40.6 C
Phnom Penh

តុលាការ​ប្រហែល​ដោះលែង​បុរស​ដែល​ជាប់​ចោទ​ពីបទ​លួច​សារិរិកធាតុព្រះពុទ្ធ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រីតុលាការ​ម្នាក់​បានឲ្យ​ដឹង​កាលពីម្សិលមិញ​ថា សាលាដំបូង​ខេត្ត​កណ្ដាល​នឹង​សាក​សួរ​អ្នក​ទោស​ប្រាំនាក់​នៅខែក្រោយនេះ​ជុំវិញការ​លួច​សារិរិកធាតុ​ព្រះពុទ្ធ​មាន​អាយុ​កាល​២.៥០០​ឆ្នាំ ពី​កំពូលភ្នំឧដុង្គ​កាលពីក្នុង​ខែធ្នូ ដើម្បីឲ្យ​ដឹង​ប្រាកដ​ថា តើ​ពួកគេ​ពិត​ជា​មាន​ជាប់​ពាក់​ព័ន្ធ​ឬយ៉ាង​ណា។

លោក លឹម សុគន្ធថា ចៅក្រម​ស៊ើបសួរ​នៅតុលាការ​នេះ​បាន​លើក​ឡើង​ថា គ្មាន​ភ័ស្តុ​តាង​បន្ថែម​ថ្មី​ដើម្បីនាំខ្លួន​បុរស​ទាំង​នេះ​ទៅជំនុំជម្រះទោស​ទេ​ បើទោះជា​ពួកគេ​ត្រូវ​បាន​ឃុំ​ខ្លួន​ជា​បណ្ដោះ​អាសន្ន​ ចាប់តាំង​ពី​មានការ​ចាប់​ខ្លួនពួកគេ​កាលពី​ក្នុង​ខែធ្នូ​ក៏ដោយ។ លោក​បាន​មាន​ប្រសាសន៍​ថា អ្នកទោស​ដែល​ក្នុង​នោះ​ចំនួន​បីនាក់​ជា​សន្តិសុខ​នៅ​លើ​ភ្នំនេះ​ នឹង​ត្រូវ​សាកសួរ​នៅ​ដើម​ខែក្រោយនេះ​ ក៏ប៉ុន្តែ​មិនទាន់​មាន​កាលបរិច្ឆេទ​ពិត​ប្រាកដ​ឡើយ​។ លោក​បាន​មាន​ប្រសាសន៍​ថា “ប្រសិន​បើ​យើង​សាកសួរ​ពួកគេ​ ហើយ​ពួកគេ​និយាយ​ថា ពួកគេ​មិនពាក់ព័ន្ធ​នឹង​បទ​ល្មើស​នេះទេ ពួកគេ​នឹង​ត្រូវ​ដោះលែង​ឆាប់ៗ​ ហើយ​ជន​សង្ស័យ​ដែល​ពាក់​ព័ន្ធ​នឹង​បទ​ល្មើស​នេះ​នឹង​ត្រូវ​បញ្ជូនទៅ​តុលាការ​”។

លោកចៅក្រម សុគន្ធថា បាន​ឲ្យ​ដឹង​ថា “រហូត​មកទល់​ពេល​នេះ យើង​មិនទាន់​មាន​ភ័ស្តុតាង​បន្ថែម​ថ្មី​ណាមួយ​ដើម្បីចោទ​ប្រកាន់ជន​សង្ស័យ​ប្រាំនាក់​នេះ​ទេ ប៉ុន្តែ​ជន​សង្ស័យ​ថ្មី​ម្នាក់​បាន​សារភាព​ថា ខ្លួនពិត​ជាបានប្រព្រឹត្ត​បទ​ល្មើស​នេះដោយ​ខ្លួនឯង​”។

ឈ្មោះ​ កែវ រស្មី អាយុ​២៤​ឆ្នាំ​ ជាកសិករ​តូច​តាច​មកពី​ស្រុក​ទ្រាំង ខេត្ត​តាកែវ​ ត្រូវ​បាន​ចាប់​ខ្លួនកាលពីខែកុម្ភៈ និង​ត្រូវ​បាន​ចោទ​ប្រកាន់ពីបទ​លួច​សារិរិកធាតុ​ ដែល​ត្រូវបាន​គេ​រក​ឃើញ​នៅក្នុង​ផ្ទះ​បាយ​របស់​ជននេះ។

សារិរិកធាតុ​ព្រះពុទ្ធ​នេះ​ត្រូវបាន​ដាក់​តម្កល់នៅ​ក្នុង​ព្រះ​សក្យមុនី​ចេតីយ​នៅលើ​កំពូល​ភ្នំ ដែល​កសាង​អស់​ប្រាក់​៤,៥​លាន​ដុល្លារ​​ដោយ​ព្រះបរមរតន​កោដ្ឋ នរោត្តម សីហនុ ក្នុងឆ្នាំ​២០០២​ ប៉ុន្តែ​ត្រូវ​បាន​គេ​លួច​យកទៅ​រួមជាមួយ​នឹង​បដិមា​ដែល​មាន​តែង​លម្អ​មួយចំនួន​ផង​ដែរ​នាយប់​មួយ​កាលពីក្នុងខែ​ធ្នូ។

ជនទាំង​ប្រាំនាក់​ត្រូវ​គេ​សាកសួរ​ រួមមាន​សន្តិសុខបីនាក់​ដែល​បំពេញភារកិច្ច​យាម​កាម​នៅទីនោះ​ ឈ្មោះ ចម ថៃ អាយុ​៥៧​ឆ្នាំ សៀង សារិន អាយុ​៥៨​ឆ្នាំ និង​ ឈ្មោះ កា សាក់ អាយុ​៤៦​ឆ្នាំ ដែល​ត្រូវបាន​ចោទ​ពីបទ​ចោរកម្មមាន​ស្ថានទម្ងន់​ទោស​។

ឈ្មោះ ផា សុខែម អាយុ​៥៩​ឆ្នាំ ជា​ប្រធាន​សន្តិសុខ​ប្រចាំ​នៅ​ព្រះសក្យមុនីចេតីយនេះ​ និង​ឈ្មោះ កាន់ សុភ័ក្ត្រ អាយុ​៣៩​ឆ្នាំ​ជា​អ្នក​រត់​ម៉ូតូឌុប ​ក៏ត្រូវបាន​ចោទ​ប្រកាន់​ផង​ដែរ​។ អ្នក​ទាំង​ប្រាំនាក់នេះបាន​ទទូច​ថា ខ្លួន​ជា​ជន​ស្លូត​ត្រង់​ ហើយនគរ​បាល​មិន​ទាន់​ផ្ដល់​ភ័ស្តុ​តាង​​​ដាក់​បន្ទុក​ណាមួយ​ចំពោះ​ពួកគេ​នៅឡើយទេ៕ ប៊ុននី​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស