28 C
Phnom Penh

លោក សម រង្ស៊ី ផ្ញើសារ​ព្រមាន​ទៅសមាជិកព្រឹទ្ធសភាក្នុងយុទ្ធនាការ​ឃោសនាបោះឆ្នោត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​​​ពី​​​ម្សិល​​​មិញ លោក​​​ សម រង្ស៊ី មេដឹកនាំ​​​គណបក្ស​​​ប្រឆាំង​​​​​​​​​បាន​​​ជួប​​​ជា​​​មួយ​​​អ្នក​​​ភូមិ​​​ជា​​​ច្រើន​​​គ្រួសារ​​​ដែល​​​ជាប់​​​ពាក់​​​ព័ន្ធ​​​ក្នុង​​​​វិវាទ​​​ដី​​​ធ្លីដ៏​​​រ៉ាំរៃជា​​​មួយ​​​ក្រុម​​​ហ៊ុនពី​​​រដែលផលិត​​​ស្ករ​​​ស​​​​​​ នៅក្នុង​​​យុទ្ធ​​​នា​ការ​​​​​​ឃោសនា​ក្នុងខេត្ត​​​កោះកុង​​​ មុន​​​ថ្ងៃ​​​បោះ​​​ឆ្នោត​​​ជ្រើ​​​ស​​​រើស​​​ក្រុម​​​ប្រឹក្សា​​​រាជធានី ខេត្ត​​​ ក្រុង ​​​ស្រុក​​​ ខណ្ឌ​​​ នៅ​​​ថ្ងៃ​​​អាទិត្យ​​​។

អ្នក​​​ភូមិ​​​​​​រាប់​​​រយ​​​គ្រួសារ​​​បាន​​​ចោទ​​​ប្រកាន់​​​ក្រុម​​​ហ៊ុន​​​ស្ករ​​​ស​​​ទាំង​​​ពី​​​រ​​​នេះ​​​ដែល​​​ធ្លាប់​​​កាន់កាប់​​​ដោយ​​​ឧកញ៉ា លី យ៉ុង​​​ផាត់​​​ សមាជិក​​​ព្រឹទ្ធ​​​សភា​​​គណ​​​បក្ស​​​ប្រជាជន​​​កម្ពុជា​​​ ថាបាន​​​ប្លន់​​​យក​​​ដី​​​ស្រែ​របស់​​​ពួកគាត់​​​ បំពុល​​​ទឹក​​​ស្ទឹង​​ និង​​​ធ្វើ​​​ឲ្យ​​​សត្វ​​​ចិញ្ចឹម​​​របស់​​​ពួកគាត់​​​ងាប់​​​។

អ្នក​​​ភូមិ​​​២០០នាក់​​​បាន​​​ប្តឹង​​​ក្រុ​​​ម​​​ហ៊ុន Tate & Lyle ជាក្រុមហ៊ុន​​​​អង់គ្លេស​​​នៅ​​​​ទីក្រុង​​​ឡុងដ៍​​​ ដោយ​​​អះអាង​​​ថា ក្រុម​​​ហ៊ុននេះត្រូវផ្តល់​​​សំណង​​​ឲ្យ​​​ពួក​​​គាត់​​​ដោយ​​​សារ​​​ក្រុម​​​ហ៊ុននេះ​​​បាន​ទិញ​​​​ស្ករស​​ពី​​​ដី​​​ដែល​​បាន​​​ប្លន់​​​យក​​​ពី​ពួក​​​គាត់។

បើ​​​ទោះ​​​ជា​​​មាន​តែសមាជិក​​​ក្រុម​​​ប្រឹក្សា​​​ឃុំ​​​សង្កាត់​​​ប៉ុណ្ណោះ​​​មាន​​​សិទ្ធិ​​​បោះ​​​ឆ្នោត​​​នៅ​​​ពេល​​​​​​ខាង​​​មុខដើម្បីជ្រើស​​​រើស​​ក្រុម​​​ប្រឹក្សា​​​រាជធានី​​​ ខេត្ត​​​ ក្រុង​​​ ស្រុក ​​​ខណ្ឌ​​​ក៏​​​ដោយ​​​ ក៏​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​បាន​​​ចំណាយ​​​ពេល​​​ធ្វើ​​​យុទ្ធ​​​នាការ​​​ដោយ​​​មាន​​​បំណង​​ប្រមូលផ្តុំ​​​ការ​​​គាំទ្រ​​​ឲ្យ​​​បាន​​​ច្រើនដែរ​​​។

នៅ​​​ក្នុង​​​វីដេអូ​​​ឃ្លីប ដែល​​​បាន​​​បង្ហោះ​​​ក្នុង​​​ទំព័រ​​​ហ្វេស​​​ប៊ុក​​​របស់​​​លោក គេ​​​ឃើញ​​​លោក សម រង្ស៊ី និយាយ​​​ទៅ​​​កាន់​​​ក្រុម​​​មនុស្ស​​ប្រហែល​​​១០០នាក់​​​នៅ​​​ផ្ទះ​​​សកម្មជន​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ម្នាក់​​​ក្នុង​​​ស្រុក​​​ស្រែ​​​អំបិល ខេត្ត​​​កោះ​​​កុង​​​កាល​​​ពី​​​ថ្ងៃ​​​ម្សិលមិញ។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ពី​​​​​មុន​​​បង​​​ប្អូន​​​ជឿ​​​គណ​បក្ស​​​ប្រជាជន​​​កម្ពុជា​​​ ពី​​​ព្រោះ​​​ពួកគេ​​​បង្ហាញ​​​តែ​​​ដៃ​​​ម្ខាង​​​ប៉ុណ្ណោះ​​​ ដៃ​​​ខាង​​​ស្តាំ​​​ចែក​​​ក្រមា សា​​​រុង និង​​​ប៊ីចេង ។ ប៉ុន្តែ សូម​​​ក្រឡេក​​​មើល​​​ដៃ​​​ម្ខាង​​​ទៀត​​​។ តើ​​​ពួក​​​គេ​​​កំពុង​​ធ្វើ​​​អ្វី​​​? ពួក​​​គេ​​​កំពុង​​​ច្របាច់​​​ក​​​ និង​​​ប្លន់​​​យក​​​ដី​​​របស់​​​យើង​​​”។

លោក សម រង្ស៊ី បាន​​​លើក​​​ឡើង​ពី​​​លោក លី យ៉ុង​​​ផាត់ ជា​ករណីពិសេស។ សមាជិ​​​ក​​​ព្រឹទ្ធ​​​សភា​​​រូប​​​នេះ​​​បាន​​​ជួល​​​ដី​​​សម្រាប់​​​ធ្វើ​​​ចម្ការ​​​អំពៅ ហើយ​​​ធ្លាប់​​​មាន​​​​​​ភាគ​​​ហ៊ុន​​​យ៉ាង​​​ច្រើន​​​សន្ធឹក​​​សន្ធាប់ ប៉ុន្តែ ចាប់​​​តាំង​​​ពី​​​ពេល​​​នោះ​​​មក​​​បាន​​​លក់​​​ទៅឲ្យ​​​ម្ចាស់​​​បច្ចុប្បន្ន​​​ដែល​​​ជា​​​ជន​​​ជាតិ​​​ថៃ​​​ និង​​​តៃ​​​វ៉ាន់។

លោក សម រង្ស៊ី បាន​​​និយាយ​​​ទៅ​​​កាន់​​​អ្នកភូមិថា “ពួក​​​គេ [រដ្ឋាភិបាល] បាន​​​ប្លន់​​​ដី​​​ពី​​​ប្រជា​​​ពល​​​រដ្ឋ​​​ ហើយ​​​យក​​​ដី​​​នេះ​​​ទៅ​​​ឲ្យ​​​ក្រុម​​​ហ៊ុន​​​ លី​​​ យ៉ុង​​​ផាត់។ ខ្ញុំ​​សូម​​​ផ្ញើ​​​សារ​​​មួយ​​​។ លោក លី​​​ យ៉ុង​​​ផាត់ មិន​​​អាច​​​រស់​​​នៅ​​​ដោយ​​​មាន​​​សុភមង្គល​​​នោះ​​​ទេ​​​។  មួយ​​​ជីវិត​​​របស់​​​លោក លោក​​​ លី​​​ យ៉ុង​​​ផាត់ បាន​​​ធ្វើ​​​បាប​​​ប្រជាពល​​​រដ្ឋ​​​នៅក្នុង​​​ខេត្ត​​​កោះកុង។​​​ លោក លី យ៉ុង​​​ផាត់ ត្រូវ​​​ប្រយ័ត្ន​​​ប្រយែង​​​”។

​​​​​​​​​គេ​​​មិ​​ន​​​​​​អាច​​​ទាក់ទង​​​លោក លី​​​ យ៉ុង​​​ផាត់​​​ បាន​​​ទេ។ លោក លឹម បូក តំណាង​​​ក្រុម​​​ហ៊ុន​​​​​​របស់​​​សមា​​​ជិក​​​ព្រឹទ្ធ​​​សភា​​​រូ​​​ប​​​នេះ​​​បាន​​​បដិសេធ​​​មិន​​​ធ្វើ​​​អត្ថាធិប្បាយ​​​។

លោក តេង​​​ កៅ ដែលអះ​​​អាង​​​ថា លោកបាន​​​បាត់​​​បង់​​​ដី​​អស់​​​ជាង​​​១៤​​​ហិក​​​តា​​​ទៅ​​​លើ​​​ក្រុម​​​ហ៊ុន​​​ចម្ការ​​​អំពៅ​​​នេះ ​​​បាន​​​ចូល​​​រួម​​​ការ​​​ជួប​​​ជុំ​​​នោះ​​​ ហើយ​​​បាន​​​និយាយ​​​ថា លោក​​​បាត់​​​បង់​​​ជំនឿ​​​លើ​​​គណ​​​បក្ស​​​ប្រជាជន​​​កម្ពុជា​​​យូ​​​រ​​​មក​​​ហើយ។ លោកបាន​​​និយាយ​​​ថា “ខ្ញុំ​​​នៅ​​​តែ​​​សង្ឃឹម​​​ថា លោក សម រង្ស៊ី នឹង​​​ដោះ​ស្រាយ​​​បញ្ហា​​​របស់​​​យើង​​​បាន​​​ ប្រសិន​​​បើ​​​គាត់​​​ជា​​​នាយក​​​រដ្ឋ​​​មន្ត្រី ពី​​​ព្រោះ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​មាន​​​គោល​​​នយោបាយ​​​ល្អ ហើយ​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​មិន​​​បាន​​​យក​​​ចិត្ត​​​ទុកដាក់​ចំពោះ​​​បញ្ហារបស់​​​យើង​​​ឡើយ​​​ចាប់​​​តាំង​​​ពី​​​ខ្ញុំ​​​បាន​​​​គាំទ្រជា​​ច្រើន​​​ឆ្នាំ​​​មក”។

គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​បាន​​​ចាញ់​​​ឆ្នោតជាផ្លូវការ​​​​កាល​​​ពី​​​ឆ្នាំ​​​មុន​​​ ប៉ុន្តែ នៅ​​​តែ​​​តវ៉ា​​​នឹង​​​លទ្ធ​​​ផល​​​ដដែល​​​ ដោយ​​​អះ​​​អាង​​​ថា គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​បាន​លួច​​​បន្លំ​​​សន្លឹក​​​ឆ្នោត៕ សារុន​​​​​​​​​​​​​​​​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស