28 C
Phnom Penh

អភិបាល​ខេត្ត​​កំពង់ឆ្នាំង​ប្តឹង​គណបក្សសង្គ្រោះជាតិ​ពីបទ​​បរិហារកេរ្តិ៍​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធាន​គណៈ​កម្មាធិការ​រៀប​ចំការ​បោះ​ឆ្នោត​ខេត្ត​បានឲ្យដឹង​​កាល​ពី​ថ្ងៃ​សុក្រថា អភិបាល​ក្រុង​កំពង់​ឆ្នាំ​ង​​​បាន​ដាក់​ពាក្យ​បណ្តឹងពីបទ​​បរិហារកេរ្តិ៍​មួយ​ទៅ​គណៈកម្មាធិការ​រៀប​ចំ​ការ​បោះឆ្នោត​ខេត្ត ដើម្បី​ប្តឹង​មន្ត្រី​មូល​ដ្ឋាន​បី​នាក់​របស់​គណបក្ស​សង្គ្រោះ​ជាតិ​។

ពាក្យបណ្តឹង​របស់​លោក​អភិបាល​ ហីុ មនោរម្យ​ គឺជា​ប្រតិកម្ម​មួយ​ចំពោះ​ពាក្យ​បណ្តឹង​មួយ​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្តឹង​លោក​កាល​ពី​ថ្ងៃ​អង្គារ​ ទៅ​​​គណៈកម្មាធិការ​នេះ​។​ពាក្យ​បណ្តឹង​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ចោទ​ថា លោក​អភិបាល​បាន​បញ្ជា​ឲ្យ​រថយន​្ត​មួ​យ​គ្រឿង​ចាក់​មេក្រូ​​ខ្លាំង​ជុំ​វិញ​ក្រុង​កាល​ពី​យប់​ថ្ងៃ​ច័ន្ទ ដោយ​ផ្សព្វ​ផ្សាយ​សារ​មួយ​លាន់​រំពង​កុំ​ឲ្យ​ប្រជាជន​ចូល​រួម​ការ​ជួប​ជុំ​បោះឆ្នោត​ក្រុម​ប្រឹក្សា​របស់​​គណបក្ស​ប្រឆាំង​នៅ​ថ្ងៃ​បន្ទាប់​។

ទោះ​ជា​យ៉ាង​ណា​ ខណៈ​ដែល​ពាក្យ​បណ្តឹង​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​ច្រាន​ចោល​ដោយ​គណៈកម្មាធិការ​នេះ​ ស្ថា​ប័ន​នេះ​កំពុង​តែ​សើុប​អង្កេត​ការ​ចោទ​ប្រកាន់​របស់​លោក​​អភិបាល​ពី​បទ​បរិហារ​កេរ្តិ៍​។

លោកស្រី​ នួន​ ចាន់​លី​ ប្រធាន​គណៈកម្មាធិការ​​រៀប​ចំ​ការ​បោះឆ្នោត​ខេត្ត​កំពង់​ឆ្នាំ​ង​​​បាន​មាន​ប្រសាសន៍​ថា ” យើង​កំពុង​តែ​សើុប​អង្កេត​ពាក្យ​បណ្តឹង​ធ្វើ​ឡើង​ដោយ​លោក​​អភិបាល​ មនោ​រម្យ​ ដើម្បី​ឲ្យ​ប្រាកដ​ថា នេះ​គឺជា​ករណី​បរិហារកេរ្តិ៍​”។ លោក​ស្រី​​ ចាន់​លី ដែល​ច្រាន​ចោល​ពាក្យ​បណ្តឹង​ដំបូង​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ចំពោះ​លោក​អភិបាល​រូប​នេះ​ បាន​ឲ្យ​ដឹង​ថា រឿង​ក្តីបរិហារ​កេរ្តិ៍​ត្រូវ​បាន​ធ្វើ​ឡើង​ប្រឆាំង​នឹង​មន្ត្រី​ខេត្ត​បីរូប​​របស់​គណបក្ស​សង្គ្រោះ​ជាតិ ប៉ុន្តែ លោកស្រី​បាន​បដិសេធ​មិន​បង្ហា​ញ​ឈ្មោះ​មន្ត្រី​ទាំង​នោះ​ទេ​។

លោកស្រី​ ចាន់​លី បានមាន​ប្រសាសន៍​ថា “គណបក្ស​សង្គ្រោះ​ជាតិ​​មាន​ការ​ភ័ន​ច្រឡំ​។​សំឡេង​ដែល​ផ្សព្វ​ផ្សាយ​ គឺ​គ្រាន់​តែ​ជាសំឡេង​ជូន​ដំណឹង​ដល់​ប្រជា​ពល​រដ្ឋ​ថា យុទ្ធ​នាការ​ឃោស​នា​នេះធ្វើ​ឡើង​នៅ​ក្នុង​ប្រជុំ​ជន​នេះ ហើយ​ថា អាច​មាន​ការ​ស្ទះ​ចរាចរណ៍​”។

ទោះ​ជា​យ៉ាង​ណា​ លោក ឃី វណ្ណដារា តំណាង​រាស្ត្រ​​ជាប់​ឆ្នោត​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​មណ្ឌល​ខេត្ត​កំពង់ឆ្នាំ​ង​​​ដែល​បាន​ដាក់​ពាក្យ​បណ្តឹង​ដំបូងទៅលោក​​ មនោរម្យ បានមាន​ប្រសាសន៍ថា លោក​មាន​ភ័ស្តុ​តាង​រឹង​មាំ​ដែល​បញ្ជាក់​ថា លោក​អភិបាល​ប៉ុន​ប៉ង​​ជ្រៀត​ជ្រែក​ក្នុង​ការជួបជុំ​របស់​គណបក្ស​ប្រឆាំង​។

លោក វណ្ណដារា បាន​មាន​ប្រសាសន៍​ថា ការ​ផ្សព្វ​ផ្សាយ​សារ​ទាំង​នេះ​មិន​អព្យា​ក្រឹត្យ​ទេ​។លោក​អភិបាល​ខេត្ត​ និង​គណៈកម្មាធិការ​រៀប​ចំការ​បោះ​ឆ្នោត​ខេត្ត​មិន​អព្យាក្រឹត្យ​ឡើយ​។ យើង​មាន​ចម្លើយ​សារភាព​មួយ​ពី​អ្នក​បើក​បររថយន្ត​អំពី​សារ​នេះ ហើយ​យើង​ក៏​មាន​ការ​ថត​សារ​ជា​ឯកសារ​ដើម្បីបញ្ជាក់​ថា លោក​អភិបាល​កំពុង​តែ​ផ្សព្វ​ផ្សាយ​ព័ត៌​មាន​ប្រឆាំង​នឹង​គណ​បក្ស​សង្គ្រោះ​ជាតិ​”។

ខណៈដែល​គណៈកម្មាធិការ​រៀបចំ​ការ​បោះ​ឆ្នោត​ខេត្ត​កំពង់​​​ឆ្នាំង​បន្ត​សើុប​អង្កេត​បណ្តឹង​តប​របស់​លោក​អភិបាល​ខេត្ត​ពីបទ​បរិហារកេរ្តិ៍​ លោក​ វណ្ណ​ដារា បាន​មាន​ប្រសាសន៍​ថា លោក​បាន​បញ្ជូន​ពាក្យ​បណ្តឹង​បដិសេធ​របស់​លោក​ទៅ​គណៈ​កម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​ (គ.ជ.ប.)។

លោក ទេព នីថា អគ្គលេខាធិការ​នៃ​គណៈ​កម្មាធិការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត​បាន​មាន​ប្រសាសន៍​ថា លោក​បាន​ឮអំពី​ពាក្យ​បណ្តឹង​ទាំង​នេះ ប៉ុន្តែ​ថា ពាក្យ​បណ្តឹង​នោះ​មិន​ទា​ន់​មក​ដល់​ការិយាល័យ​របស់​លោ​ក​នៅ​ឡើយ​ទេ​។

ក្នុង​ករណី​ដោយ​ឡែក​​មួយ​ទៀត​​​​ គណៈ​កម្មាធិការ​រៀប​ចំ​ការ​បោះឆ្នោត​រាជធានី​ភ្នំ​ពេញ​បាន​ទទួល​ពាក្យ​បណ្តឹង​ផ្លូវ​ការ​មួយ ​ពី​គណបក្ស​ប្រជាជន​កម្ពុជា​អំពី​សកម្ម​ជនម្នាក់​របស់​គណ​បក្ស​ប្រឆាំង ដែល​ត្រូវ​​បាន​ចាប់ខ្លួន​ដោយ​ក្រុម​មន្ត្រី​មូល​ដ្ឋាន​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ​កាល​ពី​សប្តាហ៍​មុន​។

បុរស​ឈ្មោះ​ អឹុម ណាំ​គា អាយុ​២៩​ឆ្នាំ​បាន​ដឹក​ជញ្ជូន​វីដេអូ​សីុ​ឌី​ចំនួន​៣៤៧​បន្ទះ​ដែល​រិះ​គន់​គណបក្ស​ប្រជា​ជន​កម្ពុជា​គ្រប់​គ្រង​អំណាច​។

លោក​ ឡុង​ ឆេន​កៃ ប្រធាន​គណៈកម្មាធិការ​រៀបចំ​ការ​បោះ​ឆ្នោត​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់​ថា ពិតជា​មាន​ពាក្យ​បណ្តឹង​​នេះមែន​​។ លោក​បាន​ឲ្យ​ដឹង​ថា លោក​កំពុង​តែ​ស្វែង​រក​លោក​ ណាំគា ដើម្បី​សាក​សួរ​ ពីព្រោះ​លោក​បាន​រំលោភ​បញ្ញត្តិ​មុន​ការ​បោះ​ឆ្នោត​ដែល​ហាម​មិន​ឲ្យមានការ​​រិះ​គន់​គណបក្ស​នយោបាយ​ផ្សេង​ទៀត​៕ ប៊ុន​នី​​​​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស