាត់​​​បង់​​​ដីស្រែ​​​ចម្ការ​​​របស់​​យើង​​​ ប្រសិន​​​បើ​​​ពួក​​​គេ​​​មិន​​​បោះ​​​បង្គោល​​កំណត់​ព្រំប្រទល់​​​​​ឲ្យបាន​​​​​​ច្បាស់​​​លាស់​​​ទេ​​​នោះ​​​”។

លោក អ៊ាង វុទ្ធី នាយក​​​ប្រតិបត្តិ​​​អង្គការ​​​សម​​​ធម៌​​​កម្ពុជា​​​ជា​​​អង្គការ​​​មួយ​​​ក្នុង​​​ចំណោម​​​អង្គការ​​​មិន​​​​​​មែន​​​រដ្ឋា​​​ភិបា​​ល​​​មួយ​​​ចំនួន​​​ដែល​​​បាន​​​ជួយ​​​សហ​​​គមន៍​​​ទាំង​​​នេះ​​​ក្នុង​​​ការ​​​ដាក់​​​ពាក្យ​​​បណ្តឹង​ទៅ​​​ក្រុមហ៊ុន IFC នោះ ក៏​​​បាន​​​មាន​​​ប្រសាសន៍​​​ផង​​​ដែរ​​​ថា ចំណាត់​​​ការ​​​នេះ​​​មិន​​​មែន​ជា​​​អ្វី​​​ដែល​​​ក្រុម​​​ហ៊ុន​​​HAGLគួរ​​​ធ្វើ​​​នោះ​​​ទេ​​​។

លោក​​​បានមាន​​​ប្រសាសន៍​​​ថា “នេះ​​​គឺ​​​ជា​​​ជំហាន​​​វិជ្ជមាន​​​មួយ ប៉ុន្តែ …មាន​​​ភូមិ​​​តែ​​​១៣​​​ប៉ុណ្ណោះ​​​ដែល​​​ពួកគេ​​​បាន​​​យល់​​​ព្រម​​​ផ្អាក​។ ប៉ុន្តែ​​​ មាន​​​ភូម​​​ិ​​​១៧​​​ដែល​​​បាន​​​ដាក់​​​ពាក្យ​​​បណ្តឹង…​​​ហើយ​​​២៣​​​ភូមិ​​ទៀត​​​​បាន​​​រង​​​ផល​​​ប៉ះពាល់​​​”។ លោ​​​ក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ក្រុម​​​ហ៊ុន​​​HAGL គួរ​​​ផ្អាក​​​ប្រតិបត្តិការ​​​ទាំង​​​អស់​​​រួម​​​ទាំង​​​ការ​​​ដាំ​​​ដើម​​​ឈើ​​​នៅ​​​លើ​​​ដីដែល​​​ក្រុម​​​ហ៊ុន​​​បាន​​​រាន​​​រួច​​​ហើយ​​​ និង​​​នៅ​​លើ​​​​​​ចម្ការ​​​កៅស៊​​​ូ​​​ទាំង​​​អស់​​​ដែល​​​ជាប់​​​ពាក់​​​ព័ន្ធ​​​នឹង​​​ពាក្យ​​​បណ្តឹង​​​រហូតដល់​​​វិវាទ​​​ដី​​​ធ្លី​​​នេះ​​​ត្រូវ​​​បាន​​​ដោះ​​​ស្រាយ​​​រួច​​​រាល់​។

នៅ​​​ពេល​​​មន្ត្រី​​​ច្បាប់​​​ក្រុម​​​ហ៊ុន IFC បញ្ចប់​​​ការ​​​វាយ​​​តម្លៃ​​​របស់​​​ខ្លួន​​​អំពី​​​ស្ថាន​​​ភាព​​​នោះ​​​ហើយ សហ​​​គមន៍​​​អាច​​​សម្រេច​​​ថា តើ​​​ត្រូវ​​​ឲ្យ​​​ក្រុម​​​ហ៊ុន IFC ព្យាយាម​​​សម្រប​​​ស​​​ម្រួល​​​ក្នុង​​​ការ​​​រក​​​ដំណោះ​​​ស្រាយ​​​ជាមួយ​​​ក្រុម​​​ហ៊ុន HAGL ឬ​​​ធ្វើ​​​ការ​​​ត្រួត​​​ពិនិត្យឲ្យ​​​បាន​​​ពេញ​​​លេញ​​​​​​ឡើង​​​វិញ​​​លើ​​​ការ​​​​​​វិនិ​​​យោគ​​​របស់​​​ក្រុម​​​ហ៊ុន​​​នេះ​​​៕​សារុន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស