29 C
Phnom Penh

​​​សមាជិក​​​រណសិរ្ស​​​រំដោះ​​​ជាតិ​​​ខ្មែរម្នាក់ត្រូវបានចាប់​​​ខ្លួន និង​​​​​​រឹប​​​អូស​​សៀវភៅ​ហាម​​​ឃាត់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរ​​​បាល​​​បាននិយាយ​​​កាលពីម្សិលមិញ​​​ថា ពួកគេ​​​បាន​​​ចាប់​​​ខ្លួន​​​បុរស​​​អាយុ​​​៣៣​​​ឆ្នាំម្នាក់នៅ​​​ក្នុង​​​ខេត្ត​​​បន្ទាយមាន​​​ជ័យកាលពីថ្ងៃច័ន្ទ តាម​​​ការ​​​ចោទ​ប្រកាន់​​ថា គាត់​​​មាន​​​ការ​​ជាប់​​​ពាក់​​​ព័ន្ធ​​​ជាមួយ​​​រណសិរ្ស​​​រំដោះ​​​ជាតិ​​​ខ្មែរ និង​​​បាន​​​រឹប​​​អូស​​​យក​​​សៀវភៅ​ហាម​​​ឃាត់​​​រាប់​​​រយ​​​ក្បាល​​​ដែល​​​និពន្ធដោយ​​​ស្ថាបនិក​​​រណសិរ្ស​នេះ។

ការ​​​ចាប់​​​ខ្លួន​​​លោក ហេន ចាន់ នៅ​​​ក្នុង​​​ក្រុង​​​បោ៉យ​​​ប៉ែតនេះ​​​ កើត​​​ឡើង​​​មួយ​​​ខែបន្ទាប់ពី​​​ការ​​​រក​​​ឃើញ​​​ពិរុទ្ធភាព​​​របស់​​​បុរស​​​១២​​​នាក់​​​ និង​​​ស្ត្រីម្នាក់​​​មកពី​​​ក្រុម​​​ប្រឆាំង​​​នេះ​​​ពីបទ​​​រៀបចំ​​​ផែន​​​ការ​​​ផ្តួល​​​រំលំរដ្ឋាភិបាល​​​ ហើយ​​​បាន​​​ផ្ដន្ទាទោស​​​ដាក់ពន្ធនាគារ​​​ចន្លោះពី​​​ប្រាំ​​​ឆ្នាំទៅ​​​ប្រាំបួន​​​ឆ្នាំ​​​។

ឧត្តម​​​សេនីយ៍​​​ឯក​​​ គៀត ច័ន្ទថារិទ្ធ អ្នក​​​នាំពាក្យ​​​នគរ​​​បាល​​​ជាតិ​​​ បានមាន​​​ប្រសាសន៍​​​ថា   លោក ចាន់ ត្រូវបាន​​​ចាប់​​​ខ្លួន​​​នៅ​​​ព្រំដែន​​​ពេល​​​ប្រើ​​​លិខិត​​​ឆ្លង​​​ដែន​​​ក្លែង​​​ក្លាយ​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “លោក ចាន់ ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​នៅ​​​ក្រុង​​​ប៉ោយ​​​ប៉ែត​​​ជាមួយ​​​ឯកសារ​​​ប្រឆាំង​​​រាជរដ្ឋាភិបាល​​​កម្ពុជា​​​មួយ​​​ចំនួន​​​ និង​​​បញ្ជីឈ្មោះ​​​រចនាសម្ព័ន្ធ​​​សមាជិក​​​រណសិរ្ស​​​រំដោះជាតិ​​​ខ្មែរ​​​”។

លោកឧត្តម​​​សេនីយ៍ឯក ច័ន្ទថារិទ្ធ បានមាន​​​ប្រសាសន៍​​​ថា “ឯកសារ​​​ទាំងនោះ​​​ជំរុញ​​​ឲ្យ​​​ប្រជាពល​​​រដ្ឋ​​​ប្រឆាំង​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា និង​​​រដ្ឋាភិបាល​​​កម្ពុជា​​​​​​ និង​​​បាន​​​ញុះញង់​​​ប្រជា​​​ជន​​​ឲ្យ​​​ប្រឆាំង​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​ និង​​​វៀតណាម​​​”។ លោក​​​បាន​​​បន្ថែម​​​ថា លោក​​​ ចាន់ ត្រូវ​​​បាន​​​បញ្ជូន​​​មក​​​សាក​​​សួរ​​​នៅ​​​សាលា​​​ដំបូង​​​រាជធានីភ្នំពេញ​​​​​​កាលពីព្រឹក​​​ម្សិលមិញ និង​​​កំពុង​​​ត្រូវ​​​ឃុំខ្លួននៅ​​​ក្រសួង​​​មហាផ្ទៃ។

រណសិរ្សរំដោះជាតិ​​​ខ្មែរ​​​ត្រូវ​​​បាន​​​បង្កើត​​​ឡើង​​​កាលពីខែធ្នូ ឆ្នាំ២០១២ ក្នុង​​​នាម​​​ជា​​​ក្រុម​​​តស៊ូមតិ​​​ផ្នែក​​​នយោបាយ​​​គាំទ្រ​​​លទ្ធិប្រជាធិបតេយ្យ ដែល​​​ប្រឆាំង​​​នឹង​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​។ បន្ទាប់ពី​​​មាន​​​ការ​​​ចាប់​​​ខ្លួន​​​សមាជិក​​​ក្រុមនេះ​​​ជាច្រើន​​​នាក់​​​នៅ​​​ក្នុង​​​ប្រទេស​​​ថៃ ហើយ​​​បញ្ជូន​​​មក​​​ចោទ​​​ប្រកាន់​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​កាលពីខែមីនា ឆ្នាំ​​​មុន​​​មក លោក​​​នាយក​​​រដ្ឋមន្ត្រី ហ៊ុន សែន បាន​​​ហៅ​​​ក្រុម​​​នេះ​​​​​​ជា​​​សាធារណៈថា ​​​ជា​​​ក្រុម​​​ភេរវកម្ម​​​ដែល​​​បង្កើត​​​ឡើង​​​ដើម្បី​​​ព្យាយាម​​​ផ្ដួល​​​រំលំ​​​រដ្ឋាភិបាល។ យោងតាម​​​ការ​​​វិនិច្ឆ័យ​​​នៅ​​​សាលា​​​ដំបូង​​​រាជធានីភ្នំពេញ​​​កាលពីខែមុន រណសិរ្សរំដោះ​​​ជាតិ​​​ខ្មែរ​​​នេះ​​​ បង្កើត​​​ឡើង​​​ដើម្បីប្រឆាំង​​​រដ្ឋាភិបាល​​​។

សមាជិក​​​ប្រាំមួយនាក់​​​ក្នុង​​​ចំណោម​​​សមាជិក​​​ទាំង​​​នោះ​​ត្រូវ​​​បាន​​​ផ្ដន្ទាទោស​​​កំបាំង​​​មុខ​​​នៅ​​​ក្នុង​​​រឿង​​​ក្ដី​​​ថ្មីនេះ​​​។ ក្នុង​​​ចំណោមអ្នក​​ដែល​​​ត្រូវ​​​ផ្តន្ទា​​​ទោស​​​​ទាំង​​​នោះ គឺ​​​លោក សំ សេរី ប្រធាន​​​រណសិរ្ស​​​រំដោះជាតិ​​​ខ្មែរ​​​ដែល​​​រស់​​​នៅ​​​ក្នុង​​​ប្រទេស​​​ដាណឺម៉ាក និង​​​អះអាង​​​ថា លោក​​​ទទួល​​​បាន​​​សិទ្ធិជ្រក​​​កោន​​​ផ្នែក​​​នយោបាយ​​​ពីប្រទេស​​​កម្ពុជា​​​កាលពីឆ្នាំ២០១០​​​។ លោក​​​ក៏បាន​​​សរសេរ​​សៀវភៅ​​​មួយ​​​មាន​​​ចំណង​​​ជើង​​​ថា “អាថ៌កំបាំង​​​​​​នៃកម្ពុជា​​​” ដែល​លោកបាន​​​និយាយ​​​ថា ត្រូវ​​​បាន​​​ហាម​​​ឃាត់​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​ ហើយ​​​សៀវភៅ​​​ទាំង​​​នេះ​​​ត្រូវបាន​​​រឹបអូស​​​យកពី​​​លោក ចាន់ កាលពី​​​ម្សិលមិញ។

នៅពេល​​​ទាក់​​​ទង​​​តាម​​​ទូរស័ព្ទ​​​ទៅ​​​ប្រទេស​​​ដាណឺម៉ាក​​​ កាលពីម្សិលមិញ លោក សេរី បាន​​​និយាយ​​​ថា លោក​​​មាន​​​ការ​​​សោក​​​ស្ដាយ​​​ណាស់​​​​​​ពេល​​​​​​ឮអំពីការ​​​ចាប់​​​ខ្លួន​​​លោក ចាន់។ គាត់​​​បាន​​​និយាយ​​​ថា គាត់​​​បានជួប​​​លោក ចាន់ ជាលើក​​​ដំបូង​​​នៅ​​​ឯសិក្ខាសាលា​​​មួយ​​​នៅ​​​ក្នុង​​​ប្រទេស​​​ថៃ​​​កាលពីឆ្នាំ២០១០។ លោក​​​បាន​​​និយាយ​​​អំពីការ​​​ចាប់​​​ខ្លួន​​​ថ្មីនេះ​​​ថា “ខ្ញុំគិត​​​ថា ការ​​​ចាប់​​​ខ្លួន​​​នេះ​​​គំរាម​​​កំហែង​​​សេរី​​​ភាព​​​នៃការ​​​បញ្ចេញ​​​មតិ​​​របស់​​​ប្រជាជន​​​កម្ពុជា​​​”។ “យើង​​​មាន​​​សិទ្ធិ​​​សម្ដែង​​​មតិរបស់​​​យើងទៅតាម​​​ច្បាប់ ដូច្នេះវា​​​មិន​​​ខុស​​​ច្បាប់ទេ។ យើង​​​មាន​​​សិទ្ធិ​​​ដឹកនាំ​​​ក្រុមនយោបាយ ដូច្នេះ​​​នៅពេល​​​ដែល​​​ពួកគេ​​​ចាប់​​​ខ្លួន​​​សមាជិក​​​របស់​​​យើង​​​ វា​​​ជាការ​​​គំរាម​​​កំហែង​​​ដល​​​់​​​នយោបាយ​​​ និង​​​សេរីភាព​​​នៅកម្ពុជា​​​”។

លោក សេរី បាន​​​និយាយ​​​ថា សហការី​​​ម្នាក់​​​នៅ​​​ក្នុង​​​ប្រទេស​​​ថៃ​​​បាន​​​ប្រាប់​​​លោក​​​ថា នគ​​​រ​​​បាល​​​បាន​​​​​​ឆែក​​​ឆេរ​​​ផ្ទះ​​​របស់​​​លោក ចាន់ នៅ​​​ក្នុង​​​ខេត្ត​​​កំពង់​​​ស្ពឺ ហើយ​​​នគរ​​​បាល​​​បាន​​​រឹប​​​អូស​​​យក​​​សៀវភៅ​​​ ” អាថ៌កំបាំង​​​នៃកម្ពុជា​​​” រាប់​​​រយ​​​ក្បាល​​​ ព្រមទាំង​​​ឯកសារ​​​ផ្សេង​​​ៗ​​​ទៀត​​​។ លោក សេរី បាន​​​និយាយ​​​ថា ” សៀវភៅ​​​នេះ​​​ប្រហែល​​​២.០០០​​​ក្បាល​​​ត្រូវ​​​បាន​​​បោ​​​ះពុម្ព​​​នៅ​​​ក្នុង​​​ប្រទេស​​​ថៃ ហើយ​​​គាត់​​​បាន​​​នាំ​​​សៀវភៅ​​​នោះ​​​ប្រហែល​​​៣០០​​​ក្បាល​​​មក​​​ប្រទេស​​​កម្ពុជា​​​”។ លោក​​​បាន​​​បន្ថែម​​​ថា “លោក​​​ ចាន់ ចង់​​​ចែក​​​សៀវភៅ​​​ទាំង​​​នេះ​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា។ សៀវភៅ​​​នោះ​​​ត្រូ​វ​​​បាន​​​ហាម​​​ឃាត់​​​នៅ​​​​​​ក្នុង​​​ប្រទេស​​​កម្ពុជា។ ប្រសិន​​​បើ​​​នរណា​​​ម្នាក់​​​អាន​​​ ឬ កាន់​​​សៀវភៅ​​​នោះ ពួកគេ​​​នឹង​​​ត្រូវ​​​ចាប់​​​ខ្លួន​​​”។

លោក ហ្វីល រ៉ូបឺតសុន អនុ​​​ប្រធាន​​​ប្រចាំ​​​អាស៊ីនៃ​​​អង្គការ​​​ឃ្លាំមើល​​​សិទ្ធិមនុស្ស​​​បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​បាន​​​ទទួល​​​ដំណឹង​​​ថា លោក ចាន់ គឺជា​​​អ្នក​​​ស្វែង​​​រក​​​សិទ្ធិ​​​ជ្រក​​​កោន​​​ជាមួយ​​​ទីភ្នាក់​​​ងារ​​​ជន​​​ភៀស​​​ខ្លួន​​​អង្គការ​​​សហប្រជាជាតិ​​​នៅ​​​ក្នុង​​​ប្រទេស​​​ថៃ​​​។ គេមិន​​​អាច​​​ទាក់ទង​​​សុំការ​​​អត្ថាធិប្បាយ​​​ពី​​​តំណាង​​​ការិយាល័យ​​​ឧត្តម​​​ស្នង​​​ការ​​​សហប្រជាជាតិ​​​ទទួល​​​បន្ទុកជន​​​ភៀស​​​ខ្លួន (UNHCR)​​​​​​នៅ​​​ក្នុង​​​ប្រទេស​​​ថៃឈ្មោះ វីវៀន តាន ​​​បាន​​​ទេ។

លោក រ៉ូបឺតសុន បាន​​​សរសេរ​​​តាម​​​អុីម៉េល​​​ថា “ខ្ញុំ​​​មិន​​​ទាន់​​​អាច​​​បញ្ជាក់​​អំពី​​​ការ​​​ស្វែង​​​រក​​​សិទ្ធិ​​​ជ្រក​​​កោន​​​នេះ​​​ជាមួយ​​​ UNHCR បាន​​​ទេ ប៉ុន្តែ​​​ប្រសិន​​​បើ​​​គាត់​​​កំពុង​​​ស្វែង​​​រក​​​ឋានៈ​​​ជាជន​​​ភៀស​​​ខ្លួន​​​មែន​​​នោះ​​​ វា​​​មិន​​​មែន​​​ជាការ​​​ល្អ​​​ទេ ក្នុង​​​ការ​​​ព្យាយាម​​​លួច​​​ត្រឡប់​​​មក​​​ប្រទេស​​​កម្ពុជា​​​វិញ”។ លោក​​​បាន​​​លើក​​​ឡើង​​​ទៀត​​​ថា រដ្ឋាភិបាល​​​កំពុង​​​ស្វែង​​​រក​​​ចាប់​​​ខ្លួន​​​សមាជិក​​​រណសិរ្សរំដោះជាតិ​​​ខ្មែរ​​​យ៉ា​​​ង​​​ខ្លាំង​​​ដោយ​​​គ្មាន​​​ភ័ស្តុតាង​​​ច្បាស់​​​លាស់​​​អំពី​​​សកម្មភាព​​​បះបោរ​​​ណា​​​មួយ​​​ឡើយ​​​។

លោក​​​បាននិយាយ​​​ថា “រហូត​​​មកទល់​​​ពេល​​​នេះ​​​ រណសិរ្សរំដោះជាតិ​​​ខ្មែរ គឺ​​​ជា​​​ជន​​​រង​​​គ្រោះ​​​ដោយសារ​​​ទ្រឹស្ដី​​​របស់​​​លោក​​​នាយក​​​រដ្ឋមន្ត្រី ហ៊ុន សែន អំពី​​​ផែន​​​ការ​​​សម្ងាត់​​​ដែល​​​បាន​​​ប្រើ​​​សត្រូវ​ប្រឌិត​ដើម្បី​​​ធ្វើ​​​ឲ្យ​​​មាន​​​វិបត្តិនយោបាយ​​​ ហើយ​​​វិបត្តិនយោបាយ​​​នោះ តម្រូវ​​​ឲ្យ​​​មាន​​​ការ​​​បង្ក្រាប​​​ពីកណ្ដាប់ដៃ​របស់​​​លោក​​”។

លោក រ៉ូបឺតសុន បាន​​​មាន​​​ប្រសាសន៍​​​ថា សៀវភៅ “អាថ៌កំបាំង​​​នៃកម្ពុជា​​​” មិន​​​បង្ហាញ​​​ពី​​​គោល​​​បំណង​​​ហិង្សា​​​ណាមួយ​​​ពីរណសិរ្ស​​​រំដោះជាតិ​​​ខ្មែរ​​​ទេ​​​ ថ្វីបើ​​​សៀវភៅ​​​នេះមាន​​​ការ​​​ប្រមាថ​​​ចំពោះរដ្ឋាភិបាល​​​ក៏ដោយ។

យោងតាម​​​អត្ថបទ​​​ដក​​​ស្រង់​​​ចេញពី​​​សៀវភៅ​​​៥២​​​ទំព័រ​​​ និង​​​ដែល​​​មាន​​​នៅ​​​តាម​​​អុីនធើណិត​​​​​​នេះ ​​សរសេរ​​​ឡើង​​​ដើម្បីពន្យល់​​​ និង​​​បង្ហាញ​​​ប្រាប់ពី​​​ឫសគល់​​​នៃ​​​បញ្ហា​​​នៅ​​​កម្ពុជា​​​ និង​​​ដើម្បី​​​បង្ហាញ​​​ប្រជា​​​ជន​​​កម្ពុជា​​​អំពី​​​អ្វី​​​ដែលជន​​​ផ្ដាច់ការ​និង​​​ជន​​​កុម្មុយនីស្ត​​​​​​ព្យាយាម​​​លាក់​​​​បាំង​​ពីប្រជា​​​ជន​​​ខ្មែរ”។ សៀវភៅនេះ​​​ក៏ចោទ​​​ប្រទេស​​​វៀតណាម​​​ថា បាន​​​លុក​​​លុយ​​​ចូល​​​​​​ប្រទេស​​​កម្ពុជា​​​ដែរ​​ ហើយ​​​បាន​​​ចាត់​​​ទុក​​​ការ​​​គ្រប់គ្រង​​​របស់​​លោក ហ៊ុន  សែន ថាជា “របប​​​អាយ៉ង​​​ខុស​​​ច្បាប់​​​”។

លោក សេរី បាន​​​មាន​​​ប្រសាសន៍​​​ថា “វាសំខាន់​​​ណាស់​​​​​​​​​ក្នុង​​​ការ​​​ឲ្យ​ប្រជា​​​ជន​​​ខ្មែរ​​​ដឹង​​​អំពី​​​សៀវភៅ​​​នេះ​​​ ពីព្រោះ​​​សៀវភៅ​​​នេះ​​​ប្រាប់​​​ការ​​​ពិត​​​អំពីអ្វី​​​ដែលបាន​​​និង​​​កំពុង​​​កើត​​​ឡើង​​​នៅ​​​កម្ពុជា​​​ក្នុង​​​រយៈ​​​ពេល​​​៣៥​​​ឆ្នាំ​​​មក​​​នេះ”៕ គឹមហឿន ​​​​​​​​​​​​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស