នគរបាលបាននិយាយកាលពីម្សិលមិញថា បុរសម្នាក់ក្នុងចំណោមបីនាក់ដែលជាប់សង្ស័យពីបទប្លន់សម្លាប់ថៅកែរោងចក្រជនជាតិចិនម្នាក់នោះត្រូវបានចាប់ខ្លួនកាលពីថ្ងៃអង្គារ ហើយបានសារភាពចំពោះបទឧក្រិដ្ឋនេះ។
សយ ហ៊ាន អាយុ២៣ឆ្នាំជាប់ចោទពីបទចាក់អ្នកស្រី សាង លី អាយុ៤៣ឆ្នាំ១០កន្ត្រៃនៅរោងចក្ររបស់គាត់ក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
អ្នកស្រី សាង លី បានគ្រប់គ្រងរោងចក្រតូចមួយដែលផលិតមួក ហើយត្រូវបានគេប្រទះឃើញស្លាប់នៅពេលកម្មករបានមកដល់រោងចក្រនៅម៉ោងប្រហែល៧ព្រឹកកាលពីថ្ងៃទី៣ ខែឧសភា។
នគរបាលជឿថា អ្នកស្រី សាង លី ត្រូវបានសម្លាប់បន្ទាប់ពីបងប្អូនជីដូនមួយរបស់ សយ ហ៊ាន ឈ្មោះ ភា ដែលកំពុងរត់គេចខ្លួននោះ បានសងសឹក បន្ទាប់ពីអ្នកស្រីបណ្តេញគាត់ចេញដោយសារលួចរបស់របរ។ ជនសង្ស័យទី៣ដែលនគរបាលមិនទាន់ស្គាល់ឈ្មោះនៅឡើយ ក៏កំពុងរត់គេចខ្លួនដែរ។
លោក ជួន ណារិន ស្នងការរងនគរបាលរាជធានីបានមានប្រសាសន៍កាលពីម្សិលមិញថា “យើងបានចាប់ខ្លួនឃាតករម្នាក់ ប៉ុន្តែ ពីរនាក់ទៀតកំពុងរត់គេចខ្លួន…នគរបាលកំពុងស្វែងរកហើយមានគម្រោងចាប់ខ្លួនពួកគេ បន្ទាប់ពីយើងទទួលបានចម្លើយសារភាពពីជនសង្ស័យទី១កាលពីល្ងាចថ្ងៃអង្គារ”៕សារុន