មន្ត្រីនគរបាលម្នាក់បានឲ្យដឹងថា អ្នកចម្រៀងពីរនាក់និងអ្នកបើកបររបស់ពួកគេបានស្លាប់ បន្ទាប់ពីរថយន្តរបស់ពួកគេត្រូវបានរថយន្តធំមួយគ្រឿងបុក បន្ទាប់ពីការប្រគំតន្ត្រីមួយនៅក្នុងខេត្តកំពង់ចាម កាលពីព្រឹកម្សិលមិញ។
យោងតាមលោក ឡុង ម៉េងសែ នាយការិយាល័យនគរបាលចរាចរណ៍ខេត្តបានឲ្យដឹងថា អ្នកចម្រៀងដែលគេគ្រាន់តែស្គាល់ថា ឈ្មោះ យ៉ន អាយុ២៥ឆ្នាំ និងឈ្មោះ ស្រី ហ៊ីន អាយុ២៨ឆ្នាំ បានស្លាប់ភ្លាមជាមួយនឹងអ្នកបើកបរឈ្មោះ ស៊ុន ឌីណា អាយុ២៧ឆ្នាំ នៅពេលរថយន្តរបស់ពួកគេបុកជាមួយរថយន្តទម្ងន់៣០តោនមួយគ្រឿងនៅលើផ្លូវជាតិលេខ៧១នៅក្នុងស្រុកចម្ការលើ នៅម៉ោងប្រហែលជា១និង៤៥នាទីរំលងអធ្រាត្រ។
លោកបានមានប្រសាសន៍ថា អ្នកដំណើរប្រាំបួននាក់ទៀត ដែលប្រាំពីរនាក់រងរបួសធ្ងន់សម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យខេត្តកំពង់ចាម កាលពីរសៀលម្សិលមិញ។ គ្រោះថ្នាក់នេះបានកើតឡើងនៅពេលដែលរថយន្តទម្ងន់៣០តោនបានបើកបំពានចំណែកផ្លូវម្ខាងទៀតក្នុងល្បឿនលឿននៅក្នុងឃុំបុសខ្នុរ បណ្ដាលឲ្យបុកចំចំហៀងរថយន្ត១,៥តោនដែលដឹកអ្នកភ្លេងសម័យ។
លោក ម៉េងសែ បានមានប្រសាសន៍ថា “ពេលនេះស្ថានភាពអ្នករងរបួសទាំងនោះនៅនឹងនរ។អាជ្ញាធរ ជានិច្ចកាលតែងតែចុះទៅអប់រំប្រជាពលរដ្ឋអំពីគ្រោះថ្នាក់ចរាចរណ៍ និងធ្វើតេស្តជាតិស្រវឹង ព្រមទាំងត្រួតពិនិត្យល្បឿនរថយន្តម្តងក្នុងមួយសប្ដាហ៍”៕ ប៊ុននី