27 C
Phnom Penh

វិស័យ​ទេសចរណ៍​ជួប​​​​បញ្ហា​​​ប្រឈម​​​ខ្វះ​​​បុគ្គលិក​​​ជំនាញ​​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​មន្ត្រី​នៅ​ក្រសួង​ទេស​ចរណ៍​ និង​អ្នក​ជំនាញ​ឧស្សាហកម្ម​ឲ្យ​ដឹង​ថា វិស័យ​ទេសចរណ៍​នៅ​ក្នុង​ប្រទេស​កម្ពុជា​កំពុង​តែ​កើន​ឡើង​ក្នុងអត្រា​មិនប្រាកដប្រជា​ ព្រោះតែកម្លាំង​ការ​ងារ​​​​​មាន​ជំនាញ​មិន​អាច​​​ឆ្លើយ​​​តប​​​បាន​​​តាម​​​​​តម្រូវ​ការ​កំពុង​កើន​ឡើង​ និង​ឱកាស​ក្នុង​ឧស្សហកម្ម​បដិសណ្ឋារកិច្ច​។

លោក គង់ សុភារក្ស ប្រធាន​នាយក​ដ្ឋាន​ស្ថិតិ​នៅ​ក្រសួង​ទេសចរណ៍​បាន​មាន​ប្រសាសន៍​ថា ខណៈដែល​ចំនួន​​​​ភ្ញៀវ​ទេសចរ​កើន​ឡើង​ឥតឈប់ឈរ​រៀង​រាល់​ឆ្នាំ ការ​​ប្រឈម​នាពេល​នេះ​ គឺការ​បំពេញ​ចន្លោះ​ប្រហោង​ក្នុង​ការ​ពង្រីក​វិស័យ​ឧស្សាហកម្ម​ដែល​ត្រូវ​ការ​កម្លាំង​ពល​កម្ម​មាន​ជំនាញ​​​ទា​ប​។

លោក សុភារក្ស បាន​មាន​ប្រសាសន៍​ថា “ឧស្សាហកម្ម​ទេសចរណ៍​កំពុង​ប្រឈម​កង្វះ​ខាត​បុគ្គលិក​​​​ជំនាញ​ ជា​ពិសេស​ចុង​ភៅ​ អ្នក​​​ថែទាំ​​​ផ្ទះ​​​សំណាក់​​​សណ្ឋាគារ​​​ និង​មគ្គុទេសន៍​ទេសចរណ៍​ដើម្បី​បម្រើ​ភ្ញៀវ​ទេស​ចរបរទេស​ដែលមាន​ចំនួន​​កាន់​តែ​កើន​ឡើង​”។

កាលពីឆ្នាំមុន ភ្ញៀវ​ទេស​ចរ​បរទេស​​​មក​​​ទស្សនា​ប្រទេស​កម្ពុជា​មាន​ចំនួន​៤,២​លាន​នាក់​ ​កើន​ឡើង​១៤,១ភាគរយ​បើ​ធៀប​ទៅ​នឹង​ឆ្នាំ​២០១២​ មាន​៣,៦៨​លាន​នាក់​។ អំឡុង​ត្រីមាស​ដំបូង​​នៃ​​​ឆ្នាំនេះ​ ចំនួន​​​​ភ្ញៀវ​ទេស​ចរ​មាន​១,២​លាន​នាក់​ គឺ​​​កើន​​​ឡើង​​​១០​ភាគរយ​​​​បើ​​​ប្រៀប​​​ធៀប​​​នឹង​​​រយៈ​​​​ពេល​ដូច​គ្នា​ក្នុង​ឆ្នាំ​២០១៣​។

លោក លូ ម៉េង ប្រធាន​សមាគម​សណ្ឋាគារ​កម្ពុជា​បាន​មាន​ប្រសាសន៍​ថា តំបន់​​​​ទេស​ចរណ៍​​ក្រុង​សៀម​រាប ជាទី​ដែល​ឧស្សាហកម្ម​សណ្ឋាគារ​មាន​ប្រហែល​១១.០០០​បន្ទប់​ និង​កំពុង​តែ​កើន​ឡើង​ប្រមាណ​១០ភាគរយ​ក្នុង​មួយ​ឆ្នាំៗ​ ត្រូវ​ការ​បុគ្គលិក​មាន​ជំនាញ​បន្ថែម​ទៀត​។លោក លូ ម៉េង បាន​មាន​ប្រសាសន៍​ថា “សមាជិក​របស់​យើង​នៅ​សៀមរាប​កំពុង​តែ​បម្រើ​ភ្ញៀវ​កាន់​តែ​ច្រើន​ ពីព្រោះពេល​នេះ​មាន​សណ្ឋាគារ​កាន់​តែច្រើន​។ ប៉ុន្តែ​យើង​ខ្វះ​អ្នក​​​​គ្រប់​គ្រង​ និង​បុគ្គលិក​មាន​ជំនាញ​ ជាពិសេស​ចុង​ភៅ និង​អ្នក​បម្រើ​ការ​ក្នុង​សេវា​អតិថិជន​”។

លោក​​​ស្រី​ ហាក់ លីណា ប្រធាន​សមាគម​ភោជនីយដ្ឋាន​កម្ពុជា​ និង​ជា​អ្នក​ចាត់​ការ​ទូទៅ​នៅ​​​​ភោជនីយដ្ឋាន​តូប៉ាស ក្នុង​រាជ​ធានីភ្នំពេញ បាន​សម្ដែង​​​​ការ​ព្រួយ​បារម្ភ​ដូច​​​គ្នា​​​នេះ​​​ដែរ​​​​។ លោក​​​ស្រី លីណា បាន​មាន​ប្រសាសន៍​ថា ” យើង​បាន​​​ចំណេញ​​​ច្រើន​​​ជាង​​​មុន​​​​ដោយ​សារ​តែ​ភ្ញៀវ​ទេសចរ​កាន់​តែ​ច្រើន​មក​ទស្សនា​ប្រទេស​កម្ពុជា​ ក៏ប៉ុន្តែ​យើង​នៅ​ខ្វះ​បុគ្គលិក​មាន​ជំនាញ​ ដូច​ជា​ ចុងភៅ និង​អ្នក​បម្រើ​ក្នុងសេវា​អតិថិជន​។ មាន​សាលា​បណ្ដុះ​បណ្ដាល​​​តិចតួច​​​​ប៉ុណ្ណោះ​”។

ដោយសារ​តែមាន​​សាលា​តិចតួច​​​​នៅ​ក្នុង​ប្រទេស​នេះដែល​​ផ្ដល់​វគ្គបណ្ដុះ​បណ្ដាល​ ធនធាន​ និង​សមត្ថភាព​មាន​កម្រិត ​ធ្វើ​​​ឲ្យ​​​អ្នក​ដាក់​ពាក្យ​ជា​ច្រើន​​​មិន​​​​ត្រូវ​បាន​ទទួល​​​យក​​​ឲ្យ​​​ចូល​​​ធ្វើ​​​ការ​​​​។

លោក ឈុំ មុនីរ័ត្ន នាយក​អប់រំ​នៅ​សាលា​បដិសណ្ឋារកិច្ច​ Ecole d’Hotellerie et de Tourisme នៅ​ក្នុង​ខេត្ត​សៀមរាប បានមាន​ប្រសាសន៍​ថា សាលា​របស់​លោក​អាច​បណ្ដុះ​បណ្ដាល​សិស្ស​បាន​តែ​២៥០​នាក់​ប៉ុណ្ណោះ​ក្នុង​មួយ​ឆ្នាំៗ ស្មើ​នឹង​ប្រហែល​២៣​ភាគរយ​នៃ​អ្នក​ដាក់ពាក្យ​។  “យើង​បាន​ទទួល​អ្នក​ដាក់ពាក្យ​ប្រហែល​១.០០០ទៅ​១.២០០​នាក់​​ក្នុង​មួយ​ឆ្នាំ ប៉ុន្តែ​យើង​មាន​លទ្ធភាព​បណ្ដុះ​បណ្ដាល​ប្រហែល​២៥០​នាក់​ប៉ុណ្ណោះ​ក្នុង​មួយ​ឆ្នាំៗ​​​ ពីព្រោះ​យើង​គ្មាន​ប្រាក់​ ឬធនធាន​គ្រប់​គ្រាន់​ដើម្បីពង្រីក​នោះទេ”។

ក្រុម​មន្ត្រី​នៅក្រសួង​ការ​ងារ​ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ​មិនអាច​ទាក់​ទង​បាន​ដើម្បី​ធ្វើ​អត្ថាធិប្បាយ​បាន​ឡើយ៕ ប៊ុននី​​​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស