30 C
Phnom Penh

កាកបាទ​​​ក្រហម​​​កម្ពុជា​​​​​​រៃអង្គាស​​​មូលនិធិ​​​ប្រចាំឆ្នាំ​​​បានច្រើនបំផុត​​​​​​ក្នុង​​​ឆ្នាំនេះ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពីម្សិលមិញ​​​ក្រុមអ្នក​​​នយោបាយ និង​​​ក្រុម​​​ពាណិជ្ជករនៅ​​​ទូទាំង​​​​​​ប្រទេស​​​កម្ពុជា​​​បាន​​​ចំណាយ​​​ប្រាក់​​​ផ្ទាល់​​​ខ្លួន​​​ដើម្បីបរិច្ចាគ​​​ដល់​​​​​​កាក​​​បាទក្រហម​​​កម្ពុជា នៅក្នុង​​​ទិវា​​​កាក​​​បាទ​​​ក្រហម​​​ពិភព​​​លោក​​​ប្រចាំ​​​ឆ្នាំ​​​ ដោយ​​​រៃអង្គាស​​​បាន​​​ជាង​​​១៤​​​លាន​​​ដុល្លារ​​​  ពោលគឺ​​​ច្រើន​​​ជាង​​​ចំនួន​​​មូលនិធិ​​​សរុប​​​រៃអង្គាស​​​បាន​​​នៅ​​​មុន​​​ការ​​​បោះ​​​ឆ្នោត​​​កាលពីឆ្នាំមុន​​​ជាង​​​៣០ម៉ឺន​​​ដុល្លារ។

លោក​​​នាយក​​​រដ្ឋមន្ត្រី​​​ ហ៊ុន សែន បាន​​​ចូលរួម​​​ធ្វើ​​​​​​ជា​​​គណៈអធិបតី​​​នៅ​​​ក្នុង​​​​​​ពិធី​​​រៃអង្គាស​​​មូលនិធិ​​​នេះ​​​ ដែល​​​រៀបចំ​​​ឡើង​​​នៅ​​​ការិយាល័យ​​​កាកបាទក្រហម​​​ក្នុង​​​រាជធានីភ្នំពេញ អម​​​ជាមួយ​​​នឹង​​​ភរិយា​​​របស់​​​លោក គឺ​​​លោកស្រី ប៊ុនរ៉ានី ដែល​​​បាន​​​ធ្វើ​​​ជា​​​ប្រធាន​​​កាកបាទ​​​ក្រហម​​​ចាប់​​​តាំងពី​​​ឆ្នាំ​​​១៩៩៨​​​មក​​​។ នៅក្នុង​​​សុន្ទរកថា​​​របស់​​​លោក​​​ លោក ហ៊ុន សែន បាន​​​កោត​​​សរសើរ​​​ចំពោះ​​​ចិត្ត​​​សប្បុរសធម៌​​​របស់​​​ភ្ញៀវ​​​កិត្តិយស​​​ចូល​​​រួម​​​ក្នុង​​​ពិធីនោះ ដោយ​​​រួម​​​មាន​​​ទាំង​​​លោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួង​​​ការ​​​ពារ​​​ជាតិ​​​ និង​​​ពាណិជ្ជករ​​​ល្បីឈ្មោះពីរ​​​រូប គឺ​​​លោកឧកញ៉ា ម៉ុង រិទ្ធី និង​​​លោកឧកញា៉ លី យ៉ុងផាត់ ផងដែរ​​​។

លោក​​​ ហ៊ុន សែន បាន​​​មាន​​​​​​ប្រសាសន៍​​​ថា “ខ្ញុំ​​​មាន​​​ក្ដីសោមនស្ស​​​រីក​​​រាយ​​​ថ្លែង​​​អំណរ​​​គុណ​​​ដល់​​​គណបក្ស​​​នយោបាយ​​​ទាំង​​​អស់​​​ ដែល​​​ជួយ​​​ប្រជា​​​ពល​​​រដ្ឋ​​​ដែល​​​បាន​​​ជួប​​​ការ​​​លំបាក​​​ក្នុង​​​ពេល​​​កន្លង​​​មក ហើយ​​​ខ្ញុំក៏សូមថ្លែង​​​អំណរគុណ​​​ដល់​​​សប្បុរសជន​​​ទាំង​​​អស់​​​ដែល​​​ជួប​​​ជុំគ្នា​​​ជារៀង​​​រាល់ឆ្នាំ​​​នៅ​​​ថ្ងៃ​​​៨ ឧសភា​ ដើម្បីធ្វើការ​​​បរិច្ចាគ​​​ ពីព្រោះការ​​​បរិច្ចាគ​​​របស់​​​អស់​​​លោក​​​ធ្វើ​​​ឲ្យកាក​​​បាទក្រហម​​​កម្ពុជា​​​មាន​​​លទ្ធភាព​​​ធ្វើផែន​​​ការ​​​ និង​​​អនុវត្ត​​​សកម្មភាព​​​របស់​​​ខ្លួន​​​”។

កាលពី​​​ឆ្នាំមុន ការ​​​បរិច្ចាគ​​​របស់​​​សប្បុរសជន​​​ដល់​​​កាកបាទ​​​ក្រហម​​​កម្ពុជា​​​បាន​​​កើន​​​ឡើង​​​បួន​​​លាន​​​ដុល្លារ​​​ បើប្រៀបធៀប​​​ទៅនឹង​​​ឆ្នាំ​​​២០១២ ដែល​​​បណ្ដា​​​អ្នក​​​រិះគន់​​​ចាត់​​​ទុក​​​ជាភ័ស្តុតាង​​​បង្ហាញ​​​ឲ្យ​​​ឃើញ​​​ពីការ​​​ព្យាយាម​​​របស់​​​អ្នក​​​បរិច្ចាគ​​​ ដើម្បីយកចិត្ត​​​យក​​​ថ្លើម​​​រដ្ឋាភិបាល​​​នៅមុន​​​ការ​​​បោះ​​​ឆ្នោត​​​ជាតិ​​​កាលពីខែកក្កដា។

ប៉ុន្តែ​​​នៅ​​​ឆ្នាំនេះ អ្នក​​​រៀបចំ​​​ពិធី​​​រៃអង្គាស​​​មូលនិធិមិន​​​បាន​​​ផ្សព្វផ្សាយ​​​ពី​​​ចំនួន​​​ប្រាក់​​​បរិច្ចាគ​​​របស់បុគ្គល​​​ម្នាក់ៗ​​​ទេ គឺខុស​​​គ្នា​​​នឹង​​​ឆ្នាំ២០១៣​​​ ដែល​​​មុខ​​​របស​​​់អ្នក​​​បរិច្ចាគធំៗ​​​ និង​​​ចំនួន​​​ប្រាក់បរិច្ចាគ​​​របស់​​​ពួកគេ​​​ត្រូវ​​​បាន​​​ផ្សាយ​​​តាមកញ្ចក់ទូរទស្សន៍​​​។

លោកស្រី ម៉ែន នារីសុភ័គ អ្នក​​​នាំពាក្យ​​​កាក​​​បាទក្រហម​​​កម្ពុជា​​​ បាន​​​មាន​​​ប្រសាសន៍​​​បន្ទាប់​​​ពី​​ព្រឹត្តិការណ៍​​​នេះ​​​ថា មូលនិធិ​​​នៅ​​​ឆ្នាំនេះ​​​រៃ​​​អង្គាស​​​បាន​​​១៤​​.៣៦០.៩៩៧​​​ដុល្លារ​ពោល​​​គឺ​​​ច្រើន​​​ជាង​​​ឆ្នាំមុន​​​។  លោកស្រី​​​មាន​​​ប្រសាសន៍​​​ថា លោកស្រីគ្មាន​​​ព័ត៌មាន​​​ស្ដីពី​​​ការ​​​បរិច្ចាគ​​​របស់​​​បុគ្គល​​​ម្នាក់​​​ៗ​​​ទេ ប៉ុន្តែ​​​លោកស្រីបា​ន​​​លើក​​​ឡើង​​​ថា “សប្បុរសជន​​​ និង​​​មន្ត្រីរដ្ឋាភិបាល​​​បាន​​​បរិច្ចាគ​​​ចាប់​​​ពី​​​១០​​​ដុល្លារ ដល់​​​១០​​​ម៉ឺន​​​ដុល្លារ ឬ២០ម៉ឺន​​​ដុល្លារ​​​សម្រាប់​​​កាក​​​បាទ​​​ក្រហម​​​កម្ពុជា​​​”។

កាលពី​​​ឆ្នាំ​​​មុន មន្ត្រី​​​រដ្ឋាភិបាល​​​ដែល​​​បរិច្ចាគ​​​ប្រាក់​​​ច្រើន​​​ជាង​​​គេ គឺ​លោក ​កែប ​ជុតិមា ​អតីតអភិបាល​​​រាជធានីភ្នំពេញ ដែល​​​បាន​​​បរិច្ចាគ​​​ប្រាក់​​​រហូត​​​ដល់​​​៣០​​​ម៉ឺន​​​ដុល្លារ។ លោក​​​ ឡុង ឌីម៉ង់ អ្នកនាំពាក្យ​​​សាលារាជធានី​​​ភ្នំពេញ បាន​​​សរសេរ​​​នៅលើទំព័រហ្វេស​​​ប៊ុក​​​របស់លោក​​​កាល​​​ពីម្សិលមិញ​​​ថា សាលា​​​រាជធានី​​​បាន​​​សន្យា​​​បរិច្ចាគ​​​ប្រាក់​​​៣០​​​ម៉ឺន​​​ដុល្លារ​​​ ប៉ុន្តែ​​​មិន​​​បាន​​​លាត​​​ត្រដាង​​​ពីការ​​​បរិច្ចាគ​​​ផ្ទាល់​​​ខ្លួន​​​របស់​​​លោក បា៉ សុជាតិវង្ស ​​​អភិបាល​​​រាជធានីភ្នំពេញ នាពេល​​​បច្ចុប្បន្ន​​​ទេ​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា មូលនិធិ៣០​​​ម៉ឺន​​​ដុល្លារ​​​ត្រូ​​​វបាន​​​រៃអង្គាស​​​តាម​​​រយៈ​​​ការ​​​លក់​​​លេខ​​​យាន​​​យន្ត​​​។

លោក ហ៊ុន ណេង បង​​​ប្រុស​​​បង្កើត​​​របស់​​​លោក ហ៊ុន សែន និង​​​ជា​​​តំណាង​​​រាស្ត្រ​​​មណ្ឌល​​​កំពង់ចាម បាន​​​មាន​​​ប្រសាសន៍​​​ថា លោ​​​ក​​​មិន​​​ស្រួល​​​ខ្លួន​​​ ហើយ​​​មិន​​​អាច​​​ចូលរួម​​​ក្នុង​​​ពិធី​​​នេះ​​​បាន​​​ទេ ប៉ុន្តែ​​​លោក​​​បាន​​​បរិច្ចាគ​​​១ម៉ឺន​​​ដុល្លារ​​​ដល់​​​កាក​​​បាទក្រហម​​​កម្ពុជា ដូច​​​កាលពីឆ្នាំ​​​មុន​​​ដែរ។លោក​​​បានមាន​​​ប្រសាសន៍​​​ថា ” ខ្ញុំ​​​គិត​​​ថា ការ​​​ចូលរួម​​​បរិច្ចាគ​​​ដល់​​​កាក​​​បាទក្រហម​​​កម្ពុជា អាច​​​ជួយ​​​ដល់​​​ជន​​​រងគ្រោះ​​​ដែល​​​ជួប​​​​​​គ្រោះ​​​មហន្តរាយ​​​បាន”។

ប្រព័ន្ធផ្សព្វផ្សាយ​​​រដ្ឋ​​​របស់​​​ចិន​​​ក៏បាន​​​ធ្វើ​​​សេចក្ដីរាយការណ៍​​​ដែរ​​​ថា លោក​​​ស្រី ពូ ជៀន​​​គ័រ (Bu Jianguo) ឯកអគ្គរដ្ឋទូត​​​ចិន​​​ប្រចាំកម្ពុជា​​​ បាន​​​បរិច្ចាគ​​​១ម៉ឺន​​​ដុល្លារ​​​ដល់​​​កាក​​​បាទ​ក្រហម​​​កម្ពុជា​​​ដូច​​​កាលពីឆ្នាំមុនដែរ​​​។  អំឡុង​​​សុន្ទរកថា​​​របស់លោកស្រី លោកស្រី ប៊ុនរ៉ានី បាន​​​មាន​​​ប្រសាសន៍​​​ថា ការ​​​សន្យា​​​របស់​​​កាកបាទ​ក្រហម​​​កម្ពុជា​​​ជួយ​​​ដល់​​​មន្ទីរ​​​ពេទ្យ​​​គន្ធបុប្ផា​​​១លាន​​​ដុល្លារ​​​ក្នុង​​​មួយ​​​ឆ្នាំ​​​ គឺ​​​នៅតែ​​​បន្ត​​​មិន​​​ផ្លាស់​​​ប្ដូរ៕ សុខុម​​​​​​​​​​​​​​​​​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស