34 C
Phnom Penh

ល្បិច​គេច​ខ្លួន​របស់​​​មេដឹក​នាំ​សហ​ជីព​​​វ័យ​​​ក្មេង​ម្នាក់​​​ ប្រែ​ប្រួល​តាម​កាលៈ​ទេសៈ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ចំពោះលោក សៀង រិទ្ធី​​​​​​ វ័យ​​​ ២៧ ​​​ឆ្នាំជាប្រធាន​​​សហព័ន្ធ​​​សហជីព​​​សាមគ្គីភាព​​​ការងារ​​​កម្ពុជា ​​​​​​ការ​​​រត់​​​គេច​​​ពី​​​ការ​​​ចាប់​​​ខ្លួន​​​គឺជារឿងធម្មតាមួយ។

លោក សៀង រិទ្ធី​​​​​​ បាន​​​លើក​​​ឡើង​​​បន្តទៀតនៅ​​​ក្នុង​​​បទ​​​សម្ភាស​​​​មួយ​​​ក្នុង​​​បរិវេណ​​​វត្ត​​​ឧណ្ណាលោម ​​​រាជធានីភ្នំពេញ​​​ កាលពីម្សិលមិញថា យើង​​​គ្រាន់​​​តែ​​​បើក​​​បរ​​​ជុំវិញ​​​ក្រុង​​​ដើម្បី​​​កុំឲ្យ​​​អាជ្ញាធរ​​​ចាប់​​​អារម្មណ៍ ហើយ​​​ពួកយើង​​​បន្ត​​​ផ្លាស់​​​ប្ដូរ​​​ផ្ទះ​​​សំណាក់​​​ក្នុង​​​ក្រុង​​​ និងនៅ​​​ជាយ​​​ក្រុង​​។ ពេលខ្លះ ​​​ខ្ញុំក៏បិទ​​​ទូរស័ព្ទ​​​របស់​​​ខ្ញុំដែរ ​​​ពីព្រោះ​​​ខ្ញុំ​​ខ្លា​​​ច​​​ពួកគេ​​​តាម​​​ដាន​​​ពួក​​​យើង​​​តាម​​​បណ្ដាញ​​​ស្រុីជី

​​​បច្ចុប្បន្ន មេដឹកនាំ​​​សហជីព​​​រូប​​​នេះ​​​ និង​​​ប្រពន្ធ​​​របស់​​​លោក​​​​​​កំពុង​​​​​​​​បើក​​​​​​រថយន្ត​​​តូយ៉ូតា​​​កូរ៉ូឡា ពណ៌បៃតង​​​របស់​​​ខ្លួន​​​ដើម្បីគេច​​​ខ្លួន​​​ បន្ទាប់ពី​​​លោក​​​ និង​​​មន្ត្រីសហជីព​​​ប្រាំមួយនាក់​​​ទៀត​​​ត្រូវ​​​បាន​​​តុលាការ​​​ចោទ​​​ប្រកាន់ពី​​​បទ​​​ញុះញង់​​​កម្មករ​​​កាត់ដេរ​​​បិទ​​​ផ្លូវ​​​ខាង​​​មុខ​​​រោងចក្រ​​​ស្បែក​​​ជើង​​​វីង​​​ស្តា ក្នុង​​​ខេត្ត​​​កំពង់​​​ស្ពឺ កាលពីព្រឹក​​​ថ្ងៃអង្គារ។

លោក​​​មាន​​​ប្រសាសន៍​​​ថា មនុស្ស​​​ប្រាំមួយ​​​នាក់​​​ផ្សេង​​​ទៀត​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​ ខណៈពេល​​​ពួកគេ​​​កំពុង​​​ធ្វើ​​​ដំណើរ​​​តាម​​​រថយន្ត​​​ពីរគ្រឿង​​​បំពាក់​​​ដោយ​​​ឧគ្ឃោសនសព្ទ​​​ឆ្ពោះ​​​ទៅ​​​រោង​​​ចក្រ​​​វីង​​​ស្តា កន្លែង​​​ដែល​​​មាន​​​ហេតុការណ៍​​​បាក់​​​រលំអគារ​​​បណ្ដាល​​​ឲ្យមាន​​​មនុស្ស​​​ស្លាប់​​​កាលពី​​​ឆ្នាំមុន​​​។

សាលាដំបូង​​​ខេត្ត​​​កំពង់ស្ពឺ បាន​​​ចោទ​​​ប្រកាន់​​​មនុស្ស​​​ទាំង​​​ប្រាំមួយនាក់​​​នេះកាលពីថ្ងៃ​​​អង្គារ ប៉ុន្តែ​​​នគរ​​​បាល​​​មិនបាន​​​ចាប់​​​ខ្លួន​​​លោក សៀង រិទ្ធី ដែល​​​លើក​​​ឡើង​​​ថា លោក​​​មាន​​​គម្រោង​​​បិទ​​​ផ្លូវ​​​ជាតិ​​​ អំឡុង​​​​​​កូដ​​​កម្ម​​​នេះ​​​ដោយ​​​ការ​​​ដុត​​​កង់​​​រថយន្ត​​​នោះ​​​ទេ ដោយសារ​​​តែ​​​​​គាត់​​​ចាក​​​ចេញពី​​​ផ្ទះ​​​យឺត​​​យ៉ាវ​​​​។

អ្នកស្រី សែម ឡា អាយុ​​​២៦​​​ឆ្នាំ ជា​​​ភរិយា​​​របស់​​​លោក សៀង រិទ្ធី និយាយ​​​ថា នៅថ្ងៃ​​​ណាមួយ​​​ប្ដី​​​របស់​​​ខ្ញុំមុខ​​​ជា​​​ត្រូវ​​​អាជ្ញាធរ​​​ចាប់​​​ខ្លួន​​​បាន​​​មិន​​​ខាន​​​” ខណៈ​​​ពេល​​​ដែលលោក សៀង រិទ្ធី សម្លឹង​​​​មើល​​​ទូរស័ព្ទ​​​ iPhone 5s ពណ៌ទឹក​​​​​​ប្រាក់​​​របស់​​​លោក​​​។ 

អ្នកស្រីនិយាយ​​​ថា អ្នកស្រី​​​បាន​​​តាម​​​ដាន​​​ជាប់នូវ​​​សវនាការ​​​ពន្យារ​​​ពេល​​​ពីរ​​​លើក​​​ក្នុង​​​ការ​​​ជំនុំជម្រះ​​​អ្នក​​​តវ៉ា​​​ និង​​​មេដឹកនាំ​​​សហជីព​​​ ដែល​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​ក្នុង​​​ពេល​​​បង្ក្រាប​​​កូដកម្ម​​​កាល​​​ពីខែ​​​មករា។ 

អ្នកស្រី​​​បាន​​​និយាយ​​​ទៀតថា ខ្ញុំបារម្ភថា គាត់​​​នឹង​​​មាន​​​វាសនា​​​ដូច​​​មនុស្ស​​​ទាំង​​​២៣​​​នាក់​​​ ដែល​​​សំណុំរឿងរបស់ពួកគេ​​​គ្មាន​​​ដំណោះស្រាយ និង​​​ចេះតែ​​​ពន្យារ​​​ពេល​​​ ហើយពេល​​​នោះ​​​យើង​​​មិនដឹង​​​ថា គាត់​​​នឹង​​​ត្រូវ​​​ជាប់​​​ពន្ធនាគារ​​​យូរ​​​ប៉ុណ្ណាទេ ។ ការ​​​និយាយ​​​បែប​​​នេះ​​​បាន​​​ធ្វើ​​​ឲ្យលោក​​​ សៀង រិទ្ធី ផ្ទុះសំណើច​​​។ 

លោក គឹម សុផាន់​​​ណារ៉ា ​អធិការស្រុក​​​គង​​​ពិសី បាន​​​បញ្ជាក់​​​កាលពី​​​ម្សិលមិញ​​​ថា ពេល​​​នេះ​​​ នគរ​​​បាល​​​កំពុង​​​តាម​​​ចាប់​​​ខ្លួន​​​មេដឹកនាំសហជីព​​​រូប​​​នេះ​​​ ដើម្បីឃុំខ្លួន​​​បណ្ដោះ​​​អាសន្ន។​​​​ លោក​​​មាន​​​ប្រសាសន៍​​​ថា យើង​​​កំពុង​​​តាម​​​ស្វែង​​​រក​​​ សៀង រិទ្ធី

លោក សៀង រិទ្ធី​​​ មាន​​​ប្រសាសន៍​​​ថា លោក​​​បាន​​​ចូល​​​ប្រឡូក​​​ក្នុង​​​ការ​​​ងារ​​​ជា​​​សកម្មជន​​​ក្នុង​​​ឆ្នាំ​​​២០១០​​​ កាល​​​លោក​​​ជា​​​និស្សិត​​​សិក្សា​​​នៅ​​​សាកលវិទ្យាល័យ​​​ភូមិន្ទ​​​នីតិសាស្ត្រ និង​​​វិទ្យា​​​សាស្ត្រសេដ្ឋកិច្ច ដោយលោក​​​បាន​​​ស្ម័គ្រ​​​ចិត្ត​​​ធ្វើការ​​​នៅ​​​សមាគម​​​គ្រូបង្រៀន​​​កម្ពុជា​​​ឯករាជ្យ។

លោក​​​បានមាន​​​ប្រសាសន៍​​​ថា យើង​​​បាន​​​ដឹង​​​ពីការ​​​លំបាក​​​របស់​​​កម្មករ និង​​​លក្ខខណ្ឌ​​​ការ​​​ងារ​​​របស់​​​ពួកគេ​​​ និង​​​ចំណុច​​​ខ្សោយ​​​របស់​​​សហជីព​​​មួយចំនួន​​​ទៀត​​​

កាលពីខែមេសា ឆ្នាំ​​​២០១១​​​ លោក សៀង រិទ្ធី និងមនុស្ស​​​មួយ​​​ចំនួនទៀត​​​នៅ​​​ក្នុង​​​សមាគមនេះ​​​ បាន​​​បង្កើត​​​សហជីព​​​ថ្មីមួយ​​​ឈ្មោះ​​​ថា សហព័ន្ធសហជីព​​​សាមគ្គីភាព​​​ការងារ​​​កម្ពុជា។ 

លោក សៀង រិទ្ធី​​​ បាន​​​ពន្យល់​​​ថា ពេល​​​នោះ យើង​​​រវល់​​​ខ្លាំង​​​ណាស់​​​ជាមួយ​​​នឹង​​​ការ​​​​​​ធ្វើ​​​កូដកម្ម និង​​​បាតុកម្ម ពោលគឺ​​​រៀង​​​រាល​​​់​​​ខែ​​​ និង​​​រាល់​​​​​​សប្ដាហ៍ចាប់​​​តាំង​​​ពី​​​ពួក​​​យើង​​​បាន​​​ព្យាយាម​​​ជួយ​​​កម្មករ​​​មក​​​។ លោក​​​បាន​​​អះអាង​​​ថា ពេល​​​នេះ​​​ សហជីព​​​របស់​​​លោក​​​មាន​​​សមាជិក​​​ចំនួន​​​៥០.០០០​​​នាក់​​​នៅ​​​តាម​​​រោងចក្រ​​​ចំនួន​​​២០។ 

យោងតាម​​​លោក សៀង រិទ្ធី បាន​​​ឲ្យដឹង​​​ថា សមាជិក​​​ម្នាក់​​​ៗ​​​ត្រូវ​​​បង់​​​៥០​​​សេនដុល្លារ ឲ្យ​​​សហជីព​​​នេះ​​​ក្នុង​​​មួយខែៗ​​​ ដើម្បីជួយ​​​ដល់​​​សកម្មភាព​​​របស់ខ្លួន​​​ និង​​​ដើម្បី​​​ឲ្យ​​​សហជីព​​​នេះ​​​មាន​​​លទ្ធភាព​​​អាច​​​កោះ​​​ហៅ​​​មេដឹកនាំសហជីព​​​​​​ផ្សេង​​​ទៀត​​​ឲ្យ​​​ចូល​​​រួ​ម​​​គាំទ្រ​​​ក្នុង​​​កូដកម្ម។ 

លោក សៀង រិទ្ធី បាន​​​លើក​​​ឡើង​​​ដោយ​​​មាន​​​មោទនភាព​​​ថា ពេល​​​នេះ​​​សហជីព​​​ទាំង​​​អស់នៅតាម​​​​រោងចក្រនីមួយៗ ​​​សុទ្ធតែមាន​​​បទ​​​ពិសោធន៍​​​ធ្វើកូដកម្ម ដូចជា​​​ដុតកង់ឡាន និង​​​បិទ​​​ផ្លូវ​​​ជា​​​ដើម​​​

លោក​​​បាន​​​អះអាង​​​ថា កាលពីព្រឹក​​​ថ្ងៃអង្គារ កម្មករ​​​រោងចក្រ​​​វីង​​​ស្តា បាន​​​សុំឲ្យ​​​សហជីព​​​របស់លោកជួយ ​​​បន្ទាប់ពី​​​សហជីព​​​សេរីកម្មករ ដែល​​​ធ្លាប់​​​បាន​​​ដឹកនាំ​​​កូដកម្ម​​​មុនៗ កាលពីចុង​​​ខែ​​​មេសា បាន​​​លុប​​​ចោល​​​កូដកម្ម ដោយសារ​​​ប្រឈម​​​នឹង​​​ដីកា​​​របស់​​​តុលាការ​​​ និង​​​ការ​​​គំរាម​​​ធ្វើ​​​មហាកូដកម្ម​​​បាន​​​បញ្ឈប់​​​។ 

លោក សៀង រិទ្ធី​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា សហជីព​​​របស់​​​លោក​​​ដែល​​​ល្បី​​​ខាង​​​តស៊ូមតិ​​​ដ៏ខ្លាំង​​​ក្លា​​​សម្រាប់​​​កម្មករ​​​កាត់​​​ដេរ ប៉ុន្តែ​​​ដែល​​​គ្មាន​​​សមាជិកណា​​​ម្នាក់​​​របស់​​​ខ្លួន​​​នៅ​​​រោងចក្រ​​​វីងស្តានោះ គឺ​​​ជា​​​ជម្រើស​​​ដ៏ល្អ​​​សម្រាប់​​​កម្មករ​​​ដែល​​​សហជីព​​​របស់​​​ពួកគេ​​​មិនសូវ​​​ហ៊ាន​​​ធ្វើ​​​សកម្មភាព​​​តវ៉ា។ 

លោក​​​បាន​​​បន្តទៀត​​​ថា ” នៅពេល​​​យើង​​​ធ្វើការ​​​នៅ​​​ក្នុង​​​វិស័យ​​​នេះ យើង​​​ដឹង​​​ពីជោគ​​​វាសនា​​​របស់​​ខ្លួនទៅហើយ​​​។ នៅថ្ងៃណាមួយ ​​​​​​យើង​​​នឹង​​​ត្រូវ​​​ជាប់​​​ពន្ធនាគារ​​​ ឬត្រូវ​​​ចាប់​​​ខ្លួន​​​ ហើយពេល​​​នោះ​​​យើង​​​នឹង​​​ត្រូវ​​​តស៊ូតាម​​​ផ្លូវ​​​ច្បាប់​​​៕ សុខុម​​​​​​​​​​​​​​​​​​​​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស