38.8 C
Phnom Penh

តុលាការ​កំពូល​បដិសេធ​សំណើសុំ​នៅក្រៅឃុំជា​​លើ​ក​ទី​៥​របស់​លោក​ វន់ ពៅ​ និង​កម្មករដទៃទៀត​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

​​​ក្តី​សង្ឃឹម​ឲ្យមានការ​ដោះ​លែង​ជា​បណ្តោះ​អាសន្ន​សម្រាប់​លោក វន់​ ពៅ មេដឹក​នាំ​​​ ស​​ហជីព​ និង​កម្មករ​រោង​ចក្រ​កាត់​ដេរ និង​សមាជិក​សហ​ជីព​២០នាក់​ទៀត​ ដែល​ត្រូវ​បាន​ឃុំ​ខ្លួន​អំឡុង​កូដ​កម្ម​កាល​ពី​ដើម​ខែ​មករា​នោះ​ ត្រូវ​បាន​បញ្ចប់​ដោយ​តុលាការ​កំពូល​កាល​ពី​ថ្ងៃ​សុក្រ​ បន្ទាប់​ពី​ការ​ដាក់​ពាក្យ​សុំ​លើក​ទី​៥​របស់​ពួកគេ​​ឲ្យ​មាន​ការ​ដោះ​លែង​ពី​ពន្ធនាគារ​នោះ ត្រូវ​បាន​បដិសេធ​។   

លោក វន់ ពៅ ប្រធាន​សមាគម​ប្រជា​ធិបតេយ្យ​ឯករាជ្យ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ កំពុង​ត្រូវ​បាន​ជំនុំ​ជម្រះ​រួម​ជាមួយ​នឹង​មនុស្ស​២២​នាក់​ទៀត​ដែល​ព័ទ្ធចាប់​ខ្លួន​ ​អំឡុង​កូដ​កម្ម​រោ​ង​ចក្រ​កាត់​ដេរ​កាល​ពី​ថ្ងៃ​ទី​២ និង​ទី​៣ ខែ​មករា និង​ដែល​​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​បង្ក​អំពើ​ហិង្សា​ដោយ​ចេតនា​ និង​បំផ្លាញ​ទ្រព្យ​សម្បត្តិ​សាធារណៈ​។ ការ​ជំនុំ​ជម្រះ​ដែល​ចាប់​ផ្តើម​កាល​ពីថ្ងៃ​ទី​២៥​ខែ​មេសា ត្រូវ​បាន​​លើក​ពេល​រហូតដល់​ថ្ងៃ​ទី​២០ខែ​ឧសភា។

លោក ឃឹម​ ប៉ុន ប្រធាន​អង្គ​ជំនុំ​ជម្រះ​បាន​មាន​ប្រសាសន៍​ថា “តុលាការ​កំពូល​បាន​សម្រេច​តម្កល់​សាល​ក្រម​របស់​សាលា​ឧទ្ធរណ៍​ ពីព្រោះ​ចៅ​ក្រម​សាក​សួរ​បច្ចុប្បន្ន​បាន​បិទ​ការ​សើុប​អង្កេត​ ហើយ​សវនាការ​ជំនុំ​ជម្រះ​កំពុង​ដំណើ​រ​ការ​ ដូច្នេះ​ចុង​ចោទ​ត្រូវ​តែ​នៅ​ក្នុង​ពន្ធ​នា​គារ​ដើម្បី​រង់ចាំ​សវនាការ​ជំនុំ​ជម្រះ​បន្ទាប់​របស់​ខ្លួន​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​”។

នៅ​ក្រៅ​តុលាការ​ អ្នក​គាំទ្រ​ប្រមាណ​៣០​នាក់​បាន​ចោទ​ប្រកាន់​តុលាការ​នេះ​ពីធ្វើ​​ប្រតិបត្តិការក្រោម​ឥទ្ធិ​ពល​​របស់​រដ្ឋាភិបាល​ ហើយ​អំពាវ​នាវ​ឲ្យមាន​ការ​ដោះ​លែង​បុរស​ទាំង​នេះ ដែល​២១​នាក់​ក្នុង​ចំណោម​នោះ​ពេល​នេះ​កំពុង​ត្រូវ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ព្រៃស។

ការ​ស្នើ​សុំ​ការ​ដោះ​លែង​ជា​បណ្តោះ​អាសន្ន​របស់​លោក វន់ ពៅ​ នា​ពេល​កន្លង​មក​ត្រូវ​បាន​បដិសេធ​ពីរ​​លើក​មក​ហើយ​ ដោយ​សាលា​ដំបូង​រាជធានី​ និង​ពីរ​​លើក​ដោយ​សាលាឧទ្ធរណ៍។

លោក សំ សុគង់ មេធាវី​របស់​លោក វន់​ ពៅ​ បាន​មាន​ប្រសាសន៍​ថា លោក​ខក​ចិត្ត​​​ដែលឱកាស​សម្រាប់​ការ​ដោះលែង​លោក​ត្រូវ​បានរលាយ​។​ លោក​បាន​មាន​ប្រសាសន៍​ថា “យើង​មាន​ការ​សោក​ស្តាយ​ថា តុលាការ​កំពូល​បាន​​លាយ​បញ្ចូល​ការ​ជំនុំ​ជម្រះ​ និង​សវនាការ​ដោះ​លែង​ជា​បណ្តោះ​អាសន្ន​​ជាមួយ​គ្នា”។

ក្រម​នីតិ​វិ​ធី​ព្រណ្ម​ទណ្ឌចែង​ថា ​ចៅ​ក្រម​ត្រូវ​តែ​កំណត់​អាទិភាព​ដើម្បី​ទុក​ឲ្យ​ជន​ជាប់​ចោទ​មាន​សេរីភាព ជំនួស​ឲ្យ​ការ​ឃុំ​ខ្លួន​ពួក​គេ​មុន​ការ​ជំនុំ​ជម្រះ​។

អ្នក​ស្រី ប្រាក់​ សុវណ្ណរី ភរិយា​របស់​លោក វន់ ពៅ ​​​​​​បាន​មាន​​ប្រសាសន៍​ថា អ្នក​ស្រី​អស់​សង្ឃឹម​ពី​ព្រោះ​ស្វាមី​របស់​អ្នក​ស្រី​មាន​បញ្ហា​សុខ​ភាព​ដែល​អ្នក​ស្រី​គិត​ថា មិន​ត្រូវ​បាន​លើក​ឡើង​អំឡុង​ការ​ឃុំ​ខ្លួន​លោក​ វន់​ ពៅ​។

នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ អង្គការ​សិទ្ធិ​មនុស្ស​អាដ​ហុក​ក៏​បាន​ច្រាន​ចោល​សេចក្តី​សម្រេច​នេះ​ដែរ​។ អង្គការ​អាដ​ហុក​បាន​លើក​ឡើង​ថា ” សេចក្តី​សម្រេច​របស់​តុលាការ​កំពូល​គ្មាន​មូល​ដ្ឋាន​ច្បាប់​ច្បាស់​លាស់​ទេ ហើយ​​គ្រាន់​តែ​អនុវត្ត​តាម​តុលាការ​ជាន់​​ទាប​ប៉ុណ្ណោះ”៕ ប៊ុន​នី​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស