37 C
Phnom Penh

ស្លាក​​​លេខ​​​​​ខេមរភូមិន្ទ ​​​គេ​​​នៅ​​​តែ​​​ឃើញ​​​មាន​​​គ្រប់​​​កន្លែង​​​ទោះ​​​បី​​​ជា​​​ហាម​​​មិន​​​ឲ្យ​​​ប្រើ​​​​​​ក៏​​​ដោយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅ​​​ពេល​​​ច្បាប់​​​ចរាចរណ៍​​​ត្រូវ​​​បាន​​​អនុម័ត​​​នៅ​​​ក្នុង​​​​​​ឆ្នាំ​​​២០០៧ ច្បាប់​​​នេះ​​​បាន​​​តម្រូវ​​​ឲ្យ​​​ដោះ​​​​​​ស្លាកលេខ​​​ខេមរភូមិន្ទ​​​ចេញ​​​ពី​​​យាន​​​យន្ត​​​ឯកជន​​​ ដែល​​​រត់​​​នៅ​​​លើ​​​ផ្លូវ​​​ថ្នល់​​​ ហើយ​​​ផ្លាស់​​​ប្ដូរ​​​មក​​​ប្រើ​​​ស្លាកលេខ​​​ស៊ីវិល​​​វិញ​​​ក្នុង​​​រយៈ​​​ពេល​​​មួយ​​​ឆ្នាំ។ KKKcam-photo-front-inset2no

ប៉ុន្តែ​​​រយៈ​​​ពេល​​​ជាង​​​៦​​​ឆ្នាំ​​​បន្ទាប់​​​ពី​​​ឱសានវាទ​​​នេះ​​​ គេ​​​នៅ​​​តែ​​​មើល​​​ឃើញ​​​រថយន្ត​​​ទំនើបៗ​​​ពាក់​​​ស្លាកលេខ​​ពណ៌​​​ក្រហម​​​ខៀវ​​​នេះ​​​ដដែល​​​។ នៅ​​​សប្ដាហ៍​​​នេះ​​​គេ​​​ឃើញ​​​រថយន្ត​​​ស៊េរី​​​ផ្សេងៗ​​​គ្នា​​​ និង​​​ទំហំ​​​ផ្សេងៗ​​​គ្នា​​​រាប់​​​សិប​​​គ្រឿង​​​ ដែល​​​ពាក់​​​ស្លាក​​​លេខ​​​ខេមរភូមិន្ទ​​​ រត់​​​តាម​​​ផ្លូវ​​​នានា​​​ក្នុង​​​រាជធានី​​​ភ្នំពេញ​​​ ឬ​​​ចត​​​នៅ​​​ក្បែរ​​ហាង​​​​​​និង​​​ភោជនីយដ្ឋាន​​​ ទោះ​​​បី​​​ជា​​​ច្បាប់​​​ចែង​​​ថា រថយន្ត​​​ប្រើប្រាស់​​​សម្រាប់​​​តែ​​​យោធា​​​ត្រូវ​​​បាញ់​​​ពណ៌​​​ត្រេអីុ​​​របស់​​​កង​​​ទ័ព​​​ និង​​​មាន​​​ស្លាក​​​សញ្ញា​​​ទីបញ្ជាការ​​​ក៏​​​ដោយ​​​។

នៅ​​​តាម​​​បណ្ដោយ​​​មហាវិថី​​​ព្រះសីហនុ​​​កាល​​​ពី​​​ថ្ងៃ​​​ពុធ​​​ អ្នក​​​បើក​​​បរ​​​រថយន្ត​​​លុច​​​សិុស​​​៥៧០​​​ម្នាក់​​​ ដែល​​​បាន​​​ចត​​​រថយន្ត​​​ទំនើប​​​នេះ​​​នៅ​​​ខាង​​​ក្រៅ​​​បណ្ណាគារ​​​អន្តរជាតិ​​​ បាន​​​និយាយ​​​ដោយ​​​សុំ​​​មិន​​​បញ្ចេញ​​​ឈ្មោះ​​​ថា គាត់​​​ជា​​​អ្នក​​​បើក​​​បរ​​​​​​ឲ្យ​​ចៅហ្វាយ​​​របស់​​​គាត់​​​ដែល​​​ជា​​​ម្ចាស់​​​រថយន្ត​​​នេះ​​​។ គាត់​​​និយាយ​​​ថា “ចៅហ្វាយ​​​របស់​​​ខ្ញុំ​​​ប្រើ​​​ស្លាកលេខ​​​នេះ​​​យូរ​​​ហើយ​​​ ប៉ុន្តែ​​​គាត់​​​ជា​​​មេបញ្ជាការ​​​កង​​​ទ័ព​​​ ហេតុអ្វី​​​បាន​​​ជា​​​គាត់​​​ប្រើ​​​ស្លាកលេខ​​​កង​​​ទ័ព​​​​​សម្រាប់​​​រថយន្ត​​​របស់​​​គាត់​​​មិន​​​បាន​​​?”។

ឧត្តមសេនីយ៍​​​ ចៅ​​​ ភិរុណ អគ្គនាយក​នៃ​អគ្គនាយក​ដា្ឋ​ន​សម្ភារ​​បច្ចេកទេស​​​នៃ​​​ក្រសួង​ការ​ពារជាតិ បានមាន​​​ប្រសាសន៍​​​ថា ​​​ក្រសួង​​​នៅ​​​តែ​​​បន្ត​​​ចេញ​​​ស្លាកលេខ​​​ខេមរភូមិន្ទ​​​សម្រាប់​​រថយន្ត​​​​​​ប្រើប្រាស់​​​ផ្ទាល់​​​ខ្លួន​​​របស់​​​មន្ត្រី​​​យោធា​​​។

លោក​​​បានមាន​​​ប្រសាសន៍​​​ថា ជា​​​ការ​​​ពិត​​​ មន្ត្រី​​​យោធា​​​ដែល​​​មាន​​​លទ្ធភាព​​​ទិញ​​​រថយន្ត​​​ផ្ទាល់ខ្លួន​​​ គឺ​​​ពិត​​​ជា​​​ជួយ​​​ដល់​​​កង​​​យោធពលខេមរភូមិន្ទ​​​ ពីព្រោះ​​​យោធា​​​គ្មាន​​​លទ្ធភាព​​​ទិញ​​​រថយន្ត​​​ឲ្យ​​​គ្រប់​​​ៗគ្នា​​​នោះ​​​ទេ។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​ចេញ​​​ស្លាក​​​លេខ​​​ខេមរភូមិន្ទ​​​ឲ្យ​​​មន្ត្រី​​​យោធា​​​សម្រាប់​​​ប្រើប្រាស់​​​ផ្ទាល់​​​ខ្លួន​​​ ពីព្រោះ​​​រដ្ឋ​​​គ្មាន​​​ថវិកា​​​ទិញ​​​រថយន្ត​​​ឲ្យ​​​បាន​​​គ្រប់​​​គ្រាន់​​​ទេ​​​ ដូច្នេះ​​​រដ្ឋ​​​ពឹង​​​ផ្អែក​​​លើ​​​មន្ត្រី​​​យោធា ដែល​​​មាន​​​លទ្ធភាព​​​ទិញ​​​រថយន្ត​​​”។ លោក​​​បាន​​​លើក​​​ឡើង​​​ទៀត​​​ថា លោក​​​មិន​​​ចាំ​​​ពី​​​ចំនួន​​​ស្លាក​​​លេខ​​​ខេមរភូមិន្ទ​​​ដែល​​​ប្រើប្រាស់​​​នៅ​​​ពេល​​​បច្ចុប្បន្ន​​​ទេ។ ទោះ​​​ជាយ៉ាង​​​ណា​​​ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ចំនួន​​​រថយន្ត​​​ស៊ីវិល​​​ដែល​​​ពាក់​​​ស្លាក​​​លេខ​​​ខេមរភូមិន្ទ​​​ទំនង​​​ជា​​​បាន​​​ធ្លាក់​​​ចុះ​​​ក្នុង​​​រយៈ​​​ពេល​​​ប្រាំមួយ​​​ឆ្នាំ​​​មក​​​នេះ​​​​​​។

លោក​​​មាន​​​ប្រសាសន៍​​​ថា “ពេល​​​នេះ​​​ឧកញ៉ា​​​ហាក់​​​ដូចជា​​​មិន​​​សូវ​​​ប្រើប្រាស់​​​ស្លាកលេខ​​​នេះ​​​ច្រើន​​​ដូច​​​​​កាល​​​ពី​​​មុន​​​ទេ​​​ ពីព្រោះ​​​កង​​​រាជអាវុធ​​​ហត្ថ​​​ នឹង​​​ត្រួតពិនិត្យ​​​ ហើយ​​​ស្លាក​​​លេខ​​​ខេមរភូមិន្ទ​​​នឹង​​​ត្រូវ​​​ដោះ​​​​​​ចេញ​​​ ប្រសិន​​​បើ​​​ស្លាក​​​លេខ​​​ទាំង​​​នោះ​​​ក្លែង​​​ក្លាយ​​​”។

ខណៈ​​​ដែល​​​មិន​​​ទាន់​​​មាន​​​ការ​​​ធ្វើ​​​វិសោធនកម្ម​​​ច្បាប់​​​នេះ​​​នៅ​​​ឡើយ​​​នោះ​​​ ឧត្តម​​​សេនីយ៍​​​ត្រី​​​ ខេង​​​ ទីតូ​​​ អ្នក​​​នាំពាក្យ​​​កង​​​រាជអាវុធ​​​ហត្ថ​​​លើេ​​​ផ្ទៃ​​​ប្រទេស​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា ពេល​​​នេះ​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​មិន​​​បាន​​​អនុវត្ត​​ច្បាប់​​​នេះ​​​ទេ​​​ ដោយ​​​សារ​​​តែ​​​បញ្ហា​​​សន្ដិសុខ​​​ពាក់ព័ន្ធ​​​នឹង​​​​​​ស្ថានភាព​​​ជាប់​​​គាំង​​​ផ្នែក​​​នយោបាយ​​​នាពេល​​​បច្ចុប្បន្ន​​​។

លោក​​​បានមាន​​​ប្រសាសន៍​​​ថា “ស្លាកលេខ​​​ខេមរភូមិន្ទ​​​មិន​​​មែន​​​ធ្វើ​​​សម្រាប់​​​ប្រើប្រាស់​​​ជា​​​សាធារណៈ​​​និង​​​សម្រាប់​​​​​​ប្រយោជន៍​​​​​​កូនៗ​​​របស់​​​ឧកញ៉ា​​​នោះ​​​ទេ​​​។ វា​​​ជា​​​បញ្ហា​​​ធ្ងន់​​​ធ្ងរ​​​មួយ​​​ដែល​​​បុគ្គល​​​មួយ​​​ចំនួន​​​​​​មាន​​​អត្តចរិត​​​ច្រឡោងខាម​​​​​​ប្រើប្រាស់​​​ស្លាកលេខ​​​ខេមរភូមិន្ទ​​​លើ​​​រថយន្ត​​​របស់​​​ពួក​​​គេ​​​ ហើយ​​​បើក​​​បរ​​​ក្នុង​​​ល្បឿន​​​យ៉ាង​​​លឿន​​​ហាក់​​​ដូចជា​​​ផ្លូវ​​​ថ្នល់​​​ទាំង​​​នោះ​​​កសាង​​​ដោយ​​​ឪពុក​​​ម្ដាយ​​​របស់​​​ពួក​​​គេ​​​សម្រាប់​​​ឲ្យ​​​តែ​​​ពួក​​​គេ​​​បើក​​​បរ​​​អ៊ីចឹង​​​”។

លោក​​​បាន​​​ចោទ​​​សួរ​​​ថា “ប៉ុន្តែ​​​យើង​​​មមាញឹក​​ណាស់​​​​ក្នុង​​​ការ​​​ការពារ​​​សន្ដិសុខ​​​ជាតិ​​​ ខណៈ​​​ពេល​​​កំពុង​​​មាន​​​វិបត្តិ​​​នយោបាយ​​​បន្ទាប់ពី​​​ការ​​​បោះឆ្នោត​​​ជាតិ​​​ ដូច្នេះ​​​តើ​​​យើង​​​ម៉េច​​​នឹង​​​អាច​​​គិត​​​ពី​​​បញ្ហា​​​នោះ​​​បាន​​​ទៅ​​​?”។

លោក​​​ ខេង​​​ ទីតូ បាន​​​មាន​​​ប្រសាសន៍​​​ទៀត​​​ថា នៅ​​​ពេល​​​ស្ថានភាព​​​ជាប់​​​គាំង​​​ផ្នែក​​​នយោ​​​បាយ​​​នាពេល​​​បច្ចុប្បន្ន​​​ត្រូវ​​​បាន​​​ដោះស្រាយ​​​រួច​​​រាល់​​​ កង​​​រាជអាវុធ​​​ហត្ថ​​​នឹង​​​ចាប់​​​ផ្ដើម​​​អនុវត្ត​​​ច្បាប់​​​ស្លាកលេខ​​​នេះ​​​​​​។

​​​រថយន្ត​​​ Mitsubishi Carol ធុន​​​តូច​​​មួយ​​​គ្រឿង​​​ដែល​​​ចត​​​នៅ​​​តាម​​​បណ្ដោយ​​​មហាវិថី​​​ព្រះ​​​សីហនុ​​​កាល​​​ពី​​​ថ្ងៃ​​​ពុធ​​​ មាន​​​ពាក់​​​ស្លាក​​​លេខ​​​ខេមរភូមិន្ទ​​​។

អ្នក​​​បើក​​​បរ​​​​​​រថយន្ត​​​នេះ​​​​​​ឈ្មោះ​​​ កេត ពិគា អាយុ​​​៣៥​​​ឆ្នាំ​​​ ដែល​​​ជា​​​ទាហាន​​​មក​​​ពី​​​កង​​កិត្តិយស​​​ត្រែទ័ព​​​និង​​​​​​ជា​​​អ្នក​​​បើក​​​បរ​​​ផ្ទាល់​​​ឲ្យ​​​ឧត្តម​​​សេនីយ៍​​​ផ្កាយ​​​ពីរ​​​មួយ​​​រូប​​​ដែល​​​គាត់​​​មិន​​​បញ្ជាក់​​​អត្ត​​​សញ្ញាណ​​​និយាយ​​​ថា រថយន្ត​​​នេះ​​​ត្រូវ​​​បាន​​​ចុះ​​​បញ្ជី​​​ត្រឹម​​​ត្រូវ​​​។ គាត់​​​និយាយ​​​ថា “ក្រសួង​​​បាន​​​ឲ្យ​​​ [មេរបស់​​​ខ្ញុំ​​​] រថយន្ត​​​តូយ៉ូតាឡង់​​​គ្រីស័រ​​​មួយ​​​គ្រឿង​​​ ប៉ុន្តែ​​​គាត់​​​​​​បដិសេធ​​​មិន​​​ព្រម​​​ទទួល​​​យក​​​​​​ ពីព្រោះ​​​គាត់​​​ស្រឡាញ់​​​​​​កូន​​​ឡាន​​​”។ បុរស​​​នេះ​​​និយាយ​​​ទៀត​​​ថា ទោះ​​​បី​​​ជា​​​ឧត្តម​​​សេនីយ៍​​​ផ្កាយ​​​ពីរ​​​រូប​​​នេះ​​​មាន​​​រថយន្ត​​​​​​សរុប​​​ចំនួន​​​១៨​​​គ្រឿង​​​ក៏​​​ដោយ​​​ ក៏​​​មាន​​​តែ​​​រថយន្ត  Mitsubishi Carol នេះ​​​ប៉ុណ្ណោះ​​​ដែល​​​ពាក់​​​ស្លាកលេខ​​​ខេមរភូមិន្ទ​​​។

គាត់​​​និយាយ​​​ទៀត​​​ថា គាត់​​​ដឹង​​​ថា មិន​​​មែន​​​រថយន្ត​​​ទាំង​​​អស់​​​ដែល​​​​​​ពាក់​​​ស្លាកលេខ​​​ខេមរ​​​ភូមិន្ទ​​​សុទ្ធតែ​​​ស្រប​​​ច្បាប់​​​ឡើយ​​​​​​ ប៉ុន្តែ​​​គាត់​​​បាន​​​គូស​​​បញ្ជាក់​​​ថា ស្លាកលេខ​​​ទាំង​​​អស់​​​ត្រូវ​​​តែ​​​ចុះ​​​បញ្ជី​​​ត្រឹម​​​ត្រូវ​​​។ បុរស​​​រូប​​​នេះ​​​បាន​​​និយាយ​​​បន្ត​​​ថា “ប្រសិន​​​បើ​​​យើង​​​មិន​​​ធ្វើ​​​ការ​​​​​​នៅ​​​ក្រសួង​​​ទេ​​​ ហើយ​​​ទិញ​​​ឬ​​​ប្រើប្រាស់​​​ស្លាកលេខ​​​ខេមរភូមិន្ទ​​​ ពេល​​​នោះ​​​អ្នក​​​ដែល​​​ទទួល​​​បន្ទុក​​​ចេញ​​​ស្លាកលេខ​​​ខេមរភូមិន្ទ​​​ នឹង​​​ត្រូវ​​​ចាប់​​​ឲ្យ​​​ទទួល​​​ខុស​​​ត្រូវ​​​ នៅ​​​ពេល​​​មាន​​​បញ្ហា​​​ណា​​​មួយ​​​កើត​​​ឡើង​​​ [ដូចជា] លួច​​​ដឹក​​​ជញ្ជូន​​​ឈើ​​​គ្រញូង ឬថ្នាំ​​​ញៀន​​​ជា​​​ដើម​​​”។

កាល​​​ពី​​​ខែ​​​មុន​​​ បុរស​​​ជនជាតិ​​​ចិន​​​ម្នាក់​​​​​​ ដែល​​​បើក​​​បរ​​​រថយន្ត​​​ស៊េរី​​​ទំនើប​​មួយ​​​គ្រឿង​​​មាន​​​​​​ពាក់​​​ស្លាកលេខ​​​ខេមរភូមិន្ទ​​​​​​ បាន​​​បើក​​​បរ​​​ពេល​​​​​​ស្រវឹង​​​ ហើយ​​​បាន​​​ជ្រុល​​​ចង្កូត​​​ទៅ​​​បុក​​​រថយន្ត​​​ប្រមូល​​​សំរាម​​​ស៊ីនទ្រី​​​នៅ​​​ម៉ោង​​​៣​​​ទៀប​​​ភ្លឺ បណ្ដាល​​​ឲ្យ​​​កម្មករ​​​ប្រមូល​​​សំរាម​​​វ័យ​​​១៩​​​ឆ្នាំ​​​ម្នាក់​​​រង​​​របួស​​​ជា​​​ទម្ងន់​​​។ ទាំង​​​មន្ត្រី​​​នៅ​​​ក្រសួង​​​ការពារ​​​ជាតិ​​​ មន្ត្រី​​​នៅ​​​អគ្គ​​​ស្នង​​​ការ​​​ដ្ឋាន​​​នគរបាល​​​ជាតិ​​​និង​ផ្នែក​​​​​​​​នគរបាល​​​ចរាចរណ៍​​​ បាន​​​បដិសេធ​​​ម្ដង​​​ហើយ​​​ម្ដង​​​ទៀត​​​មិន​​​លាត​​​ត្រដាង​​​ថា រថយន្ត​​​បង្ក​​​ហេតុ​​​នេះ​​​ជា​​​កម្មសិទ្ធិ​​​​​​របស់​​​អ្នក​​​ណា​​​ ឬ​​​ហេតុអ្វី​​​បាន​​​ជា​​​ជន​​​ជាតិ​​​ចិន​​​ជា​​​អ្នក​​​បើក​​​បរ​​​វា​​​នោះ​​​ទេ​​​។

លោក​​​ ព្រាប កុល​​​ ប្រធាន​​​អង្គការ​​​តម្លាភាព​​​កម្ពុជា​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ការ​​​ហាម​​​ប្រាម​​​មិន​​​ឲ្យ​​​ប្រើប្រាស់​​​ស្លាកលេខ​​​ខេមរភូមិន្ទ​​​ផ្ទាល់ខ្លួន​​​ គឺ​​​គ្មាន​​​ប្រយោជន៍​​​ឡើយ​​​​​​ ប្រសិន​​​បើ​​​មិន​​​អនុវត្ត​​​ច្បាប់​​​ទេ​​​នោះ​​​។ លោក​​​មាន​​​ប្រសាសន៍​​​ថា “វា​​​ជា​​​ឧទាហរណ៍​​​មួយ​​​ទៀត​​​បង្ហាញ​​​ពី​​​ការ​​​បង្កើត​​​ច្បាប់​​ តែ​​​អនុវត្ត​​​ផ្ទុយ​​​ ដោយ​​​សារ​​​តែ​​​ខ្វះ​​​ការ​​​អនុវត្ត​​​ច្បាប់​​​ ជាពិសេស​​​ក្នុង​​​ចំណោម​​​មន្ត្រី​​​ជាន់​​​ខ្ពស់​​​ ហើយ​​​វា​​​បង្ហាញ​​ពី​​​ទម្រង់​​​នៃ​​​អំពើ​​​ពុក​​​រលួយ​​​ ដែល​​​ធ្វើ​​​ឲ្យ​​​បុគ្គល​​​មាន​​​ខ្នង​​​រួច​​​ខ្លួន​​​ពី​​​ការ​​​ទទួល​​​ខុស​​​ត្រូវ​​​”។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​បន្ថែម​​​ទៀត​​​ថា រថយន្ត​​​យោធា​​​គឺ​​​ប្រើសម្រាប់​​​តែ​​​យោធា​​​បំពេញ​​​ភារកិច្ច​​​ផ្លូវ​​​ការ​​​ប៉ុណ្ណោះ​​​។ លោក​​​បាន​​​បន្ត​​​ថា “មាន​​​មូល​​​ហេតុ​​​តែ​​​ពីរ​​​គត់​​​​​​ គឺ​​​ទី​​​១​​​មន្ត្រី​​​ប្រើប្រាស់​​​ស្លាកលេខ​​​ខេមរភូមិន្ទ​​​សម្រាប់​​​ផ្ទាល់​​​ខ្លួន​​​ ហើយ​​​មួយ​​​ទៀត​​​ គឺ​​​ដោយ​​​សារ​​​តែ​​​ពួក​​​គេ​​​ធ្វើ​​​អ្វី​​​មួយ​​​ខុស​​​ច្បាប់​​​ និង​​​ចង់​​​គេច​​​វេះ​​​ពី​​​ការ​​​ទទួល​​​ខុស​​​ត្រូវ”៕ សុខុម

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស