នៅថ្ងៃទី ៣នៃកូដកម្មទូទាំងទីក្រុង បុគ្គលិកក្រុមហ៊ុនកាល់តិច ប្រហែល១០០នាក់បានតវ៉ាកាលពីម្សិលមិញនៅស្ថានីយប្រេងឥន្ធនៈដ៏ធំដែលស្ថិតនៅកាច់ជ្រុងមហាវិថីព្រះមុនីវង្ស និងមហាវិថីម៉ៅសេទុង។

ស្ថានីយកាល់តិចទាំង១៧កន្លែងក្នុងរាជធានីភ្នំពេញនៅបិទមិនទាន់ដំណើរការនៅឡើយទេ ខណៈពេលដែលបុគ្គលិកប្រហែល៣០០នាក់បន្តតវ៉ាទាមទារដំឡើងប្រាក់ឈ្នួលនិងអត្ថប្រយោជន៍ផ្សេងៗទៀតទាំងមិនសប្បាយចិត្ត។
លោក ជួន សុភ័ណណារ៉ា ជាបេឡាករបាននិយាយថា “យើងចង់បានប្រាក់ឈ្នួល១៦០ដុល្លារក្នុងមួយខែ ពីព្រោះប្រាក់ឈ្នួលរបស់យើងមិនអាចផ្គត់ផ្គង់គ្រួសាររបស់យើងបានទេ។ យើងមិនអាចបញ្ជូនកូនៗរបស់យើងទៅរៀនបានទេ”។
បច្ចុប្បន្ននេះ បុគ្គលិកភាគច្រើនទទួលបានប្រាក់ឈ្នួល១១០ដុល្លារក្នុងមួយខែ ហើយទាមទារសុំដំឡើង៥០ដុល្លារទៀត ព្រមទាំងប្រាក់ឧបត្ថម្ភប្រចាំឆ្នាំស្មើនឹងប្រាក់ឈ្នួលមួយខែ។
កាលពីខែមេសា ក្រុមហ៊ុនកាល់តិច ដែលជាក្រុមហ៊ុនយីហោរបស់ក្រុមហ៊ុន ឈេហ្វរ៉ុន ដែលមានមូលដ្ឋាននៅអាមេរិកនោះ បានដំឡើងប្រាក់ឈ្នួលពី៩០ដុល្លារក្នុងមួយខែ ប៉ុន្តែ បុគ្គលិក និងសហជីពអះអាងថា ការដំឡើងនេះនៅតែមិនទាន់ឆ្លុះបញ្ចាំងពីតម្លៃម្លូបអាហារ និងអតិផរណាខ្ពស់ដដែល។
ទន្ទឹមនឹងនេះដែរ ខណៈដែលបុគ្គលិកក្រុមហ៊ុន កាល់តិច នៅតែប្តេជ្ញាធ្វើកូដកម្មនោះ បុគ្គលិកមួយចំនួននៅស្ថានីយប្រេងឥន្ធនៈដទៃទៀតក្នុងរាជធានីបានលើកឡើងថា ពួកគេច្រណែននឹងសកម្មភាពនេះ។
ធារី ជាបុគ្គលិកម្នាក់នៅស្ថានីយប្រេងឥន្ធនៈមួួយក្នុងចំណោមស្ថានីយប្រេងឥន្ធនៈសូគីមិុច ក្នុងរាជធានីភ្នំពេញ ដែលសុំមិនប្រាប់នាមត្រកូលរបស់ខ្លួននិយាយថា “យើងចង់ធ្វើកូដកម្មដែរ ប៉ុន្តែ យើងមិនអាចធ្វើបាន ដោយសារយើងមិនមានសហជីព និងមេដឹកនាំគាំទ្រពួកយើង”។
ធារី ដែលមានអាយុ២៧ឆ្នាំ និងកូនពីរនាក់បាននិយាយថា អ្នកស្រីតស៊ូផ្គត់ផ្គង់គ្រួសាររបស់ខ្លួនជាមួយប្រាក់ឈ្នួលត្រឹមតែ១០០ដុល្លារក្នុងមួយខែពីក្រុមហ៊ុនដែលកាន់កាប់ដោយឧកញ៉ា សុខ គង់ នេះ។ អ្នកស្រីបាននិយាយថា “យើងមិនអាចរស់ដោយប្រាក់ឈ្នួលប៉ុណ្ណឹងបានទេ ពីព្រោះថ្លៃជួលផ្ទះ ម្ហូបអាហារ និងទឹកភ្លើងកើនឡើងជានិច្ច។
ប្រសិនបើក្រុមហ៊ុនអាចផ្តល់ប្រាក់ឈ្នួល១៦០ដុល្លារក្នុងមួយខែនោះ បុគ្គលិកអាចមានជីវភាពសមរម្យ”។ នៅស្ថានីយប្រេងឥន្ធនៈសូគីមិុចមួយទៀតនៅក្នុងទីក្រុង បុគ្គលិកម្នាក់ដែលសុំមិនបញ្ចេញឈ្មោះដែរនោះបាននិយាយថា គាត់សង្ឃឹមថា មិត្តរួមការងាររបស់គាត់ប្រហែលជាធ្វើដូច្នេះដែរ។
បុគ្គលិករូបនេះដែលមានប្រាក់ឈ្នួល១២០ដុល្លារក្នុងមួយខែ បន្ទាប់ពីធ្វើការនៅស្ថានីយនេះបានរយៈពេលបីឆ្នាំនោះបាននិយាយថា “ខ្ញុំត្រូវរង់ចាំមើលសិនថាតើបុគ្គលិកផ្សេងទៀតធ្វើអ្វី។ ប្រសិនបើពួកគេធ្វើកូដកម្ម ខ្ញុំនឹងចូលរួមដែរ។
គាត់បាននិយាយថា “យើងបារម្ភថា ក្រុមហ៊ុននេះមិនអាចផ្តល់ប្រាក់ឈ្នួលដូចនោះដល់យើងបានទេ ពីព្រោះក្រុមហ៊ុននេះជារបស់ឧកញ៉ា។ ប៉ុន្តែ ពួកគេគួរផ្តល់ប្រាក់ឈ្នួលឲ្យយើង១៦០ដុល្លារក្នុងមួយខែ ព្រោះយើងប្រឹងប្រែងធ្វើការខ្លាំងណាស់”។
ទន្ទឹមនឹងនេះដែរ បុគ្គលិកនៅស្ថានីយប្រេងឥន្ធនៈនានានៅក្នុងទីក្រុងបាននិយាយថា ពួកគេលក់ដាច់ខ្លាំងណាស់នៅសប្តាហ៍នេះ។ បុគ្គលិកម្នាក់នៅស្ថានីយប្រេងឥន្ធនៈតេលា បាននិយាយថា “យើងចាក់សាំងមិនឈប់ឡើយចាប់តាំងពីបុគ្គលិកក្រុមហ៊ុនកាល់តិចធ្វើកូដកម្មមក។ បុគ្គលិកកាល់តិចធ្វើកូដកម្មទាមទារដំឡើងប្រាក់ឈ្នួលដោយសារការលក់ដាច់។ លោក សុភ័ណណារ៉ា ជាបេឡាករនៅក្រុមហ៊ុនកាល់តិច បានព្យាករពីនិយោជករបស់ខ្លួនថា “ពួកគេនឹងបាត់បង់អតិថិជន និងបាត់បង់ប្រាក់ចំណេញទៀត”៕សារុន