27 C
Phnom Penh

ក្រុមហ៊ុន​ស្រាបៀរអង្គរ​យល់ព្រម​ដំឡើង​ប្រាក់ខែ​គោលតាម​ការ​ទាម​ទារ​របស់​បុគ្គលិក

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បុគ្គលិក​ដែលធ្វើ​កូដកម្ម​ជាង​២០០​នាក់​នៅរោងចក្រ​ខេមប្រ៊ូ អិលធីឌី ជារោងចក្រ​ផលិត​ស្រាបៀរ​ដ៏​ធំបំផុត​ក្នុង​​ប្រទេស​កម្ពុជា ​បានចូល​ធ្វើការ​វិញ​ហើយ​កាលពីថ្ងៃសៅរ៍ បន្ទាប់ពី​ក្រុម​ហ៊ុន​នេះបាន​យល់ព្រម​ដំឡើង​ប្រាក់​ខែ​ពី​១២០​ដុល្លារ​ដល់​១៥០​ដុល្លារ​តាម​ការ​ទាមទារ​របស់​​ពួកគេ​។

បុគ្គលិក​នៅក្រុមហ៊ុន​​ ដែល​ផលិត​ស្រាបៀរ​អង្គរ និង​ស្រាបៀរ​ប្លែក​ភេនធើ (BlackPanther) នេះ​ បាន​ធ្វើការ​តវ៉ា​នៅខាង​ក្រៅ​ក្រុម​ហ៊ុន​នេះ​ក្នុង​ក្រុង​ព្រះសីហនុ កាលពី​ថ្ងៃ​ព្រហ​ស្បតិ៍និង​ថ្ងៃសុក្រ ដោយលើក​ឡើង​ថា ប្រាក់​ខែ​១២០ដុល្លារមិន​បាន​ឆ្លុះ​បញ្ចាំង​​ពី​លក្ខណៈ​សម្បត្តិ​និង​ស្ថានភាព​គ្រោះថ្នាក់​របស់​ពួកគេ​ឡើយ​។

លោក ឆេង សុភក្ត្រ អ្នក​គ្រប់គ្រង​រដ្ឋបាល​នៅ​រោងចក្រ​ខេមប្រ៊ូ និង​ជា​តំណាង​​​នៅ​ក្នុង​ការ​ធ្វើកូដ​កម្ម​បាន​មាន​ប្រសាសន៍​ថា លោក​ សាយ សាណា ភូម៉ាស៊ី ប្រធាន​ផ្នែក​ប្រតិបត្តិការ​ក្រុម​ហ៊ុន​បាន​ត្រឡប់​មកពី​ប្រទេសឡាវ ដែល​ជា​ប្រទេស​កំណើត​របស់​លោក​កាលពីល្ងាច​ថ្ងៃ​ព្រហស្បតិ៍ ហើយបាន​បើក​កិច្ច​ប្រជុំមួយ​ដើម្បីពិភាក្សា​អំពីការ​ទាម​ទារ​របស់​កូដ​ករ​។

លោក សុភក្ត្រ បានមាន​ប្រសាសន៍​ថា “កាលពីថ្ងៃសុក្រ យើង​បាន​រៀបចំ​កិច្ច​​ប្រជុំ​មួយ​ជាមួយ​តំណាង​ក្រុមហ៊ុន សហជីព បុគ្គលិក និង​មន្ត្រី​មកពី​មន្ទីរ​ការ​ងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្ត​”។ លោក​បាន​បន្ថែម​ថា “យើង​បាន​សម្រេច​យល់​ព្រម​ដំឡើង​ប្រាក់ខែ​តាម​ការ​ស្នើ​សុំ”។ លោក សុភក្ត្រ បានមាន​ប្រសាសន៍​ថា ” អ្នក​គ្រប់​គ្រង​របស់​យើង​​បាន​យល់​ព្រម​តាម​ការ​ទាម​ទារ​របស់​បុគ្គលិក​សុំដំឡើង​ប្រាក់ខែ​គោលនេះ ពីព្រោះយើង​មិនចង់ឃើញ​មាន​ការ​តវ៉ា​ និង​ការ​​ធ្វើកូដកម្ម​ដូច​កម្មករ​រោងចក្រ​កាត់ដេរ​​ ដែល​បាន​ធ្វើ​ឲ្យប៉ះពាល់​ដល់​ផលិត​កម្ម​របស់​ក្រុម​ហ៊ុន និង​មាន​ហិង្សា​ឡើយ​។ ក្រុមហ៊ុន​របស់​យើងមិនដែល​មានការ​តវ៉ា​ទេពីមុនមក”។

លោក ទេព នឿន អាយុ​៣៨​ឆ្នាំ ជា​អ្នក​គ្រប់​គ្រង​ផ្នែក​វិស្វកម្ម​ ដែល​បានចូលរួម​ធ្វើកូដ​កម្ម​កាល​ពី​សប្ដាហ៍មុនបាន​ប្រកាស​កាលពីម្សិលមិញ​ថា ការ​ទាមទារ​របស់យើង​ទទួលបា​ន​ជោគជ័យហើយ​​។ លោក នឿន បាន​មាន​ប្រសាសន៍​ថា “យើង​គិត​ថា ប្រសិន​បើយើង​មិន​បាន​ចូលរួម​ក្នុង​ការ​តវ៉ា​ និង​ការ​ធ្វើ​កូដកម្មទេ​នោះ ក្រុមហ៊ុន​នឹង​មិន​ផ្តល់​ប្រាក់​ខែ​គោល​នេះតាម​ការ​ស្នើ​សុំរបស់​យើង​ឡើយ​ ហើយ​គ្មាន​បំណង​ពិភាក្សាអំពី​បញ្ហា​នេះដែរ​”។

លោក យ៉ូវ ខេមរា ប្រធាន​មន្ទីរ​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈខេត្ត​ព្រះសីហនុ បាន​មាន​ប្រសា​សន៍​ថា ក្រុមហ៊ុន​ខេមប្រ៊ូគឺ​ជា​ក្រុមហ៊ុន​មួយដែលបាន​យក​ចិត្ត​ទុកដាក់​ចំពោះ​ការ​ទាម​ទារ​របស់​បុគ្គលិក​ខ្លួន​បាន​ប្រសើរជាង​រោងចក្រ​កាត់​ដេរ​ក្នុង​ប្រទេសកម្ពុជា។

លោក ខេមរា បានមាន​ប្រសាសន៍​ថា “ក្រុម​ហ៊ុន​ស្រាបៀរ​អង្គរគឺ​ជា​ក្រុម​ហ៊ុន​មួយ​ដែល​មិន​ដែល​មាន​កូដកម្មទេ​ពីមុន​មក ហើយ​អាច​ផ្ដល់​ប្រាក់​ខែ​ដល់​បុគ្គលិក​របស់​ខ្លួន​ច្រើន​ជាង[​ថៅកែ​រោងចក្រ​នានាដែល​អាច​] ផ្ត​ល់​ប្រាក់ខែ​ដល់​កម្មករ​កាត់​ដេរ​នៅតាម​ខេត្តនានា​”៕ សារុន​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស