34 C
Phnom Penh

អ្នក​​​នាំ​​​ពាក្យ​​​រដ្ឋាភិបាល​​​កោះ​​​ហៅ​​​និស្សិត​​​ម្នាក់​​​ពាក់​​​ព័ន្ធ​​​នឹង​​​ការ​​​សរសេរ​​​តាម​​​ហ្វេសប៊ុក

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ផៃ ស៊ីផាន អ្នក​​​នាំពាក្យ​​​ទីស្ដីការ​​​គណៈរដ្ឋមន្ត្រី​​​ បាន​ហៅ​​​និស្សិត​​​​​ម្នាក់​​​នៅ​សាលា​​​សារព័ត៌មាន​​​របស់​​​រដ្ឋ​​​​​​មួយ​​​ឲ្យ​​ទៅ​​​ជួប​​គាត់​​​នៅ​​​ការិយាល័យ​​​របស់គាត់​​​ បន្ទាប់ពី​​​និស្សិត​​​រូប​​​នេះ​​បាន​​​សរសេរ​​​តាម​​​ទំព័រ​​​ហ្វេសប៊ុក​​​របស់​​​នាង​​​សួរ​​​អំពី​​​អត្ថន័យ​​​នៃ​​​បាឋកថា​​​ដែល​​​លោក​​​បាន​​​ថ្លែង​​​កាលពី​​​សប្ដាហ៍មុន​​​។

កាលពីថ្ងៃ​​​ព្រហស្បតិ៍ លោក ផៃ ស៊ីផាន បាន​​​ថ្លែង​​​អំពី​​​ការ​​​ធ្វើ​​​ជា​​​អ្នក​​​នាំពាក្យ​​​ទៅកាន់​​​និស្សិត​​​ឆ្នាំទី២ ប្រហែល​​​២០​​​នាក់​​​នៅ​​​ដេប៉ាតឺម៉ង់​​​ប្រព័ន្ធផ្សព្វផ្សាយ និង​​​សារគមនាគមន៍​នៃសាកល​​​វិទ្យាល័យ​​​ភូមិន្ទភ្នំពេញ មុន​​​​​​ពេល​​​បើក​​​ឱកាស​​​ឲ្យ​​​និស្សិត​សួរ។

សំណួរ​​​ផ្ដោត​​​លើ​​​ការ​​​ក្ដោប​​​ក្ដាប់​​​ដ៏តឹង​​​រ៉ឹង​​​របស់​​​រដ្ឋាភិបាល​​​លើ​​​ប្រព័ន្ធ​​​ផ្សព្វផ្សាយ​​​ ដោយ​​​និស្សិតម្នាក់​​​បាន​​​សួរ​​​ពីមូល​​​ហេតុ​​​ចំពោះការ​​​មិន​​​ផ្ដល់​​​អាជ្ញាប័ណ្ណទូរទស្សន៍​​​ដល់​​​លោក ម៉ម សូណង់ដូ ម្ចាស់​​​ស្ថានីយ​​​វិទ្យុ​មួយ ដែល​​​មាន​​​ទំនាក់​​​ទំន​ង​​​ដោយ​​​ចំហ​​​ជាមួយ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ។

លោក ផៃ ស៊ីផាន បាន​​​ឆ្លើយ​​​ប្រាប់​​​និស្សិត​​​រូប​​​នេះ​​​ថា “ប្រសិន​​​បើ​​​យើង​​​អនុញ្ញាត​​​ឲ្យ​​​លោក ម៉ម សូណង់ដូ មាន​​​ស្ថានីយ​​​ទូរទស្សន៍​​​ដើម្បី​​​ហេតុផល​​​នយោបាយ​​​ យើង​​​ត្រូវ​​​អនុញ្ញាត​​​ឲ្យ​​​មនុស្ស​​​គ្រប់​​​គ្នា​​ មិនមែន​​​តែ​​​គណបក្ស​​​សង្គ្រោះជាតិ​​​ប៉ុណ្ណោះទេ គឺ​​​គណបក្ស​​​សម្ព័ន្ធ​​​ដើម្បី​​​ប្រជា​​​ធិបតេយ្យ និង​​​មនុស្សគ្រប់​​​គ្នា​​​ផង​​​ដែរ​​​។ វា​​​មិន​​​ល្អ​​​សម្រាប់​​​ទស្សនិកជន​​​​​​ទេ​​​ ពីព្រោះ​​​មនុស្ស​​​គ្រប់​​​គ្នា​​​គាំទ្រភាគីរៀង​​​ៗ​​​ខ្លួន​​​ ហើយ​​​វានាំ​​​ឲ្យ​​​មាន​​​បរិយាកាស​​​បែងចែក​​​ជា​​​បក្ខ​​​ពួក”។

លោក ផៃ ស៊ីផាន បាន​​​មាន​​​ប្រសាសន៍​​​ផង​​​ដែរ​​​ថា អ្នកកាសែត​​​មួយ​​​​​​ចំនួន​​​ដែល​​​ធ្វើការ​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​បម្រើ​​​ឲ្យ​​​ “ផល​​​ប្រយោជន៍​​​ពិសេស​​​” របស់​​​បរទេស​​​។ លោក​​​បានមាន​​​ប្រសាសន៍​​​ថា “មនុស្ស​​​មួយ​​​ចំនួន​​​ត្រូវបាន​​​គេ​​​ហៅ​​​ឲ្យ​​​មក​​​ប្រឆាំង​​​នឹង​​​រដ្ឋាភិបាល​​​ក្នុង​​​នាម​​​ជា​​​អង្គការ​​​មិនមែន​​​រដ្ឋាភិបាល​​​”។

លោក​​​បានមាន​​​ប្រសាសន៍​​​ថា “យើង​​​បាន​​​ដឹង​​​ថា បុគ្គលិក​​​មួយចំនួន​​​នៅ​​​កាសែត​​​ ឌឹ ខេម​​​បូឌា ដេលី គឺ​​​មួយ​​​ចំនួនតូច​​​ មិន​​​ច្រើនទេ ត្រូវ​​​បាន​​​គេ​​​ជួល​ឲ្យ​​​​មក​​បំពេញ​​​ការ​​​ងារ​​​របស់​​​ពួកគេ​​​ជា​​​អ្នក​​​សរសេរ​​​អត្ថបទ​​​ ឬស្រាវជ្រាវ​​​។ ពួកគេ​​​មិនមែនជា​​​អ្នកកាសែត​​​អាជី​ពទេ ប្អូនៗ​​​ដឹង​​​​ទេ?”។

និស្សិត​​​ម្នាក់បាន​​​ឆ្លើយ​​តប​​​វិញ​​​ថា “ខ្ញុំមិនដែល​​​ឮ​​​អំពី​​​រឿង​​​នេះទេ”។

លោក​​​ ផៃ ស៊ីផាន បាន​​​ឆ្លើយ​​​តប​​​ថា “ពីព្រោះ​​​ប្អូនមិនមែន​​​ជា​​​រដ្ឋាភិបាល​​​”។ បន្ទាប់ពី​​​បាឋកថា​​​នោះ​​​ និស្សិត​​​មួយចំនួន​​​​​​​​​នៅ​​​ដេប៉ាតឺម៉ង់​​​​នេះ​​​បាន​លើក​​​យក​​បណ្ដាញ​​​ទំនាក់​​​ទំនង​​​សង្គម​​​​ទៅ​​​សួរ​​​អំពីបាឋកថា​​​នេះ​​​ និង​​​មាន​​​និស្សិត​​​ម្នាក់​​​បាន​សរសេរ​​​នៅ​​​តាម​​​ហ្វេសប៊ុក​​​ដែល​​​បាន​​​ធ្វើ​​​ឲ្យ​​​លោក ផៃ ស៊ីផាន ខឹង​​​។

និស្សិត​​​ផ្នែក​​​សារព័ត៌មាន​​​ឈ្មោះ តិច ចាន់រចនា បាន​​​សរសេរ​​​នៅតាម​​​ហ្វេសប៊ុក​​​ក្រោយ​​​ពី​​​បាឋកថា​​​នោះ​​​ថា “ខ្ញុំ​​​មិន​​​ដឹង​​​ថា គាត់​​​និយាយ​​​អំពីអ្វីទេ ដូច្នេះ​​​វា​​​ធ្វើ​​​ឲ្យ​​​ខូច​​​បរិយាកាស​​​អស់។

លោក ផៃ ស៊ីផាន បាន​​​បញ្ជាក់​​​តាម​​​ទូរស័ព្ទ​​​កាលពី​​​ម្សិលមិញ​​​ថា លោក​​​បាន​​​ហៅ​​​កញ្ញា ចាន់រចនា ឲ្យ​​​មកជួប​​​ ប៉ុន្តែ​​​លោក​​​បានមាន​​​ប្រសាសន៍​​​ថា លោក​​​គ្រាន់​​​តែ​​​ចង់​​​បញ្ជាក់​​​ពី​​​ខ្លួន​​​លោក​ប៉ុណ្ណោះ​​ ក្រោយ​​​ពី​​​មាន​​​ការ​​​ភាន់​​​ច្រឡំ​​​របស់​​​និស្សិត​​​រូប​​​នេះ​​​។

លោ​​​ក​​​បានមាន​​​ប្រសាសន៍​​​ថា “ឥឡូវ​​​នេះ​​​ខ្ញុំ​​​ត្រូវ​​​និយាយ​​​ជាមួយនិស្សិត​​​ម្នាក់​​​។ សាលា​​​បាន​​​អញ្ជើញ​​​ខ្ញុំមក​​​ ដូច្នេះ​​​ខ្ញុំ​​​បាន​​​ស្ម័គ្រ​​​ចិត្ត​​​លះបង់​​​ពេល​​​វេលា​​​របស់​​​ខ្ញុំដើម្បីអប់រំនិស្សិត​​​។ ពួកគេ​​​មិន​​​គួរ​​​ឈ្លើយ​​​ទេ”។ លោក​​​បានមាន​​​ប្រសាសន៍​​​ថា “គេ​​​គួរ​​​តែ​​​មាន​​​ក្រម​​​សីលធម៌ជា​​​និស្សិត​​​ ប៉ុន្តែ​​​គេ​​​សរសេរ​​​មិន​​​ល្អ​​​នៅតា​​​ម​​​ហ្វេសប៊ុក​​​ ដូច្នេះ​​​ហើយ​​​ខ្ញុំត្រូវ​​​សាកសួរ​​គេ​​​”។

អ្នកនាំាពាក្យ​​​រដ្ឋាភិបាល​​​រូប​​​នេះ​​​ក៏បាន​​​គំរាម​​​ចាត់វិធានការ​​​ផ្លូវ​​​ច្បាប់​​​ផង​​​ដែរ​​​ ប្រសិន​​​មិន​​​មាន​​​ការ​​​បង្ហាញ​​​ពី​​​ប្រភព​​​នៃការ​​​ថត​​​សំឡេង​​​របស់​​​លោក​​​ទេ។ លោក​​​បាន​​​ប្រាប់​​​អ្នក​​​យកព័ត៌មាន​​​ថា “លោក​​​ត្រូវ​​​ប្រាប់​​​ខ្ញុំ​​​ពីអ្នក​​​ដែល​​​ឲ្យ​​​ខ្សែអាត់​​​ថត​​​សំឡេង​​​នោះទៅ​​​លោក។ ខ្ញុំ​​​​​​ផ្តោត​​​លើ​​​ប្រភព​​​នេះ​ ​​បើ​​​មិន​​​ដូច្នោះ​​​ទេ ខ្ញុំនឹង​​​ប្ដឹង​​​លោក​​​ទៅ​​​តុលាការ​​​។ ខ្ញុំ​​​ចង់ដឹ​ង​​​ថា នរណា​​​ឲ្យ​​​ខ្សែអាត់​​​សំឡេង​​​នេះ​​​មក​​​លោក បើ​​​មិន​​​ប្រាប់​​​ទេ លោក​​​នឹង​​​មាន​​​បញ្ហា​​​”។ “ពួកគេ​​​មិន​​​បាន​​​សុំថត​​​សំឡេង​​​ខ្ញុំទេ ហើយ​​​ពួកគេ​​​បាន​​​យក​​​វា​​​ទៅ​​​បង្ហោះ​​​តាម​​​ហ្វេស​​​ប៊ុក​​​ទៀត។ វាជាការ​​​បំពាន​​​។ ប្រសិន​​​បើ​​​ខ្ញុំគិត​​​ថា វា​​​ធ្វើ​​​ឲ្យ​​​ប៉ះពាល់​​​ដល់​​​កិត្តិយស​​​របស់​​​ខ្ញុំ ខ្ញុំអាច​​​ប្ដឹង​​​ទៅ​​​តុលាការ​​​បាន​​​”។ លោក​​​បាននិយាយ​​​ថា “ខ្ញុំ​​​គ្រាន់​​​តែព្យាយាម​​​ជួយ​​​ពួកគេ​​​ ហើយ​​​ពួកគេ​​​បាន​​​បំពាន​​​ខ្ញុំ”។

លោក ផៃ ស៊ីផាន ក៏បាន​​​បដិសេធ​​​មិន​​​ប្រាប់​​​ឈ្មោះអ្នក​​​កាសែត​​​ ដែល​​​រដ្ឋាភិបាល​​​បាន​​​ចាត់​​​ទុក​​​ថា បម្រើ​​​ឲ្យ​​​ផល​​​ប្រយោជន៍​​​​​​បរទេស​​​នោះ​​​ដែរ។ លោក​​​បាន​​​និយាយ​​​ថា ” ខ្ញុំ​​​គោរព​​​ប្រភព​​​របស់​​​ខ្ញុំ”។

កញ្ញា ចាន់រចនា បាន​​​បដិសេធ​​​កាលពី​​​ម្សិលមិញ​​​មិននិយាយ​​​ថា តើ​​​នាងទៅជួប​​​លោក ផៃ ស៊ីផាន ឬអត់​ទេ។

លោក សោម រតនា ប្រធាន​​​ដេបា៉តឺម៉ង់​​​ប្រព័ន្ធ​​​ផ្សព្វផ្សាយ និង​សារគមនាគមន៍ បាន​​​មាន​​​ប្រសាសន៍​​​ថា ជំនួយ​​​ការ​​​របស់​​​លោក​​​បានទទួល​​​សំណើរបស់​​​លោក ផៃ ស៊ីផាន ហើយ​​​បាន​​​បញ្ជូន​​​បន្ត​​​ទៅ​​​ឲ្យ​​​និស្សិត​​​រូប​​​នេះ​​​។ នៅពេល​​​សួរ​​​ថា តើ​​​លោក​​​មាន​​​តួនាទី​​ចូល​​​រួម​​​ពាក់​​​ព័ន្ធ​​​​ឬយ៉ាង​​​ណា​​​នៅពេល​​​មន្ត្រីជាន់ ខ្ពស់​​​ហៅនិស្សិត​ឲ្យទៅជួប​​​នោះ លោក រតនា បាន​​​បដិសេធ​​​មិន​​​ធ្វើ​​​អត្ថាធិប្បាយ។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ខ្ញុំគិត​​​ថា លោក​​​អាច​​​និយា​​​យ​​​ជាមួយ​​​នាង​​​បាន​​​។ ខ្ញុំមិន​​​បាន​​​ស្ដាប់​​​បាឋកថា​​​នោះទេ ហើយ​​​ខ្ញុំ​​​គិត​​​ថា ខ្ញុំមិនគួរ​​​និយាយ​​​អំពី​​​រឿង​​​នេះ​​​ឡើយ​​​។ នេះគឺជា​​​បញ្ហា​​​រវាង​​​នាង​​​ និង​​​លោក ផៃ ស៊ីផាន”។

(ការ​​​បង្ហាញ​​​ព័ត៌មាន​​​៖ និពន្ធនាយក​​​ម្នាក់​​​នៅ​​​កាសែត​​​នេះ​​​កំពុង​​​ធ្វើ​​​ជា​​​គ្រូក្រៅម៉ោង​​​នៅ​​​ដេបា៉តឺម៉ង់​​​ប្រព័ន្ធផ្សព្វផ្សាយ​​​ និង​​សារគមនាគមន៍ ហើយអ្នក​​​យកព័ត៌មាន​​​ម្នាក់​​​ដែល​​​សរសេរ​​​អត្ថបទ​​​នេះ​​​ធ្លាប់​​​ធ្វើការ​​​នៅ​​​សាលានេះ​​​ក្នុង​​​តួនាទី​​​ដូច​​​គ្នា​​​ដែរ​​​កាលពីមុន)៕ គឹមហឿន​​​​​​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស