26 C
Phnom Penh

​អភិបាល​ខេត្ត​ព្រះសីហនុ រតនគិរី និងខេត្ត​​ពោធិ៍សាត់​ត្រូវ​​បាន​​ផ្លាស់ប្តូរ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោងតាម​ក្រុម​មន្ត្រី​​បាន​ឲ្យដឹងថា ​​អភិបាល​ខេត្ត​​​ព្រះ​សីហនុ រតនគិរី និងខេត្ត​​ពោធិ៍​សាត់​​​ត្រូវបាន​ដាក់​​ជំនួសដោយរាជ​ក្រឹត្យ​ ​ក្នុង​ពិធី​ផ្ទេរ​តំណែង​ដែល​​​ធ្វើ​​ឡើង​កាល​ពីព្រឹកម្សិល​មិញ​។

លោក ម៉ាត់ សូប អធិការ​នគរ​បាល​ខេត្ត​​​បានមាន​ប្រសាសន៍ថា ​លោក ស្បោង សារ៉ាត​ អភិបាល​​ខេត្តព្រះ​សីហនុ ​​ត្រូវបាន​​ជំនួស​​កាលពីម្សិល​មិញ​ដោយ​លោក ​ឈិត សុខុម ​​អតីត​ប្រធាន​ក្រុម​ប្រឹក្សា​រដ្ឋ​បាល​ខេត្តតា​កែវ​។

យោង​តាម​លោក​ ម៉ាត់ សូប បាន​ឲ្យ​ដឹង​ថា ពិធី​ផ្ទេរ​តំណែង​នេះ​​បាន​ធ្វើ​ឡើង​ចាប់​ពី​ម៉ោង​៨ ដល់​ម៉ោង​១១​​ព្រឹក​ និង​ធ្វើ​ជា​អធិបតី​ដោយ​លោក​ ស ខេង​ រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ​ និង​លោក​ ប៉ុល សារឿន​ អគ្គ​មេបញ្ជាការ​កង​យោធពល​ខេមរភូមិន្ទ​។ លោក​ ម៉ាត់​ សូប​ បាន​ពន្យល់​ថា លោក​ សារ៉ាត ពេល​នេះ​នឹង​ទទួល​តំណែង​មួយ​នៅ​ក្រសួង​មហាផ្ទៃ​ រាជធានីភ្នំពេញ​។

យោងតាម​ក្រុម​មន្ត្រី​នគរបាល​ ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​​ឲ្យ​ដឹង​ថា លោក ខូយ សុខា អភិបាល​ខេត្តពោធិ៍សាត់​ ក៏​ត្រូវ​បាន​ដាក់​ជំនួស​ដោយ​លោក​ ម៉ៅ ថូនិន អតីត​អភិបាល​រង​ខេត្ត​ស្ទឹង​ត្រែង​ នៅ​ក្នុង​ពិធីផ្ទេរ​តំណែង​​មួយ​កាល​ពី​ម្សិលមិញ​នេះ​ដែរ។ លោក​ ខូយ សុខា ក៏​ត្រូវ​ចូល​បម្រើ​ការងារ​នៅ​ក្នុង​ក្រសួង​មហាផ្ទៃ​ដែរ​។

លោក​ ប៉ាវ ហមផាន​ អភិបាល​ខេត្ត​រតនគិរី ក៏​បាន​បញ្ជាក់​កាល​ពី​ម្សិលមិញ​ដែរ​ថា លោក​ត្រូវ​បាន​ដាក់​ជំនួស​ដោយ​រាជ​ក្រឹត្យ​ដែរ​។ លោក​ ហមផាន​ បាន​មាន​ប្រសាសន៍​ថា ពិធី​ផ្ទេរ​តំណែង​នេះ​នឹង​ធ្វើ​ឡើង​នៅ​ព្រឹក​នេះ​ ដោយ​លោក​ ថុង សាវ៉ន អភិបាល​រង​បច្ចុប្បន្ន​ត្រូវ​តែង​តាំង​ចូល​កាន់​តំណែង​នេះ​។ លោក​ ហមផាន​ បាន​មាន​ប្រសាសន៍​ថា “ខ្ញុំ​នឹង​ទៅ​ធ្វើ​ការ​នៅ​ក្រសួង​មហាផ្ទៃ​”។

លោក​ សាវ៉ន ជា​កូន​ប្រុស​របស់​លោក​ ប៊ូ ថង​ សមាជិក​ព្រឹទ្ធសភា​ ដែល​ធ្លាប់​​​ជា​រដ្ឋ​មន្ត្រី​ក្រសួង​ការពារ​ជាតិ​អំឡុង​របប​ប្រជាមានិត​កម្ពុជា​ និង​ជា​សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍​របស់​គណបក្ស​ប្រជាជន​កម្ពុជា​។

លោក​ឧត្តម​សេនីយ៍ ខៀវ​ សុភ័គ អ្នក​នាំពាក្យ​របស់​ក្រសួង​មហាផ្ទៃ​ និង​លោក​ សក់ សេដ្ឋា រដ្ឋ​លេខាធិការ​ក្រសួង​មហាផ្ទៃ​ទទួល​បន្ទុក​កំណែ​ទម្រង់​ និង​ប្រព័ន្ធ​វិមជ្ឈការ​នៅ​ក្រសួង​នេះ​មិន​អាច​ទាក់ទង​បាន​ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​អំពី​ការ​ផ្លាស់​ប្ដូរតំណែង​នេះ​ទេ​។

លោក​ ឆាយ​ ធី អ្នក​សម្របសម្រួល​របស់​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក​ ប្រចាំ​ខេត្ត​រតនគិរី​ បាន​មាន​ប្រសាសន៍​ថា លោក​​សង្ឃឹម​ថា ការ​តែង​តាំង​លោក​ សាវ៉ន​ ជា​អភិបាល​ខេត្ត​រតនគិរី​ និង​ជួយ​ដោះស្រាយ​វិវាទ​ដីធ្លី​រវាង​ក្រុម​ហ៊ុន​កសិកម្ម​ និង​ជន​ជាតិ​ដើម​ភាគ​តិច​ជា​ច្រើន​ក្រុម​នៅ​ក្នុង​ខេត្ត​នេះ​។

លោក​ ឆាយ​ ធី បាន​មាន​ប្រសាសន៍​បន្ត​ថា “អភិបាល​ថ្មី​នេះ​… ជា​កូន​ប្រុស​របស់​លោក​ ប៊ូ ថង សមាជិក​សភា​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ និង​ជា​សមាជិក​នៃ​ជន​ជាតិ​ដើម​ភាគ​តិច​នៅ​ក្នុង​ខេត្ត​រតនគិរី​ ដូច្នេះ​យើង​សង្ឃឹម​ថា អភិបាល​ថ្មី​នេះ​នឹង​មាន​គំនិត​កំណែ​ទម្រង់​ជួយ​​ជន​ជាតិ​ដើម​ភាគ​តិច​របស់​យើង​នៅ​ទី​នេះ​ ហើយ​ថា នឹ​ងមិន​មាន​ជម្លោះ​ដីធ្លី​ទៀត​ឡើយ​”។

លោក​បាន​បន្ថែម​ថា “ពីដំបូង​លោក​ ប៉ាវ ហមផាន​ បាន​ធ្វើ​ឲ្យ​ស្ងប់​អំឡុង​អាណត្តិ​របស់​លោក​ ប៉ុន្តែ​បន្ទាប់​​មក​​មាន​ជម្លោះ​ជាច្រើន​រវាង​អ្នក​ភូមិ​ជន​ជាតិ​ដើម​ភាគ​តិច​ និង​ក្រុម​ហ៊ុន​បរទេស​ ព្រម​ទាំង​កា​រ​កាប់​ឈើ​ខុស​ច្បាប់​អនាធិបតេយ្យ​យ៉ាង​ច្រើន​៕ ប៊ុននី

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស