28 C
Phnom Penh

ក្រសួង​ការពារជាតិនឹង​បញ្ជូន​មនុស្ស​៤០០នាក់​ទៅ​សិក្សា​នៅ​ប្រទេស​ចិន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក​​​ ទៀ បាញ់ រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​ការពារ​​​ជាតិ​​​បាន​​​ប្រកាស​​​កាល​​​ពី​​​ថ្ងៃសុក្រថា ក្រសួង​​​នឹង​​​បញ្ជូន​​​មនុស្ស​​​ប្រហែល​​​៤០០នាក់​​​ទៅ​​​សិក្សា និង​​​បណ្តុះ​​​បណ្តាល​​​នៅ​​​ប្រទេស​​​ចិន ជា​​​ប្រទេស​​​មួយ​​​ដែល​​ផ្តល់​​​ជំនួយ​​​យោធា​​​កាន់​តែ​ច្រើន​ក្នុង​​​រយៈ​​​ពេល​​​ប៉ុន្មាន​​​ឆ្នាំ​​​ថ្មី​​​ៗ​​​នេះ។

បន្ទាប់​​​ពី​​​ពិធី​​​ស្វាគមន៍​​​លោក XuQiliang អនុ​​​ប្រធាន​​​គណៈកម្មាធិការ​​​យោ​​​ធា​​​មជ្ឈិម​​​ចិន​​​នៅ​​​ក្រសួង​​​ការ​​​ពារ​​​ជាតិ លោក​​​ឧត្តមសេនីយ៍​​​ ទៀ​​​ បាញ់ បាន​​​ប្រាប់​​​ក្រុម​​​អ្នក​​​យក​​​ព័ត៌មាន​​​អំពី​​​កិច្ច​​​ព្រម​​​ព្រៀង​​​ថ្មី នេះ។

លោក​​​ឧត្តម​​​សេនីយ៍​​​ ទៀ​​​ បាញ់​​​ បាន​​​លើក​​​ឡើង​​​ពី​​​ផែន​​​ការ​​​របស់​​​រដ្ឋាភិបាល​​​ក្នុង​​​ការ​​​បញ្ជូន​​​ទាហាន​​​ និង​​​ជន​​​សីុ​​​វិល​​​ទៅ​​​ប្រទេស​​​ចិន​​​ថា “មនុស្ស​​​ប្រហែល​​​៤០០នាក់​​​គ្រោង​​​ទៅសិក្សានៅ​​​ទី នោះ​​​”។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “បញ្ហា​​​សំខាន់​​​បំផុត​​​គឺ​​​ការ​​​បណ្តុះ​​​បណ្តាល​​​ធន​​​ធាន​​​មនុស្ស​​។ សព្វ​​​ថ្ងៃ​​​នេះ​​​ ពួក​​​គេ​​​ទទួល​​​យក​​​មនុស្ស​​​មួយ​​​ចំនួន​​​ធំ​​​ទៅ​​​សិក្សា​​​នៅ​​​ប្រទេស​​​ចិន​​​ ច្រើន​​​ជាង​​​ពេល​​ណាទាំង​អស់​”។ លោក​​​បាន​​​បន្ថែម​​​ថា “និយាយពី​ប្រទេស​​​​ចិន យើង​​​មាន​​​កិច្ច​​​សហ​​​ប្រតិបត្តិការល្អ​​​ក្នុង​​​​ផល​​​ប្រយោជន៍​​​ដ៏ធំ​​​សម្រាប់​​​ប្រទេស​​​ជាតិ​​​របស់​​​យើង​​​”។

យោង​​​តាម​​​បណ្តាញ​​​ផ្សព្វ​​​ផ្សាយ​​​ព័ត៌មាន​​​រដ្ឋ​​​ចិន​​​បាន​​​ឲ្យដឹង​​​ថា លោក  XuQiliang ក៏​​​បាន​​​ជួប​​​ពិភាក្សា​​​ជាមួយ​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន សែន កាល​​​ពី​​​ថ្ងៃ​​​ព្រហស្បតិ៍​​​ ដែលជា​​​ផ្នែក​​​មួយ​​​នៃ​​​ដំណើ​​រទស្សនកិច្ច​​​រយៈ​​​ពេល​​​បួន​​​ថ្ងៃ​​​របស់​​​លោក​​​មក​​​កាន់​​​ប្រទេស​​​កម្ពុជា​​​ផងដែរ។

កាល​​​ពី​​​ខែ​​​កុម្ភៈ​​​ ចិន​​​បាន​​​ផ្តល់​​​រថយន្ត​​​យោធា​​​២០​​​គ្រឿង​​​ និង​​​ឯក​​​សណ្ឋានយោធា​​​៣០.០០០កំប្លេ​​​ដល់​​​ក្រសួង​​​​​​ការពារ​​​ជាតិ​​​។ កាល​​​ពី​​​ខែ​​​វិច្ឆិកា​​​ ចិន​​​បា​​​ន​​​លក់​​​ឧទ្ធម្ភាកចក្រ​​​យោធា Z-9 ដែល​​​ផលិត​​​នៅ​​​ប្រទេស​​​ចិន​​​​​​ចំនួន​​​១២​​​គ្រឿង​​​ដល់ប្រទេស​​​កម្ពុជា​​​ក្នុង​តម្លៃ​​​១៩៥,៥​​​លាន​​​ដុល្លារ​​​។

នៅ​​​ក្នុង​​​របាយការណ៍​​​មួយ​​​ដែល​​​រៀប​​​ចំ​​​សម្រាប់​​​សភា​​​អាមេរិក​​​កាលពី​​​ខែ​​​មិថុនាស្តី​​​ពី​​​ទំនាក់​​​ទំនង​​​អាមេរិក-​​​កម្ពុជា ​​ក្រុម​សិក្សា​ស្រាវ​ជ្រាវ​គោលនយោបាយ​សាធារណៈ​របស់​សភាអាមេរិក​ បាន​​​លើក​​​ឡើង​​​ថា ជំនួយ​​​ចិន​​​ដែលកើន​​​ឡើង​​​នេះ​​​បាន​​​ធ្វើ​​​ឲ្យ​​​ប្រទេស​​​ផ្តល់ជំនួយផ្សេង​ទៀត​​​ចុះ​ថយ​ឥទ្ធិពល​​​​។

របាយការណ៍​​​ដដែល​​​នេះ​​​ឲ្យ​​​ដឹង​​​ទៀត​​​ថា “លើស​​​ពី​​​នេះ​​​ទៅ​​​ទៀត​​​ អ្នក​​​វិភាគ​​​ជា​​​ច្រើន​​​បាន​​​​​​លើក​​​ឡើង​​​ថា ជំនួយ​​​របស់​​​ចិន​​​បាន​​​កាត់​​​បន្ថយយ៉ាង​ខ្លាំង​ដល់​​​ប្រសិទ្ធ​​​ភាព​​​នៃ​​​ប្រទេស​​​ផ្តល់​​​ជំនួយ​​​ដ​​​ទៃ​​​ទៀត​​​ ដែល​​​ព្យាយាម​​​ដាក់​​​សម្ពាធ​​​ឲ្យ​​​កម្ពុជា​​​​មាន​ភាព​ប្រសើរ​ឡើង​ក្នុង​ផ្នែក​​​​នីតិ​​​រដ្ឋ ប្រជា​​​ធិបតេយ្យ និង​​​សិទ្ធិ​​​មនុស្ស”៕សារុន​​​​​​​​​​​​​​​​​​

 

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស