28 C
Phnom Penh

អង្គការ​​​អាដហុកបានឲ្យដឹងថា ជម្លោះ​​​ដី​​​ធ្លី​​​កើន​​​ឡើង​​​ម្តង​​​ទៀត​​​ក្នុងឆ្នាំ​​​នេះ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​​​តាម​​របាយការណ៍ថ្មី​​​របស់​​​អង្គការ​​​សិទ្ធិ​​​មនុស្ស​​​អាដហុក​​​បង្ហាញ​​​ថា ករណី​​​វិវាទ​​​​​​ដីធ្លី​​​ថ្មីៗ​​​ ដែល​​​អង្គការ​​​អាដហុក​​​ទទួល​​​បាន​​​ មាន​​​ការ​​​កើន​​​ឡើង​​​ជិត​​​ពីរ​​​ដង​​​កាល​​​ពី​​​ឆ្នាំ​​​មុន​​​ ហើយ​​​ជម្លោះ​​​ដីធ្លី​​​​កើន​​​ឡើង​​​ម្តង​​​ទៀត​​​ក្រោយ​​​ពី​​​ការបោះឆ្នោត​​​កាល​​​ពី​​​ខែ​​​កក្កដា​​​​​។

នៅ​​​ក្នុង​​​របាយការណ៍​​​មួយ​​​ស្ដីពី​​​បញ្ហា​​​ដីធ្លី​​​នៅ​​​ឆ្នាំ​​​២០១៣ អង្គការ​​​អាដហុក​​​បាន​​​លើក​​​ឡើង​​​ថា សន្ដិសុខ​​​ដីធ្លី​​​សម្រាប់​​​ប្រជាជន​​​កម្ពុជា​​​ភាគ​​​ច្រើន​​​មិន​​​រឹង​​​មាំ​​​ទេ​​​ ថ្វី​​​បើ​​​មាន​​​ការ​​​កើន​​​ឡើង​​​ខ្លាំង​​​នៅ​​​ក្នុង​​​ការ​​​ផ្ដល់​​​ដី​​​សម្បទាន​​​សង្គម​​​កិច្ច​​​សម្រាប់​​​ជន​​​ក្រីក្រ​​​ និង​​​បម្រាម​​​បណ្ដោះអាសន្ន​​​មិន​​​ឲ្យ​​​ផ្ដល់​​​ដី​​​សម្បទាន​​​សេដ្ឋកិច្ច​​​ដល់ក្រុម​​​ហ៊ុន​​​កសិពាណិជ្ជកម្ម ដែល​​​ស្ថិត​​​នៅ​​​​​ពីក្រោយ​​​ការ​​​បណ្ដេញ​​​ចេញ​​​ដោយ​​​បង្ខំ និង​​​ការ​​​ទន្ទ្រាន​​​​​​យក​​​ដី​​​ធ្លី​​​ភាគ​​​ច្រើន​​​ក៏​​​ដោយ​​​។

អង្គការ​​​អាដហុក​​​បាន​​​លើក​​​ឡើង​​​នៅ​​​ក្នុង​​​របាយការណ៍​​​របស់​​​ខ្លួន​​​ថា “នៅ​​​កម្ពុជា​​​មិន​​​មាន​​​ភាព​​​ច្បាស់​​​លាស់​​​ផ្លូវ​​​ច្បាប់​​​ទេ​​​ ហើយ​​​ផល​​​ប្រយោជន៍​​​របស់​​​អ្នក​​​មាន​​​អំណាច​​​ហាក់​​​ដូច​​​ជា​​​ធំ​​​ជាង​​​សិទ្ធិ​​​របស់​​​ប្រជាពលរដ្ឋ​​​។ ប្រជា​​​ជន​​​កម្ពុជា​​​​​​នៅ​​​មាន​​​ការ​​​ការពារ​​​តិច​​​តួច​​​ពី​​​​​​ប្រព័ន្ធ​​​តុលាការ​​​ពុក​​​រលួយ​​​ដែល​​​ធ្វើ​​​តាម​​​​តែ​​អំពើ​​​ចិត្ត​​​​ ហេតុដូច្នេះ​​​ហើយ​​​ការ​​​សន្យារ​​របស់​​​រដ្ឋាភិបាល​​​ដើម្បី​​​ធានា​​​សុវត្ថិភាព​​​ដីធ្លី​​​សម្រាប់​​​ប្រជាជន​​​ក្រីក្រ​​​ និង​​​ងាយ​​​រង​​​គ្រោះ​​​ និង​​​ដើម្បី​​​​​រក​ដំណោះ​​​ស្រាយ​​​​​​មាន​​​ប្រសិទ្ធ​​ភាព​​​ដល់​​​ប្រជាជន​​​​​ដែល​​​ជាប់​​​ពាក់​​​ព័ន្ធ​​​ការ​​​រំលោភ​​​បំពាន​​​ដីធ្លី​​​​​​នោះ​​​ មិន​​​ច្បាស់​​​លាស់​​​ឡើយ​​​”។

នៅ​​​ពេល​​​មាន​​​ការ​​​រិះគន់​​​កាន់​​​តែ​​​ច្រើន​​​ឡើងៗ​​​ចំពោះ​​​ការ​​​​​​ដែល​​​រដ្ឋាភិបាល​​​លក់​​​ដី​​​ទៅ​​​ឲ្យ​​​ក្រុម​​​ហ៊ុន​​​ឯកជន​​​ ដែល​​​ជា​​​រឿយៗ​​​កើត​​​ឡើង​​​នៅ​​​តំបន់​​​ការ​​​​​​ពារ​​​នោះ​​​ កាល​​​ពីពាក់​​​កណ្ដាល​​​ឆ្នាំ​​​២០១២ លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន​​​ សែន​​​ បាន​​​ចេញ​​​បម្រាម​​​ដោយ​​​គ្មាន​​​​​​កាល​​​កំណត់​​​ឲ្យ​​​ផ្អាក​​​ផ្ដល់​​​ដីសម្បទាន​​​សេដ្ឋកិច្ច​​​ថ្មី និង​​​បាន​​​បញ្ជា​​​ឲ្យ​​​មាន​​​ការ​​​ត្រួត​​​ពិនិត្យ​​​ផ្លូវ​​​ច្បាប់​​​ឡើង​​​វិញ​​​លើ​​​កិច្ច​​​ព្រម​​​ព្រៀង​​​​​​ដី​​​សម្បទាន​​​ ដែល​​​ខ្លួន​​​បាន​​​អនុម័ត​​​រួច​​​ហើយ​​​។

កាល​​​ពីម្សិលមិញ អង្គការ​​​អាដហុក​​​ បាន​​​បញ្ជាក់​​​ថា មិន​​​មាន​​​ការ​​​ផ្ដល់​​​ដី​​​សម្បទាន​​​សេដ្ឋកិច្ច​​​នៅ​​​ក្នុង​​​ឆ្នាំ​​​២០១៣​​​ទេ ហើយ​​​បាន​​​លើក​​​ឡើង​​​ថា ការ​​​អះអាង​​​របស់​​​រដ្ឋាភិបាល​​​ដែល​​​ថា ខ្លួន​​​បាន​​​ដក​​​ហូត​​​ដី​​​សម្បទានបាន​​​ប្រហែល​​​៣៣០.០០០​​​ហិកតា​​​ ពី​​​ក្រុមហ៊ុន​​​ដែល​​​មិន​​​គោរព​​​ច្បាប់​​​នោះ គឺ​​​ស្រប​​​តាម​​​ការ​​​ប៉ាន់​​​ប្រមាណ​​​របស់​​​ខ្លួន​​​។

នៅ​ក្នុង​​​ទង្វើ​​​ដ៏ល្អ​​​មួយ​​​ទៀត​​​ អង្គការ​​​នេះ​​​បាន​​​​​​លើក​​​ឡើង​​​ថា នៅ​​​ពេល​​​ដូចគ្នា​​​នេះ​​​រដ្ឋាភិបាល​​​បាន​​​បង្កើន​​​ការ​​​អនុម័ត​​​ដីសម្បទាន​​​សង្គម​​​​​​កិច្ច​​​ថ្មី​​​ៗ​​​សម្រាប់​​​ប្រជាជន​​​កម្ពុជា​​​ ដែល​​​គ្មាន​​​ដីធ្លី​​​បាន​​​ចំនួន​​៦២៩.០០០​​​ហិកតានៅ​​​ឆ្នាំ​​​២០១៣​ បើ​​​ប្រៀបធៀប​​​ទៅ​​​នឹង​​​ឆ្នាំ​​​២០១២ មាន​​​ចំនួន​​​១០១​​​.០០០​​​ហិកតា​​​។

​​​អង្គការ​​​នេះ​​​បាន​​​លើក​​​ឡើង​​​ទៀត​​​ថា ប៉ុន្តែ​​​ក្នុង​​​ចំណោម​​​ដីសម្បទាន​​​សង្គម​​​​​​កិច្ច​​​ទាំង​​​៤៨៥​​​ ដែល​​​បាន​​​ផ្ដល់​​​ឲ្យ​​​ក្នុង​​​ឆ្នាំ​​​២០១៣ មាន​​​៤២៩ ឬ​​​ស្មើ​​​នឹង​​​​​​៨៨​​​ភាគរយ​​​ត្រូវ​​​បាន​​​អនុម័ត​​​​​​ប្រាំមួយ​​​ខែ​​​មុន​​​ពេល​​​បោះឆ្នោត​​​ជាតិ​​​​​​ដ៏​​​ចម្រូង​​​ចម្រាស​​​កាល​​​ពី​​​ខែ​​​កក្កដា។

នៅ​​​ក្នុង​​​របាយ​​​ការណ៍​​​របស់​​​ខ្លួន​​​ អង្គការ​​​អាដហុក​​​លើក​​​ឡើង​​​ថា ពេល​​​វេលា​​​នៃ​​​ការ​​​ផ្ដល់​​​ដី​​​សម្បទាន​​​សង្គម​​​កិច្ច​​​​​​នេះ​​​មិន​​​ល្អ​​​ទាល់​​​តែ​​​សោះ​​​ ហើយ​​​វា​​​មាន​​​ឥទ្ធិពល​​ដល់​​​កិច្ច​​​ខំប្រឹង​​​ប្រែង​​​របស់​​​រដ្ឋាភិបាល​​​ ព្រោះ​​​វា​​​បង្ហាញ​​​ថា គោលនយោបាយ​​​នេះ​​​ធ្វើ​​​ឡើង​​​ដើម្បី​​​ផល​​​ប្រយោជន៍​​​នយោបាយ​​​”។

លោក​​​ ធន សារាយ​​​ ប្រធាន​​​អង្គការ​​​អាដហុក​​​ដែល​​​បាន​​​ថ្លែង​​​នៅ​​​ឯ​​​សន្និសីទ​​​កាសែត​​​កាល​​​ពីម្សិលមិញ​​​ បាន​​​ឲ្យ​​​ដឹង​​​ថា មួយ​​​ភាគ​​​បី​​​នៃ​​​ដី​​​សម្បទាន​​​សង្គម​​​កិច្ច​​​​​​ទាំង​​​នោះ​​​ត្រូវ​​​បាន​​​អនុម័ត​​​តែ​​​ក្នុង​​​រយៈ​​​ពេល​​មួយ​​​ខែ​​​ប៉ុណ្ណោះ​​​មុន​​​ថ្ងៃ​​​បោះឆ្នោត​​​។

អង្គការ​​​នេះ​​​ក៏​​​បាន​​​ព្រមាន​​​ដែរ​​​ថា ដី​​​សម្បទាន​​​សង្គម​​​កិច្ច​​​ជា​​​ច្រើន​​​ក្នុង​​​ចំណោម​​​ដី​​​សម្បទាន​​​សង្គម​​​កិច្ច​​​​​​ថ្មីៗ​​ដែល​​​មាន​​​ចំនួន​​៩៣​​​.០០០​​​ហិកតា​​​ស្ថិត​​​នៅ​​​លើ​​​តំបន់​​​ការពារ​​​ជា​​​ផ្លូវ​​​ការ​​​ និង​​ធ្វើ​​​ឲ្យ​​​ប៉ះពាល់​​​កាន់​​​តែ​​​ខ្លាំង​​​ដល់​​​ព្រៃ​​​ ដែល​​​បាត់​​​បង់​​​រួច​​ហើយ​​​របស់​​​កម្ពុជា​​​ ដោយ​​​សារ​​​ប្រជាជន​​​ចូល​​​ទៅ​​​រាន​​​ដី​​​សម្រាប់​​​ធ្វើ​​​កសិកម្ម​​​។

របាយការណ៍​​​នេះ​​​លើក​​​ឡើង​​​ថា គ្មាន​​​ទង្វើ​​​ណាមួយ​​​ក្នុង​​​ចំណោម​​​ទង្វើ​​​របស់​​​រដ្ឋាភិបាល​​​ ក្រៅ​​​ពី​​​​​​ការ​​​បង្កើន​​ដី​​​សម្បទាន​​​សង្គម​​​កិច្ច​​​ និង​​​បម្រាម​​​ឲ្យ​​​ផ្អាក​​​ការ​​​ផ្ដល់​​​ដី​​​សម្បទាន​​​ដល់​​​ក្រុមហ៊ុន​​​ឯកជន​​​នោះ​​​ បាន​​​ធ្វើ​​ឲ្យ​​​វិវាទ​​​​​​ដីធ្លី​​​នៅ​​​ទូទាំង​​​ប្រទេស​​​ធ្លាក់​​​ចុះ​​​នោះ​​​ទេ​​​។ ផ្ទុយ​​​ទៅ​​​វិញ​​​អង្គការ​​​អាដហុក​​​លើក​​​ឡើង​​​ថា ខ្លួន​​​បាន​​​ដោះស្រាយ​​​ជម្លោះ​​​ដីធ្លី​​​ថ្មី​​​ៗ​​​បាន​​​១៣៥​​​ករណី​​​កាល​​​ពី​​​ឆ្នាំ​​​មុន​​​  ដែល​​​ជាប់​​​ពាក់​​​ព័ន្ធ​​​នឹង​​​ប្រជាជន​​​ចំនួន​​​៦.៤៨៨គ្រួសារ​​​ គឺ​​​ជិត​​​ស្មើ​​​នឹ​​​ងពីរ​​​ដង​​​នៃ​​​វិវាទ​​​​​​ដីធ្លី​​​ថ្មីៗ​​​ចំនួន​​​៧០​​​ករណី​​​ ដែល​​​ខ្លួន​​​បាន​​​ដោះស្រាយ​​​ក្នុង​​​ឆ្នាំ​​​២០១២។

ទោះ​​​បី​​​ជា​​​ចំនួន​​​គ្រួសារ​ដែល​​​ជាប់​​​ពាក់​​​ព័ន្ធ​​​វិវាទ​​​​​​ដីធ្លី​​ និង​​​ករណី​​​ជម្លោះ​​​ដីធ្លី​​​បាន​​​ធ្លាក់​​​ចុះ​​​កាល​​​ពី​​​ឆ្នាំ​​​មុន​​​ក៏​​​ដោយ​​​ ក៏​​​អង្គការ​​​អាដហុក​​​លើក​​​ឡើង​​​ថា ការ​​​ផ្អាក​​​ផ្តល់​​​ដី​​​សម្បទាន​​​សេដ្ឋកិច្ច​​​បាន​​​ដើរ​​​តួនាទី​​​មួយ​​​ដែរ​​​។

អង្គការ​​​អាដហុក​​​​​​បាន​​​បញ្ជាក់​​​ដែរ​​​ថា វិវាទ​​​ដីធ្លី​​​បាន​​​កើនឡើង​​​វិញ​​​ក្នុង​​​ឆ្នាំ​​​២០១៤។ អង្គការ​​​នេះ​​​បាន​​​ទទួល​​​ករណី​​​វិវាទ​​​​​​ដីធ្លី​​​ថ្មី​​​៥២​​​ករណី​​​ អំឡុង​​​ត្រី​​​មាស​​​ទី​​​១​​​នៅ​​​ឆ្នាំ​​​នេះ​​​ បើ​​​ប្រៀបធៀប​​​នឹង​​​រយៈ​​​ពេល​​​ដូចគ្នា​​​ក្នុង​​​ឆ្នាំ​​​២០១៣ មាន​​​ចំនួន​​​៣៦​​​ករណី​​​។

លោក​​​ ចាន់​​​ សុវ៉េត​​​ អនុប្រធាន​​​កម្មវិធី​​​ដីធ្លី​​​នៅ​​​អង្គការ​​​អាដហុក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “អំឡុង​​​រយៈ​​​ពេល​​​ពីរបី​​​ខែ​​​មុន​​​និង​​​ក្រោយ​​​ការ​​​បោះឆ្នោត​​​ជាតិ​​​កាល​​​ពី​​​ឆ្នាំ​​​មុន​​​ សម្រាប់​​​ខែ​​​នីមួយៗ​​​យើង​​​ទទួល​​​បាន​​​ករណី​​​តូចៗ​​​បី​​​ឬ​​​បួន​​​ករណី​​​ពាក់ព័ន្ធ​​​នឹង​​​ជម្លោះ​​​ព្រំដី​​​លំនៅដ្ឋាន​​​”។

ទោះ​​​ជា​​​មាន​​​ព័ត៌មាន​​​លម្អិត​​​ច្រើន​​​​​​ជាង​​​មុន​​​និង​​​គ្រប​​​ដណ្តប់​​​​​​លើ​​​តំបន់​​​​​ច្រើន​​​​ជាង​​​មុន​​នៅ​​​ទូទាំង​​​ប្រទេសក៏​​​ដោយ​​​ ក៏របាយការណ៍​​​ចុង​​​ក្រោយ​​​របស់​​​អង្គការ​​​អាដហុក​​​ធ្វើ​​តាម​​​លំអាន​​​ដូច​​​​នឹង​​របាយការណ៍​​​ស្ដី​​​ពី​​​វិវាទ​​​​​​ដីធ្លី​​​ ដែល​​​អង្គការ​​​លីកាដូ​​​បាន​​​ចេញ​​​កាល​​​ពី​​​ខែ​​​មេសា​​​ដែរ។ ដោយ​​​ប្រើ​​​ទិន្នន័យ​​​ផ្ទាល់​​​ខ្លួន​ ​​អង្គការ​​​នេះ​​​ក៏​​​បាន​​​លើក​​​ឡើង​​​ដែរ​​​ថា ករណី​​​វិវាទ​​​ដីធ្លី​​​បាន​​​កើនឡើង​​​វិញ​​​នៅ​​​ឆ្នាំ​​​នេះ​​​ បន្ទាប់ពី​​​បាន​​​ធ្លាក់​​​ចុះ​​​នៅ​​​ឆ្នាំ​​​២០១៣​​​ ហើយ​​​បាន​​​ចាត់ទុក​​​និន្នាការ​​​នេះ​​​ថា ដោយ​​​សារ​​​ផែន​​​ការ​​​នយោបាយ​​​របស់​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​។

រដ្ឋាភិបាល​​​បាន​​​រិះគន់​​​ភ្លាម​​​ចំពោះ​​​របាយការណ៍​​​របស់​​​អង្គការ​​​លីកាដូ​​​នេះ​​​ ដោយ​​​ចោទ​​​អង្គការ​​​នេះ​​​ថា បាន​​​បំប៉ោង​​​តួលេខ​​​របស់​​​ខ្លួន​​​យ៉ាង​​​ច្រើន​​​។ រដ្ឋាភិបាល​​​​​លើក​​​ឡើង​​​ថា គម្រោង​​​ផ្ដល់​​​ប័ណ្ណ​​​កម្មសិទ្ធិ​​​ដី​​​ឯកជន​​​របស់​​​លោក​​​ ហ៊ុន សែន​​​​​​ ដែល​​​បាន​​​ចាប់​​​ផ្ដើម​​​ភ្លាម​​​ៗ​​​បន្ទាប់ពី​​​ការ​​​ប្រកាស​​​ផ្អាក​​​ផ្ដល់​​​ដី​​​សម្បទាន​​​សេដ្ឋកិច្ច​​​ក្នុង​​​ឆ្នាំ​​​២០១២ បាន​​​ផ្ដល់​​​ប័ណ្ណ​​​កម្មសិទ្ធិ​​​ដី​​​ដល់​​​ប្រជាជន​​​ប្រហែល​​​៤០០.០០០​​​គ្រួសារ​​​ និង​​​បាន​​​ជួយ​​​កាត់​​​បន្ថយ​​​ជម្លោះ​​​ដីធ្លី​​​។

ប៉ុន្តែ​​​លោក​​​ ធន សារាយ​​​ ប្រធាន​​​អង្គការ​​​អាដ​​​ហុក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា រដ្ឋាភិបាល​​​គួរ​​​តែ​​​ចៀសវាង​​​ប្រតិកម្ម​​ដោយ​​​គ្មាន​​​កា​​​រពិចារណា​​​ចំពោះ​​​របាយការណ៍​​​នេះ​​​និង​​​គួរ​​​តែ​​​ទទួល​​ស្គាល់​​​ការ​​​ពិត​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា រដ្ឋាភិបាល​​​របស់​​​យើង​​​គួរ​​​តែ​​​ហ៊ាន​​​ទទួល​​​ស្គាល់​​​ការពិត​​​ដែល​​​កំពុង​​​កើ​​​តឡើង​​​នៅ​​​ក្នុង​​​សង្គម​​​របស់​​​យើង​​​ និង​​​មិន​​​គួរ​​​រិះគន់​​​គ្រប់​​​ពេល​​​ ដែល​​​មាន​​​របាយការណ៍​​​មាន​​​តុល្យភាព​​​ ដែល​​​មាន​​​ភ័ស្ដុតាង​​​បញ្ជាក់​​​ការ​​​ពិត​​​​​​នោះទេ”។ លោក​​​បាន​​​បន្ថែម​​​ថា “យើង​​​មាន​​​ភ័ស្ដុតាង​​​ សាក្សី​​​ និង​​​អ្នក​​​ភូមិ​​​ ដែល​​​បាន​​​រង​​គ្រោះ​​​។​​​  ប្រសិន​​​បើ​​​រដ្ឋាភិបាល​​​ចេះ​​​តែ​​​និយាយ​​​ថា របាយការណ៍​​​ទាំង​​​នេះ​​​ភូត​​​កុហក​​​ និង​​​បំផ្លើស​​​ការពិត​​​នោះ​​​ រដ្ឋាភិបាល​​​ត្រូវ​​​ទទួល​​ខុស​​​ត្រូវ​​​ទាំង​​​អស់​​​”។

លោក​​​ បេង ហុង​​​ សុជាតិ​​​ ខេមរ៉ូ អ្នក​​​នាំពាក្យ​​​ក្រសួង​​​រៀប​​​ចំ​​​ដែន​​​ដី​​​ និង​​​នគរូបនីយកម្ម​​​ បាន​​​បដិសេធ​​​មិន​​​ធ្វើ​​​អត្ថាធិប្បាយ​​​អំពី​​​របាយ​​​ការណ៍​​​ថ្មី​​​នេះ​​​ទេ ហើយ​​​បាន​​​បង្វែរ​​​សំណួរ​​​ទៅ​​​លោក​​​ ឡោ ដាវុធ​​​ អគ្គ​​​នាយក​​​ក្រសួង​​​នេះ​​​ ដែល​​​គេ​​​មិន​​​អាច​​​ទាក់ទង​​​បាន​​​៕​​​គឹមហឿន

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស