28.4 C
Phnom Penh

ក្រោយ​​​ពីការ​​​ដោះលែង​​​ប៉ូឡុនស្គី​មានផែនការអភិវឌ្ឍ​តំបន់ទេសចរណ៍នៅ​ខេត្តព្រះសីហនុ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក សេរហ្គេ ប៉ូឡុនស្គី អតីត​មហាសេដ្ឋី​អចលនទ្រព្យ​រុស្ស៊ី និង​ជាជន​​​រត់​គេច​ខ្លួន​ ដែល​ថ្មីៗ​នេះ​ត្រូវ​បាន​ដោះលែង​ពី​ពន្ធនាគារ​ក្នុង​ប្រទេស​កម្ពុជា​ មាន​ផែនការ​អភិវឌ្ឍ​កោះ​មួយ​ចំនួននៅឆ្នេរ​​​សមុទ្រ​​​ក្នុងខេត្ត​​ព្រះសីហនុ។

រយៈ​ពេល​មិន​ដល់​មួយ​ខែ​ផង​ បន្ទាប់​ពី​តុលាការ​កំពូល​បាន​បដិសេធ​មិន​ធ្វើ​បត្យាប័ន​រូប​គាត់​ទៅ​ប្រទេស​រុស្ស៊ី​ តាម​ការ​ចោទ​ប្រកាន់​ពី​បទ​កិបកេង​​ប្រាក់​ លោក​​​ ប៉ូឡុនស្គី និយាយ​ថា ខ្លួន​ចង់​លើក​ស្ទួយ​ឧស្សាហកម្ម​ទេសចរណ៍​ តាម​​​រយៈ​​​ការ​​​​បង្កើត​តំបន់​​ទេសចរណ៍​មួយ​នៅ​ឆ្នេរ​ភាគ​ខាង​ត្បូង​​​ក្នុង​​​​ប្រទេស​កម្ពុជា​។

ប៉ូឡុនស្គី​ បាន​លើក​ឡើង​​ក្នុង​អីុម៉េល​នៅ​សប្ដាហ៍​នេះ​ថា “ខ្ញុំ​​មាន​កោះ​ចំនួន​ប្រាំបី​នៅ​ឆ្នេរ​ព្រះសីហនុ​ ជា​ទី​ដែល​ខ្ញុំ​កំពុង​មាន​ផែន​ការ​ធ្វើ​វិនិយោគ​​”។ គាត់​បាន​និយាយ​ថា “ខ្ញុំ​បាន​​​ចរចា​ជាមួយ​ភ្នាក់ងារ​ទេសចរណ៍​និង​ក្រុម​ហ៊ុន​អភិវឌ្ឍ​ន៍ទេសចរណ៍​នៅ​ក្នុង​ប្រទេស​នេះ​រួច​ហើយ​។ ឆ្នាំ​ក្រោយ​ យើង​មាន​ផែនការ​នាំ​ភ្ញៀវ​ទេសចរ​ប្រហែល​៥០.០០០​នាក់​មក​កាន់​ប្រទេស​កម្ពុជា​។ ខ្ញុំ​គិត​​​ថា អ្នក​ដែល​មក​​ទស្សនា​​​​ចង់​​​ទស្សនា​​​អ្វីច្រើន​​​ជាង​​​នេះក្រៅ​​​ពី​​​ប្រាសាទ​អង្គរ​វត្ត​​​ ហើយ​បន្ទាប់​មក​​​នឹង​​​ចំណាយ​ពេល​វិស្សមកាល​​​ដែល​​​នៅ​​​សេស​​​សល់​​​​របស់​ពួក​គេ​នៅ​លើ​ឆ្នេរ​​​​ខ្សាច់​​​ក្នុង​​​ប្រទេស​ថៃ​​និងប្រទេស​​វៀតណាម​”។

ប៉ូឡុនស្គី ដែល​កំពុង​ប្រឈម​នឹង​ការ​​ចោទ​ប្រកាន់​ពី​បទ​​​បង្ក​​​របួស​​​ស្នាម​​​នៅ​ក្នុង​សាលា​ដំបូង​ខេត្ត​ព្រះ​សីហនុនៅឡើយ ដោយ​សារ​យកកាំបិត​វាយ​​​ប្រហារ​​​បុរសដើរទូក​​​​ជន​ជាតិ​ខ្មែរ​ប្រាំមួយ​នាក់​ និយាយ​ថា ផែន​ការ​វិនិយោគ​របស់​គាត់​ ដែលមាន​​​ឈ្មោះ​​​ថា Archipelago នឹង​ជួយ​នាំ​ភ្ញៀវ​ទេសចរ​រាប់​លាន​នាក់​មក​កាន់​កោះ​របស់​គាត់​នៅ​ឆ្នេរសមុទ្រ​​​​ព្រះ​សីហនុ។

បុរស​​​រូប​​​នេះ​បាន​ឲ្យ​ដឹង​ថា “យើង​​នឹង​​​នាំ​ភ្ញៀវ​​​ទេសចរ​មក​​​ប្រមាណ​បី​លាន​នាក់​ក្នុង​មួយ​ឆ្នាំៗ​​​​ ដែលមិនទាន់​មាន​​​ឱកាស​​​​ឃើញសោភ័ណភាព​ជា​ច្រើន​ ដោយ​សារ​តែ​ហេដ្ឋារចនា​​​សម្ព័ន្ធ​មិន​ទាន់​​​​អភិវឌ្ឍ​ ​និង​កង្វះ​​​សេវា​កម្ម​និង​សុវត្ថិភាព​។ ការ​គណនា​របស់​ខ្ញុំ​បង្ហាញ​ថា ក្នុង​រយៈ​ពេល​ប្រាំ​ឆ្នាំ​ខាងមុខ ​វាអាច​នឹង​​​ធ្វើ​​​ឲ្យ​​​​​​​​ប្រាក់​ចំណូល​ពី​វិស័យ​ទេសចរណ៍​នៅ​ទីនេះ​ក្នុង​ប្រទេស​កម្ពុជា​​បាន​​​កើន​​​ឡើង​​​ដល់ទៅបីដង​​​”។

ក៏​ប៉ុន្តែ​ផែនការ​របស់​លោក​ ប៉ូឡុនស្គី ក៏រាប់​បញ្ចូល​ឆ្នេរសមុទ្រ​​​​ដ៏​ស្រស់​ស្អាត​និង​តំបន់​​​ទេសចរណ៍​ជា​​​ច្រើនទៀត​​​ផង​​​ដែរ​​​​។ គាត់​បាននិយាយ​ថា “ក្រៅ​ពី​​នោះ ​ខ្ញុំ​ចង់​សាង​សង់​សាលា​មត្ដេយ្យ​និង​សាលា​រៀន​មួយ​កន្លែង​​ ហើយ​ខ្ញុំ​ក៏​សង្ឃឹម​ដែរ​ថា​ ទីបំផុត​ខ្ញុំ​នឹង​អាច​ធ្វើឲ្យសុបិន​របស់​ខ្ញុំ​ចង់​ក​សាង​
​សាកល​វិទ្យាល័យ​មួយ ក្លាយជា​ការពិត​​”។

ប៉ូឡុន​ស្គី បាន​បន្តថា ផែន​ការ​របស់​គាត់​​ក៏​រាប់​បញ្ចូល​ការ​ប្រែក្លាយ​កោះ​នេះ​ឲ្យ​ទៅ​ជា​ជម្រក​មួយសម្រាប់​ទេសចរ​មួយ​ចំនួន​​​​ដូច​ខ្លួន​គាត់​ដែរ​ ពោ​​​លគឺ​​​អ្នក​​​​គេច​ខ្លួន​ពី​បញ្ហា​ផ្លូវ​ច្បាប់​នៅ​ក្នុង​ប្រទេស​ផ្សេង​ទៀត​ ជាពិសេស​ពី​ប្រទេស​រុស្ស៊ី​។

សំដៅ​ដល់​សេចក្ដី​សម្រេច​របស់​តុលាកា​រ​កំពូល​​​​ច្រាន​​​ចោល​​​សំណើ​របស់​ប្រទេស​រុស្ស៊ី​​​សុំ​​​ធ្វើ​បត្យាប័ន​គាត់ ​ បូឡុនស្គី បាន​និយាយថា “ប្រទេស​កម្ពុជា​គ្មាន​​កិច្ច​ព្រម​ព្រៀង​បត្យាប័ន​ទេ​ លើក​លែង​តែ​ប្រទេស​ជិត​ខាង​បួន​ប៉ុណ្ណោះ​​​ ហើយ​ពេល​នេះ​ថា យើង​មាន​គំរូ​​​ល្អពាក់​​​ព័ន្ធ​​​នឹង​​​ការវិនិច្ឆ័យរបស់​តុលាកា​រ​កំពូល​។ កត្តា​​​នេះ​នឹង​ទាក់ទាញ​អ្នក​ដែល​ពាក់​ព័ន្ធ​នឹង​​​បញ្ហា​​​ផ្លូវ​​​ច្បាប់​​​នៅ​​​ក្នុង​​​ប្រទេស​​​អង់គ្លេស​​​ដោយសារ​​​តែ​​​​​​ការចំណាយ​លើ​​សេវា​ច្បាប់​នៅក្នុង​ប្រទេស​​នេះ​​​ខ្ពស់​​​​​​ពេក​​​​”។

គាត់​​បាន​បន្ថែម​ថា “ម្យ៉ាង​ទៀត​យើង​កំពុង​តែ​សម្លឹង​មើល​ឱកាស​ដើម្បី​បង្កើត​តំបន់​ដាច់​ដោយ​ឡែក​សម្រាប់​អាជីវកម្ម​ខ្នាត​តូច​និង​មធ្យម​នៅ​​​ក្នុង​​​​ទម្រង់​វិស័យ​ទេសចរណ៍​ស្រប​ច្បាប់​។ ខ្ញុំ​ក៏​ចង់​បង្កើត​មជ្ឈមណ្ឌល​គាំទ្រ​មួយ​សម្រាប់​ភ្ញៀវទេសចរ​និយាយ​ភាសា​រុស្ស៊ី ដែល​ចង់​ទិញ​អចលនទ្រព្យ​ឬ​ចង់​ក្លាយ​ជា​ពល​រដ្ឋ​កម្ពុជា​ រាប់​ទាំង​ការ​គាំទ្រ​ពេញ​​​ទំហឹង​​​តាម​​​ផ្លូវ​ច្បាប់​សម្រាប់​​​​​​​នីតិវិធី​ណា​មួយផង​​​ដែរ​​​​”។

ទាក់ទងនឹងការ​​​វិនិយោគ​​​ Archipelago ប៉ូឡុនស្គី ទំនង​ជា​​​ធ្វើ​​​តាម​​​ការ​​​សន្យា ​អំឡុង​សវនាការ​ជំនុំ​ជម្រះ​ការ​​ធ្វើ​បត្យាប័នគាត់​​​លើក​ដំបូង​កាល​ពី​ក្នុង​ខែ​មករា​ ​ដែលពេលនោះ​​​​​គាត់​​​​​បាន​ប្រាប់​សាលា​ឧទ្ធរណ៍​ថា ខ្លួន​នឹង​វិនិយោគ​ទឹក​ប្រាក់​១ពាន់​លាន​ដុល្លារ​នៅ​ក្នុង​ប្រទេស​នេះ​ ប្រសិន​បើ​លោក​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​នៅ​ទីនេះ។

អតីត​មហាសេដ្ឋី​អចលនទ្រព្យ​ជនជាតិ​រុស្ស៊ី​រូប​នេះ​ត្រូវ​បាន​តាម​ចាប់​ខ្លួន​នៅ​ក្នុង​ប្រទេស​រុស្ស៊ី​តាម​កា​រចោទ​ប្រកាន់​ពី​បទ​កិបកេង​ប្រាក់​ជាង​១៨០​លាន​ដុល្លារ​ពី​វិនិយោគិន​ជាង​៨០​រូប​នៅ​ក្នុង​គម្រោង​អភិវឌ្ឍ​ន៍​​​នៅ​​​ក្នុង​​​ក្រុង​​មូស្គូ​ដោយ​ឡែក​ពីរ​​​។

កាលពី​​ខែ​វិច្ឆិកា​ និង​ខែ​មេសា អាជ្ញាធរ​រុស្ស៊ី​​ បាន​បញ្ជូន​សំណើ​ធ្វើ​បត្យាប័ន​មក​ប្រទេស​កម្ពុជា​ ក៏​ប៉ុន្តែ​តុលាការ​កំពូលៗរបស់​ប្រទេស​នេះ​បាន​ច្រាន​ចោល​ ដោយលើក​​​ឡើង​​​ជា​​​សំអាង​​​ថា គាត់​​​ត្រូវ​​​ប្រឈម​​​ការ​​​ចោទ​​​ប្រកាន់​​​ពីបទ​​​​​បង្ក​របួស​ស្នាម​​នៅ​ក្នុង​ប្រទេស​កម្ពុជា​ និង​​​ការ​​​​គ្មាន​សន្ធិសញ្ញា​បត្យាប័ន​រវាង​ប្រទេស​ទាំង​ពីរ​។

បើ​ទោះ​ជា​លោក​ ប៉ូឡុនស្គី​ អាច​យក​​​ឈ្នះ​​​លើ​​​សត្រូវ​​​តាម​​​​ផ្លូវ​ច្បាប់​របស់​ខ្លួន​ក៏​ដោយ​ ក៏​ក្រុម​ជំនាញ​ផ្នែក​ឧស្សាហកម្ម​និង​មន្ត្រី​ក្នុង​​​ស្រុក​​​នៅ​តែ​មន្ទិលសង្ស័យ ​ចំពោះ​​​​ទស្សនវិស័យ​​របស់​ ប៉ូឡុនស្គី ​សម្រាប់កោះ​​​ដែល​​​បច្ចុប្បន្នមិនទាន់​អភិ​វឌ្ឍ​នេះទោះជា​មានសង្សឹម​​​​​ឈ្នះ​​​ក្ដី។

លោក​ ហូ វណ្ឌី សហប្រធាន​ក្រុម​ការ​ងារ​​​នៃ​​​វិស័យ​​​​ទេសចរណ៍ផ្នែក​​ឯកជន​​​បាន​មាន​ប្រសា​សន៍​ថា ផែន​ការ​ដ៏​មាន​មហិច្ឆតា​របស់​លោក​ ប៉ូឡុនស្គី ទំនង​​​ជា​​​ត្រូវ​​​ការ​​​ការ​គាំទ្រពី​​វិស័យ​​សាធារណៈ​។ លោក​បាន​មាន​ប្រសាសន៍​ថា “និយាយវាស្រួល​ហើយ ​ ប៉ុន្តែ​ធ្វើវាពិបាក​។ ខ្ញុំ​ចាំ​មើល​លទ្ធផល​​ចេញ​សិន​។ វា​ជា​មហិច្ឆតា ហើយ​រដ្ឋាភិបាល​ឬ​វិស័យ​សាធារណៈ​គួរ​តែ​ពាក់ព័ន្ធ​”។

លោក​ ស្បោង​ សារ៉ាត់​​​ ដែល​ត្រូវ​បាន​​​​ផ្លាស់​​​ប្ដូរ​​​ពីមុខ​​​តំណែង​​​​​​​​អភិបាល​ខេត្ត​ព្រះ​សីហនុ​ កាលពី​ដើម​ខែ​នេះ​បាន​មាន​ប្រសាសន៍​ថា លោក​គ្មាន​មន្ទិល​សង្ស័យ​​​ចំពោះ​​​ផែន​​​ការ​​​របស់​​​ លោក​ ប៉ូឡុនស្គី​ នោះទេ ប៉ុន្តែ​​​​ប្រហែល​​​ជា​​​ត្រូវ​​​ការ​​​ពេល​​​​​​ដើម្បីធ្វើឲ្យមាន​រូប​រាង​ឡើង​។

លោក​ សារ៉ាត់​​​ បាន​មាន​ប្រសាសន៍​ថា “ខ្ញុំ​ពិត​ជា​គិត​ថា វា​ជា​គំនិត​ល្អ​មួយ​។ ខ្ញុំ​គិត​ថា គាត់​អាច​បញ្ចុះ​បញ្ចូល​មនុស្ស​មួយ​​​ចំនួន​​​ឲ្យ​មកទីនេះ​​​​”។ ដោយ​​​សារតែ​​​គាត់​បាន​​​ប្រកាស​ផែនការ​របស់​គាត់​ គាត់​ទំនង​​​ជា​​​នឹង​​អនុវត្ត​។​ វា​គ្រាន់​តែ​ថា គាត់​ត្រូវ​ការ​ពេល​វេលា​បន្ថែម​ទៀត​ប៉ុណ្ណោះ”៕ ប៊ុននី

(រាយការណ៍​បន្ថែម​ដោយ​ ផន បុប្ផា)

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស