29 C
Phnom Penh

អ្នកភូមិ​​​ខេត្ត​​​ស្វាយ​​​រៀង មាន​​​កំហឹង​​​ជំុវិញ​​​គម្រោ​​​ងជីក​​​ប្រឡាយ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រីមូល​​​ដ្ឋាន​​​ម្នាក់​​​បាន​​​និយាយ​​​កាល​​​ពីម្សិលមិញ​​​ថា ​​​អ្នកភូមិ​​​ជាង​​​២០០​​​នាក់​​​មក​​​ពី​​​ឃុំ​​​ចំនួន​​​បី​ក្នុង​​​ខេត្ត​​​ស្វាយ​​​រៀង កាល​​​ពីថ្ងៃសៅរ៍ បាន​​​តវ៉ា​​​ជំទាស់​​​នឹង​​​សំណើ​​​ជីក​​​ប្រឡាយ​​​ដ៏ធំ​​​មួយ​​​កាត់​​​តាម​​​ដី​​​ស្រែ​​​របស់​​​ពួក​​​គាត់​​​។

លោក សុត គឹម​​​ចាន់ អភិបាល​​​ស្រុក​​​ស្វាយ​​​ជ្រំ បាន​​​មាន​​​ប្រសាសន៍​​​ថា គម្រោង​​​​​ជីក​ប្រឡាយ​​​នេះ​​​នឹង​​​កាត់​​​តាម​​​ឃុំ​​​ក្រោល​​​គោ ឃុំ​​​ស្វាយ​​​យា និង​​​ឃុំឈើទាល ក្នុង​​​ស្រុក​​​ស្វាយ​​​ជ្រំនោះ ហើយ​​​កាត់​​​ចំ​​​​​​ដី​​​ស្រែ​​​អ្នក​​​ភូមិ​​​ប្រហែល​​​១០០​​​គ្រួសារ។

លោក គឹមចាន់ បានមាន​​​ប្រសាសន៍​​​ថា អ្នកភូមិជាង​​​២០០​​​នាក់​​​បាន​​​ចូលរួម​​​កិច្ច​​​ប្រជុំមួយ​​​ស្ដី​ពី​ការ​​​​ជីក​​​ប្រឡាយ​​​នេះ​​​កាល​​​ពីថ្ងៃសៅរ៍ ប៉ុន្តែ​​​ពួកគាត់​​​បាន​​​ធ្វើការ​​​តវ៉ា​​​នៅនឹង​​​កន្លែង​​​តែម្តងជំទាស់​​​នឹង​​​គម្រោង​​​នេះ​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​បាន​​​រៀប​​​ចំ​​​វេទិកាដើម្បី​​​ទទួល​​​យក​​​មតិយោបល់​​​របស់​អ្នក​ភូមិ​​​ ថាតើ​​​ពួកគាត់​​​ចង់​​​បាន​​​ប្រភព​​​ទឹក​​​ដើម្បីស្រោច​​​ស្រព​​​ដំណាំស្រូវ​​​ឬយ៉ាង​​​ណា ប៉ុន្តែ​​​ពួក​គាត់​​​​បាន​​​ជំទាស់​​​ទៅនឹង​​​គម្រោង​​​នេះ ហើយ​​​បាន​​​ដើេរ​​​ចេញ​​​ពីកិច្ច​​​ប្រជុំ”។

លោក​​​ គឹមចាន់ បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​ជឿថា គម្រោង​​​នេះ​​​នឹង​​​ប៉ះពាល់​​​ដល់​​​អ្នក​​​ភូមិ​​​ប្រហែល​​​១០០​​​គ្រួសារ​​​តែ​​​ប៉ុណ្ណោះ ហើយ​​​​​លោក​​​បានមាន​​​ប្រសាសន៍​​​ថា លោក​​​បាន​​​សុំ​​​ឲ្យ​​​ប្រធានភូមិ​​​នៅ​​​ក្នុង​​​តំបន់​​​នោះ ស្ទង់​​​មតិ​​​ក្រុម​​​អ្នក​​​ភូមិ​​​ ដើម្បី​​​​​​ឲ្យ​​​ដឹង​​​ថា តើ​​​ពួកគាត់​​​ប៉ុន្មាន​​​គ្រួសារ​​​ចង់​​​បាន​​​ប្រឡាយ ហើយ​​​ប៉ុន្មាន​​​គ្រួសារ​​​ជំទាស់​​​នឹង​​​គម្រោង​​​នេះ​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍ថា គម្រោង​​​ជីក​​​ប្រឡាយ​​​នេះ​​​រៀប​​​ចំ​​​​​​ដោយ​​​ក្រសួង​​​ធនធានទឹក​​​ និង​​​ឧតុនិយម​​​។ លោក​​​បាន​មាន​​​ប្រសាសន៍​​​ថា “យើង​​​នឹង​​​ធ្វើ​​​របាយ​​​ការណ៍ទៅ​​​ថ្នាក់​​​ជាតិ បន្ទាប់ទី​​​ប្រមូល​​​បាន​​​​ស្នាម​​​មេដៃរបស់​​​ក្រុម​​​អ្នក​​​ភូមិ​​​។ លោក​​​បាន​​​បដិសេធ​​​មិន​​​ផ្ដល់​​​ព័ត៌មាន​​​លម្អិត​​​អំពី​​​ទទឹង​​​ ឬ​ បណ្ដោយ​​​​ប្រឡាយ​​​ឡើយ​​​។

លោក មុំ លីដា អ្នក​​​ស៊ើប​​​អង្កេត​​​នៅអង្គការ​​​សិទ្ធិមនុស្ស​​​លីកាដូ ប្រចាំខេត្ត​​​នេះ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា តាម​​​ពិត​​​គម្រោង​​​ជីក​​​ប្រឡាយ​​​នេះ​​​គឺ​​​ជា​​​ផ្លូវ​​​ទឹក​​​ដ៏ធំមួយ​​​ ដែល​​​នឹង​​​ត្រូវ​​​សាង​​​សង់​​​ដោយ​​​ក្រុម​​​ហ៊ុន​​​ចិន ដែល​​​បាន​​​ចុះហត្ថលេខា​​​លើកិច្ច​​​សន្យា​​​ជាមួយ​​​លោក លឹម គាន​​​ហោ ​​​រដ្ឋមន្ត្រីក្រសួង​​​ធនធាន​​​ទឹក និងឧតុនិយម កាលពីឆ្នាំ​​​២០១០​​​។

លោក​​​បានមាន​​​ប្រសាសន៍​​​ថា “ប្រឡាយ​​​ដ៏ធំនេះ​​​នឹង​​​ប៉ះពាល់​​​ដល់​​​ដីស្រែ​​​របស់​​​ក្រុម​​​អ្នកភូមិ​​​ទាំង​​​ស្រុង​​​ ពីព្រោះ​​​បើ​​​តាម​​​ខ្ញុំទទួល​​​បានព័ត៌មាន​​​ រដ្ឋាភិបាល​​​នឹងជីក​​​ប្រឡាយ​​​នេះ​​​មាន​​​ទទឹង​ទំហំ​​​ប្រហែល​​​៧០​​​ម៉ែត្រ​​​ឯ​​​ណោះ ដោយ​​​មិន​​​រាប់​​​បញ្ចូល​​​ជើង​​​ទេ​​​រ​​​បេតុង និង​​ខ្នង​​​ប្រឡាយ​​​”។

លោក មុំ លីដា បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​រំពឹង​​​ថា អ្នកភូមិ​​​ច្រើន​​​ជាង​​​១០០គ្រួសារ​​​​​​ នឹង​​​បាត់​​​បង់​​​ដីស្រែ​​​របស់​​​ខ្លួន​​​ទៅលើ​​​ប្រឡាយ​​​នេះ​​​។ គេ​​​មិន​​​អាច​​​ទាក់​​​ទង​​​លោក លឹម គាន​​​ហោ ដើម្បី​សុំ​​​អត្ថា​​​ធិប្បាយ​​​បាន​​​ទេ។

អ្នកស្រី ស៊ុន សុផល អ្នកភូមិ​​​ម្នាក់​​​ក្នុង​​​ចំណោម​​​អ្នកភូមិ​​​ដែល​​​រង​​​ផល​​​ប៉ះពាល់​​​បាន​​​និយាយ​​​ថា អ្នកស្រី​​​ទំនងជា​នឹង​​​បាត់​​​បង់​​​ដីស្រែ​​​មួយ​​​ចំនួន​​​ក្នុង​​​ចំណោម​​​ដីស្រែ​​​របស់​​​គាត់​​​ទំហំ​​​១ហិកតា​​​ទៅ​លើ​​​ប្រឡាយ​​​នេះ ហើយ​​​បា​​​ន​​​សួរ​​​ថា ហេតុ​​​អ្វី​​​បាន​​​ជា​​​អាជ្ញាធរ​​​មិន​​​ព្រម​​​ស្ដារ​​​ប្រឡាយ​​​ដែល​​​ជីក​​​សម័យ​​​ខ្មែរ​​​ក្រហម​​​ក្នុង​​​តំបន់​​​នេះ​​​ទៅ​​​។ អ្នកស្រី​​​បាន​​​និយាយ​​​ថា “យើង​​​នឹង​​​មិន​​​យល់​​​ព្រម​​​ចំពោះ​​​គម្រោង​​​ថ្មីនេះ​​​ឡើយ​​​”។ អ្នកស្រី​​​បាន​​​បន្ថែម​​​ថា “យើង​​​មិន​​​ជំទាស់​​​គម្រោង​​​អភិវឌ្ឍន៍​​​របស់​​​រដ្ឋាភិបាល​​​ទេ ប៉ុន្តែ​​​យើង​​​ចង់​​​ឲ្យ​​​អាជ្ញាធរ​​​ស្ដារ​​​ប្រឡាយ​​​ចាស់ ពីព្រោះ​​​គម្រោង​​​នេះ​​​នឹង​​​ធ្វើ​​​ឲ្យ​​​គ្រួសារ​​​ជាច្រើន​​​បាត់​​​បង់​​​ដីស្រែ​​​របស់​​​ខ្លួន៕ សារុន​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស