យោងតាមព្រះរាជក្រឹត្យ ដែលឡាយព្រះហស្តលេខាកាលពីខែមុនឲ្យដឹងថា អភិបាលខេត្តសៀមរាប និងអភិបាលខេត្តកំពង់ឆ្នាំងត្រូវបានដំឡើងឋានន្តរស័ក្តិក្នុងជួរកងទ័ព។
ព្រះរាជក្រឹត្យ ដែលឡាយព្រះហស្ដលេខាដោយព្រះមហាក្សត្រ នរោត្តម សីហមុនី និងចុះថ្ងៃទី២៤ ខែមេសា ត្រាស់បង្គាប់ដំឡើងឋានន្តរស័ក្តិលោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាបពីឧត្តមសេនីយ៍ទោ ទៅឧត្តមសេនីយ៍ឯក ហើយលោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំងពីឧត្តមសេនីយ៍ត្រី ទៅឧត្តមសេនីយ៍ទោ។
លោកឧត្តមសេនីយ៍ទោ ឈួរ ច័ន្ទឌឿន គឺជាអតីតមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ឆ្នាំងនៃកងយោធពលខេមរភូមិន្ទ ចំណែកឧត្តមសេនីយ៍ឯក ឃឹម ប៊ុនសុង គឺជាអតីតមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តសៀមរាប។
លោកឧត្តមសេនីយ៍ឯក ឃឹម ប៊ុនសុង បានមានប្រសាសន៍ពីការដំឡើងឋានន្តរស័ក្តិនេះថា “ធម្មតាទេ នៅពេលយើងធ្វើការងារបានល្អ យើងទទួលបានការដំឡើងឋានន្តរស័ក្តិហើយខ្ញុំសប្បាយរីករាយណាស់“។
ទាំងឧត្តមសេនីយ៍ឯក ឃឹម ប៊ុនសុង និងឧត្តមសេនីយ៍ទោ ឈួរ ច័ន្ទឌឿន ត្រូវបានតែងតាំងជាអភិបាលខេត្តកាលពីឆ្នាំមុន។ នៅមុនការដំឡើងឋានន្តរស័ក្តិនេះ ឧត្តមសេនីយ៍ឯក ឃឹម ប៊ុនសុង គឺជាមន្ត្រីម្នាក់ដែលបម្រើការងារជាទាហានរយៈពេលជាង៣០ឆ្នាំក្នុងខេត្តសៀមរាប។
បើទោះណាជាមិនមានតួលេខថ្មីៗក៏ដោយ ក៏ប្រទេសកម្ពុជាមានឧត្តមសេនីយ៍ជាង២.០០០នាក់កាលពីឆ្នាំ២០១០ ហើយនៅពេលនោះលោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិបានសម្រេចផ្អាកការដំឡើងឋានន្តរស័ក្តិជាបណ្ដោះអាសន្ន៕ សារុន