26 C
Phnom Penh

តុលាការ​ផ្តន្ទាទោស​មនុស្សបួននាក់​ឲ្យ​ជាប់ពន្ធនាគារ​ពីបទជួញដូរ​មនុស្ស​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ម្សិលមិញ សាលាដំបូង​រាជធានីភ្នំពេញ​បាន​ផ្តន្ទាទោស​មនុស្ស​បួននាក់​ឲ្យ​ជាប់ពន្ធនាគារ​ក្នុង​ករណី​ជួញដូរ​មនុស្ស​ពីរ​ដាច់​ដោយ​ឡែកពីគ្នា។លោកចៅក្រម កោ វណ្ឌី បាន​បើក​សវនាជំនុំជម្រះ​រឿងក្តី​ លឹម ហេងហួត​ អាយុ​៤៣ឆ្នាំ ភុំ​ សាផា អាយុ៦០ឆ្នាំ និង​ ឆៃ ចន្ធូ អាយុ៣៩ឆ្នាំ ដែល​ត្រូវ​បាន​ចាប់ខ្លួន​និង​ចោទ​ប្រកាន់​កាលពី​ខែធ្នូពីបទ​ជួញដូរស្ត្រី​​​យក​​​ទៅ​​​​រៀប​​​ការ​​​នៅ​​​ប្រទេស​ចិន។

លោកចៅក្រម​បាន​អាន​សាលក្រមថា “ជន​ទាំងនេះ​ត្រូវបាន​រកឃើញ​ពិរុទ្ធភាព​ពី​បទ​ជួញដូរ​ស្ត្រីទៅ​ប្រទេស​ចិន​ដើម្បី​រៀបការ​ជាមួយ​បុរស​ជន​ជា​តិ​ចិន”។ លោកបាន​មាន​ប្រសាសន៍ថា ជន​រង​​​គ្រោះ​ម្នាក់​ៗបាន​ឲ្យ​​​ប្រាក់​ប្រហែល​១.៥០០ដុល្លារ​​​ទៅ​​​​​​ជន​សង្ស័យ​សម្រាប់​ធ្វើ​លិខិត​​ឆ្លងដែន និង​ថ្លៃសំបុត្រ​យន្តហោះ ហើយ​ថា ពួកគេ​ត្រូវបាន​ចាប់ខ្លួន​នៅពេល​ព្យាយាម​ធ្វើ​ដំណើរ​តាម​រថយន្ត​ក្រុង​ទៅ​ប្រទេស​វៀតណាម។

ជន​សង្ស័យ​ឈ្មោះ​ ហេងហួត​​ បាន​បដិសេធ​ការ​ចោទប្រកាន់នេះ ដោយ​​​​បាន​​​ឆ្លើយ​​​ថា ស្ត្រីពីរនាក់​បាន​ទាក់ទង​គាត់​​​​ដោយ​​​សារ​​​ចង់ឲ្យគាត់​រកការងារ​ឲ្យ​ពួកគេ​ធ្វើ​នៅ​ក្រៅប្រទេស​ ដូច្នេះគាត់បាន​នាំពួកគេ​ទៅ​ជួបជន​សង្ស័យ​ពីរនាក់ទៀត។ គាត់បាន​និយាយថា “ខ្ញុំមិន​បានជួញដូរ​ពួកគេ​ទៅ​ប្រទេស​ចិនទេ។ ពួកគេ​បាន​សុំឲ្យ​ខ្ញុំជួយ​រកការងារនៅ​ប្រទេស​ចិន​មិន​មែនទៅរៀប​ការទេ​”។

ភុំ សាផា បាន​សារភាព​ថា ខ្លួន​ទទួល​បាន​កម្រៃ​ជើង​សា​១០០​ដុល្លារ​ ប៉ុន្តែ​បាន​និយាយ​ថា ស្ត្រីទាំងពីរនាក់​នេះ​ចង់​រៀប​ការ​ជាមួយ​បុរសជនជាតិ​ចិន​ដោយ​ខ្លួនឯងទេ។ ជនសង្ស័យទាំង​បីនាក់​ត្រូវបាន​ផ្ដន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​ពីរឆ្នាំ ដោយ​រយៈពេល​ជាប់​ទោស​ភាគ​ច្រើន​ត្រូវ​បាន​ព្យួរ មាន​ន័យ​ថា ជន​ទាំងបីនាក់​នេះ​គឺ​ម្នាក់ៗ​ត្រូវជាប់​ពន្ធនាគារ​រយៈពេល​ប្រាំខែ។

នៅក្នុង​ករណីដាច់​ដោយ​ឡែក​មួយ​ទៀត ស្ត្រីឈ្មោះ ជ្រា លីនដា អាយុ​២៣​ឆ្នាំ​ ត្រូវបាន​ផ្ដន្ទាទោស​ឲ្យ​ជាប់​ពន្ធនា​គារ​រយៈពេល​បួន​ឆ្នាំ បន្ទាប់ពីចៅ ក្រម​ សួស សំអាត បាន​រក​ឃើញ​ថា គាត់​មានពិរុទ្ធភាព​ពីបទ​ជួញដូរ​ស្ត្រីពីរ​នាក់​ទៅ​ប្រទេស​ថៃ។

ជន​រងគ្រោះទាំង​ពីរ​នាក់​នេះ​​អាយុ​១៧​ឆ្នាំ និង​២០​ឆ្នាំ​ត្រូវបាន​បង្ខំឲ្យ​ធ្វើការ​ក្នុង​ផ្ទះបន​នៅ​ប្រទេស​ថៃ​កាល​ពីខែសីហា ឆ្នាំ​២០១៣ ប៉ុន្តែក្រោយ​មក​បាន​រត់គេច​ខ្លួន​រួច។

លោកចៅក្រម សំអាត បានមាន​ប្រសាសន៍​ថា “ស្ត្រីរូប​នេះ​បាន​ល្បួង​នារីពីរ​នាក់​ដែលត្រូវ​​ជាមិត្តភក្ដិ​របស់​ខ្លួន​មកពី​ខេត្ត​កណ្ដាល ​ឲ្យទៅធ្វើការ​នៅ​ប្រទេស​ថៃ”។ លោក​បានមាន​ប្រសាសន៍ថា “​ប៉ុន្តែ​នៅពេលពួកគេ​ទៅដល់​ខេត្ត​ត្រាត ប្រទេស​ថៃ ស្ត្រីរូប​នេះ​បាន​លក់​ពួកគេ​ទៅ​ឲ្យ​ផ្ទះបន​មួយនៅទីនោះ ប៉ុន្តែ​ពួកគេ​បាន​រត់​គេច​ខ្លួនមក​រាជធានីភ្នំពេញវិញ”។ បន្ថែមពីលើ​រយៈពេល​ជាប់ពន្ធនាគារ ស្ត្រី ជ្រា លីនដា ត្រូវបាន​បង្គាប់ឲ្យ​បង់​ប្រាក់​ចំនួន​៤លាន​រៀល​ដល់​ជន​រង​គ្រោះ​ទាំង​ពីរ​នាក់​៕ សារុន​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស