កាលពីម្សិលមិញ ព្រះសង្ឃនិងក្មេងវត្តជាង៣០អង្គ-នាក់ បានសន្លប់នៅខេត្តស្វាយរៀង ដោយគេសង្ស័យថា ជាករណីពុលចង្ហាន់។ យោងតាមមន្ត្រីសុខាភិបាលម្នាក់ឲ្យដឹងថា ការសន្លប់នេះបានកើតឡើងនៅម៉ោងប្រហែល១០និង៣០នាទីព្រឹក បន្ទាប់ពីចុងភៅនៅក្នុងវត្តបានធ្វើចង្ហាន់ដោយប្រើប្រាស់បន្លែ ដែលអ្នកភូមិយកមកប្រគេននៅពិធីបុណ្យមួយស្ថិតក្នុងវត្តស្វាយធំ នៅស្រុកស្វាយជ្រុំ។
លោក កែ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្តបានមានប្រសាសន៍ថា ព្រះសង្ឃនិងក្មេងវត្តទាំងនេះបានចាប់ផ្ដើមក្អួត ហើយសន្លប់បន្ទាប់ពីឆាន់ចង្ហាន់រួច ដោយព្រះសង្ឃនិងក្មេងវត្ត២៧អង្គ-នាក់ ក្នុងចំណោម៣២អង្គ-នាក់ ដែលបានអាពាធនិងឈឺ ត្រូវបានបញ្ជូនទៅព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្ត។
លោកបានមានប្រសាសន៍ថា ព្រះសង្ឃនិងក្មេងវត្ត១៥អង្គ-នាក់កំពុងសម្រាកព្យាបាលនៅឡើយគិតមកដល់រសៀលថ្ងៃម្សិលមិញ។ លោកវេជ្ជបណ្ឌិត រដ្ឋា បានមានប្រសាសន៍ថា “យើងមិនទាន់ដឹងពីមូលហេតុដែលព្រះសង្ឃសន្លប់ច្រើនអង្គនេះនៅឡើយទេ។អាចបណ្ដាលមកពីបន្លែមិនស្អាត ឬមានជាតិគីមីនៅក្នុងចង្ហាន់ ប៉ុន្តែការសន្និដ្ឋានជំហានដំបូងគឺថា អាចជាការពុលចង្ហាន់”។
លោកវេជ្ជបណ្ឌិត រដ្ឋា បានមានប្រសាសន៍ថា មន្ត្រីមន្ទីរសុខាភិបាលនឹងចុះទៅវត្តនោះដើម្បីវាយតម្លៃ ថាតើការសន្លប់ដ៏ច្រើននេះដោយសារមូលហេតុអ្វីពិតប្រាកដ។ លោកបានបន្ថែមថា “យើងនឹងយកបន្លែធ្វើចង្ហាន់នោះទៅធ្វើតេស្តនៅរាជធានីភ្នំពេញ”៕ សារុន