26 C
Phnom Penh

កូនស្រី​របស់ស្ត្រីជនជាតិហូឡង់​ដែល​ត្រូវ​ឃាតករចាក់សម្លាប់​ បាន​ស្លាប់​ក្នុងមន្ទីរ​ពេទ្យក្រុង​បាងកក

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោងតាម​នគរ​បាល​បាន​ឲ្យ​ដឹង​ថា ក្មេងស្រីជនជាតិហូឡង់​អាយុ​១៩ខែ ឈ្មោះ ដាណា បៀដសេន (Dana Beerdsen) ដែល​រង​របួស​ធ្ងន់​កាលពីខែ​មុន ​ក្នុង​អំពើឃាតកម្ម​មួយ​ ដែល​ម្ដាយ​របស់នាង​ត្រូវ​បានគេ​​ចាក់​​ស្លាប់​នៅ​ក្នុង​លំនៅដ្ឋាន​របស់​ខ្លួន​​ក្នុងរាជធានី​ភ្នំពេញ នាងបាន​ស្លាប់​នៅ​ក្នុង​មន្ទីរពេទ្យមួយ​នៅ​ទីក្រុង​បាង​កក កាលពីយប់​ថ្ងៃពុធ។

លោកវរសេនីយ៍ទោ មុំ ស៊ីថា នាយ​ការិយាល័យ​នគរ​បាល​គ្រប់​គ្រង​ជន​បរទេស​រាជធានីភ្នំពេញ​បាន​ឲ្យ​ដឹង​ថា លោក​បាន​ទទួល​សេចក្ដីបញ្ជាក់​អំពីការ​ស្លាប់​របស់ ដាណា បៀដសេន ពីស្ថាន​ទូត​អង់គ្លេស​ ដែលទទួល​បន្ទុកកិច្ច​ការ​ជនជាតិ​ហូឡង់នៅ​ក្នុង​ប្រទេស​កម្ពុជា​។

លោកវរសេនីយ៍ទោ ស៊ីថា បាន​ឲ្យដឹង​ថា “ខ្ញុំត្រូវ​បាន​ស្ថានទូត​អង់​គ្លេស​ជូន​ដំណឹង​”។ លោក​បាន​មាន​ប្រសាសន៍​ថា ពេល​នេះយើង​នឹង​​រៀបចំ​ឯកសារ​មួយ​ទៀត​ដើម្បី​បញ្ជូនទៅតុលាការ​ នៅ​ពេល​ណា​យើង​បាន​ទទួល​របាយការណ៍​មួយ​អំពី​ការ​ស្លាប់​របស់​ ដាណា ពីវេជ្ជបណ្ឌិត​នៅ​ក្នុង​ប្រទេស​ថៃតាម​រយៈ​ស្ថានទូត​អង់គ្លេស”។

មន្ត្រីម្នាក់​នៅ​ស្ថាន​ទូត​ហូឡង់​ប្រចាំទីក្រុង​បាង​កក​ ដែល​បដិសេធ​មិន​ប្រាប់​ឈ្មោះ ដោយសារ​តែ​ភាព​រសើប​នៃ​ហេតុការណ៍​នេះ​ ក៏បាន​បញ្ជាក់អំពី​ការ​ស្លាប់​របស់​ក្មេង​ស្រីនេះ​ដែរ​។ មន្ត្រីរូប​នេះ​បាន​ឲ្យ​ដឹង​ថា “ខ្ញុំអាច​បញ្ជាក់​អំពីរឿង​នេះ​” ដោយបន្ថែម​ថា ស្ថានទូត​កំពុង​តែ​ផ្ដល់​ការ​គាំទ្រ​ចំពោះ​គ្រួសារ​របស់​ក្មេង​ស្រីនេះ​។

ដាណា បៀដសេន ដែល​រង​របួស​ក្បាល​ធ្ងន់​ធ្ងរ​ និង​រង​របួស​ខ្លួន​ប្រាណ​ដោយសារ​ជន​ដៃដល់​ចាក់​ ត្រូវ​បានគេ​ប្រទះឃើញ​ដេក​ស្ដូកស្ដឹង​ ហូរ​ឈាម​នៅ​ក្បែរ​​ម្ដាយ​របស់នាង​ឈ្មោះ ដាបណា បៀដសេន (Dabna Beerdsen) ជនជាតិ​ហូឡង់​អាយុ​៣១​ឆ្នាំ​នៅព្រឹក​ថ្ងៃទី​២៨ ខែ​មេសា​។

យោងតាម​ឈ្មោះ កែវ សុម៉ាលី ជាអ្នក​បោស​​សម្អាត​របស់​គ្រួសារ​នេះ​ដែល​បាន​ប្រទះឃើញ​សាក​សព​នេះ​បាន​ឲ្យ​ដឹង​ថា អាជ្ញាធរ​មូល​ដ្ឋាន​បាន​រារាំង​គាត់​មិន​ឲ្យ​យក​ក្មេងស្រីនេះ​ទៅមន្ទីរ​ពេទ្យ​ឡើយ​​ក្នុង​រយៈ​ពេល​ពី២០នាទី​ទៅ៣០​នាទី។

ក្មេងស្រីរូប​នេះទីបំផុត​ត្រូវ​បាន​ដឹក​តាមម៉ូតូ​ទៅមន្ទីរពេទ្យ​កុមារ​គន្ធបុប្ផា មុនពេល​ដឹក​តាម​យន្តហោះទៅកាន់​មន្ទីរ​ពេទ្យ Bangkak General Hospital នៅ​យប់​ថ្ងៃនោះ​ ​អមដំណើរ​​ដោយឪពុក​របស់​នាង លោក ចូរីស អូឡេ (Joris Oele)។ ក្រុម​មន្ត្រីមន្ទីរពេទ្យ​កាលពីម្សិលមិញ​បាន​បង្វែរ​សំណួរ​ទៅ​ស្ថានទូត​ហូឡង់​។

ទាំង​អ្នកស្រី​ ដាបណា បៀដសេន និង​លោក អូឡេ ជាប្ដីរបស់​អ្នកស្រី​ត្រូវ​បាន​អង្គការ​សហប្រជាជាតិ​ជួល​ឲ្យធ្វើការ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ លោក អូឡេ ដែល​ធ្វើការ​នៅ​អង្គការ​ UN​. Habitat បាន​ទៅ​ខេត្ត​ព្រះសីហនុ ចូលរួម​ក្នុង​សិក្ខាសាលា​មួយ​ស្ដីពីបម្រែបម្រួល​អាកាស​ធាតុ​ នៅពេល​ការ​វាយ​ប្រហារ​នេះ​កើត​ឡើង​។

កាលពីថ្ងៃ​សៅរ៍ បុរសម្នាក់​ឈ្មោះ ជា ភិន អាយុ​៣៥​ឆ្នាំ​ ដែលជា​​ជន​អនាថា​​ត្រូវ​បាន​ចោទ​ប្រកាន់​ដោយ​សាលាដំបូង​រាជធានីភ្នំពេញ ពីបទ​ធ្វើឃាត​អ្នក ស្រី ដាបណា បៀដសេន ​និង​ត្រូវ​បាន​បញ្ជូនទៅ​ពន្ធនាគារ​​ព្រៃស។ នៅថ្ងៃមុន​នោះ​ ជន​នេះ​បាន​ប្រាប់​អ្នក​យកព័ត៌មាន​ថា ខ្លួន​ស្រវឹងជោក ហើយ​បាន​ព្យាយាម​លួច​កង់មួយគ្រឿង​ពី​ផ្ទះ​របស់​ជន​រងគ្រោះ​នៅ​ពេល​​រលងអធ្រាត្រ។

ពេល​ដែល​ប្រឈម​មុខ​ជាមួយ​អ្នកស្រី ដាបណា បៀដសេន ជា ភិន បាន​អះអាង​ថា ខ្លួន​បាន​ចាក់​អ្នកស្រី​ដោយ​បិទ​ភ្នែក​ ប៉ុន្តែ​គ្មាន​បំណង​ប៉ុន​ប៉ង​ធ្វើ​ឲ្យ​ក្មេងស្រីនោះ​របួស​ទេ​។ ជននេះ​ត្រូវបាន​ចាប់ខ្លួន​នៅវត្ត​បទុម​កាលពីថ្ងៃទី៣០ ខែ​មេសា ដោយ​មាន​ជាប់​នឹង​ខ្លួន​នូវ​​កុំព្យូទ័រ​យួរ​ដៃមួយ​គ្រឿង កាបូប និង​អត្តសញ្ញាណប័ណ្ណ ដែល​នគរ​បាល​បាន​ឲ្យ​ដឹង​ថា ជា​របស់​អ្នកស្រី ដាបណា បៀដសេន។

លោកវរសេនីយ៍ទោ ស៊ីថា បាន​ឲ្យដឹង​ថា នគរ​បាល​នឹង​ធ្វើការ​ចោទ​ប្រកាន់​បន្ថែម​ទៀត​ចំពោះ ជា ភិន បន្ទាប់ពីការ​ស្លាប់​របស់​ ដាណា បៀដសេន កាលពី​យប់​ម្សិលមិញ​។ លោក​បាន​ឲ្យ​ដឹង​ថា នឹង​មាន​បទ​ចោទ​ប្រកាន់មួយទៀត​ស្ដីពី​បទ​ល្មើស​បន្ថែមទៅ​នឹង​រឿងក្ដី​របស់​ជនសង្ស័យ​នេះ​”។

បព្វជិត​ បេនហ្សេន បាត់មែន ដែល​ដឹកនាំ​មណ្ឌល​ Chabad Jewish នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ ដែល​បាន​ទៅ​សុខទុក្ខលោក អូឡេ និងកូនស្រី​របស់​គាត់​នៅ​ក្នុង​ទីក្រុង​បាងកក កាល​ពី​ថ្ងៃ​អាទិត្យបាន​លើក​ឡើងនៅក្នុង​អុីម៉េល​មួយ​ទៅកាន់ ​សហគមន៍ Jewish នៅ​កម្ពុជា​កាលពី​ម្សិល​មិញ​ថា “ក្មេងស្រីតូច​ ដាណា បាន​ស្លាប់​ដោយសារ​ការ​វាយ​​​ប្រហារ​យ៉ាង​ឃោរឃៅ​”។ សារតាម​អុីម៉េល​នេះ​មាន​ខ្លឹមសារ​ថា “ក្មេងស្រី ដាណា បាន​ស្លាប់​នៅ​ក្នុង​មន្ទីរ​ពេទ្យ​មួយ​ក្នុង​ទី​ក្រុង​បាង​កក នៅម៉ោង​២១​និង៤៥​នាទី​យប់​ម្សិលមិញ”។

គាត់​បាន​ឲ្យដឹង​ថា សាក​សព​របស់​ ដាបណា បៀដសេន នឹងត្រូវ​​បញ្ជូនទៅ​អាកាស​យាន​ដ្ឋាន​នាព្រឹក​នេះ រីឯ​សាក​សព​កូន​ស្រី​របស់​គាត់​​នឹង​ត្រូវ​បញ្ជូនទៅ​​ប្រទេស​ហូឡង់ ពីទីក្រុង​បាងកក។ បព្វជិត បាត់មែន បាន​ឲ្យ​ដឹង​ថា ទាំង​ម្ដាយ​និង​កូនស្រី នឹង​ត្រូវ​បញ្ចុះ​រួម​គ្នា​នៅ​ទីបញ្ចុះសព​ Jewish ក្នុង​ទីក្រុង​អាមស្ទើដាម៕ ប៊ុននី

 

 

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស