38 C
Phnom Penh

សាលារាជធានី​​​ស្វែង​​​រក​​​ក្រុមហ៊ុន​​​ថ្មី​​​ឲ្យ​​​ដំណើរ​​​ការ​​​សេវា​​​រថយន្ត​​​ក្រុង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បន្ទាប់​​​ពី​​​ដំណើរ​​​ការ​​​សាកល្បង​​​​​​បាន​​​រយៈ​​​ពេល​​​មួយ​​​ខែ​​​មាន​​​អ្នក​​​ដំណើរ​​​ជិះ​​​ពេញៗ​​​រថយន្ត​​​ក្រុង​​​ចំនួន​​​១០គ្រឿង​​​នោះ​​​ ក្រុម​​​ហ៊ុន​​​ចិន​​​មួយ​​​បាន​​​សន្យា​​​កាល​​​ពី​​​ដើម​​​ខែ​​​មីនា​​​ថា នឹង​​វិនិយោគ​​​ថវិកា​​​រាប់​​​លាន​​​ដុល្លារ​​​លើ​​​គម្រោង​​​នេះ​​​ដើម្បី​​​​បន្ថែម​​​រថយន្ត​​​ក្រុង​​​ថ្មី​​​រាប់​​​រយ​​​គ្រឿង​​​ទៀត​​​។

ក្រុម​​​មន្ត្រី​​​បាន​​​និយាយ​​​ថា ប៉ុន្តែ​​​ក្រុមហ៊ុន​​​ក្លូបល ត្រេដ​​​ ឌីវេឡុបម៉ិន (Global Trade Development) បាន​​​រត់​​ចោល​​​គម្រោង​​​នេះ​​​កាល​​​ពី​​​ខែ​​​មុន​​​ បន្ទាប់​​​ពី​​​សាលា​​​រាជធានី​​​មិន​​​ព្រម​​​លើក​​​លែង​​​ពន្ធ​​​សម្រាប់​​​អាជីវកម្ម​​​តាក់​​​ស៊ី​​​ម៉ែត្រ​​​របស់​​​ក្រុមហ៊ុន​​​នេះ​ ហើយ​​​ឥឡូវ​​​នេះ​​​សាលា​​​រាជធានី​​​ជា​​​អ្នក​​​ទទួល​​​ខុស​​​ត្រូវ​​​ចំពោះ​​​ការ​​​គ្រប់​​​គ្រង​​​សេវា​​​រថយន្ត​​​ក្រុង​​​ដែល​​​ទើប​​​ដំណើរ​​​ការ​​​ថ្មី​​នេះ​​​ នៅ​​​ពេល​​​ដែល​​​ខ្លួន​​​​​​កំពុង​​​ស្វែង​​​រក​​​ក្រុមហ៊ុន​​ថ្មី​​ឲ្យ​​​កាន់​​​កាប់​​​បន្ត​​​។

លោក​​​ ឡុង​​​ ឌីម៉ង់​​​ អ្នក​​​នាំពាក្យ​​​សាលា​​​រាជធានី​​​បាន​​​និយាយ​​​កាល​​​ពី​​​ថ្ងៃ​​​អង្គារ​​​ថា មន្ទីរ​​​សាធារណ​​​ការ​​​និង​​​ដឹកជញ្ជូន​​​រាជធានី​​​ជា​​​អ្នក​​​គ្រប់​​​គ្រង​​​សេវា​​​រថយន្ត​​​ក្រុង​​​នេះ​​​ ហើយ​​​បាន​​​សន្យា​​​ថា នឹង​​​មិន​​​មាន​​​ការ​​​រអាក់​​​រអួល​​​ដល់​​​សេវា​​​រថយន្ត​​​ក្រុង​​​ ដែល​​​មាន​​​៣៦​​​ចំណត​​​នៅ​​​តាម​​​មហាវិថី​​​ព្រះ​​​មុនីវង្ស​​​ទៀត​​​ទេ ​​​នៅ​​​ពេល​​​​​ខ្លួន​​​ស្វែង​​​រក​​​ក្រុមហ៊ុន​​​ថ្មី​​​បាន។

លោក​​​បាន​​​និយាយ​​​ថា “ប្រតិបត្តិការ​​​រថយន្ត​​​ក្រុង​​​នៅ​​​ក្នុង​​​ទីក្រុង​​​ភ្នំពេញ​​​​​នឹង​​​មិន​​​ឈប់​​​ទេ​​​ វា​​​នឹងបន្ត​​​​​​ដំណើរ​​​ការ​​​ជា​​​រៀង​​​រហូត​​​ ហើយ​​​លោក​​​បាន​​​បដិសេធ​​​មិន​​​ប្រាប់​​​ថា មាន​​​ក្រុមហ៊ុន​​​ប៉ុន្មាន​​​ចង់​​​បាន​​​កិច្ច​​​សន្យា​​​នេះ​​​ ឬប្រាប់​​​ឈ្មោះ​​​ក្រុមហ៊ុន​​​ទាំង​​​នោះ​​​ឡើយ​​​។

ផែនការ​​​សម្រាប់​​​ប្រព័ន្ធ​​​ដឹក​​​ជញ្ជូន​​​សាធារណៈ​​​បាន​​​ចំណាយ​​​ពេល​​​​​ជា​​​ច្រើន​​​ឆ្នាំ​​​មុន​​​ពេល​​​ចាប់​​​ផ្ដើម​​​ដំបូង​​​កាល​​​ពី​​​ខែ​​​កុម្ភៈ​​​ជាមួយ​​​ការ​​​សាកល្បង​​​បាន​​​ជោគជ័យ​​​របស់​​​អង្គការ​​​ JICA នៅ​​​ដំណាក់​​​កាល​​​ទី​​​១ នៃ​​​ផែនការ​​​មេ​​​សម្រាប់​​​សេវា​​​ដឹក​​​ជញ្ជូន​​​ក្នុង​​​ក្រុង​​​របស់​​​ខ្លួន​​​។

ប៉ុន្តែ​​​ការ​​​គាំទ្រ​​​ដែល​​​បាន​​​​​​ស្វាគមន៍​​​ការ​​​មក​​​ដល់​​​របស់​​​រថយន្ត​​​ក្រុង​​​នេះ​​​​​​​​​​​​​​បាន​​ធ្លាក់​​​ចុះ​​​ភ្លាមៗ បន្ទាប់​​​ពី​​​អង្គការ​​​ JICA បាន​​​ប្រគល់​​​គម្រោង​​​រថយន្ត​​​ក្រុង​​​នេះ​​​ទៅ​​​​​​ឲ្យ​​​ក្រុមហ៊ុន​​​ក្លូបល​​​ត្រេត​​​ ដែល​​​បាន​​​ទទួល​​​កិច្ច​​​ព្រម​​​ព្រៀង​​​​​​នេះ​​​ដោយ​​​គ្មាន​​​កា​​​រដេញ​​​ថ្លៃ​​​ ហើយ​​​មាន​​​ការ​​​ព្រម​​​ព្រៀង​​​គ្នា​​​តែ​​​មាត់។

ក្រុមហ៊ុន​​​នេះ​​​បាន​​​សន្យា​​ចំណាយ​​​លុយ​​​១២​​​លាន​​​ដុល្លារ​​​ដើម្បីបន្ថែម​​​រថយន្ត​​​ក្រុង​​​ថ្មី​​​​ជាង​​​៣០០គ្រឿង​​​ឲ្យ​​​ដំណើរ​​​ការ​​​តាម​​​ផ្លូវ​​​​​​ចំនួន​​​១០ក្នុង​​​ទីក្រុង ប៉ុន្តែ​​​បាន​​​ដក​​​ខ្លួន​​​ចេញ​​​វិញ​​​ភ្លាមៗ​​​ដោយ​​​សារ​​​អ្វី​​​ដែល​​​លោក​​​ លឹម​​​ អានដ្រេ នាយក​​​ប្រតិបត្តិ​​​ក្រុមហ៊ុន​​​នេះ​​​ចាត់​​​ទុក​​​ថា ជា​​​បញ្ហា​​​បច្ចេកទេស​​​។ លោក​​​បាន​​​និយាយ​​​ថា “គម្រោង​​​​​​នេះ​​​ចប់​​​ហើយ​​​ គឺ​​​វា​​ចប់​​​ជា​​​រៀង​​​រហូត​​​”។ ប៉ុន្តែ​​​លោក​​​មិន​​​ព្រម​​​ធ្វើ​​​អត្ថាធិប្បាយ​​​បន្ថែម​​​ទេ​​​។

លោក​​​ ឡុង​​​ ឌីម៉ង់ បាន​​​និយាយ​​​ថា សាលា​​​រាជធានី​​​ឈប់​​​ធ្វើ​​​ការ​​​​​​ជាមួយ​​​ក្រុម​​​ហ៊ុន​​​​​ក្លូប​​​ល​​​ត្រេដ​​​បន្ទាប់​​​ពី​​​បាន​​​ដឹង​​​ច្បាស់​​​ថា ក្រុមហ៊ុន​​​នេះ​​​ស្វែង​​​រក​​​ការ​​​លើក​​​លែង​​​ពន្ធ​​​ដើម្បី​​​ខ្លួន​​​អាច​​​នាំ​​​ចូល​​​មិន​​​មែន​​​តែ​រថយន្ត​​​ក្រុង​​​ប៉ុណ្ណោះ​​​ទេ ប៉ុន្តែ​​​ថែម​​​ទាំង​​​​​​នាំ​​​ចូល​​​​​​រថយន្ត​​តាក​​​់ស៊ី​​​ម៉ែត្រ សម្រាប់​​​ក្រុមហ៊ុន​​​​​​គាត់​​​ដោយ​​​ឥតបង់​​​ពន្ធ​​​​​​ទៀត​​​​​​ផង​​​។

លោក​​​ ឡុង​​​ ឌីម៉ង់ បាន​​​និយាយ​​​ថា “គាត់​​​ភ្ជាប់​​​ក្រុមហ៊ុន​​​តាក់​​​ស៊ី​​​ម៉ែត្រ​​​របស់​​​គាត់​​​ជា​​​មួយ​​​រថយន្ត​​​ក្រុង​​​ ប៉ុន្តែ​​​រថយន្ត​​​តាក់​​​ស៊ី​​​​​​ឯកជន​​​មិន​​​អាច​​​​​ភ្ជាប់​​ជាមួយ​​​​​​រថយន្ត​​​ក្រុង​​​បាន​​​ទេ​​​”។

លោក​​​ អ៊ុំ គឹម​​​សាន​​​ អនុប្រធាន​​​ការិយាល័យ​​​ដឹក​​​ជញ្ជូន​​​នៅ​​​មន្ទីរ​​​សាធារណការ​​​និង​​​ដឹក​​​ជញ្ជូន​​​​​​រាជធានី​​​ដែល​​​បច្ចុប្បន្ន​​​ គ្រប់​​​គ្រង​​​សេវា​​​រថយន្ត​​​ក្រុង​​​នេះ​​​និយាយ​​​ថា​​​ គេ​​​ក៏​​​បាន​​​ដឹង​​​ច្បាស់​​​ដែរ​​​ថា ក្រុមហ៊ុន​​​ក្លូបល ត្រេដ​​​ មិន​​​ធ្វើ​​​តាម​​​ការ​​​ប្ដេជ្ញា​​​​​​របស់​​​ខ្លួន​​​ឡើយ​​។

លោក​​​បាន​​​និយាយ​​​ថា “ពួក​​​គេ​​​ប្រហែល​​​ជា​​​មិន​​​អាច​​​ធ្វើ​​​ការ​​​ងារ​​​នេះ​បាន​​​ល្អ​​​ទេ​​​។ ដូច្នេះ​​​ឥឡូវ​​​នេះ​​​យើង​​​កំពុង​​​គ្រប់​​​គ្រង​​​សេវា​​​រថយន្ត​​​ក្រុង​​​​​​នេះ​​​ ហើយ​​​បាន​​​គ្រប់​​​គ្រង​​​រយៈ​​​ពេល​​​មួយ​​​ខែ​​​មក​​​ហើយ​​​ ខណៈ​​​ដែល​​​សាលា​​​រាជធានី​​​​​​កំពុង​​​ស្វែង​​​រក​​​មនុស្ស​​​ដែល​​​អាច​​​បន្ថែម​​​រថយន្ត​​​ក្រុង​​​ជា​​​ច្រើន​​​ទៀត​​​”។

លោក​​​ គឹម​​​សាន​​​ ​​​និយាយ​​​ថា ក្រុមហ៊ុន​​​មួយ​​​ចំនួន​​​បាន​​​បង្ហាញ​​​ការ​​​ចាប់​​​អារម្មណ៍​​​ចំពោះ​​សេវា​​​រថយន្ត​​​ក្រុង​​​នេះ​​​​​​ ប៉ុន្តែ​​​លោក​​​​​​គ្រាន់​​​តែ​​​បញ្ជាក់​​​ថា ក្រុមហ៊ុន​​​កូរ៉េខាង​​​ត្បូង​​​​​​ស៊ីធី​​​ ត្រែន ខេមបូឌា​​​ (City Trans Cambodia)បាន​​​បង្ហាញ​​​ការ​​​ចាប់​​​អារម្មណ៍​​​របស់​​​ខ្លួន​​​សាជា​​​ថ្មី​​​បន្ទាប់ពី​​​ការ​​​ដេញ​​​ថ្លៃ​​​របស់​​​ខ្លួន​​​ដំបូង​​​ចំនួន​​​៥​​​លាន​​​ដុល្លារ​​​ត្រូវ​​​បាន​​​សាលា​​​រាជធានី​​​ច្រាន​​​​​​ចោល ហើយ​​ឲ្យ​​ក្រុមហ៊ុន​​​ក្លូបល​​​ជា​​​អ្នក​​​ឈ្នះ​​​ការ​​​ដេញ​​​ថ្លៃ​​​​​​នោះ​​​។ លោក​​​បាន​​​និយាយ​​​ថា  “ក្រុម​​​ហ៊ុន​​​កូរ៉េ​​​ខាង​​​ត្បូង​​​​​​នេះ​​​កំពុង​​​ចរចា ប៉ុន្តែ​​​យើង​​​មិនទាន់​​​បាន​​​កំណត់​​​កាលបរិច្ឆេទ​​​សម្រាប់ការ​​​​​ពិភាក្សា​​​ជាមួយ​​​ក្រុមហ៊ុន​​​នេះទេ​​​”។

កាលពីខែមីនា លោក ចយ ដេយុង នាយក​​​ក្រុម​​​ហ៊ុន​​​ត្រែន​​​ឆយ(Trans Choice)ដែល​​​គ្រប់គ្រង​​​ក្រុម​​​ហ៊ុន​​​តាក់ស៊ីឯកជនដែរ​​​នោះ បាននិយាយ​​​ថា លោក​​​មិន​​​យល់​​​ចំពោះ​​​ការ​​​ដេញថ្លៃ​​​​​​ឈ្នះ​​​នេះ​​​ទេ ហើយ​​​លោក​​​បាន​​​ព្យាករ​​​ដោយ​​​ត្រឹម​​​ត្រូវ​​​ថា គូ​​​​​​​​​ប្រជែង​​​របស់​​​លោក​​​​​​នៅ​​​មិន​​​បាន​​​យូរ​​​ទេ​​។ លោក​​​បាន​​​និយាយ​​​ថា នៅ​​​ក្នុង​​​វិស័យ​​​ដឹកជញ្ជូន​​​សាធារណៈ​​​ដែល​​​ល្បី​​​ខាង​​​ខាត​​​នេះ​​​ ការ​​​ឈ្នះ​​​ការ​​​ដេញ​​​ថ្លៃ​​​ខ្ពស់​​​បែប​​​នេះ​​​មិន​​​មាន​​​ន័យ​ទេ។

លោក​​​បាន​​​និយាយ​​​កាល​​​ពីថ្ងៃ​​​​​​ច័ន្ទ​​​ថា “យើង​​​បាន​​​ត្រឡប់​​​មក​​​ចរចា​​​វិញ​​​ ហើយ​​​សង្ឃឹមថា យើង​​​នឹង​​​មាន​​​កិច្ច​​​ព្រម​​​ព្រៀង​​​ជាមួយ​​​សាលា​​​រាជធានី​​​ក្រោយ​​​ថ្ងៃឈប់​​​សម្រាក​​​។ សាលារាជ​​​ធានី​​​ទទួល​​​សំណើ​​​របស់​​​យើងហើយ​​​ ហើយ​​​វា​​​អាស្រ័យ​​​លើ​​​សាលា​​​រាជធានី​​​ក្នុងការ​​​សម្រេច​​​ថា តើ​​​ពួកគេ​​​អាច​​​ធ្វើ​​​បាន​​​​​​ឬមិនអាច​​​ធ្វើបាន​​​”។

ថ្វីបើ​​​មាន​​​ការ​​​ធានាពី​​​រដ្ឋាភិបាល​​​ក៏ដោយ​​​ ក៏​​​អ្នក​​​បើក​​​បររថយន្ត​​​ និង​​​អ្នក​​​ដំណើរ​​​បាន​​​និយាយ​​​នៅសប្ដាហ៍​​​នេះថា ពួកគេ​​​មាន​​​ការ​​​ព្រួយ​​​បារម្ភចំពោះ​​​ការ​​​ដំណើរ​​​ការ​​​មិន​​​ល្អ​​​នៃ​​​សេវា​​​រថយន្ត​​​ក្រុង​​​សាធារណៈនេះ​​​។

លោក ប្រាក់ សុផល អាយុ​​​៤១​​​ឆ្នាំ ជា​​​អ្នក​​​បើក​​​បរ​​​រថយន្ត​​​ក្រុង​​​បាន​​​និយាយ​​​ថា “ខ្ញុំ​​​សង្ឃឹម​​​ថា សេវា​​​នេះ​​​បន្ត​​​ទៀត​​​ ពីព្រោះ​​​ខ្ញុំ​​​ចង់​​​បាន​​​ការ​​​ងារ​​​មាន​​​ស្ថិរភាព​​​ ប៉ុន្តែ​​​ខ្ញុំខ្លាច​​​សាលា​​​ក្រុង​​​បិទ​​​រថយន្ត​​​ក្រុង​​​ ហើយ​​​វា​​​នឹង​​​ធ្វើ​​​ឲ្យ​​​ខ្ញុំពិបាក​​​”។

អ្នកស្រី ដួង សុកាន អាយុ​​​៦៣​​​ឆ្នាំ​​​បាននិយាយ​​​ថា គាត់​​​ព្រួយបារម្ភ​​​ប្រសិន​​​បើ​​​រថយន្ត​​​ក្រុង​​​ឈប់រត់​​​ ព្រោះវាជួយ​​​ឲ្យ​​​អ្នកស្រី និង​​​ស្ត្រី​​​ផ្សេង​​​ទៀត​​​ចំណាយ​​​តិច​​​ក្នុង​​​ការ​​​ធ្វើ​​​ដំណើរ​​​ទៅ​​​ផ្សារ​​​។ អ្នកស្រី​​​បាននិយាយថា “ខ្ញុំធ្លាប់​​​ចំណាយ​​​៨.០០០​​​រៀល​​​​​​ក្នុង​​​មួយ​​​ថ្ងៃ ប៉ុន្តែ​​​ឥឡូវ​​​នេះ​​​ខ្ញុំ​​​ចំណាយតែ​​​៣.០០០​​​រៀល​​​ប៉ុណ្ណោះ​​​ ដូច្នេះ​​​ខ្ញុំ​​​សង្ឃឹ​ម​​​ថា រថយន្ត​​​ក្រុង​​​នឹង​​​មាន​​​ជារៀង​​​រហូត​​​ ពីព្រោះ​​​រថយន្តក្រុង​​​ងាយ​​​ស្រួល និង​​​មាន​​​សុវត្ថិភាព​​​ជាង​​​ម៉ូតូឌុប​​​៕គឹមហឿន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស