29 C
Phnom Penh

បុគ្គលិកអង្គការ​សិទ្ធិមនុស្ស​ត្រូវ​បាន​សន្តិសុខ​ក្រុម​ហ៊ុន​ ឃុន សៀ គំរាមជុំវិញ​ជម្លោះ​ដីធ្លី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ជន​រងគ្រោះ​និង​អង្គការ​សិទ្ធិមនុស្ស​បាន​ឲ្យ​ដឹង​ថា សន្តិសុខ​ដែល​ជួល​ដោយ​លោក ឃុន សៀ ជាអ្នក​​ជំនួញអចលនទ្រព្យ​ដ៏​មាន​ឥទ្ធិពល​ ដែល​តាមចោទថាបាននិងកំពុង​គំរាម​កំហែង​​ប្រជា​ពល​រដ្ឋ​ចំនួន​បីគ្រួសារ ​​ក្នុង​ជម្លោះ​ដីធ្លី​មួយ​ក្នុង​ខណ្ឌទួល​គោក រាជធានី​ភ្នំពេញ​ កាល​ពីសប្ដាហ៍មុន​បាន​គំរាម​សម្លាប់​បុគ្គលិក​សិទ្ធិមនុស្ស​ម្នាក់​។

លោក វណ្ណ​ សុផាត អ្នក​សម្រប​សម្រួ​លផ្នែក​​គម្រោង​កំណែទម្រង់​ដីធ្លី​ប្រចាំ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា បាន​ចុះទៅទីនោះ​ដើម្បី​ពិនិត្យតាម​ដាន​ស្ថានភាព​ និង​ថត​រូបភាព​​ បន្ទាប់ពី​សន្តិសុខ​ដែល​គេ​ដឹង​ថា ធ្វើ​ការ​ឲ្យ​ក្រុម​ហ៊ុន​ ឃុន សៀ បាន​ប្រមូល​ផ្ដុំគ្នា​ម្ដង​ទៀត​នៅ​ខាង​ក្រៅ​ផ្ទះ​របស់​ឈ្មោះ លី ស៊្រាងខេង ដែល​គ្រួសារ​របស់​គាត់​បាន​ទទួលរង​​ការ​គំរាម​កំហែង​ និង​ការ​បំភិត​បំភ័យធ្ងន់ធ្ងរជាងគេ​​ពីក្រុមហ៊ុន​នេះ​កាលពីឆ្នាំមុន​។

លោក​ សុផាត បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា បុរស​មួយ​ក្រុម​មាន​គ្នា​ប្រាំមួយ​នាក់​បាន​ជួប​បុគ្គលិក​សិទ្ធិមនុស្ស​ នៅពេល​ដែល​គាត់​ទៅ​​ជិត​លំនៅ​ដ្ឋាន​​របស់​​គ្រួសារ​អ្នក​ភូមិ​​ទាំង​​នេះ​នៅ​ក្នុង​សង្កាត់​បឹង​កក់​១ នៅវេលា​ម៉ោង​ប្រហែល​៤​និង​៣០​នាទី​ល្ងាច​។ ក្មេង​ស្ទាវ​ទាំង​នោះ​ប្រដាប់​ដោយ​ឧបក​រណ៍​ជា​អាវុធ​ និង​ស្រែក​ប្រមាថ​ឲ្យ​គាត់ភ័យ​ខ្លាច។

លោក​បានមាន​ប្រសាសន៍​ថា “ពួកគេ​បានដើរ​សំដៅ​មក​រក​ខ្ញុំ ដោយ​មាន​ពូថៅ​និង​កាំបិត​បុ័ងតោ​ ហើយ​បាន​ច្រាន​ទ្រូង​ខ្ញុំ​ បង្ខំ​ឲ្យ​ខ្ញុំ​ចេញពី​ដីនោះ​ ហើយ​​ប្រាប់​ខ្ញុំថា ខ្ញុំមិន​អាច​គេច​ពី​ពួក​គេ​​បាន​ឡើយ​ ហើយ​ថាពួកគេ​នឹង​សម្លាប់​ខ្ញុំ​ បើ​សិន​ថតរូបពួកគេ​”។ លោក​បាន​បន្ថែម​ថា “ពេល​នេះ​ ខ្ញុំកំពុង​តែ​ពិចារណា​ថា តើ​ត្រូវ​បញ្ជូន​រឿង​នេះ​ទៅតុលា​ការ​ដើម្បីប្ដឹង​សន្តិសុខ​ក្រុម​ហ៊ុន​នេះ​ដែរ​ឬអត់”។

លោក យឹម លាង ប្រធាន​អង្គភាព​អង្គរក្ស​របស់​លោក ជា ស៊ីម ប្រធាន​ព្រឹទ្ធសភា​និង​​​ជា​​ដៃគូ​រកស៊ី​​ជាមួយលោក ឃុន សៀ បាន​ឲ្យ​ដឹង​ថា លោក​មិន​ដឹង​អំពីហេតុការណ៍​នេះ​ឡើយ​។ លោក​បាន​មាន​ប្រសាសន៍​ថា “ខ្ញុំមិន​ដឹង​អំពីករណី​នេះ​ទេ ក៏ប៉ុន្តែ​ គាត់​ជឿថា បើ​មាន​គេ​គំរាម​សម្លាប់​គាត់​ អ៊ីចឹង​គាត់​ត្រូវប្ដឹង​ទៅនគរ​បាលទៅ​”។ លោក​បាន​បង្វែរ​សំណួរ​ទៅ​លោក​ ណាច ទ្រី មេធាវី​របស់​លោក ឃុន សៀ ដែល​ក៏​បាន​បដិសេធ​ថា មិន​ដឹង​អំពីហេតុ​ការណ៍​នេះ​ដែរ​។

ក្រុម​គ្រួសារ​ដែល​ពាក់​ព័ន្ធ​ក្នុង​ជម្លោះ​ដីធ្លី​ជាមួយ​នឹង​មហាសេដ្ឋីរូប​នេះ​ បាន​ចោទ​ប្រកាន់​សន្តិសុខ​ពីការ​បំភិត​បំភ័យ​ រួម​ទាំង​ការ​ប៉ុន​ប៉ង​ដុត​ផ្ទះ​ និង​គំរាម​កំហែង​ជាច្រើនទៀត​​។ កាលពី​ក្នុង​ខែមីនា ពស់​ពិស​ជាច្រើន​ត្រូវ​បាន​បោះ​ចូល​ក្នុង​ផ្ទះ​គ្រួសារ​មួយ​។

អង្គការ​សង្កេត​ការណ៍​ដើម្បីការ​ពារ​អ្នក​ការពារ​សិទ្ធិមនុស្ស​(Observatory for Protection of Human Rights Defenders) មានមូល​ដ្ឋាន​នៅ​ក្រុង​ហ្សឺណែវ បាន​ចេញ​សេចក្ដីថ្លែងការណ៍​មួយ​កាលពីម្សិលមិញ ដោយ​ថ្កោល​ទោស​ការ​គំរាម​កំហែង​ចុង​ក្រោយ​ពី​សំណាក់​​ក្រុម​ហ៊ុន​នេះ និង​បាន​អំពាវ​នាវ​ឲ្យ​រដ្ឋាភិបាល​ចាត់​វិធានការ​៕ ប៊ុននី​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស