ក្រុមមន្ត្រីបានឲ្យដឹងកាលពីម្សិលមិញថា អាជ្ញាធរនៅក្នុងខេត្តស្ទឹងត្រែងបានរកឃើញនិងរឹបអូសបានឈើប្រណីត ដឹកជញ្ជូនតាមរថយន្តចំនួនបីគ្រឿងកាលពីយប់ថ្ងៃអាទិត្យ ចេញពីឧទ្យានជាតិវីរជ័យដែលត្រូវបានការពារ។
លោក យ៉ន ឌិន ស្នងការរងនគរបាលខេត្តបានមានប្រសាសន៍ថា គេបានឃាត់និងបានឆែកឆេររថយន្ត ខណៈដែលរថយន្តទាំងនេះព្យាយាមឆ្លងកាត់ក្រុងស្ទឹងត្រែង ពីព្រោះនគរបាលសង្ស័យថា រថយន្តទាំងនេះដឹកឈើច្រើនជាងការអនុញ្ញាត។ លោក យ៉ន ឌិន បានពន្យល់ថា បើទោះជាក្រុមហ៊ុនដែលជាម្ចាស់រថយន្តមានការអនុញ្ញាតដឹកជញ្ជូនឈើធ្នង់ប្រណីតក៏ដោយ ក៏ចំនួនឈើបីរថយន្តនោះទំនងជាផ្ទុកលើសចំណុះដែរ។
លោកបានមានប្រសាសន៍ថា “យើងបានបញ្ឈប់រថយន្តទាំងនេះ ដើម្បីយើងអាចប្រមាណចំនួនឈើនៅក្នុងរថយន្ត ពីព្រោះយើងជឿថា រថយន្តនេះផ្ទុកហួសកម្រិតពីអាជ្ញាប័ណ្ណដែលក្រុមហ៊ុនមាន ដូចដែលបានចែងនៅក្នុងលិខិតអនុញ្ញាតរបស់ខ្លួន”។ លោកបានមានប្រសាសន៍បន្ថែមថា រថយន្ត និងឈើទាំងនោះ ត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកាលពីថ្ងៃច័ន្ទ ដើម្បីត្រួតពិនិត្យបន្ថែមទៀត។ លោកបានបដិសេធមិនផ្តល់សេចក្តីលម្អិតបន្ថែមទៀតឡើយ”។ លោកបានបង្វែរសំណួរទៅ លោក ឈឿន តុលា ប្រធានរដ្ឋបាលខណ្ឌព្រៃឈើខេត្តស្ទឹងត្រែងដែលមិនអាចទាក់ទងបានកាលពីម្សិលមិញ។
លោក ហ៊ូ សំអុល អ្នកសម្របសម្រួលរបស់អង្គការសិទ្ធិមនុស្សអាដហុកប្រចាំខេត្តនេះបានមានប្រសាសន៍ថា ការសើុបអង្កេតដោយអង្គការរបស់លោកបានរកឃើញថា ឈើនេះកន្លងមកត្រូវបានរឹបអូសដោយមន្ត្រីរដ្ឋបាលខណ្ឌព្រៃឈើខេត្តស្ទឹងត្រែង។ លោកបានមានប្រសាសន៍ថា ហើយក្រោយមកត្រូវបានលក់ទៅឲ្យក្រុមហ៊ុនមួយនៅក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល ជាទីដែលឈើនេះត្រូវបានដឹកជញ្ជូនទៅនៅពេលដែលនគរបាលស្ទាក់ចាប់ម្តងទៀត។
លោក សំអុល បានមានប្រសាសន៍ថា “យើងបានសើុបអង្កេត និងរកឃើញថា មន្ត្រីឧទ្យានជាតិវីរជ័យបានរឹបអូសឈើនេះពីអ្នកកាប់ឈើខុសច្បាប់នៅទីនោះ ហើយពួកគេបាននិងកំពុងតែលក់ឈើដែលរឹបអូសបាននេះ ទៅឲ្យក្រុមហ៊ុនឯកជននានាដើម្បីប្រមូលប្រាក់សម្រាប់ប្រើផ្ទាល់ខ្លួន”។ លោកបានបន្ថែមថា ឈើនេះមានចំនួន៥៣ម៉ែត្រគូប។ លោក សំអុល មិនបានស្គាល់ឈ្មោះក្រុមហ៊ុនដែលទិញឈើនេះឡើយ។
ការទាក់ទងតាមទូរស័ព្ទម្តងហើយម្តងទៀតទៅមន្ត្រីខេត្ត និងរដ្ឋបាលព្រៃឈើជាតិ មិនទាន់មានចម្លើយតបទេកាលពីម្សិលមិញ។ ឧទ្យានជាតិវីរជ័យលាតសន្ធឹងនៅតំបន់ខាងលិច ពីចុងភាគឦសាននៃខេត្តរតនគិរីជាប់ព្រំដែនវៀតណាមដល់ខេត្តស្ទឹងត្រែង។ បើទោះជាព្រៃទំហំ៣៣០.០០០ហិកតាត្រូវបានការពារក៏ដោយ ក៏អ្នកកាប់ឈើខុសច្បាប់កាប់ដើមឈើគ្រញូងស្រេចតែចិត្តគ្មានប្រណីដើម្បីលក់ ដែលត្រូវគេកែច្នៃជាគ្រឿងសង្ហារិម និងលក់ក្នុងតម្លៃខ្ពស់ហួសប្រមាណ។
នៅតាមខេត្ត ឈើធ្នង់១ម៉ែត្រគូបតម្លៃប្រមាណ៨០០ដុល្លារ ក៏ប៉ុន្តែ តម្លៃកាន់តែខ្ពស់ជាងនេះនៅក្នុងរាជធានីភ្នំពេញ និងប្រទេសវៀតណាម។ អង្គការសិទ្ធិមនុស្សដូចជា អង្គការអាដហុកជាដើមបានចោទជាយូរមកហើយថា ការសហការគ្នារវាងអាជ្ញាធរ និងអ្នកកាប់ឈើខុសច្បាប់ ធ្វើឲ្យការប៉ុនប៉ងការពារព្រៃឈើមិនបានសម្រេច៕ ប៊ុននី