នគរបាលបានឲ្យដឹងថា បុរសតួកគីអាយុ៥១ឆ្នាំម្នាក់ត្រូវបានចាប់ខ្លួនកាលពីថ្ងៃពុធដោយនគរបាលប្រឆាំងការជួញមនុស្សក្នុងរាជធានីភ្នំពេញ ពីបទទិញព្រហ្មចារីរបស់ក្មេងស្រីអាយុ១៤ឆ្នាំពីរនាក់។
យោងតាមលោក កែវ ធា នាយការិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្សរាជធានីភ្នំពេញបានឲ្យដឹងថា ម្តាយរបស់ជនរងគ្រោះម្នាក់ ចំណោមជនរងគ្រោះទាំងពីរនាក់នេះក៏ត្រូវបានចាប់ខ្លួនដែរពីបទលក់កូនស្រីរបស់ខ្លួនឲ្យជនជាតិតួកគីរូបនេះ ចំណែកស្ត្រីខ្មែរទីពីរម្នាក់ទៀតត្រូវបានចាប់ខ្លួនពីបទសញ្ចរកម្មក្នុងករណីទិញព្រហ្មចារីនេះ។
លោក កែវ ធា បានមានប្រសាសន៍ថា ឈ្មោះ អាយឌីន ហ្គូកទេព (AydinGoktepe) ត្រូវបានចាប់ខ្លួននៅវេលាម៉ោងប្រមាណ៦និង៥០នាទីល្ងាចនៅក្បែរផ្ទះសំណាក់របស់គាត់ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។ លោក កែវ ធា បានមានប្រសាសន៍ថា “យើងតាមដានគាត់ប្រហែលកន្លះខែមកហើយ ពីព្រោះជននេះបានស្វែងរកក្មេងស្រីព្រហ្មចារីរួមភេទជាមួយខ្លួននៅក្នុងរាជធានីភ្នំពេញ គាត់បានមក (ទីនេះ) ដើម្បីស្វែងរកក្មេងស្រីព្រហ្មចារីដើម្បីរួមភេទតាមរយៈការសួរអ្នករត់ម៉ូតូឌុប និងអ្នករត់រឺុម៉កកង់បី”។
លោកបានមានប្រសាសន៍ថា ហ្គូកទេព មានមុខរបរជាជាងម៉ាស៊ីន រស់នៅក្នុងរាជធានីភ្នំពេញរយៈពេលប្រហែលមួយខែនៅផ្ទះសំណាក់ម្លិះ (Malis) ក្បែរវត្តភ្នំ ប៉ុន្តែថា នគរបាលបានដឹងថា គាត់មានគម្រោងចាកចេញពីប្រទេសកម្ពុជាទៅកាន់ប្រទេសថៃនៅសប្តាហ៍នេះ។
ឈ្មោះ ឌឿន ស្រីណែត អាយុ២២ឆ្នាំ គឺជាអ្នករៀបចំចាត់ចែងសម្រាប់ម្តាយរបស់ក្មេងស្រីម្នាក់ចំណោមក្មេងស្រីអាយុ១៤ឆ្នាំនេះ លក់កូនស្រីរបស់ខ្លួនឲ្យ ហ្គូកទេព ក្នុងតម្លៃ៧០០ដុល្លារ។ ទោះជាយ៉ាងនេះក្តី បន្ទាប់ពីលក់កូនស្រីរូបនេះហើយ បុរសជនជាតិតួកគីនេះមិនបានគោរពតាមការព្រមព្រៀងគ្នាទេ និងបានឲ្យលុយពួកគេតែ៤០០ដុល្លារប៉ុណ្ណោះ។ ហ្គូកទេព ក៏បានទិញព្រហ្មចារីក្មេងស្រីអាយុ១៤ឆ្នាំម្នាក់ទៀតដែរ ប៉ុន្តែនគរបាលកំពុងស៊ើបអង្កេតករណីនេះនៅឡើយ។
ជនសង្ស័យទាំងបីនាក់នេះ ពេលនេះកំពុងត្រូវនគរបាលប្រឆាំងការជួញដូរមនុស្សឃុំខ្លួន ខណៈដែលលោក កែវ ធា រៀបចំបញ្ជូនសំណុំរឿងរបស់ពួកគេទៅសាលាដំបូងរាជធានី។ ជនរងគ្រោះទាំងពីរកំពុងត្រូវបានគាំពារដោយអង្គការ ក្តីសង្ឃឹមពិភពលោក (WorldHope) ជាអង្គការក្រៅរដ្ឋាភិបាលប្រឆាំងការជួញដូរមនុស្ស។
អង្គការសកម្មភាពដើម្បីកុមារ ដែលជាអង្គការក្រៅរដ្ឋាភិបាលប្រឆាំងការរួមភេទជាមួយកុមារ បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍មួយកាលពីម្សិលមិញថា ខ្លួនបានសហការក្នុងការស៊ើបអង្កេត ហ្គូកទេព បន្ទាប់ពីទទួលបានព័ត៌មានពីអ្នកឲ្យការណ៍ម្នាក់ដែលត្រូវបានសុំនាំក្មេងស្រីទៅរួមភេទជាមួយជនជាតិតួកគីរូបនេះ។
លោក យី ម៉ូដែន អនុប្រធានចុះប្រតិបត្តិការផ្ទាល់របស់អង្គការសកម្មភាពដើម្បីកុមារ បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍នេះថា “បើរកឃើញពិរុទ្ធភាព បុរសជនជាតិតួកគីរូបនេះ នឹងត្រូវបណ្តេញចេញពីប្រទេសកម្ពុជា បន្ទាប់ពីការជាប់ពន្ធនាគាររួច ដើម្បីធានាថា ជននេះមិនអាចធ្វើបាបកុមារកម្ពុជាទៀត”៕ ប៊ុននី