មន្ត្រីមូលដ្ឋានម្នាក់បាននិយាយកាលពីម្សិលមិញថា អ្នកភូមិជាង២០០នាក់មកពីឃុំចំនួនបីក្នុងខេត្តស្វាយរៀង កាលពីថ្ងៃសៅរ៍ បានតវ៉ាជំទាស់នឹងសំណើជីកប្រឡាយដ៏ធំមួយកាត់តាមដីស្រែរបស់ពួកគាត់។
លោក សុត គឹមចាន់ អភិបាលស្រុកស្វាយជ្រំ បានមានប្រសាសន៍ថា គម្រោងជីកប្រឡាយនេះនឹងកាត់តាមឃុំក្រោលគោ ឃុំស្វាយយា និងឃុំឈើទាល ក្នុងស្រុកស្វាយជ្រំនោះ ហើយកាត់ចំដីស្រែអ្នកភូមិប្រហែល១០០គ្រួសារ។
លោក គឹមចាន់ បានមានប្រសាសន៍ថា អ្នកភូមិជាង២០០នាក់បានចូលរួមកិច្ចប្រជុំមួយស្ដីពីការជីកប្រឡាយនេះកាលពីថ្ងៃសៅរ៍ ប៉ុន្តែពួកគាត់បានធ្វើការតវ៉ានៅនឹងកន្លែងតែម្តងជំទាស់នឹងគម្រោងនេះ។ លោកបានមានប្រសាសន៍ថា “យើងបានរៀបចំវេទិកាដើម្បីទទួលយកមតិយោបល់របស់អ្នកភូមិ ថាតើពួកគាត់ចង់បានប្រភពទឹកដើម្បីស្រោចស្រពដំណាំស្រូវឬយ៉ាងណា ប៉ុន្តែពួកគាត់បានជំទាស់ទៅនឹងគម្រោងនេះ ហើយបានដើេរចេញពីកិច្ចប្រជុំ”។
លោក គឹមចាន់ បានមានប្រសាសន៍ថា លោកជឿថា គម្រោងនេះនឹងប៉ះពាល់ដល់អ្នកភូមិប្រហែល១០០គ្រួសារតែប៉ុណ្ណោះ ហើយលោកបានមានប្រសាសន៍ថា លោកបានសុំឲ្យប្រធានភូមិនៅក្នុងតំបន់នោះ ស្ទង់មតិក្រុមអ្នកភូមិ ដើម្បីឲ្យដឹងថា តើពួកគាត់ប៉ុន្មានគ្រួសារចង់បានប្រឡាយ ហើយប៉ុន្មានគ្រួសារជំទាស់នឹងគម្រោងនេះ។
លោកបានមានប្រសាសន៍ថា គម្រោងជីកប្រឡាយនេះរៀបចំដោយក្រសួងធនធានទឹក និងឧតុនិយម។ លោកបានមានប្រសាសន៍ថា “យើងនឹងធ្វើរបាយការណ៍ទៅថ្នាក់ជាតិ បន្ទាប់ទីប្រមូលបានស្នាមមេដៃរបស់ក្រុមអ្នកភូមិ។ លោកបានបដិសេធមិនផ្ដល់ព័ត៌មានលម្អិតអំពីទទឹង ឬ បណ្ដោយប្រឡាយឡើយ។
លោក មុំ លីដា អ្នកស៊ើបអង្កេតនៅអង្គការសិទ្ធិមនុស្សលីកាដូ ប្រចាំខេត្តនេះបានមានប្រសាសន៍ថា តាមពិតគម្រោងជីកប្រឡាយនេះគឺជាផ្លូវទឹកដ៏ធំមួយ ដែលនឹងត្រូវសាងសង់ដោយក្រុមហ៊ុនចិន ដែលបានចុះហត្ថលេខាលើកិច្ចសន្យាជាមួយលោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម កាលពីឆ្នាំ២០១០។
លោកបានមានប្រសាសន៍ថា “ប្រឡាយដ៏ធំនេះនឹងប៉ះពាល់ដល់ដីស្រែរបស់ក្រុមអ្នកភូមិទាំងស្រុង ពីព្រោះបើតាមខ្ញុំទទួលបានព័ត៌មាន រដ្ឋាភិបាលនឹងជីកប្រឡាយនេះមានទទឹងទំហំប្រហែល៧០ម៉ែត្រឯណោះ ដោយមិនរាប់បញ្ចូលជើងទេរបេតុង និងខ្នងប្រឡាយ”។
លោក មុំ លីដា បានមានប្រសាសន៍ថា លោករំពឹងថា អ្នកភូមិច្រើនជាង១០០គ្រួសារ នឹងបាត់បង់ដីស្រែរបស់ខ្លួនទៅលើប្រឡាយនេះ។ គេមិនអាចទាក់ទងលោក លឹម គានហោ ដើម្បីសុំអត្ថាធិប្បាយបានទេ។
អ្នកស្រី ស៊ុន សុផល អ្នកភូមិម្នាក់ក្នុងចំណោមអ្នកភូមិដែលរងផលប៉ះពាល់បាននិយាយថា អ្នកស្រីទំនងជានឹងបាត់បង់ដីស្រែមួយចំនួនក្នុងចំណោមដីស្រែរបស់គាត់ទំហំ១ហិកតាទៅលើប្រឡាយនេះ ហើយបានសួរថា ហេតុអ្វីបានជាអាជ្ញាធរមិនព្រមស្ដារប្រឡាយដែលជីកសម័យខ្មែរក្រហមក្នុងតំបន់នេះទៅ។ អ្នកស្រីបាននិយាយថា “យើងនឹងមិនយល់ព្រមចំពោះគម្រោងថ្មីនេះឡើយ”។ អ្នកស្រីបានបន្ថែមថា “យើងមិនជំទាស់គម្រោងអភិវឌ្ឍន៍របស់រដ្ឋាភិបាលទេ ប៉ុន្តែយើងចង់ឲ្យអាជ្ញាធរស្ដារប្រឡាយចាស់ ពីព្រោះគម្រោងនេះនឹងធ្វើឲ្យគ្រួសារជាច្រើនបាត់បង់ដីស្រែរបស់ខ្លួន៕ សារុន