27 C
Phnom Penh

របាយ​​​ការណ៍​​​អង្គការ​​​សហ​​​ប្រជាជាតិ​​​បង្ហាញ​​​ថា ការ​​​នាំ​​​ចេញ​​​ឈើ​​​ប្រណីត​​​ទៅ​​​​​​ចិន​​​កើន​​​ឡើង​​​ជាង​​​បី​​​ដង​​​​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ការ​​​នាំ​​​ចេញ​​​ឈើ​​​គ្រញូង និង​​​ឈើ​​​​​​​​​មាន​​​តម្លៃ​​​ខ្ពស់​​​ផ្សេង​​​ៗ​​​ទៀតពីកម្ពុជា​​ទៅ​​​កាន់​​​ប្រទេស​​​ចិន​​​ បាន​​​កើន​​​ឡើង​​​ជាង​​​បី​​​ដង​​​កាល​​​ពី​​​ឆ្នាំ​​​មុន​​​ នេះ​​​បើ​​​យោង​​​តាម​​​តួ​​​លេខ​​​របស់​​​អង្គការ​​​សហ​​​ប្រជា​​​ជាតិ​​​​​​​​​ដែល​​​ត្រូវ​​​បាន​​​ដក​​​ស្រង់​​​នៅក្នុង​​​របាយការណ៍​​​ថ្មី​​​មួយ​​​ដែល​​​បន្ទោស​​​​ការ​​​ធ្វើ​​ឲ្យ​​​ឈើ​​​ប្រណីត​​​មួយ​​​ចំនួន​​​ជិត​​​ផុត​​​ពូជ​​​ ទៅ​​​លើ​​​​​ការ​​​អនុវត្ត​​​ច្បាប់​​​ធូរ​​រលុង​​​នៅ​​​ទូ​​​ទាំង​​​តំបន់​​​ទន្លេ​​​មេគង្គ និង​​​តម្រូវ​​​ការ​​​កើន​​​ឡើង​​​ខ្លាំង​​​នៅ​​​ក្នុង​​​ប្រទេស​​​ចិន​​​។

​​របាយ​​​ការណ៍​​​របស់​ U.N ​ដែល​បង្ហាញ​​​​ពីតួ​​លេខ​​​​កើន​​​ឡើង​​​នៃការ​នាំ​ចេញ​ឈើ​​​ប្រណីត​ក្នុង​ឆ្នាំ​២០១៣​។
​​របាយ​​​ការណ៍​​​របស់​ U.N ​ដែល​បង្ហាញ​​​​ពីតួ​​លេខ​​​​កើន​​​ឡើង​​​នៃការ​នាំ​ចេញ​ឈើ​​​ប្រណីត​ក្នុង​ឆ្នាំ​២០១៣​។

ការ​​​ជួញ​​​ដូរ​​​ឈើ​​​​​​ប្រណីត​​​​​​មាន​​​គ្រោះ​​​ថ្នាក់​​​ខ្លាំង​​​ណាស់​​​​​​ក្នុង​​​ករណី​​​មួយ​​​ចំនួន​​​។ យោង​​​តាម​​​អង្គការ​​​សិទ្ធិ​​​មនុស្ស​​​អាដ​​​ហុក​​​បា​​​ន​​​ឲ្យ​​​ដឹង​​​ថា គ្រាន់​​​តែ​​​ឆ្នាំ​​​មុន​​​ ប្រជា​​​ពល​​​រដ្ឋ​​​កម្ពុជា​​​យ៉ាង​​​ហោច​​​ណាស់​​​ចំនួន​​​៣៣​​​នាក់​​​ត្រូវ​​​បាន​​​កង​​​កម្លាំង​​​សន្តិសុខ​​​ថៃ​​​បាញ់​​​សម្លាប់​​​ ខណៈ​​​ពេល​​​ឆ្លង​​​ដែន​​​ចូល​​​ទៅ​​​កាប់​​​ឈើ​​​គ្រញូង​​​។ ការ​​​​​​ឆ្លង​​​ដែន​​​ខុស​​​ច្បាប់​​​ដើម្បី​​​កាប់​​​ឈើនេះ​​​បាន​​​ធ្វើ​​​ឲ្យ​​​ប្រជា​​​ពល​​​រដ្ឋ​​​កម្ពុជា​​​ចំនួន​​​៤៥​​​នាក់​​​បាត់​​​បង់​​​ជីវិត​​​កាល​​​ពីឆ្នាំ​​​២០១២​​​។

នៅ​​​ក្នុង​​​របាយ​​​ការណ៍​​​មួយ​​​មាន​​​ចំណង​​​ជើង​​​ថា “ផ្លូវ​​​ឆ្ពោះ​​​ទៅ​​​ការ​​​ផុត​​​ពូជ​​​៖ អំពើ​​​ពុក​​​រលួយ​​​និង​​​អំ​​​ពើ​​​ហិង្សា​​​​​​បំផ្លាញ​​​ឈើ​​​គ្រញូង​​​នៅ​​​ក្នុង​​​តំបន់​​​ទន្លេ​​​មេគង្គ​​​” ដែល​​​ត្រូវ​​​បាន​​​ចេញ​​​ផ្សាយ​​​កាល​​​​​​ពី​​​ម្សិលមិញ ទីភ្នាក់​​​ងារ​​​សើុប​​​អង្កេត​​​ផែ្ន​​​ក​​​បរិស្ថាន ហៅ​​​កាត់​​​ថា EIA បាន​​​បន្ទោស​​​ការ​​​ជួញ​​​ដូរ​​​ឈើ​​​ខុ​​​សច្បាប់​​​នេះ​​​ភាគ​​​ច្រើន​​​ទៅ​​​លើ​​​ប្រទេស​​​ចិន​​​ ដែល​​​ស្រឡាញ់​​​ចូល​​​ចិត្ត​​​ហុង​​​មុ​​​ (Hongmu) ជា​​​ភាសា​​​ចិន​​​​​​ដែល​​​មាន​​​​​​ន័យ​​​សំដៅ​​​ដល់​​​គ្រឿង​​​សង្ហា​​​រិ​​​ម​​​ដ៏​​​ប្រណីត​​​មួយ​​​ប្រភេទ​​​ និង​​​ប្រភេទ​​​ឈើ​​​ប្រណីត​​ប្រើ​​​ដើម្បី​​​ផលិត​​​វា​​​។

របាយ​​​ការណ៍​​​នេះ​​​លើក​​​ឡើង​​​ថា “ការ​​​ទទួល​​​ខុស​​​ត្រូវ​​​ធ្លាក់​​​លើ​​​ប្រទេស​​​​​​ដែល​​​មាន​​​​​​ដើម​​​​​ឈើ​​​ទាំង​​​នេះ​​​ដូច​​​ជា ប្រទេស​​​ថៃ ប្រទេសវៀត​​​ណាម ប្រទេស​​​ឡាវ និង​​​ប្រទេស​​​កម្ពុជា ប៉ុន្តែ​​​ការ​​​ផលិត​​​និង​​​ការ​​​ជួញ​​​ដូរ​​​ដែល​​​មាន​​​​​​ការ​​​គាំទ្រ​​​ពី​​​សំណាក់​​​រដ្ឋាភិបាល​​​ចិន នូវ​​​​​​ប្រភេទ​​​ឈើ​​​ប្រណីត​​​សម្រាប់​​​ផលិត​​​គ្រឿង​​​សង្ហារិម​​​ហុង​​​មុ​​​ គឺ​​​ជា​​​កត្តា​​​ជំរុញ​​​ឲ្យមាន​​​ការ​​​កាប់​​​បំផ្លាញ​​​ព្រៃឈើ​​​ប្រភេទ​​​េនះ ហើយ​​​ចិន​​​ជា​​​កន្លែង​​​ដែល​​​គេ​​​នាំ​​​ឈើ​​​ទាំង​​​អស់​​​នោះ​​​ទៅ​​​”។

ភា្នក់​​​ងារ​​​សើុប​​​អង្កេតរបស់ EIA និយាយ​​​ថា ពួកគេ​​​បាន​​​រក​​​ឃើញថា គ្រែ​ហុង​​​មុ​​​មួយ​​​លក់​​​រាយ​​​ក្នុង​​​តម្លៃ​​​រហូត​​​ដល់​​​ទៅ​​​១លាន​​​ដុល្លារ​​​នៅ​​​ក្នុង​​​ក្រុង​​​សៀង​​​ហៃ។

អង្គការ​​​សិទ្ធិ​​​បរិស្ថាន​​​ដែ​​​ល​​​មាន​​​មូល​​​ដ្ឋាន​​​នៅក្នុង​​​ទីក្រុង​​​ឡុងដ៍​​​​នេះ​​​ បាន​​​បញ្ជូន​​​ក្រុម​​​​​​ការ​​​ងារ​​​របស់​​​ខ្លួន​​​មក​​​កាន់​​​ទូទាំង​​​តំបន់​​​នេះ​​​ ​​​ដែល​​​ពេល​​​ខ្លះ​​​ជា​​​ភ្នាក់​​​ងារ​​​សម្ងាត់​​​ដើម្បី​​​សើុប​​​អង្កេត​​​ពី​​​ផ្លូវ​​​ជួញ​​​ដូរ​​​ឈើ​​​ប្រណីត​​​ទាំ​​​ង​​​នេះ​​​។ អង្គការ​​​នេះ​​​ព្រមាន​​​ថា ឈើ​​​គ្រញូង​​​ និង​​​ប្រភេទ​​​ឈើ​​​ក្រហម​​​អាច​​​នឹង​​​​​​ក្លាយ​​​ជា​​​ឈើ​​​បន្ទាប់​​​ដែល​​​ស្ថិត​​​​​​ក្នុង​​​បញ្ជី​​​​​​ឈ្មោះ​​​ឈើ​​​ជិត​​​ផុត​​​ពូជ​​​។

របាយ​​​ការណ៍​​​​​​ដ​​​ដែល​​​បន្ត​​​ទៀត​​​ថា “បច្ចុ​​​ប្បន្ន​​​ឈើ​​​គ្រញូង​​​ស្ទើ​​​រ​​​តែ​​​អស់​​​ទៅ​​​ហើយ​​​ ហើយ​​​ដោយ​​​សារ​​​តែ​​​បែ​​​ប​​​នេះ​​​បាន​​​​​​ជា​​​គេ​​​កំពុង​​​​​​ផ្តោត​​ការ​​​ចាប់​​​អារម្មណ៍​​​លើ​​​ឈើ​​​មាន​​​តម្លៃ​​​ផ្សេ​​​ងៗ​​​ទៀត​​​វិញ​​​​​​ម្តង​​​។ ប្រសិន​​​បើ​​​រដ្ឋាភិ​​​បាល​​​មិនបង្ក្រាប​​​បទ​​​ល្មើស​​​ទាំង​​​នេះ​​​ឲ្យ​​​បាន​​​ខ្លាំង​​​ក្លា​​​ទេ​​​នោះ​​​ ប្រភេទ​​​ឈើ​​​ក្រហម​​​នៅ​​​តំបន់​​​អាស៊ី​​​នឹង​​​ត្រូវ​​​ផុត​​​​​​ពូជ​​​បន្ទាប់​​​ពី​​​ឈើ​​​គ្រញូង”។

យោង​​​តាម​​​ការ​​​វិភាគ​​​របស់ EIA លើទិន្ន​​​ន័យ​​​ពាណិជ្ជកម្ម​​​របស់​​​អង្គការ​​​សហ​​​ប្រជាជាតិ​​​បង្ហាញ​​​ថា ក្នុង​​​ចំណោម​​​ឈើ​​​ផលិត​​​គ្រឿង​​​សង្ហា​​​រិម​​​ហុង​​​មុ​​​ ៣,៥​​​លាន​​​មែ៉ត្រ​​​គូប​​​ ដែល​​​ប្រទេស​​​ចិន​​​បាន​​​នាំ​​​ចូល​​​ចន្លោះ​​​ពី​​​ឆ្នាំ​​​២០០០​​​ដល់​​​ឆ្នាំ​​​២០១៣​​​ ជិត​​​ពាក់​​​កណ្តាល​​​មាន​​​ប្រភព​​​ចេញ​​​ពី​​​ប្រទេស​​​កម្ពុជា និង​​​មួយ​​​ចំនួន​​​ផ្សេង​​​ទៀត​​​ចេញ​​​ពី​​តំបន់​​​ទន្លេ​​​មេគង្គ​​​។

យោង​​​តាមទិន្ន​​​ន័យ​​​នេះ​​​បង្ហាញ​​​ថា  ការ​​​នាំ​​​ចេញ​​​របស់​​​កម្ពុជា​​​នូវ​​​ឈើ​​​គ្រញូង​​​ និង​​​ឈើ​​​ប្រណីត​​​ផ្សេង​​​ៗ​​​ទៀត​​​សម្រាប់​​​ផលិត​​​គ្រឿង​​​សង្ហារិម​​​​​​ហុង​​​មុ បាន​​​កើន​​​ឡើង​​​ជាង​​​បី​​​ដង​​​ចន្លោះ​​​ពី​​​​​​ឆ្នាំ​​​២០១២​​​ដល់​​​ឆ្នាំ​​​២០១៣​​​ ពី​​​ចំនួន​​​​​​៦.៨០០ម៉ែត្រ​​​គូប​​​ដល់​​​ ២០.៧០០ម៉ែត្រ​​​គូប ជា​​​តួលេខ​​​ខ្ពស់​​​បំផុត​​​សម្រាប់​​​ប្រទេស​​​កម្ពុជា ចាប់​​​តាំង​​​ពី​​​ឆ្នាំ​​​២០០០​​​មក​​​។

លោក​​​ ចាហ្គោ​​​ វ៉ាដលី (JagoWadley) ជា​​​មន្ត្រី​​​យុទ្ធ​​​នាការ​​​ព្រៃ​​​ឈើ​​​ជាន់​​​ខ្ពស់​​​របស់​​​ EIA ​​​បាន​​​ធ្វើ​​​ការ​​​ពន្យល់​​​តិច​​​តួច​​​ណាស់​​​ចំពោះ​​​ការ​​​កើន​​​ឡើង​​​ខ្លាំង​​​គួរ​​​ឲ្យ​​​ភ្ញាក់​​​ផ្អើល​​​នេះ។

លោក​​​បាន​​​លើក​​​ឡើង​​​តាម​​​អីុ​​​ម៉េល​​​ថា “តម្រូវ​​​ការ​​​បាន​​​កើន​​​ឡើង​​​ខ្ពស់​​​ ការ​​​ដឹក​​​ជញ្ជូន​​​ដែល​​​ពី​​​មុន​​​ប្រហែល​​​ជា​​​​​​ឆ្លង​​​កាត់​​​ប្រទេស​​​វៀត​​​ណាម​​​ ពេល​​​នេះ​​​ការ​​​ដឹក​​​ជញ្ជូន​​​គឺ​​​ផ្ទាល់​​​ៗ​​​ ​​​តែ​​​ម្តង​​​ [សម្ប​​​ទាន​​​ដី​​​សេដ្ឋ​​​កិច្ច​​​] ការ​​​កាប​​​់​​​ឆ្ការ​​​​​​ព្រៃ​​​ប្រហែល​​​ជា​​​​​​បាន​​​ធ្វើ​​​ឲ្យ​​​​​​ឈើ​​​​​​ផ្សេងៗ​​​ទៀត​​​សម្រាប់​​​ផលិត​​​​​​គ្រឿង​​​សង្ហារិម​​​ហុង​​​មុ​​​​​​ដុះ​​​កាន់​​​តែ​​​ច្រើន​​​។ ក្នុង​​​ចំណោម​​​ហេតុ​​​ផល​​​ទាំង​​​នេះ​​​គ្មាន​​​ហេតុ​​​ផល​​​ណា​​​មួយ​​​ដែល​​​អាច​​​បញ្ជាក់​​​​​​បាន​​​ ឬ​​​ចាត់​​​ទុក​​​ជា​​​ការ​​​ពិត​​​បាន​​​ទេ​​​នៅ​​​ដំណាក់​​​កាល​​​នេះ​​​”។

លោក​​​បានមាន​​​ប្រសាសន៍​​​ថា តួ​​​លេខ​​​នាំ​​​ចេញ​​​របស់​​​កម្ពុជា​​​មិន​​​បាន​​​បង្ហាញ​​​ពី​​​ទំហំ​​​ពិត​​​ប្រាកដ​​​នៃ​​​ការ​​​នាំ​​​ចេញ​​​ឈើ​​​ផលិត​​​គ្រឿង​​​សង្ហារិម​​​ហុង​​​មុ​​​ ពី​​​កម្ពុជា​​​ទៅកាន់​​​​​​ប្រទេស​​​ចិន​​​នោះ​​​ទេ។ក្នុង​​​ចំណោម​​​ឈើ​​​រាប់មឺុ​​​ន​​​មែ៉​​​ត្រ​​​គូប​​​ដែល​​​​​​ប្រទេស​​​វៀត​​​ណាម​​​នាំ​​​ចេញ​​​ជា​​​ផ្លូវ​​​ការ​​ជា​​​រៀង​​​រាល​​់​​​ឆ្នាំ​​​ ឈើ​​​ជាច្រើន​​​ក្នុង​​​ចំណោម​​​នោះ​​​ក៏​​​ទំនង​​​ជា​​មាន​​​ប្រភព​​​ចេញ​​​ពី​​​ប្រទេស​​​កម្ពុជា​​​ដែរ​​​។

លោក​​​បានមាន​​​ប្រសាសន៍​​​បន្ថែម​​​ទៀត​​​ថា “វៀត​​​ណាម​​​មាន​​​តួ​​​នាទី​​​យ៉ាង​​​សំខាន់​​​នៅ​​​ក្នុង​​​ការ​​​លាង​​​ឈើ​​​​​​ខុស​​​ច្បាប់​​​សម្រាប់​​​ផលិត​​​គ្រឿង​​​សង្ហារិម​​​ហុង​​​មុ​​​ ដែល​​​មាន​​​ប្រភព​​​ចេញ​​​ពី​​​ប្រទេស​​​ឡាវ និង​​​ប្រទេស​​​កម្ពុជា​​​។ យើង​​​​​មិន​​​ដឹង​​​ពី​​​ទំហំ​​​ពិត​​​ប្រាកដ​​​ ឬ​​​​​​ប្រទេស​​​ប្រភព​​​ដើម​​​​​​ដែល​​​មិនមាន​​​រាប់​​​បញ្ចូល​​​នៅ​​​ក្នុង​​​ទិន្នន័យ​​​នេះ​​​ទេ​​​។ តែ​​​ទោះ​​​ជា​​​យ៉ាង​​​ណា​​​ ខណៈ​​​ដែល​​​ប្រទេស​​​វៀត​​​ណាម​​​បាន​​​កាប់​​​ឈើ​​​គ្រញូង​​​ច្រើន​​​ ឬ​​​តិច​​​ជាង​​​គេ​​​នោះ​​​ និង​​​ព្រៃ​​​ធម្មជាតិ​​​ភាគ​​​ច្រើន​​​ផ្សេង​​​ទៀត​​​ដែល​​​មាន​​​ដើម​​​ឈើ​​​​​​ប្រណីត​​​សម្រាប់​​​ផលិត​​​គ្រឿង​​​សង្ហារិម​​​ហុង​​​មុ​​​ វា​​​ទំនង​​​ណាស់​​​ថា ការ​​​នាំ​​​ចេញ​​​ឈើប្រណីត​​​ស្ទើរ​​​តែ​​​ទាំង​​​អស់​​​របស​​​់​​​ប្រទេស​​​វៀត​​​ណាម​​​ទៅ​​​កាន់​​​ប្រទេស​​​ចិន​​​ មាន​​​ប្រភព​​​ចេញ​​​ពី​​​ប្រទេស​​​​​​ឡាវ​​​ ប្រទេស​​​កម្ពុជា​​​ និង​​​ប្រទេស​​​ថៃ​​​”។

ហើយ​​​ការ​​​ជួញ​​​ដូរ​​​នេះ​​​ ​​គឺ​​​នៅ​​​តែ​​​រាល​​​ដាល​​​ដដែល​​​ បើ​​​ទោះ​​​ជា​​​មាន​​​ច្បាប់​​​ និង​​​អនុ​​​សញ្ញា​​​ហាម​​​ប្រាម​​​វា​​​ជា​​​ពិសេស​​​ក​​​៏​​​ដោយ​​​។ ច្បាប់​​​ព្រៃឈើ​​​​​​របស់​​​កម្ពុជា​​​ដែល​​​ត្រូវ​​​បាន​​​អនុម័ត​​​កាល​​​ពី​ឆ្នាំ​​​២០១២​​​ ហាម​​​ប្រាម​​​យ៉ាង​​​តឹង​​​រឹុង​​​ចំពោះ​​​ការ​​​កាប់ឈើ​​​កម្រ​​​ រួម​​​ទាំង​​​ឈើ​​​គ្រញូង​​​ផង​​​។ កាល​​​ពីឆ្នាំ​​​២០១៣​​​ លោក​​​នាយករដ្ឋ​​​មន្ត្រី ហ៊ុន សែន បា​​​ន​​​ចេញ​​​សារាចរ​​​ណែ​​​នាំ​​​មួយ​​​ថា ការ​​​កាប់​​​ឈើ​​​គ្រញូង​​​គឺ​​​​​ខុសច​​​្បាប់ ហើយ​​​សូម្បី​​​តែ​​​ការ​​​ដឹក​​​ជញ្ជូន និង​​​ការ​​​លក់​​​ក៏​​​ខុស​​​ច្បាប់​​​ដែរ​​​។ លោក​​​ក៏​​​បាន​​​ជំរុញ​​​ដែរ​​​ឲ្យ​​​ប្រទេស​​​ផ្សេង​​​ៗ​​​ដែល​​​កំពុង​​​នាំ​​​ចូល​​​ឈើ​​​នេះ​​​នៅ​​​ឡើយ​​​ចាត់​​​វិធាន​​​ការ​​​ទប​​​់​​​ស្កាត់​​​តម្រូវ​​​ការ​​​​​​ឈើ​​​កម្រ​​​ទាំ​​​ងនេះ​​​។

នៅ​​​ក្នុង​​​ឆ្នាំ​​​ដដែ​​ល​​​នោះ​​​ ប្រទេស​​​កម្ពុជា​​​បាន​​​ចូល​​​រួម​​​ជាមួយ​​​ប្រទេស​​​ចំនួន​​​១៧៦​​​ផ្សេង​​​ទៀត​​​ដែលជា​​ហត្ថ​​​លេខ​​​ី​​​នៃ​​​អនុ​​​សញ្ញា​​​ស្តី​​​ពី​​​ការជួញ​​​ដូរ​​​​​​សត្វ​​​ និង​​​រុក្ខជាតិ​​​​​​ជិត​​​ផុត​​​ពូជ​​​ជា​​​អន្តរ​​​ជាតិ ហៅ​​​កាត់​​ថា CITES ដើម្បី​​​​​​ការពារ​​​ឈើ​​​គ្រញូង​​​ដូច​​​មាន​​នៅ​​​ក្នុង​​​ឧបសម្ព័ន្ធ​​​២​​​។ នោះ​​​មាន​​​ន័យ​​​ថា ការ​​​ជួញ​​​ដូរ​​​ឈើ​​​ទាំង​​​នេះ​​​ជា​​​អន្តរ​​​ជាតិ​​​ ត្រូវ​​​តែ​​​មាន​​​​​​អាជ្ញាប័ណ្ណ​​​នាំ​​​ចេញ​​​​​​ជាក់​​​លាក់​​​។

កាលពីចុងឆ្នាំ​២០១៣ ក្រុមស៊ើបអង្កេត​​​របស់ EIA ​បាន​តាម​ដាន​​និងបាន​ជួប​​ជាមួយ​​​ឈ្មួញ​​ឈើ​គ្រញូង​ម្នាក់​​នៅក្រុង​​​​​​សឹុនជិន (Shenzhen) ប្រទេស​ចិន។ EIA ​បាន​ឲ្យដឹងថា រយៈ​ពេល​ពីរ​បី​​ខែ​ក្រោយមក ​​ឈ្មួញ​​​ឈើ​​​រូបនេះ​​​បាន​ផ្ញើ​​​លិខិត​​​អនុញ្ញាត​​​ CITES ឲ្យ​​​នាំ​​​ចេញ​​​ឡើង​​​វិញ​​​គួរ​​​ឲ្យ​​​សង្ស័យ​​​មក​​​ក្រុម​​ស៊ើប​​អង្កេតនេះ​​​​ ដែល​​​​ទំនងជា​​ចេញ​ដោយ​ប្រទេស​​​វៀតណាម​​សម្រាប់​ការ​នាំចេញ​​ឈើ​គ្រញូង​​​ពីប្រទេស​កម្ពុជា។

ប៉ុន្តែ​ប្រទេស​កម្ពុជា​​បាន​ប្រាប់​ EIA ​​ថា ខ្លួន​​មិនបាន​​ចេញ​​​​លិខិត​​​ CITESអនុញ្ញាត​​ឲ្យ​នាំ​ចេញ​​​ណាមួយ​​​ឡើយ​​​រហូត​​​មក​ទល់​​ពេល​នេះ ហើយ​មិន​​​យូរ​​​ប៉ុន្មាន​​​ កម្ពុជា​​​ក៏​​​បាន​សរសេរ​លិខិត​មួយ​​​ច្បាប់​​​ទៅ​ស្ថានទូត​ចិន​​ប្រចាំ​ក្នុង​រាជ​ធានី​ភ្នំពេញ​​​​ ដើម្បី​​​បញ្ជាក់​​​ថា ​​ខ្លួន​​បាន​ហាម​ប្រាម​​ការ​ជួញ​​​ដូរ​​​​​ឈើ​​គ្រញូង​។

គេហ​​ទំព័រ​​របស់ CITES ​​​បាន​​​បញ្ជាក់ថា លោក ​ទី​ សុគន្ធ រដ្ឋលេខាធិការ​​ក្រសួង​​​កសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទ គឺ​​​ជា​​​ប្រធាន “អាជ្ញាធរ​​​គ្រប់​​​គ្រង​​​” របស់​​​កម្ពុជា​​​ទទួល​​​បន្ទុក​​​អនុវត្ត​​​តាម​​​​​​អនុ​​​សញ្ញា​​​នេះ​​​។ លោក ទី សុគន្ធ ​បាន​បដិសេធ​មិនព្រមអត្ថាធិប្បាយទេ​​​​​​ ហើយ​​​ជំនួយ​​ការ​​របស់​លោក​​បាន​បង្វែរ​សំណួរ​​​ពាក់​​​ព័ន្ធ​​​ការនាំ​ចេញ​ឈើគ្រញូង​​ទៅ​លោក ឆេង គឹម​ស៊ុន ប្រធាន​រដ្ឋបាល​ព្រៃឈើ​ ដែល​​​បាន​បដិសេធ​មិន​ធ្វើ​​អត្ថាធិប្បាយ​ដូច​​​គ្នា​​​​​​។

នៅ​​ក្នុងរបាយ​​ការណ៍​​របស់​​ខ្លួន EIA ​បន្ថែមថា ប្រទេស​កម្ពុជា​​និង​​ប្រទេស​ផ្សេងៗ​​​ទៀត​​កំពុងតែ​​ធ្វើ​​​ឲ្យ​​​ប៉ះ​​​ពាល់​​​​​​​យ៉ាង​​​ខ្លាំង​​​ដល់​​​ច្បាប់​និងអនុសញ្ញា​របស់​ខ្លួន​​​ដោយ​​​​សារ​​​តែ​​​ការ​​​លក់​​​​ឈើ​​កាប់​ខុស​ច្បាប់​ ​​​ទាំ​​​ងនេះ​​​ដែល​អាជ្ញាធរ​​របស់​ខ្លួនរឹប​អូស​បាន​​​ជា​​​ប្រចាំ​​​។

EIA ​ និយាយ​​​ថា “ការ​លាង​​ឈើ​ខុស​ច្បាប់​​​បញ្ចូល​​​ទៅ​​​ក្នុង​​​សេដ្ឋកិច្ច​ផ្លូវការ​​​តាម​រយៈ​​ការ​​រឹប​​អូស​និង​ការ​លក់​​​របស់​រដ្ឋាភិបាល ធ្វើឡើង​ជាប្រព័ន្ធ​​​និងពុក​រលួយ​ ហើយ​​​វា​​​ដើរ​តួនាទី​យ៉ាង​​​សំខាន់​ក្នុង​​​ការ​​​ធ្វើ​​​ឲ្យ​​​គ្មាន​​​អ្នក​​​គោរព​​​តាម​​​​​​ការ​​​ហាម​​​ឃាត់​​​ការ​​​ជួញ​​​ដូរ​​​ឈើ​​​ប្រណីត​​​ទាំ​​​ង​​​អស់​​​នៅក្នុង​ប្រទេស​ឡាវ ​វៀតណាម ​និងប្រទេស​កម្ពុជា​​។ប្រទេស​កម្ពុជាក៏ហាមប្រាម​​ការ​កាប​​​់​​​និងការ​ជួញ​ដូរ​ឈើ​គ្រញូងប្រណីត​​​ស្រដៀង​​​គ្នា​​​ដែរ​​​​​ ប៉ុន្តែ​​បែរ​​​ជា​​​ផ្តល់​កិច្ចសន្យា​ផ្តាច់​មុខ​​ទៅឲ្យ​អភិ​​​ជន​​​ឈើ​​ដែល​​មាន​ខ្នង​ក្រាស់​ ទិញ​​​យក​​​ឈើ​មាន​តម្លៃ​ដែល​រឹបអូសបាន​​​ដោយ​​​​​​ខុស​​​ច្បាប់​​​ រួមទាំង​​ឈើគ្រញូង​​កាប់ពី​តំបន់​ដី​​​សម្បទាន​សេដ្ឋកិច្ច​​ដ៏​ចម្រូង​ចម្រាស​ដែល​កំពុង​តែ​បំផ្លាញ​​ព្រៃឈើ​ក្នុងប្រទេស​នេះ​​​ទៅ​​​វិញ​​​”។

EIA បាន​​​លើក​​​ឡើង​​​ពី​​​កិច្ចព្រម​​ព្រៀង​មួយ​មាន​​ទឹក​ប្រាក់​៣,៤លាន​ដុល្លារ​ ​ដែល​ឧកញ៉ា ទ្រី ​ភាព​ ជា​​​ឈ្មួញ​​​ឈើ​​​ដ៏​​​ធំ​​​នៅ​​​កម្ពុជា​​​បាន​ចុះ​ហត្ថលេខា​​ជាមួយ​រដ្ឋាភិបាល​​ដើម្បី​​​ទិញ​​​យក​​​ឈើ​កាប់​ដោយ​​​​​​ខុសច្បាប់​ចំនួន​​​៥.០០០​​​ម៉ែត្រ​​​គូប​​​ ដែល​​​អាជ្ញាធរ​​​រឹបអូស​​បាន​កាល​ពី​ឆ្នាំមុន។

នៅ​​​ភូមិ​​​ភាគ​ឦសាន​​​នៃ​​​ប្រទេស​កម្ពុជា​​​ រឿង​​​​​​អាថ៌កំបាំង​​​មួយ​​​ដែល​​​អ្ន​​​ក​​​ណា​​​ក៏​​​ដឹង​​​​​ក្នុងចំណោម​​អ្នក​​​កាប់​​ឈើ​ និង​​​អង្គការ​សិទ្ធិមនុស្ស​​​ថា ​រថ​យន្ត​ដឹក​ឈើ​​របស់​លោក ទ្រី ​ភាព ​បាន​​​ដឹក​​​ឈើ​​​ឥត​​​ឈប់​​ឈរ​​ចូល​ទៅ​ក្នុង​​ប្រទេស​វៀតណាម​។

លោក វ៉ាតលី​​​ បាន​​​មាន​ប្រសាសន៍​​​ថា អ្វី​​​ដែល​កម្ពុជា​លើក​​​ឡើង​​​ថា​​​ ខ្លួន​​​កំពុង​​​តែ​​​ធ្វើ​​​ការ​​​បង្ក្រាប​​​ដើម្បី​​​ទប់​ស្កាត់​​ការ​​​ជួញ​​​ដូរ​​​ឈើ​​​គ្រញូង​ និង​​​ប្រភេទ​ឈើ​កម្រ​ផ្សេងៗ​​​ទៀត​​​នោះ​​​​​​​​​វាហាក់​​​ដូច​​​ជា​​​មិន​​​បាន​​​ការ​​​ឡើយ​​​។ លោក​​​បាន​ថ្លែង​​​ថា “ប្រសិន​​​បើ​​​កត់​​​ត្រា​​​ឲ្យ​​​បាន​​​ត្រឹម​​​ត្រូវ​​​​​​វិញ​​​នោះ​​​ តួ​​​លេខ​​​ជួញ​​​​​​ដូរ​​​មិន​​​មែន​​​មាន​​​តែ​​​ប៉ុណ្ណឹង​​​​​​ទេ​​​”៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស