អ្នកច្បាប់មកពីក្រុមហ៊ុនសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិបានបញ្ចប់ការពិនិត្យពាក្យបណ្ដឹងដែលអ្នកភូមិជាច្រើនគ្រួសារបានប្ដឹងមកក្រុមហ៊ុននេះជុំវិញការផ្ដល់ហិរញ្ញប្បទានរបស់ក្រុមហ៊ុននេះដល់ចម្ការកៅស៊ូមួយចំនួនដែលមានភាពចម្រូងចម្រាស ហើយឥឡូវនេះនឹងសម្របសម្រួលដល់កិច្ចប្រឹងប្រែងជួយដោះស្រាយរបស់ភាគីទាំងពីរ។
សហគមន៍ជនជាតិភាគតិចមួយក្រុមដែលមាន១៧សហគមន៍ក្នុងខេត្តរតនគិរី ភាគឦសានបានប្ដឹងទៅក្រុមហ៊ុនសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ ជាដៃគូផ្តល់ហិរញ្ញប្បទានរបស់ធនាគារពិភពលោក កាលពីខែកុម្ភៈ ដោយសារក្រុមហ៊ុននេះបន្តផ្ដល់ហិរញ្ញប្បទានដល់ក្រុមហ៊ុន Hoang Anh Gia Lai (HAGL) ជាក្រុមហ៊ុនរបស់វៀតណាម ដែលកាន់កាប់ចម្ការកៅស៊ូមួយចំនួននៅកម្ពុជាដែលរងការចោទប្រកាន់ថា បានប្លន់យកដីស្រែរបស់ពួកគាត់ ហើយកាប់ឈើក្នុងព្រៃដូនតាពិសិដ្ឋរបស់ពួកគាត់ទៀត។ ក្រុមហ៊ុន HAGL បានបដិសេធការចោទប្រកាន់ទាំងនេះ ហើយបានអះអាងថា ក្រុមហ៊ុនបានអនុវត្តតាមច្បាប់ទាំងអស់។
នៅក្នុងរបាយការណ៍ខ្លីមួយដែលបានចេញផ្សាយកាលពីម្សិលមិញ អ្នកច្បាប់របស់ក្រុមហ៊ុនសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ បានរៀបរាប់ពីការអះអាងរបស់អ្នកភូមិ និងការអះអាងរបស់ក្រុមហ៊ុននេះ ហើយលើកឡើងថា ភាគីទាំងពីរបានយល់ព្រមអនុញ្ញាតឲ្យខ្លួនជួយសម្របសម្រួលការចរចាដើម្បីដោះស្រាយវិវាទនេះ។ក្រុមហ៊ុននេះមិនបានកំណត់ពេលវេលាទេ ប៉ុន្តែបានលើកឡើងថា ការចរចានឹងចាប់ផ្ដើមនៅពេលខ្លួនកំណត់វិធានសម្រាប់ការចរចារួចហើយ។
របាយការណ៍ដដែលនេះលើកឡើងថា “បញ្ហានេះរួមមានកិច្ចព្រមព្រៀងទាក់ទងនឹង…ទីកន្លែងរៀបចំកិច្ចប្រជុំ អ្នកតំណាង និងការរក្សាភាពសម្ងាត់។ ភាគីទាំងពីរក៏ត្រូវព្រមព្រៀងលើបញ្ហាដែលពួកគេចង់ឲ្យដំណើរការរកដំណោះស្រាយនេះជួយដោះស្រាយផងដែរ។ តាមសំណើរបស់អ្នកច្បាប់រូបនេះ ក្រុមហ៊ុន HAGL បានយល់ព្រមផ្អាកកាប់ឈើបណ្ដោះអាសន្ននៅក្នុងដីសម្បទានរបស់ខ្លួននៅក្បែរសហគមន៍ចំនួន១៣ក្នុងចំណោមសហគមន៍ទាំង១៧ ដែលបានដាក់ពាក្យបណ្ដឹងគិតមកដល់ថ្ងៃទី១ ខែឧសភា។
លោក អ៊ាង វុទ្ធី នាយកប្រតិបត្តិអង្គការសមធម៌កម្ពុជា ជាអង្គការក្រៅរដ្ឋាភិបាលមួយក្នុងចំណោមអង្គការក្រៅរដ្ឋាភិបាលជាច្រើនដែលបានជួយគ្រួសារអ្នកភូមិក្នុងការដាក់ពាក្យបណ្ដឹងនោះបានមានប្រសាសន៍ថា ការផ្អាកនេះមិនទាន់គ្រប់គ្រាន់ទេ ប៉ុន្តែយ៉ាងហោចណាស់ក៏បង្ហាញពីឆន្ទៈក្នុងការចរចារបស់ក្រុមហ៊ុន HAGLដែរ។
លោកបានមានប្រសាសន៍ថា “ដំណើរការសម្របសម្រួលពិតប្រាកដមិនទាន់ចាប់ផ្ដើមនៅឡើយទេ ប៉ុន្តែរហូតមកទល់ពេលនេះក្រុមហ៊ុនបានបង្ហាញចំណុចវិជ្ជមានខ្លះៗតាមរយៈការផ្អាកការកាប់ឈើ”។ ទោះយ៉ាងណា លោក សល់ នឿយ តំណាងអ្នកភូមិម្នាក់ដែលបានដាក់ពាក្យបណ្ដឹងបាននិយាយថា ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន HAGL នៅជិតសហគមន៍របស់លោកក្នុងស្រុកអណ្ដូងមាស បានកាប់ឈើពេញមួយខែតែម្ដង។
លោក នឿយ បាននិយាយថា លោកបារម្ភថា ក្រុមហ៊ុន HAGL នឹងព្យាយាមបញ្ចុះបញ្ចូលអ្នកភូមិឲ្យទទួលយកសំណងសម្រាប់ដីដែលក្រុមហ៊ុនបានរំលោភយកពីពួកគាត់ ប៉ុន្តែលោកបានអះអាងថា ពួកគាត់នឹងទទួលយកតែដីចាស់របស់ពួកគាត់វិញប៉ុណ្ណោះ។ លោកបាននិយាយថា “យើងចង់បានដីរបស់យើងវិញ ពីព្រោះជីវភាពរស់នៅរបស់អ្នកភូមិពឹងផ្អែកលើការធ្វើស្រែចម្ការ”៕ សារុន