24.9 C
Phnom Penh

ខុមហ្វ្រែល៖ បម្រាម​​​មិន​​​ឲ្យជួប​​​ជុំគ្នា​​​គឺជាការរំលោភ​​​សិទ្ធិ​​​ឃោសនា​​​បោះ​​​ឆ្នោត​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គណៈ​កម្មាធិការ​​​ដើម្បីការ​​​បោះ​​​ឆ្នោត​​​ដោយ​​​សេរី និង​​​យុត្តិធម៌​​​នៅ​​​កម្ពុជា (ខុមហ្វ្រែល)​​​ បាន​​​លើក​​​ឡើង​​​នៅ​​​ក្នុង​​​របាយការណ៍មួយ​​​ដែល​​​បាន​​​ចេញ​​​ផ្សាយ​​​កាលពីម្សិលមិញ​​​ថា បម្រាម​​​ដែល​​​ចេញ​​​ដោយ​​​សាលា​​​រាជ​​​ធានី និង​​​ក្រសួង​​​មហាផ្ទៃ​​​ហាម​​​មិន​​​ឲ្យ​​​មាន​​​ការ​​​ជួប​​​ជុំគ្នា​​​នៅ​​​ទីលាន​​​ប្រជា​​​ធិបតេយ្យ​​​ក្នុង​​​រាជធានី​​​ភ្នំពេញ មិនត្រឹមតែ​រំលោភ​​​ច្បាប់រដ្ឋធម្មនុញ្ញប៉ុណ្ណោះទេ​​​ ប៉ុន្តែ​​​ថែមទាំង​​រំលោភ​​​ច្បាប់​​​បោះ​​​ឆ្នោត​​​ទៀត​​​ផង។

របាយការណ៍​​​ដដែល​​​នេះ​​​ក៏បាន​​​លើកឡើង​​​ផង​​​ដែរ​​​ថា គណៈកម្មាធិការ​​​ជាតិ​​​រៀបចំ​​​ការ​​​បោះ​​​ឆ្នោត (គ.ជ.ប.) មិន​​​បាន​​​គោរព​​​សិទ្ធិស្រប​​​ច្បាប់​​​របស់​​​គណបក្ស​​​នយោបាយ​​​ក្នុង​​​ការ​​​ធ្វើ​​​យុទ្ធនាការ​​​ឃោសនាបោះ​​​ឆ្នោត​​​ជ្រើស​​​រើស​​​ក្រុម​​​ប្រឹក្សា​​​រាជធានី ខេត្ត​​​ ក្រុង ស្រុក​​​ ខណ្ឌ នៅ​​​ពេល​​​ខាង​​​មុខ​​​ឡើយ​​​។

លោក គល់ បញ្ញា នាយក​​​ប្រតិបត្តិ​​​គណៈកម្មាធិការ​​​ខុមហ្វ្រែល បានមាន​​​ប្រសាសន៍​​​ថា “យើង​​​រក​​​ឃើញ​​​ថា អាជ្ញាធរ​​​មួយ​​​ចំនួន​​​ដូច​​​ជា​​​អាជ្ញាធរ​​​រាជធានីភ្នំពេញ​​​ជាដើម​​​បាន​​​រំលោភ​​​ច្បាប់​​​រដ្ឋធម្មនុញ្ញ និង​​​ច្បាប់​​​បោះ​​​ឆ្នោត​​​ ពីព្រោះ​​​ពួកគេ​​​បាន​​​ហាម​​​ឃាត់​​​មិន​​​ឲ្យ​​​មាន​​​ការ​​​ជួបជុំគ្នា​​​នៅ​​​ទីលាន​​​ប្រជា​​​ធិបតេយ្យ​​​ ហើយ​​​ពួកគេ​​​ក៏​​​បាន​​​សរសេរ​​​លិខិត​​​ទៅគ.ជ.ប.ស្នើ​​​ឲ្យ​​​ហាម​​​ឃាត់​​​​​​សកម្មភាពឃោសនា​​​បោះឆ្នោត ជា​​​ពិសេស​​​ការជួប​​​ជុំគ្នា​​​នៅ​​​ក្នុង​​​រាជធានី​​​ភ្នំពេញ”។

របាយការណ៍​​​នេះ​​​ក៏បាន​​​លើក​​​ឡើង​​​អំពី​​​សេចក្ដី​​​ប្រកាស​​​កាលពី​​​ថ្ងៃទី​​​៣០ ខែមេសា ដែល​​​សាលា​​​រាជធានី​​​ផ្ញើជូនទៅ​​​គ.ជ.ប. ស្នើ​​​ឲ្យ​​​ស្ថាប័ន​​​​​​រៀប​​​ចំ​​​ការ​​​បោះ​​​ឆ្នោត​​​នេះ​​រារាំង​​​​​​មិន​​​ឲ្យ​​​មាន​​​ការ​​​ឃោសនា​​​​​​បោះ​​​ឆ្នោត​​​​សម្រាប់​​​ការ​​​បោះ​​​ឆ្នោត​​នៅ​​​ថ្ងៃទី​​​១៨ ខែ​​​ឧសភា នៅ​​​តាម​​​ដង​​​ផ្លូវ​​​ បើ​​​មិន​​​ដូច្នេះ​​​ទេ វា​​​ ” ផ្ទុយ​​​នឹង​​​ច្បាប់”។

របាយការណ៍​​​ដដែល​​​នេះ​​​លើកឡើង​​​ដែរ​​​ថា “លិខិត​​​អន្តរាគមន៍​​​របស់​​​សាលា​​​រាជធានី​​​ភ្នំពេញ គ្មាន​​​មូល​​​ដ្ឋាន​​​ច្បាប់​​​ទេ”។ របាយការណ៍​​​នេះ​​​លើក​​​ឡើង​​​ទៀត​​​ថា មន្ត្រី​​​រដ្ឋាភិបាលនិង​​​មន្ត្រី​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​ត្រូវ​​​ទទួល​​​ខុស​​​ត្រូវ​​​ចំពោះ​​​ការរំលោភច្បាប់​​​នេះ​​​។

លោក​​​ គល់ បញ្ញា បាន​​​មាន​​​ប្រសាសន៍​​​ថា “គ.ជ.ប.បាន​​​ចេញលិខិត​​​ទន់​​​ភ្លន់​​​មួយ​​​ច្បាប់​​​ស្នើ​​​ឲ្យ​​​អាជ្ញា​​​ធរ​​​សហការ​​​ជាមួយ​​​គណបក្ស​​​នយោបាយ​​​ដើម្បី​​​អនុញ្ញាត​​​ឲ្យ​​​គណបក្ស​​​ទាំង​​​អស់​​​ធ្វើយុទ្ធនាការ​​​ឃោសនា​​​បោះ​​​ឆ្នោត ប៉ុន្តែ​​​វា​​​មិន​​​ដូច​​លិខិត​​​​​​ព្រមាន​​​ទេ”។

អាជ្ញាធរ​​​ខណ្ឌ​​​ដូន​​​ពេញ បាន​បំបែក​​​យ៉ាង​ឃោរ​​​ឃៅ​​​លើការ​​​​ជួប​​​ជុំគ្នា​​​របស់​​​គណបក្ស​​​ប្រឆាំង​​​ ហើយ​​​កាលពីថ្ងៃ​​​ទី១ ខែឧសភា បាន​​​ប្រើ​​​អំពើ​​​ហិង្សា​​​​ទៅលើ​​​អ្នក​​​កាសែត​​​ និង​​​អ្នក​​​គាំទ្រ​​​គណបក្ស​​​ដែល​​​បានជួប​​​ជុំគ្នា​​​នៅ​​​ស្ពាន​​​នាគ ជិត​​​ទីលាន​​​ប្រជាធិបតេយ្យ​​​ដែល​​​ត្រូវ​​​បានបិទជិត​​​នោះ​​​។

លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យ​​​សាលា​​​រាជធានីបាន​​​មាន​​​ប្រសាសន៍​​​ថា អាជ្ញាធរ​​​រាជធានី​​​មាន​​​កាតព្វកិច្ច​​​រក្សា​​​សណ្ដាប់ធ្នាប់​​​សាធារណៈ​​។ លោក​​​បានមាន​​​ប្រសាសន៍​​​ថា “ប្រសិន​​​បើ​​​មាន​​​អស្ថិរភាព​​​កើត​​​ឡើង​​​ក្នុង​​​រាជធានី​​​ភ្នំពេញ សាលារាជធានី​​​ជា​​​អ្នក​​​ទទួល​​​ខុស​​​ត្រូវ​​​ មិនមែន​​​អង្គការ​​​ក្រៅ​​​រដ្ឋាភិបាល​​​ទេ”។

លោក​​​បាន​​​បន្ថែម​​​ថា “កន្លែងមួយ​​​ចំនួន​​​យើង​​​បាន​​​អនុញ្ញាត​​​ឲ្យ​​​ហែក្បួន​​​ឃោសនា​​​បោះ​​​ឆ្នោត​​​ ប៉ុន្តែ​​​ក​​​ន្លែង​​​មួយ​​​ចំនួន​​​ទៀត​​​យើង​​​មិន​​​អនុញ្ញាត​​​ទេ ពីព្រោះ​​​វា​​​ប៉ះពាល់​​​ដល់​​​សេរីភាព​​​របស់​​​ប្រជាពល​​​រដ្ឋដទៃ​​​”។

ទីលាន​​​ប្រជា​​​ធិបតេយ្យ​​​ត្រូវ​​​បាន​​​បិទ​​​មិន​​​ឲ្យ​​​គណបក្ស​​​សង្គ្រោះជាតិ​​​​​​ចូល​​​ចាប់​​​តាំង​​​ពី​​​ថ្ងៃ​​​ទី៤ ខែមករា ហើយចាប់​​​តាំងពីខែ​​​មុនមក ទីលាន​​​ប្រជាធិបតេយ្យ​​​ត្រូវ​​​បាន​​​ហ៊ុមព័ទ្ធដោយ​​​លួស​​​បន្លា។

លោក កែវ ផល្លា ប្រធាន​​​នាយក​​​ដ្ឋាន​​​នីតិកម្ម​​​របស់​​​គ.ជ.ប.​​​ បានមាន​​​ប្រសាសន៍​​​ថា លោក​​​មិន​​​​​​ធ្វើ​​​អត្ថាធិប្បាយ​​​អំពីរបាយការណ៍​​​របស់​​​គណៈកម្មាធិការ​​​ខុម​​​ហ្វ្រែល​​​ទេ ប៉ុន្តែ​​​លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា គ.ជ.ប.ទទួលបាន​​​ពាក្យ​​​បណ្ដឹងសរុបចំនួន​​​​បួន​​​ទាក់​​​ទង​​​នឹង​​​ការ​​​បោះ​​​ឆ្នោត​​​។ លោក​​​បានមាន​​​ប្រសាសន៍​​​ថា ” ក្នុង​​​ខេត្ត​​​កំពង់​​​ឆ្នាំង​ គណបក្ស​​​សង្គ្រោះជាតិ​​​បាន​​​ចោទ​​​ប្រកាន់​​​អាជ្ញាធរ​​​ថា បាន​​​រារាំង​​​ប្រជា​​​ពល​​​រដ្ឋ​​​មិន​​​ឲ្យ​​​មក​​​ស្ដាប់​​​ការ​​​ឃោសនា​​​បោះ​​​ឆ្នោត​​​។ បន្ទាប់​​​មក​​​អាជ្ញាធរ​​​បានដាក់ពាក្យ​បណ្តឹង​​​​ប្តឹងបកវិញ​​​ ដោយ​​​លើក​​​ឡើ​ង​​​ថា គណបក្ស​​​សង្គ្រោះជាតិ​​​បាន​បំផ្លើស​​​ព័ត៌មាន​​​”។

ពាក្យ​​​បណ្ដឹង​​ចំនួនពីរ​​​ទៀត​​​ត្រូវបាន​​​ប្ដឹង​​​ក្នុង​​​រាជធានីភ្នំពេញ ​​​និង​​​ខេត្ត​​​បាត់​​​​​​ដំបង។

លោក កែវ ផល្លា បានមាន​​​ប្រសាសន៍​​​ថា លើសពីនេះ​​​ទៅទៀត​​​ គ.ជ.ប. បាន​​​ចុះឈ្មោះ​​​មនុស្ស​​​​​​៨៤៣​​​នាក់​​​ពីគណបក្ស​​​នយោបាយ​​​ចំនួន​​​ប្រាំ​​ ជាអ្នក​​​សង្កេត​​​ការណ៍​​​បោះ​​​ឆ្នោត​​​។ លោក​​​បាន​​​ប​​​ន្ថែម​​​ថា អ្នកសង្កេត​​​ការណ៍​​​បោះ​​​ឆ្នោត​​​១៥៩​​​នាក់​​​ទៀតមកពី​​​អង្គការ​​​ក្រៅ​​​រដ្ឋាភិបាល​​​ចំនួន​​​បួន គឺ​​​អង្គការ​​​សុខភាព​​​ផ្លូវ​​​ចិត្តបែបបុរាណ​​​និង​សម័យ អង្គការ​​​សហព័ន្ធ​​​សិទ្ធិមនុស្ស​​​ និង​​​អភិវឌ្ឍន៍កម្ពុជា អង្គការ​​​សហព័ន្ធនិស្សិត​​​ ប​​​ញ្ញវន្ត​​​​​​ប្រជា​​​ធិបតេយ្យ​​​កម្ពុជា​​​ និង​​​អង្គការ​​​ទប់​​​ស្កាត់​​​បទ​​​ល្មើស​​​នៅ​​​កម្ពុជា​​​៕ សារុន

 (រាយការណ៍បន្ថែ​ម​​​ដោយ Lauren Crothers)​​​​​​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស