ភ្នំឧដុង្គ, ខេត្តកណ្តាល-ពុទ្ធបរិស័ទជាង១.០០០អង្គ-នាក់បានជួបជុំគ្នានៅទីនេះកាលពីម្សិលមិញ ដើម្បីប្រារព្ធពិធីបុណ្យវិសាខបូជា ដែលជាពិធីបុណ្យដ៏ពិសិដ្ឋបំផុតនៅក្នុងព្រះពុទ្ធសាសនា។

ពិធីបុណ្យវិសាខបូជា ដែលរំឭកដល់ការប្រសូត ការត្រាស់ដឹង និងការចូលបរិនិពា្វនរបស់ព្រះពុទ្ធជាម្ចាស់ ដែលជាធម្មតាទាក់ទាញពុទ្ធបរិស័ទរហូតដល់ទៅ៥.០០០អង្គនាក់ ប៉ុន្តែ ពិធីកាលពីម្សិលមិញនេះ មានសភាពស្ងាត់ជាងរាល់ឆ្នាំឆ្ងាយណាស់ ដោយសារតែព្រះសារីរិកធាតុត្រូវបានចោរលួចកាលពីខែធ្នូ ចេញពីព្រះសក្យមុនីចេតិយនៅលើកំពូលភ្នំឧដុង្គ។
សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីទាំងពីរគណៈបានប្រារព្ធពិធីនេះ បន្ទាប់ពីដឹកនាំព្រះសង្ឃពីរបីរយអង្គហែប្រទក្សិណជុំវិញជើងភ្នំឧដុង្គ រួចព្រះសង្ឃបានធ្វើពិធីសូត្រធម៌រយៈពេលមួយម៉ោងជាមួយឧបាសកឧបាសិការាប់រយនាក់ផ្សេងទៀត។
បុណ្យវិសាខបូជានេះ គឺជាពិធីបុណ្យព្រះពុទ្ធសាសនាដ៏ធំដំបូង ដែលត្រូវបានប្រារព្ធឡើងចាប់តាំងពីព្រះសារីរិកធាតុព្រះពុទ្ធជាម្ចាស់ដែលមានអាយុកាលជាង២.៥០០ឆ្នាំ ត្រូវបានចោរលួចរួមជាមួយនឹងពុទ្ធប្បដិមាមានតម្លៃមួយចំនួនទៀតដែលដាក់តម្កល់នៅក្នុងព្រះសក្យមុនីចេតិយដែលព្រះបរមរតនកោដ្ឋសម្តេចឪ នរោត្តម សីហនុ បានកសាងដោយចំណាយអស់ទឹកប្រាក់៤,៥លានដុល្លារ។ ហើយទោះបីជាមន្ត្រីបានសន្យាថានឹងដង្ហែព្រះសារីរិកធាតុទៅដាក់តម្កល់នៅភ្នំឧដុង្គវិញចាប់តាំងពីត្រូវបានរកឃើញកាលពីខែកុម្ភៈក្តី ក៏ពេលនេះព្រះសារីរិកធាតុនៅតែតម្កល់នៅក្នុងព្រះបរមរាជវាំងនៅឡើយ។
អ្នកភូមិម្នាក់ឈ្មោះ ញឹក ផន អាយុ៥៩ឆ្នាំ ដែលរស់នៅក្បែរភ្នំនេះ និងដែលចូលរួមប្រារព្ធពិធីបុណ្យវិសាខបូជាជារៀងរាល់ឆ្នាំបាននិយាយថា “ការចូលរួមនៅក្នុងពិធីឆ្នាំនេះ គឺតិចជាងឆ្នាំមុនឆ្ងាយណាស់។ ខ្ញុំគិតថា ដោយសារតែព្រះសារីរិកធាតុរបស់ព្រះពុទ្ធមិនទាន់បានដង្ហែមកកាន់ព្រះសក្យមុនីចេតិយវិញនៅឡើយ”។
កាលពីខែធ្នូ បុរសប្រាំនាក់រួមមាន បួននាក់ស្ថិតនៅក្នុងក្រុមសន្តិសុខយាមកាមនៅភ្នំឧដុង្គ និងអ្នករត់ម៉ូតូឌុបម្នាក់ ត្រូវបានចោទប្រកាន់ពីបទលួចព្រះសារីរិកធាតុ ហើយត្រូវបានឃុំខ្លួនជាបណ្តោះអាសន្ន។ ពីរខែបន្ទាប់ពីការចាប់ខ្លួន នគរបាលបានចាប់ខ្លួនបុរសម្នាក់ទៀតរួមជាមួយនឹងវត្ថុតាង គឺព្រះសារីរិកធាតុ ហើយបានចោទប្រកាន់បុរសរូបនោះពីបទលួចព្រះសារីរិកធាតុ។ ទោះជាយ៉ាងណា គេមានសង្ឃឹមតិចតួចណាស់ចំពោះការដង្ហែព្រះសារីរិកធាតុមកដាក់តម្កល់ក្នុងព្រះសក្យមុនីចេតិយវិញ។
លោក ទិន តុន អតីតប្រធានការិយាល័យវប្បធម៌ និងវិចិត្រសិល្បៈស្រុកពញាឮ ដែលត្រូវតែងតាំងកាលពីចុងសប្តាហ៍កន្លងទៅនេះឲ្យធ្វើជាប្រធានសន្តិសុខយាមកាមនៅភ្នំឧដុង្គ បានមានប្រសាសន៍ថា “ខ្ញុំមិនដឹងថា ពេលណាទើបគេដង្ហែព្រះសារីរិកធាតុមកកាន់ទីនេះវិញទេ ប៉ុន្តែ ខ្ញុំគិតថា ប្រហែលជាគេត្រូវរង់ចាំធ្វើទ្វារ និងសោឲ្យមានសុវត្ថិភាពជាងមុន”។
កាលពីម្សិលមិញ ទ្វារចូលទៅបន្ទប់តម្កល់ព្រះសារីរិកធាតុកាលពីមុន គឺមានចាក់សោតូចៗពីរនៅឡើយ។
លោក ចំរើន វន្ថា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាលនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានមានប្រសាសន៍ថា លោកកំពុងរង់ចាំការអនុម័តពីរដ្ឋាភិបាលលើថវិកាសន្តិសុខ ដែលនឹងរាប់បញ្ចូលទាំងសោ និងទ្វារសុវត្ថិភាពផង។ លោកបានមានប្រសាសន៍ទៀតថា “យោងតាមអ្វីដែលខ្ញុំដឹង ប្រហែលជាគេមិនដង្ហែព្រះសារីរិកធាតុមកកាន់ព្រះសក្យមុនីចេតិយឲ្យអធិកអធ័មនោះទេ។ ពួកគេអាចនឹងយកព្រះសារីរិកធាតុទៅទីនោះដោយស្ងាត់ៗ”៕សុខុម