លោក Maina Kiai អ្នកធ្វើរបាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្តីពីសេរីភាពក្នុងការជួបជុំគ្នា បានផ្ញើរបាយការណ៍សង្ខេបលើកទី៣របស់លោកទៅក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បន្ទាប់ពីដំណើរទស្សនកិច្ចទៅកាន់ប្រទេសផ្សេងៗ រាប់ទាំងដំណើរទស្សនកិច្ចរយៈពេលបីថ្ងៃនៅក្នុងប្រទេសកម្ពុជាកាលពីក្នុងខែកុម្ភៈផង។
របាយការណ៍នេះផ្តោតលើក្រុមដែលលោក Kiai ជាមេធាវីជនជាតិកេនយ៉ា ពិចារណាថា គ្រោះថ្នាក់បំផុត នៅពេលពួកគេព្យាយាមប្រើសិទ្ធិជួបជុំគ្នា ។ របាយការណ៍នេះមានខ្លឹមសារថា “អ្នកធ្វើរបាយការណ៍ពិសេសព្រួយបារម្ភយ៉ាងខ្លាំងអំពីការប្រើអំពើហិង្សារបស់នគរបាល ការរំខានយាយី និងការបំភិតបំភ័យដោយប្រើប្រព័ន្ធតុលាការប្រឆាំងនឹងការជួបជុំគ្នា ដែលធ្វើឡើងដោយស្ត្រីនៅតាមទីកន្លែងជាច្រើននៃពិភពលោក។
ជាឧទាហរណ៍ ក្នុងប្រទេសកម្ពុជា ស្រ្តីសកម្មជនសិទ្ធិដីធ្លី ត្រូវគេយកជាគោលដៅសម្រាប់អំពើហិង្សា ការរំខានយាយី និងការចាប់ខ្លួនជាច្រើនលើកច្រើនសា”។ អំឡុងដំណើរទស្សនកិច្ចរបស់លោកកាលពីក្នុងខែកុម្ភៈ លោក Kiai បានអញ្ជើញទៅសហគមន៍បឹងកក់ ជាកន្លែងដែលអ្នកតវ៉ាមួយក្រុមរស់នៅ ដែលភាគច្រើនជាស្ត្រី ហើយជានិច្ចកាលចូលរួមក្នុងការប្រមូលផ្តុំគ្នាផ្នែកនយោបាយ ប្រព័ន្ធតុលាការនិងសិទ្ធិដីធ្លី។
របាយការណ៍សរសេរដោយលោក Kiai និងបោះពុម្ពផ្សាយនៅក្នុងទស្សនាវដ្តី Journal of Global Ethics កាលពីថ្ងៃទី២៩ ខែមេសា សំដៅដល់ការដាក់ពន្ធនាគារស្រ្តីចំនួន១៣រូបមកពីសហគមន៍នេះក្នុងឆ្នាំ២០១២។ “ទោសរបស់ពួកគាត់ក្រោយមកត្រូវបានបន្ថយ ប៉ុន្តែការរំខានយាយីសមាជិកសហគមន៍ ភាគច្រើនលើស្ត្រី នៅតែបន្តដដែល”៕ ប៊ុននី